ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

នៅមុនសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ជនជាតិដើមភាគតិចព័រ និងជនជាតិដទៃទៀតរស់នៅឃុំស្រែតាំងយ៉[1] ស្រុកភ្នំក្រវ៉ាញ តែងតែប្រារព្ធពិធីបេះផ្លែក្រវាញជារៀងរាល់ឆ្នាំ ក្នុងខែអាសាឍ (ខែកក្កដា)[2]។ មុនពេលរៀបចំពិធីបេះផ្លែក្រវាញ ជនជាតិដើមភាគតិចព័របានចូលព្រៃក្រវាញអង្កេតមើល ថាតើក្រវាញបានទុំស្រុះហើយឬនៅ? បន្ទាប់មកទើបមេស្នឹង ឬដង្ខៅក្រវាញបានប្រកូកប្រកាសហៅអ្នកភូមិដែលមានបំណងចង់នៅបេះផ្លែក្រវាញឲ្យចូលរួមក្នុងពិធីបេះផ្លែក្រវាញ។ អ្នកចូលរួមពិធីបេះផ្លែក្រវាញភាគច្រើនជាជនជាតិដើមភាគតិចព័រ ជនជាតិដើមភាគតិចជង(ជងខ្នងភ្នំ) និងជនជាតិខ្មែររស់នៅក្នុងភូមិទួលគ្រួស ភូមិស្រែពាំង ភូមិអន្លង់ក្រូច ភូមិមាត់ព្រះ ភូមិអូរសោម និងភូមិមួយចំនួនទៀតក្នុងឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់[3]។ បើតាមលោក ហែម ហ៊ន អាយុ៧២ឆ្នាំ ជនជាតិដើមភាគតិចព័រ បច្ចុប្បន្នរស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ បានរៀបរាប់ថា អ្នកភូមិដែលបានចូលរួមពិធីបេះផ្លែក្រវាញមានចន្លោះពី១០០ ទៅ៥០០នាក់ អាស្រ័យទៅលើរដូវកាលក្រវាញនីមួយៗដែលមានផ្លែក្រវាញទុំច្រើន ឬតិច[4]។
ពេលចាប់ផ្តើមពិធីបេះផ្លែក្រវាញ មេស្នឹង (ដង្ខៅក្រវាញ) និងអ្នកភូមិបានធ្វើដំណើរទៅភូមិអន្លង់ក្រូច ឃុំស្រែតាំងយ៉ ទាំងអស់គ្នា និងរៀបចំពិធីសែនព្រេន ដោយធ្វើរានមានដាក់មាន់ស្ងោ នំចំណី អន្សម នៅលើរាន។ បន្ទាប់មកដុតធូប ទៀន បួងសួង ហើយនៅពេលយប់ក្រុមភ្លេងបានលេងភ្លេងឡើងអ្នកតាចំនួន៣បទ។ នៅពេលព្រឹកឡើងដង្ខៅក្រវាញបាននាំអ្នកភូមិដែលជាកូនចៅធ្វើដំណើរដោយថ្មើរជើងរួមជាមួយដំរីដឹកអីវ៉ាន់នំចំណីផងបានធ្វើដំណើរទៅភ្នំដំណាក់ក្បាលទ្វាត្រាង។ បន្ទាប់មកទៀត ដង្ខៅក្រវាញ និង កូនចៅបានធ្វើដំណើរទៅកាន់ភ្នំមួយទៀតមានឈ្មោះថា ភ្នំអន្ទង់រឹម ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់ក្រូច ដើម្បីរៀបចំពិធីសែនព្រេនម្តងទៀត ដោយមានដាក់ស្លាធម៌, មាន់ស្ងោ, ដុតធូប, ទៀន, បួងសួង ហើយនៅពេលយប់មានលេងភ្លេងឡើងអ្នកតាចំនួន៣បទ និងមានអ្នកបញ្ចូលរូបថែមទៀត។ ដង្ខៅក្រវាញ និងកូនចៅត្រូវសម្រាកនៅភ្នំអន្ទង់រឹម ចំនួន១យប់ ឬ២យប់ ឬ៣យប់ អាស្រ័យលើដង្ខៅក្រវាញមើលពេលវេលា ថាតើត្រូវចេញដំណើរបន្តទៀត ឬត្រូវស្នាក់នៅបន្តទៀត។
ពេលដង្ខៅក្រវាញ និងកូនចៅធ្វើដំណើរទៅដល់ភូមិមាត់ព្រះត្រូវដោះស្បែកជើងទាំងអស់ទុកនៅក្នុងភូមិ និងសម្រាកនៅក្នុងភូមិមាត់ព្រះមួយយប់ទៀត លុះដល់ព្រឹកឡើងធ្វើដំណើរដោយជើងទទេជាមួយដំរីឆ្ពោះទៅកាន់ព្រៃក្រវាញដែលស្ថិតនៅខាងលិចភូមិអូរសោម ព្រៃគូយ ព្រៃជ្រៃ។ ដង្ខៅក្រវាញ និងកូនចៅបានសម្រាកនៅព្រៃជ្រៃ និងចាប់ផ្តើមធ្វើស្នែងចំនួន៣ ដើម្បីសែងដង្ខៅធំម្នាក់ និងដង្ខៅសំណែនចំនួន២នាក់។ នៅព្រឹកថ្ងៃបន្ទាប់ ដង្ខៅធំស្លៀកក្បិនពណ៌ស និងក្រវ៉ាត់កពណ៌ស ត្រូវបានអ្នកហែរហមសែងនៅមុខគេ បន្ទាប់មកក្រុមភ្លេងវាយស្គទោង ផ្លុំខ្លុយ និងអ្នកច្រៀងដើរតាមក្រោយ។ អ្នកហែរហមសែងដង្ខៅធំពីព្រៃជ្រៃទៅព្រៃក្រវាញដែលមានចម្ងាយប្រហែល៥០០ម៉ែត្រ។
បន្ទាប់មកអ្នកភូមិដែលជាកូនចៅបានសង់រោង និងធ្វើរានដោយប្រក់ស្លឹកខ្លុង ស្លឹករណ្តាន់ សម្រាប់ស្នាក់នៅ និងសែនព្រេននៅអំឡុងពេលបេះផ្លែក្រវាញ។ រោងរបស់ដង្ខៅត្រូវសង់នៅខាងលើទឹក(ក្បាលទឹក)។ ចំណែកអ្នកភូមិដែលជាកូនចៅត្រូវសង់រោងស្នាក់នៅពីក្រោម និងព័ន្ធជុំវិញទឹក ដូចជាអូរជំនាបទឹកចេញ។ កូនចៅដែលមនុស្សជំនិតដង្ខៅធំបានធ្វើរានទុកសម្រាប់សែនអ្នកតា សម្អាតកន្លែងទុកឲ្យលេងភ្លេងនៅពេលរាត្រីជាដើម។ ព្រៃក្រវាញមានចំនួន១៧ហ្វូង ហើយក្នុងនោះមានព្រៃក្រវាញមួយហ្វូងឈ្មោះព្រៃពងមាសត្រូវទុកសម្រាប់តែដង្ខៅធំ និងដង្ខៅសំណែន២នាក់ទៀតប៉ុណ្ណោះ គឺមិនអនុញាតឲ្យអ្នកភូមិដែលជាកូនចៅចូលបេះឡើយ។ ចំណែកដង្ខៅធំ គឺត្រូវសាច់ញាតិ ឬកូនចៅជំនិតចូលបេះទុកឲ្យ ពីព្រោះដង្ខៅធំត្រូវនៅអង្គុយឃុំគ្រងកូនចៅ អុជធូប ទៀន ពេញរយៈពេលនៃពីធីបេះផ្លែក្រវាញនេះ។
ក្នុងរយៈពេលនៃការបេះផ្លែក្រវាញនេះមានត្រណមមួយចំនួនដូចខាងក្រោម៖
ទី១៖ ពេលកូនចៅសង់រោង និងធ្វើរាន សម្រាប់ស្នាក់នៅ និងសែនព្រេនហាមមិនឲ្យអូសឈើ វល្លិ ឬផ្តៅចូលមកកន្លែងសាងសង់ឡើយ។ កូនចៅត្រូវលី ឬសែងឈើមកកន្លែងសាងសង់។ ចំណែកវល្លិ និងផ្តៅត្រូវឆ្វាយជារង្វេលហើយស្ពាយចូលមកកន្លែងសាងសង់។
ទី២៖ ដង្ខៅធំត្រូវប្រកាន់ត្រណមយ៉ាងតឹងរឹង និងមិនអាចងូតទឹកក្នុងរយៈពេល៣ថ្ងៃដំបូងនៃការបេះផ្លៃក្រវាញឡើយ។
ទី៣៖ កូនចៅដែលចូលទៅបេះផ្លែក្រវាញត្រូវស្លៀកខោជើងខ្លី តែបើស្លៀកខោជើងវែងត្រូវមូរជើងខោឲ្យដល់ក្បាលជង្គង់។
ទី៤៖ ពេលបេះផ្លែក្រវាញត្រូវបេះតាមមុខគ្នារៀងៗខ្លួន ដោយមិនត្រូវបេះកាត់មុខគ្នាឡើយ។ ពេលបេះពេញក្រមា ឬកន្សែង ឬកន្ត្រក់ធ្វើអំពីផ្តៅត្រូវដាក់ផ្ទាល់ដីតាមមុខរៀងៗខ្លួន។ បន្ទាប់មកត្រូវដើរទៅកើបដាក់ក្នុងកន្ត្រក់ធំរែកមកកន្លែងរោងស្នាក់នៅរៀងៗខ្លួន។
ពេលទទួលបានផលក្រវាញរៀងៗខ្លួនហើយអ្នកភូមិដែលជាកូនចៅត្រូវធ្វើរានសម្រាប់ឆ្អើរក្រវាញឲ្យស្ងួត។ រាននោះធ្វើអំពីឈើ និងត្បាញមែកសោមធ្វើរនាបគ្រែសម្រាប់ដាក់ផ្លែក្រវាញកុំឲ្យជ្រុះ និងឆេះភ្លើងជាដើម។
នៅអំឡុងពេលឆ្អើរផ្លែក្រវាញក៏មានតំណមចំនួនពីរទៀតដូចខាងក្រោម៖
ទី១៖ អ្នកភូមិដែលជាកូនចៅម្នាក់ៗត្រូវឆ្អើរផ្លែក្រវាញមិនឲ្យខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញឡើយ។ បើមានខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញ អ្នកភូមិដែលជាកូនចៅត្រូវប្រាប់ទៅដង្ខៅធំថា ខ្ញុំបានធ្វើឲ្យខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញ។ បន្ទាប់មកដង្ខៅក្រវាញបានយកដើមក្រវាញវាយអ្នកដែលធ្វើឲ្យខ្លោច ឬឆេះរានឆ្អើរផ្លែក្រវាញចំនួន៣រំពាត់។
ទី២៖ នៅក្នុងពេលយប់ក្រុមភ្លេងត្រូវលេងភ្លេងជាប្រចាំចាប់តាំងពីបេះ ឆ្អើរផ្លែក្រវាញរហូតដល់ចប់ ដោយមានអ្នកតាព្រៃគូយចូលរូបជាមួយស្ត្រីម្នាក់ដែលជាកូនចៅបេះផ្លែក្រវាញនេះ។ ការប្រគុំភ្លេងចាប់ផ្តើមពីម៉ោង៧ រហូតដល់ ៩ ឬ១០យប់ទើបចប់។ ចំណែករានអ្នកតាមានមាន់ស្ងោ១គូ ស្លាធម៌៤ ជម៨។ ចំណែកអ្នកភូមិដែលជាកូនចៅមានហូបស្រាសប្បាយក្នុងពេលរាត្រីដែរ។
បន្ទាប់ពីបេះក្រវាញចប់សព្វគ្រប់ត្រឡប់មកផ្ទះវិញ ដង្ខៅក្រវាញបានសុំផ្លែក្រវាញពីកូនចៅក្នុងម្នាក់ ពី១ទៅ២គីឡូក្រាម ដើម្បីទុកជូនមេស្រុក(មេឃុំស្រែតាំងយ៉) និងមួយចំណែកទៀតសម្រាប់យកទៅថ្វាយព្រះមហាក្សត្រនៅទីក្រុងភ្នំពេញ។ នៅពេលនាំយកផ្លែក្រវាញទៅថ្វាយព្រះមហាក្សត្រនៅទីក្រុងភ្នំពេញ មេស្រុកបាននាំយកក្រុមភ្លេង និងដង្ខៅក្រវាញមកជាមួយដើម្បីលេងភ្លេងថ្វាយព្រះមហាក្សត្រចំនួន៣បទនៅក្នុងព្រះបរមរាជវាំង។
បន្ទាប់ពីទទួលបានផ្លែក្រវាញ មានអ្នកភូមិខ្លះ(អ្នកភូមិអូរសោម-វាលវែង)បានយកផ្លែក្រវាញទៅលក់នៅផ្សារក្នុងប្រទេសថៃ។ ចំណែកអ្នកភូមិស្រែតាំងយ៉ និងអ្នកភូមិផ្សេងទៀតបានយកផ្លែក្រវាញទៅលក់ឲ្យផ្ទះចិនលក់អីវ៉ាន់ចាបហួយនៅតាមភូមិនីមួយៗ ឬលក់ផ្សារលាចក្នុងស្រុកភ្នំក្រវ៉ាញ។
ពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនៅឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ត្រូវបានបោះបង់ចាប់តាំងប្រទេសកម្ពុជាមានសង្រ្គាមស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩)។ បច្ជុប្បន្នជនជាតិដើមភាគតិចព័រ និងប្រជាជនរស់នៅស្រុកភ្នំក្រវ៉ាញ ជាពិសេសក្មេងជំនាន់ក្រោយភាគច្រើនមិនបានដឹងអំពីពិធីបេះផ្លែក្រវាញរបស់ជនជាតិដើមភាគតិចព័រនេះឡើយ៕
អត្ថបទដោយ ឡុង ដានី
[1] នៅក្នុងរបបសង្គមរាស្ត្រនិយមចន្លោះពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧០ តំបន់ស្រែតាំងយ៉ គឺជាឃុំស្រែតាំងយ៉ នៃស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ឃុំស្រែតាំងយ៉ មានភូមិយ៉ាងតិចចំនួន៦ជាចំណុះ គឺភូមិច្រកព្រាល, ភូមិទួលគ្រួស, ភូមិស្រែតាំងយ៉ ភូមិអន្លង់ក្រូច, ភូមិពាមព្រួស, ភូមិក្រសាំងព្នៅ និងភូមិវាលវែង-អូរសោម។ ពេលនោះប្រជាជនរស់នៅឃុំស្រែតាំងយ៉ ភាគច្រើន ជាជនជាតិដើមភាគតិចព័រ។ ចំណែកប្រជាជនមួយចំនួនទៀតជាជនជាតិខ្មែរ និងជនជាតិដើមភាគតិចផងខ្នងភ្នំដែលរស់នៅភូមិវាលវែង-អូររសោម។
[2] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយឈ្មោះ សាត កិ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិដើមភាគតិចព័រ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
[3] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយឈ្មោះ ថៃ នេន ភេទស្រី អាយុ៦៨ឆ្នាំ ជនជាតិដើមភាគតិចព័រ រស់នៅភូមិទួលកកោះ ឃុំប្រម៉ោយ ស្រុលវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
[4] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយឈ្មោះ ហែម ហ៊ន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិដើមភាគតិចព័រ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។