បាត់ដំណឹងកូនដោយសារចូលធ្វើបដិវត្តន៍

ម្តាយរបស់ជនបដិវត្តន៍ខ្មែរក្រហមម្នាក់ ថ្លែងថាដោយសារតែប្រទេសមានសង្គ្រាម បានបាត់ដំណឹងកូនរហូតមកដល់សព្វថ្ងៃ។ ក្នុងបទសម្ភាសរបស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយឈ្មោះ ប៊ី សុន មានអាយុ៧៩ឆ្នាំ[1] រស់នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានផ្តល់ព័ត៌មានទាក់ទងនឹងកូនរបស់គាត់ ឈ្មោះ គ្រប់ សុង ហៅរួច មានអាយុ២៣ឆ្នាំ[2] ធ្លាប់ជាយោធាកងធំ, កងពល៣១០, ភូមិភាគបូព៌ា(២០៣) ដែលបានបាត់ខ្លួន។
ម្តាយរបស់សុង និយាយថា សុង មានស្រុកកំណើតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ និងមានឪពុក ឈ្មោះ តន់ គ្រប់(ស្លាប់ឆ្នាំ២០០៣)។ សុង គឺជាកូនទីប្រាំ ក្នុងគ្រួសារដែលមានបងប្អូនប្រាំមួយនាក់ ឈ្មោះ គ្រប់ គឹមស្រីម, គ្រប់ ស៊ាន, គ្រប់ ស៊ីន, គ្រប់ សាន, គ្រប់ សុង និង គ្រប់ សឹម (ស្រីបីនាក់)។ កាលពីកុមារភាព សុង រៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាឆ្លូង ហើយបន្ទាប់ពីឈប់រៀនគាត់បានមកជួយធ្វើស្រែចម្ការ ឪពុកម្តាយ និងជួយមើលថែទាំប្អូនពៅប្រុសម្នាក់។
នៅខែមីនា ឆ្នាំ១៩៧០ ម្តាយរបស់សុង បានឃើញព្រឹត្តិការណ៍នៅស្រុកឆ្លូងមានការដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរបប លន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែងកាលពីថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ តំបន់គាត់រស់នៅចាប់ផ្តើមកើតមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ហើយបាតុករមួយចំនួនត្រូវបានចាប់ខ្លួន និងរត់គេចពីការតាមចាប់របស់ទាហាន លន់ នល់។ នៅឆ្នាំ១៩៧១ មានការប្រយុទ្ធគា្នរវាងទាហាន លន់ នល់ និងចលនាបដិវត្តន៍ខ្មែរក្រហម ជាញឹកញាប់ ហើយតំបន់មួយចំនួនបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ចលនាបដិវត្តន៍ខ្មែរក្រហម។ ការរស់នៅរបស់ប្រជាជន បានជួបប្រទះការលំបាកដោយសារមិនអាចចេញទៅប្រកបរបររកស៊ី និងធ្វើស្រែចម្ការបាន។ នៅពេលនោះម្តាយរបស់សុង បានឃើញ សុង និងយុវជនក្នុងភូមិហាន់ជ័យ ដទៃទៀតនាំគ្នាទៅចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហមដើម្បីប្រយុទ្ធជាមួយទាហាន លន់ នល់។
សុង បានចូលបដិវត្តិន៍ខ្មែរក្រហមនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៧២ អ្នកឧទ្ទេសនាមឈ្មោះ ជុំ ជាលេខាវរសេនាតូច៧១០ និងជុន ជាលេខាវរសេនាតូច៧១០ ហើយនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៦ គាត់ត្រូវបានឈ្មោះ សឺន ជាលេខាវរសេនាតូច១២២, ឈ្មោះ វ៉ាន់ ជាលេខាវរសេនាតូច១២១ និងឈ្មោះ ណន ជាអនុលេខាវរសេនាធំ១២ ឧទ្ទេសនាមឲ្យចូលបក្សជនពេញសិទ្ធិដែលមានឈ្មោះ ផេង ជាលេខាវរសេនាធំ៥៥ ទទួលស្គាល់[3]។ តួនាទីយោធាក្នុងរបបខ្មែរក្រហម សុង ធ្លាប់ជាយោធាកងអនុសេនាធំទី១, វរសេនាតូច១២២, វរសេនាធំ១២, កងពល៣១០, ភូមិភាគបូព៌ា។
ម្តាយរបស់សុង និយាយថាខ្លួនគ្មានលទ្ធិភាពឃាត់ឃាំងកូនមិនឲ្យចូលធ្វើបដិវត្តន៍ទេ ព្រោះនេះជាតម្រូវការរបស់ប្រធានភូមិ និងគណៈឃុំ។ អាជ្ញាធរតែងតែអប់រំយុវជនថា ប្រទេសជាតិកំពុងកើតមានសង្គ្រាម និងការជិះជាន់ពីបរទេស ដូច្នេះត្រូវធ្វើការតស៊ូរំដោះប្រទេសមិនត្រូវសម្ងំសុខនៅផ្ទះនោះទេ។ ក្រោយមកបងប្អូនរបស់សុង ពីរនាក់ក៏បានចូលរួមជាមួយបដិវត្តន៍ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ បន្ទាប់មកម្តាយរបស់សុង ដឹងថាខ្មែរក្រហមបានបញ្ជូន សុង និងយុវជនក្នុងភូមិប្រាំនាក់ឲ្យទៅធ្វើជាយោធាតំបន់២១[4]។ សុង ក្នុងនាមជាយោធានតំបន់២១ បានទៅប្រយុទ្ធជាមួយទាហាន លន់ នល់ នៅតំបន់ផ្សេងៗ ក្នុងខេត្តកំពង់ចាម។ អំឡុងពេលនោះ ម្តាយរបស់សុង បានឃើញកូនមកលេងផ្ទះម្តងម្កាល។ សុង បានប្រាប់ម្តាយថា អង្គការបានចាត់តាំងឲ្យគាត់បើកបរឡានធំៗដឹកជញ្ជូនស្បៀងអាហារ, គ្រាប់កាំភ្លើង និងសម្ភារទ័ព។ នៅគ្រានោះម្តាយរបស់សុង មើលឃើញថាកូនជឿជាក់ខ្លាំងទៅលើបដិវត្តន៍ថាពិតជាអាចបញ្ចប់សង្រ្គាម និងការទម្លាក់គ្រាប់បែកដែលកំពុងកើតឡើងក្នុងភូមិ។ សុង បានទៅសមរភូមិប្រយុទ្ធជាមួយកងទ័ព លន់ នល់ ជាច្រើនកន្លែងក្នុងនាមជាយោធាតំបន់២១ ភូមិភាគបូព៌ា រហូតវាយចូលទីក្រុងភ្នំពេញទទួលបានជ័យជម្នះ។
ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សុង បានបាត់ដំណឹង រហូតដល់ឆ្នាំ១៩៧៨ ទើបម្តាយរបស់សុង បានឃើញសុង និងយុវជនម្នាក់មានកាំភ្លើងជាប់នឹងខ្លួនមកលេងគាត់នៅ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅពេលនោះ សុង បានប្រាប់ម្តាយថាកុំផ្តល់ដំណឹងទៅប្រធានសហករណ៍ ខ្លាចគេនាំគាត់ និងមិត្តភក្តិ ទៅសម្លាប់ចោល។ ម្តាយ បានសួរសុខទុក្ខកូន និងបានដឹងថាកូនកំពុងធ្វើជាយោធានៅភូមិភាគបូព៌ា ប៉ុន្តែ សុង មិនបានប្រាប់រឿងរ៉ាវច្រើនទៅដល់ម្តាយនោះទេ។ នៅព្រឹកថ្ងៃបន្ទាប់ សុង និងមិត្តភក្តិនោះបានធ្វើដំណើរចេញទៅ។ ចាប់តាំងពីពេលនោះមកម្តាយបានបាត់ដំណឹង សុង រហូតដល់បច្ចុប្បន្ន។ ម្តាយរបស់សុង គិតថា សុង បានស្លាប់បាត់ទៅហើយ ព្រោះរយៈពេលយូរឆ្នាំមិនឃើញត្រលប់មកផ្ទះវិញ។ ជារៀងរាល់ពេលពិធីបុណ្យទានម្តងៗ ម្តាយរបស់សុង តែងតែឧទ្ទិសកុសលផលបុណ្យដល់កូនៗដែលបានបាត់ដំណឹង។
ស្ថានភាពរស់នៅ ម្តាយឪពុករបស់សុង ក្នុងរបបខ្មែរក្រហម
ក្រោយខ្មែរក្រហមចូលកាន់អំណាច ម្តាយឪពុករបស់សុង ត្រូវបានកងឈ្លបខ្មែរក្រហមជម្លៀសពីភូមិហាន់ជ័យ ឲ្យទៅរស់នៅ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ម្តាយរបស់សុង ត្រូវបានកងឈ្លបខ្មែរក្រហមនៅទីនោះប្រើឲ្យជម្រះស្មៅចម្ការចេក ចម្ការអំពៅ និងមើលថែទាំក្មេងនៅក្នុងកងកុមារ។ ចំណែកឪពុករបស់សុង ត្រូវបានអង្គការប្រើឲ្យចាំចម្ការចេក និងចម្ការអំពៅ។ របបអាហារទទួលបានបបរមួយកូនចាន ស្ទើរតែគ្មានគ្រាប់អង្ករ ចំនួនពីរពេលក្នុងមួយថ្ងៃ(ថ្ងៃត្រង់ និងល្ងាច)។ ទោះបីឪពុករបស់សុង ជាអ្នកចំាចម្ការចេក និងចម្ការអំពៅ ក៏មិនហ៊ានបេះចេក និងកាច់អំពៅ របស់អង្គការហូបដែរ។ នៅឃុំមេសរជ្រៃ ម្តាយរបស់សុង ធ្លាប់ឃើញខ្មែរក្រហមចង និងបណ្តើរប្រជាជនថ្មី១៧មេសា ដែលជម្លៀសមកពីភ្នំពេញជាច្រើនគ្រួសារយកទៅសម្លាប់ នៅតំបន់ភ្នំមួយឈ្មោះថា «ភ្នំតាលី»។ ម្តាយរបស់សុង ក៏ឃើញកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីបានចូលមកគ្រប់គ្រងសហករណ៍ និងឃុំ ជំនួសកម្មាភិបាលភូមិភាគបូព៌ា។ ការបាត់ខ្លួន និងការកាប់សម្លាប់ប្រជាជននៅសហករណ៍ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[5] នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ និងបណ្តាខេត្តនានាជាបន្តបន្ទាប់ ម្តាយឪពុករបស់សុង ក៏មានសេរីភាពបានមករស់នៅស្រុកកំណើតឯស្រុកឆ្លូង ខេត្តក្រចេះ រហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ អេង សុខម៉េង
[1] បទសម្ភាសក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវឯកសារ KRI០០៩៧. (២០០៦). សម្ភាសន៍ជាមួយឈ្មោះ ប៊ី សុន ត្រូវជាម្តាយរបស់ គ្រប់ សុង ហៅរួច. ចំនួន២៣ទំព័រ. នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ឯកសារប្រវត្តិI០៧៧១១. តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] ឯកសារដូចខាងលើ។
[4] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, សៀវភៅកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) មជ្ឈមណ្ឌលឯកសារកម្ពុជា [ភ្នំពេញ] បោះពុម្ពលើកទី២, ឆ្នាំ២០២០, ទំព័រទី៣៣, ជំពូកទី៦ ភូមិសាស្រ្តរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ, «តំបន់២១ ស្ថិតនៅក្នុងស្រុកឆ្លូង ដែលត្រូវបានកាត់ចេញពីខេត្តក្រចេះ បញ្ជូលមកជាតំបន់២១ នៃភូមិភាគបូព៌ា»។
[5] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។