កួយ សៀង៖ ករណីបាត់បងប្រុស កួយ សឿន លេខាស្រុកត្រពាំងរូង

គំនរលលាដ៍ក្បាល និងឆ្អឺងជនរងគ្រោះនៃរបបខ្មែរក្រហម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

«ឱ្យតែបងខ្ញុំមកវិញ ខ្ញុំធ្វើបុណ្យបីយប់បីថ្ងៃ» មូលហេតុគឺ «ទីមួយគឺខ្ញុំអត់មានឪពុកម្តាយ, ទីពីរខ្ញុំព្រាត់បងប្រុសខ្ញុំជាយូរមកហើយ និងទីបីគឺចង់ជួបជុំ​​​​​​​គ្នា ឱ្យតែអ្នកស្គាល់ខ្ញុំសូមអញ្ជើញទាំងអស់ ដើម្បីឱ្យគ្រប់គ្នាស្គាល់ថាខ្ញុំក៏នៅមានបងប្រុស»។ នេះជាសំដីរបស់ កួយ សៀង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប ដែលបានបាត់បង់សមាជិកគ្រួសារទាំងអស់ចំនួន៧នាក់ ក្នុងរបបខ្មែរក្រហម។ កម្មាភិ   បាលខ្មែរក្រហមបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់ សៀង ជាប់និន្នាការនយោបាយ ដែលត្រូវចាប់យកទៅកម្ទេច និងមួយចំនួនទៀតបានបាត់ខ្លួនដោយមិនដឹងមូលហេតុ និងមិនបានទទួលដំណឹងអ្វីសោះរហូតមកដល់ពេលបច្ចុប្បន្ន។  ខាងក្រោមនេះ គឺជាការរៀបរាប់រឿងរ៉ាវ បទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហមរបស់ សៀង និងការបាត់ខ្លួនរបស់បងប្រុសឈ្មោះ កួយ សឿន៖

កួយ សៀង[1] អាយុ៥១ឆ្នាំ(២០០៥) ត្រូវជាប្អូនប្រុស កួយ សឿន[2] មានតួនាទីជាលេខាស្រុកត្រពាំងរូង នៃរបបខ្មែរក្រហម។ សៀង កើតនៅភូមិក្រាំងច្រេស ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សៀង មានឪពុកឈ្មោះ ប៉ោ កួយ និង      ម្តាយឈ្មោះ ញ៉ែម យ៉ែម។ សៀង មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានប្អូនស្រីពៅម្នាក់។ សៀង គឺជាកូនទី៥ក្នុងគ្រួសារ។ បងរបស់ សៀង ពីរនាក់(ស៊ីម និង សឿន)បានបាត់ខ្លួន និងបីនាក់ទៀត(គីម,កៅ និង យ៉ង) ត្រូវបានអង្គការចាប់យកទៅកម្ទេចចោល[3]ក្នុងរបបខ្មែរក្រហម។ សៀង មានប្រពន្ធឈ្មោះ ស្វាយ កួន អាយុ៤៩ឆ្នាំ(២០០៥) និង​មានកូនចំនួន៦នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់។ ចំពោះ សៀង ផ្ទាល់ក៏ធ្លាប់ត្រូវអង្គការចាប់យកទៅវាយសម្លាប់ក្នុងដើមឆ្នាំ១៩៧៧ ប៉ុន្ដែដោយភ័ព្វសំណាងល្អទើបអាចនៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃ។ មកដល់ពេលនេះទើប សៀង យល់ឃើញថា បងប្អូនរបស់ គាត់ចាញ់បោកការឃោសនារបស់អង្គការបដិវត្តន៍ ម្នាក់ៗខំប្រឹងវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ដើម្បីតែខំកសាងខ្លួនឱ្យបានប្រវត្តិរូបល្អជូនអង្គការ។ ប៉ុន្ដែក្រោយពីខ្មែរក្រហមទទួលបានជ័យជម្នះ បងប្អូនគាត់ត្រូវអង្គការចាប់យកទៅសម្លាប់គ្មានសល់។

រំឭកអំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហម សៀង នៅតែមានអារម្មណ៍សោកស្តាយចំពោះការស្លាប់ និងការបាត់ខ្លួនបងប្អូនរបស់គាត់ ជាពិសេសបងប្រុសឈ្មោះ កួយ សឿន ដែលជាអ្នកមាន ចំណេះដឹងម្នាក់ក្នុងគ្រួសារ ធ្លាប់បួសរៀនសូត្រជាមួយព្រះសង្ឃក្នុងវត្តក្ដីរតនារាម បានចំនួនបួនវស្សា។ នៅឆ្នាំ១៩៦៨ សឿន បានលាចាកសិក្ខាបទ រួចត្រឡប់មកនៅផ្ទះបងប្រុសឈ្មោះ គីម(បងប្រុសទី១)វិញ និងបន្តធ្វើស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ បងប្អូនរបស់ សៀង ទាំងអស់ត្រូវរស់នៅជាមួយ គីម ក្រោយពីឪពុកម្តាយបានស្លាប់ទៅ។

នៅឆ្នាំ១៩៧០ ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីដំណែងព្រះប្រមុខរដ្ឋ សឿន ក៏បានស្ម័គ្រចិត្តចូលក្នុងចលនាបដិវត្តន៍ក្នុងភូមិក្រាំងច្រេស តាមការឃោសនារបស់កងទ័ពរំដោះ ដើម្បីទាមទារឱ្យសម្ដេចឪយាងចូលមកប្រទេសវិញ។ បន្ទាប់មកទៀតអង្គការក៏បញ្ជូន សឿន ឱ្យទៅធ្វើជាយោធាស្រុក៥១ ដែលមានប្រធានឈ្មោះ តាម៉ៃ។  ធ្វើយោធាស្រុក៥១ រយៈពេលមួយឆ្នាំ ព្រមទាំងធ្លាប់វាយជាមួយទាហាន លន់ នល់ បានមួយរយៈ អង្គការក៏បញ្ជូន សឿន ឱ្យឡើងមកធ្វើជាយោធាតំបន់៣៣ ដោយអង្គភាពដំឡើងតួនាទីជាប្រធានអនុសេនាតូច រយៈពេលមួយឆ្នាំទៀត។ ប្រធានកងទ័ពតំបន់៣៣ កាលនោះឈ្មោះ តាទីន។ តាមពិតបងប្រុសទាំងបួនរបស់ សៀង រួមទាំង សៀង សុទ្ធតែចូលរួមក្នុងចលនាបដិវត្តន៍ និងជាកងទ័ពខ្មែរក្រហមដ៏ស្មោះត្រង់។

នៅឆ្នាំ១៩៧៣ សឿន បានមកលេងបងប្អូននៅស្រុកកំណើត ហើយប្រាប់ថាអង្គការគ្រោងបញ្ជូនខ្លួនទៅក្នុងកងទ័ពភូមិភាគនិរតី ស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក[4] ហើយត្រូវឡើងទៅវាយប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់ ស្ថិតនៅផ្លូវជាតិលេខ៤ ក្នុងពេលឆាប់ៗនេះ។ នៅពេលដែល សឿន ឡើងទៅធ្វើកងទ័ពនៅភូមិភាគ បងប្អូននៅឯស្រុកកំណើតមិនសូវបានទទួលដំណឹងច្រើនដូចមុនទៀតឡើយ។ ពេលស៊ើបសួរដំណឹងម្ដងៗ តែងតែទទួលបានមកវិញថាគឺ ម្ដងថាស្លាប់ និង ម្ដងថារស់។ ដល់មកឆ្នាំ១៩៧៤ ទើបគាត់ត្រឡប់មកលេងផ្ទះម្ដងទៀត មុននឹងធ្វើដំណើរទៅសមរភូមិមុខ។

នៅឆ្នាំ១៩៧៥ ក្រោយពីរបបខែ្មរក្រហមឡើងកាន់អំណាចពេញលេញ សឿន បានមកលេងផ្ទះម្ដងទៀត រយៈពេលមួយសប្តាហ៍។ ប៉ុន្ដែអង្គការតម្រូវឱ្យ សឿន ស្នាក់នៅទីតាំងគណៈស្រុក (បច្ចុប្បន្ននៅឃុំព្រៃក្មេង)។ មកម្ដងនេះគឺ សឿន ជិះរថយន្តម៉ាកហ្សីបអាឌឺមួយគ្រឿង ព្រមទាំងកងកម្លាំងការពារ មានម៉ូតូមួយអមដំណើរ និងរថយន្តមួយគ្រឿងទៀតសម្រាប់នីរសារចំនួន៥នាក់មកជាមួយ។ កាលនោះ សឿន បានប្រាប់បងប្អូនថា គាត់ធ្វើការនៅត្រពាំងរូងអណ្តូងទឹក ខាងខេត្តកោះកុង។ សៀង ដោយសារតែឃើញបងមកផ្ទះលើកទី៣ មានឡានហ្សីបអាឌឺជិះធ្វើការ មានកងកម្លាំងការពារច្រើន ទើបមិនហ៊ានសួរនាំច្រើនពីឋានៈ និង តួនាទីរបស់បងឱ្យបានច្បាស់លាស់។ សៀង នៅតែចាំសំដីរបស់ សឿន ដែលបានណែនាំមកកាន់ប្អូនថា «ឱ្យខំកសាងខ្លួន»។ កាលដែល សឿន និយាយមកកាន់ សៀង ឱ្យខំកសាងខ្លួន មានន័យថា កុំឱ្យខូចស្រីញី កុំខឹងច្រើន ត្រូវស្ដាប់វិន័យអង្គការ និងកុំលួចរបស់របរក្នុងសហករណ៍។

បន្ទាប់ពី សឿន ត្រឡប់ទៅវិញ សៀង ក៏បានទទួលដំណឹងថាបងប្រុសត្រូវផ្លាស់ទៅធ្វើគណៈស្រុកត្រពាំងរូងអណ្តូងទឹក។ មិនបានប៉ុន្មានពីដំណឹងផ្លាស់តួនាទីរបស់សឿន, សៀង ក៏ទទួលដំណឹងថាបងប្រុសត្រូវអង្គការចាប់ខ្លួនយកទៅដាក់នៅមន្ទីរស-២១ ប៉ុន្ដែដំណឹងមួយទៀតគឺថាគាត់បានរត់ចូលទៅរស់នៅឯប្រទេសថៃ។

នៅដើមឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»[5]។ ប៉ុន្ដែ សៀង នៅតែរង់ចាំមើលផ្លូវបងរហូតមកដល់សព្វថ្ងៃ ព្រមទាំងក្ដីសង្ឃឹមថាបងបានរត់ទៅរស់នៅទឹកដី បរទេស ឬក៏កន្លែងណាមួយពិតជាមិនខាន។

អត្ថបទដោយ មីន សាណាស់


[1] ស្រង់ចេញពីឯកសារ KSI0052 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ បទសម្ភាសន៍របស់ កួយ សៀង ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាឈ្មោះ ឡុង ដានី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៥។

[2] ស្រង់ចេញពីឯកសារ I10112 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ ជាប្រភេទឯកសារប្រវត្តិរូបអ្នកទោស ដែលត្រូវឃាត់ខ្លួនក្នុងស្រុក២៨ តំបន់៣២ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៦។

[3] ក្រោមរបបខ្មែរក្រហម នៅពេលសមាជិកនៃគ្រួសារម្នាក់ បានប្រព្រឹត្តកំហុស ខ្មែរក្រហមនិងធ្វើការស្វែងរកចាប់ខ្លួនសមាជិកដទៃទៀត នៃគ្រួសារនោះយកទៅសម្លាប់ ក្រោមទ្រឹស្តី«ជីកស្មៅត្រូវជីកទាំងឫស»។

[4] ឈិត ជឿន ហៅ តាម៉ុក មានតួនាទីជាប្រធានភូមិភាគនិរតី (ភូមិភាគ៤០៥) ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩

[5] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» បោះពុម្ពឆ្នាំ២០២៥។ ប្រភពយោងសម្រាប់ការសរសេរអត្ថបទ៖ ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin