លួចលាក់ស្រូវរបស់អង្គការទៅបរិភោគ

ខ្ញុំឈ្មោះគូរ ស្រុន[1] អាយុ៦១ឆ្នាំ ភេទស្រី។ ខ្ញុំមានឪពុកឈ្មោះ អោប ហុល (ស្លាប់) ម្ដាយឈ្មោះកឹម ផាត ខ្ញុំមានបងប្អូន១០នាក់ (ស្រី៤/ប្រុស៦) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះអ៊ុំ សួន មានកូន៤នាក់ (ស្រី១/ប្រុស៣)។ ខ្ញុំមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នខ្ញុំរស់នៅភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
អ្វីដែរខ្ញុំចងចាំមិនអាចបំភ្លេចបាននៅសម័យខ្មែរក្រហម គឺអង្គការប្រើខ្ញុំគ្មានពេលឈប់សម្រាក់ ខ្ញុំបានឃើញខ្មែរក្រហមសម្លាប់កុមារដោយបោះឡើងលើរួចយកចំពុះទង់កាំងភ្លើងមកចាក់ពីក្រោម ការបរិភោគអាហារមិនដែលបានឆ្អែតមានតែបបរ, គ្មានថ្នាំពេទ្យ, មានតែឫសឈើយកមកធ្វើថ្នាំ ពិបាករស់នៅណាស់នៅក្នុងរបបដ៏ខ្មៅងងឹតមួយនោះ។ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់ឲ្យតែរំឭករឿងដែលបានកើតឡើងនៅក្នុងរបបសម័យខ្មែរក្រហម។ ខ្ញុំមានការលំបាកជាខ្លាំងខ្មែរក្រហមបានប្រើខ្ញុំឲ្យច្រូតស្រូវ ជាន់ស្រូវ និងមើលក្របី មើលគោ ដើរកាប់ដើមទន្ទ្រានខេត្ត ដើរកើបលាមកសត្វឬលាមកមនុស្សយកមកធ្វើជាជី។ ច្រលំតែយើងបរិភោគអ្វីឲ្យអង្គការបានឃើញច្បាស់ជាខុសសីលធម៍ ឬវិន័យអង្គការជាមិនខាន ដូច្នេះត្រូវបានអង្គការយកទៅអប់រំអំពីវិន័យ។ ខ្ញុំបានបាត់បង់ពូម្នាក់គាត់មានតួនាទីជាប្រធានសហករណ៍ ខ្មែរក្រហមបានហៅទៅកសាង ខ្ញុំមិនដឹងថាពូខ្ញុំខុសរឿងអ្វីទេ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយប្រើកាំបិតកាប់កែងជើងដាច់ និងអាក នៅពេលសម្លាប់ហើយទើបខ្មែរក្រហមយកសាកសព្វរបស់ពូខ្ញុំឲ្យប្រពន្ធគាត់យកមកកប់នៅផ្ទះវិញ រឿងនេះខ្ញុំបានឃើញផ្ទាល់នៅនឹងភ្នែក។ ខ្ញុំធ្លាប់ឃើញថាខ្មែរក្រហមបង្ខំឲ្យប្រជាជនរៀបការម្ដង៣០គូ ទៅ៥០គូ។ ខ្ញុំឃើញថាអង្គការបាន ឲ្យប្រជាជននៅជាជួរប្រុសនៅម្ខាង និងខាងស្រីនៅម្ខាងហើយអង្គការបានឲ្យប្ដេជ្ញាថា«ស្រលាញ់គ្នាមួយជីវិត»។ នៅពេលរៀបការហើយរស់នៅជាមួយគ្នា តែ៣ថ្ងៃប៉ុណ្ណោះគឺបែកគ្នាហើយទៅធ្វើការរៀងៗខ្លួនមិនបាននៅជាមួយគ្នាបានយូរទេ។ ខ្ញុំក៏ធ្លាប់លួចលាក់ស្រូវរបស់អង្គការមកបរិភោគដែរ នៅពេលដែរខ្ញុំទៅច្រូតស្រូវខ្ញុំត្រូវបូតដាក់ក្នុងកំប៉ុងទាំងភ័យខ្លាច នៅពេលយកមកដល់ផ្ទះខ្ញុំត្រូវបុកស្រូវដែរមានចំនួនតិចតួចនោះមកធ្វើជាបបរដាក់នៅក្នុងកំសៀវ ដើម្បីបិទបាំងភ្នែកអង្គការ ពេលខ្លះក៏ឆ្អិត ពេលខ្លះក៏ឆៅ ចេះតែបរិភោគទៅដើម្បីបំពេញការស្រែកឃ្លាន។ នៅពេលដែលអង្គការដើរមកសួរ ខ្ញុំឆ្លើយកុហកថា«ខ្ញុំកំពុងតែដាំទឹក ទុកបរិភោគប៉ុណ្ណោះ»។ នៅពេលមានអ្នកឈឺក្នុងគ្រួសារ អង្គការបានចែកថ្នាំម្យ៉ាងមូលៗដូចជាលាមកទន្សាយចេះតែលេបទៅ មិនឃើញបានធូរស្បើយអ្វីឡើង។ បើសិនមាននរណាម្នាក់ឈឺឪពុករបស់ខ្ញុំនៅពេលសម្រាកពីធ្វើការរបស់អង្គការក្នុងពេលថ្ងៃគាត់តែងតែទៅកាប់ដើមត្បែងដើម្បីសម្រក់យកទឹករបស់វាមកឲ្យកូនៗផឹក ជាទឹកថ្នាំព្យាបាល់ជំងឺផ្សេងៗ។
នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយ រំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។[2] ខ្មែរក្រហមបានជម្លៀសខ្ញុំនិងគ្រួសារទៅទន្លេអ្នកលឿង ប្រធានសហករណ៍ដែរជម្លៀសខ្ញុំទៅមានឈ្មោះ កន់។ ខ្ញុំមានសំណាង បានទាហានវៀត ណាមមកស្កាត់មុខទាន់កុំអីខ្ញុំមិនដឹងថាទៅជាយ៉ាងណាទេ ពេលនោះខ្មែរក្រហមចង់យកខ្ញុំនិងគ្រួសារទៅសម្លាប់ហើយ ព្រោះមានសមមិត្តដទៃទៀតដែលខ្មែរក្រហមជម្លៀសទៅដល់មុននោះត្រូវបានទាហានខ្មែរក្រហមសម្លាប់អស់ទៅហើយ បើសិនជាខ្ញុំនិងគ្រួសារបានធ្វើដំណើរទៅដល់នោះជីវិតរបស់ខ្ញុំក៏ដូចជាសមមិត្តដទៃទៀតដែរ។ អ្វីដែរខ្ញុំឈឺចាប់នៅតែនឹកឃើញមកដល់សព្វថ្ងៃនេះគឺខ្មែរក្រហមបានបង្អត់បាយស្រែកឃ្លានគ្រប់ៗគ្នាមិនថាខ្ញុំឬប្រជាជនទូទៅឡើយពោលគឺបរិភោគមិនបានគ្រប់គ្រាន់ទាំងអស់គ្នា។ មួយទៀតនោះគឺសម្លាប់ប្រជាជនស្លូតត្រង់ មិនបានធ្វើអ្វីខុសក៏សម្លាប់ ព្រោះខ្ញុំបានឃើញសម្លាប់មនុស្សស្រស់ៗនៅចំពោះមុខរបស់ខ្ញុំ ត្រូវជាពូរបស់ខ្ញុំបង្កើតទៀត ខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់ទោះវាកន្លងផុតទៅជាច្រើនប៉ុណ្ណាក៏ដោយ។ ហើយមួយវិញទៀតប្រើមនុស្សដូចសត្វធាតុមិនមានពេលវេលាសម្រាកគ្រប់គ្រាន់ មិនឲ្យរស់នៅជួបជុំគ្រួសារ និងមិនឲ្យបរិភោគអាហារគ្រប់គ្រាន់ ទោះជាមានស្រូវច្រើនប៉ុណ្ណាក៏ដោយក៏មិនឲ្យបរិភោគដែរ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់។
ចំពោះបញ្ហាសុខភាពវិញខ្ញុំមានជំងឺដូចជា ខ្វះជាតិស្ករ ឡើងឈាម ឈឺសន្លាក់ និងភ្នែកស្រវាំង។ ខ្ញុំមិនដែរបានទៅពិនិត្យសុខភាពទេដល់តែខ្ញុំឈឺបានខ្ញុំទៅពិនិត្យ។
អត្ថបទដោយ ស្រេង លីដា
[1] បទសម្ភាសន៍ជាមួយ គូរ ស្រុន នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣, ខែតុលា, ឆ្នាំ២០២៤,សម្ភាសដោយ ស្រេង លីដា, ឯកសារបទសម្ភាសន៍នេះ មានតម្កល់រក្សាទុកនៅមជ្ឈមណ្ឌលឯកសារខេត្តស្ទឹងត្រែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព, ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១ ។