ឡាច ឃន ហៅ ធន់៖ សមាជិកយោធា ភូមិភាគបូព៌ា

ឡាច ឃន[1] ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិខ្មែរ រស់នៅភូមិក្រាំងក្រូច ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ ឃន មានឪពុកឈ្មោះ ឡាច ខាត់ និង ម្តាយឈ្មោះ ឡុង ហូរ(ស្លាប់ទាំង២នាក់)។ ឃន មានបងប្អូន ប្រុសង៣នាក់។ នៅឆ្នាំ១៩៦៤ ឃន បានឈប់រៀននៅត្រឹមថ្នាក់ទី១០ នៅសាលាតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៦៥ ឃន បានបួសជាព្រះសង្ឃ និងបង្រៀនសិស្ស នៅវត្តតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង រយៈពេល៤ឆ្នាំ ហើយបានសឹកពីបួសវិញនៅឆ្នាំ១៩៦៩។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧០ ឃន បានចូលបដិវត្តន៍តាមរយៈឈ្មោះ ឃុត ឃុន គណៈស្រុកបាភ្នំ។ បន្ទាប់ពីបានចូល បដិវត្តន៍ ឃន បានទៅហាត់រៀនបច្ចេកទេសយោធា នៅអង្គភាពជាមួយវៀតណាម ចំនួន១សប្តាហ៍ ដោយមានជនជាតិវៀតណាម ឈ្មោះ ធឿន ជាអ្នកបង្ហាត់។
នៅខែតុលា ឆ្នាំ១៩៧៣ ឃន បានទទួលការចាត់តាំងពីឈ្មោះ ឈូក ឱ្យចូល បក្សពលករកម្ពុជា[2] ដោយមាន ឈ្មោះ ជុំ វ៉ាត គឺជាអ្នកនាំចូល ហើយ ឈូក ជាអ្នកទទួលស្គាល់។ បន្ទាប់ពីបានចូល បក្សពលករកម្ពុជា ឈូក បានណែនាំ ឃន ពីភារកិច្ចរបស់បក្ស មានភារកិច្ចដឹកនាំកម្លាំងគ្រប់ទីកន្លែង, មានភារកិច្ចធ្វើសកម្មភាពប្រឆាំងបដិវត្តន៍គ្រប់រូបភាព, ត្រូវរក្សាការសម្ងាត់, ការពារកម្លាំងបង្កប់គ្រប់ទីកន្លែង និង បញ្ជាក់លម្អិតលើភារកិច្ចនីមួយៗឱ្យបានច្បាស់លាស់។ បន្ទាប់មក ឃន និង បក្ខពួក ឈ្មោះ សាត, ប៉ុម, បូរ៉ុម, សុង, សាវុត, ម៉ុន និង វង់ បានទទួលផែនការពីឈ្មោះ ឈូក ឱ្យ បង្កប់ខ្សែរយៈ និងបន្តខ្សែចាត់តាំងចាស់ ធ្វើសកម្មភាពបំផ្លាញបដិវត្តន៍។ ឃន បានទាក់ទង ឈ្មោះ សុផុន ប្រធានកងពលភូមិភាគ បំផុសប្រជាជន ចិន វៀតណាម នៅស្រុកអូរាំងឪ ឱ្យធ្វើសកម្មភាពកម្ទេចមន្ទីរស្រុក, កម្ទេចម៉ាស៊ីនកិនស្រូវ ក្នុងផ្សារអូរាំងឪ, កម្ទេចថ្នាំពេទ្យក្នុងមន្ទីរពេទ្យភូមិភាគ, បំផុសឱ្យគ្រូពេទ្យ មើលស្រាលដល់ការព្យាបាលអ្នកជំងឺ ឬអ្នករបួស, បំផុសឱ្យអ្នករបួស វាយទាត់ធាក់គ្រូពេទ្យតាមអំពើចិត្ត, បាញ់ប្រជាជនដែលទើបតែចេញពីខ្មាំងចំនួន៤នាក់ ក្នុងសមរភូមិពាមបាណាម និង បង្ខូចសីលធម៌នារីចំនួន២នាក់ ក្នុងសមរភូមិពាមបាណាម រួចបាញ់សម្លាប់ចោល។
នៅឆ្នាំ១៩៧៥ ឃន បានទទួលផែនការពីឈ្មោះ យិន ប្រធានកងពល២៩០ អំពីផែនការវាយយកទីក្រុងភ្នំពេញ ជាមួយនឹងការកំណត់ទិសដៅចំនួន៥មុខសញ្ញា៖ មុខសញ្ញា ទី១) វាយតាមស្ពាន ព្រះមុនីវង្ស កម្ទេច កន្លែងសេនាធិការ និង កន្លែងរបស់អង្គការ ដោយប្រើអាវុធដូចជា៖ កាំភ្លើង១០៥ មីលីម៉ែត្រ ចំនួន២គ្រឿង, កាំភ្លើង ១២០ មីលីម៉ែត្រ ២គ្រឿង, ដេកា ១០៦ មីលីម៉ែត្រ ១គ្រឿង, កាំភ្លើង ៧៥ មីលីម៉ែត្រ២គ្រឿង និងកាំភ្លើងត្បាល់៨០មីលីម៉ែត្រ ២គ្រឿង។ មុខសញ្ញា ទី២) កងពល៣១០ ចូលតាមផ្លូវជាតិលេខ៣ វាយកម្ទេចកន្លែងអង្គការ រួចបែរមុខព្រួញ ទៅវាយដណ្តើមកាន់កាប់ពោធិ៍ចិនតុង។ នៅក្នុងមុខសញ្ញាទី២នេះ មានកាំភ្លើង១០៥ មីលីម៉ែត្រ២គ្រឿង, កាំភ្លើង១២០ មីលីម៉ែត្រ ២គ្រឿង, ដេកា ៧៥មីលីម៉ែត្រ២គ្រឿង និងកាំភ្លើងត្បាល់៨០មីលីម៉ែត្រ៣គ្រឿង។ មុខសញ្ញាទី៣) កងពល១៧០ មានភារកិច្ចវាយសម្រុកដណ្តើមកាន់កាប់ បុស្តិ៍វិទ្យុស្ទឹងមានជ័យ មានកាំភ្លើង ១០៦ មីលីម៉ែត្រ ១គ្រឿង, កាំភ្លើង ១២០ មីលីម៉ែត្រ១គ្រឿង, ដេកា៧៥មីលីម៉ែត្រ១គ្រឿង និង កាំភ្លើងត្បាល់៨០មីលីម៉ែត្រ២គ្រឿង ក្រោមបញ្ជារបស់ឈ្មោះ សុ ផាន ប្រធានកងពល១៧០។ ឯកងពល២៩០ ជាកម្លាំងជំនួយ មានឈ្មោះ យិន និង សាខឿន ជាប្រធានកងពលបញ្ជាផ្ទាល់។ កងពលលេខ៣ ជាកម្លាំងជំនួយបន្ទាប់ របស់ភូមិភាគបូព៌ា ក្រោមបញ្ជាឈ្មោះ សុផុន ជាប្រធានកងពល បញ្ជាផ្ទាល់ ។ មុខសញ្ញាទី៤) គឺបំបែកចេញពីមុខសញ្ញាទី២ ជា២មុខព្រួញ និង មុខសញ្ញាទី៥) បំបែកចេញពីមុខសញ្ញាទី១ ជា២មុខព្រួញ។ សម្រាប់ឯកសណ្ឋានកងទ័ព ពេលចូលប្រយុទ្ធគឺ ស្លៀកខោខ្លី មូលដៃអាវ នៅត្រឹមពាក់កណ្តាលកំភួនដៃ ទាំងអស់ និងបង់-ក ក្រណាត់ពណ៌ក្រហម។
នៅពេលមានបញ្ជាពីឈ្មោះ ចក្រី បាញ់គ្រាប់កាំភ្លើង៣គ្រាប់ ឡើងទៅលើ ជាសញ្ញាឱ្យផ្ទុះអាវុធ។ នៅពេលផ្ទុះអាវុធ ចាន់ ចក្រី ស្រែកតាមទូរអាកាសថា មិត្តយើង ឥឡូវអង្គការយើងមានអាសន្នហើយ ដូច្នេះ សូមមិត្តយើងមកជួយអង្គការផង។ ពេលនោះកងពល២៩០ សម្រុកចូលតាមស្ពាន ព្រះមុនីវង្ស ចាប់ដៃ កងពល១៧០ កម្ទេចកន្លែង សេនាធិការ រួចបែរមុខសញ្ញាទៅ ធ្វើការវាយឡុកកន្លែងបរទេស និង កន្លែងសម្តេច ព្រះនរោត្ត សីហនុ។ បន្ទាប់មក ចូលចាប់ដៃគ្នា នៅមន្ទីរឃោសនាការ។ ក្រោយពីមានការផ្ទុះអាវុធនៅភ្នំពេញហើយ ជាបន្ទាន់នោះ កម្លាំងភូមិភាគបូព៌ា និង ភូមិភាគឧត្តរ មានភារកិច្ចរឹបយកអំណាចក្នុងភូមិភាគខ្លួនជាបន្ទាន់។ រីឯកម្លាំងមូលដ្ឋានបំផុសឱ្យហែរក្បួនបាតុកម្មគាំទ្រដល់ចលនារបស់អង្គការថ្មី និង ជួយឧបត្ថម្ភទាំងកម្លាំងកាយ និង សម្ភារ។
ក្រោយពីសម្រេចបាន ទីក្រុងភ្នំពេញហើយ កងពល១៧០, កងពល២៩០ និង កងពលលេខ៣ របស់ភូមិភាគបូព៌ា ជាកម្លាំងជំនួយឈ្មោះ សុផុន បញ្ជាការកងពល មកវាយយកភូមិភាគនិរតីបន្តទៅទៀត ដោយវាយយក ខេត្តកំពត មុនគេ។ ពេលនោះឈ្មោះ ចក្រី បានឡើងតាមប៉ុស្តិ៍វិទ្យុ ចេញទៅក្រៅប្រទេសថា ឥឡូវនេះ បដិវត្តន៍កម្ពុជា មានអាសន្នយ៉ាងធ្ងន់ធ្ងរ ដូចច្នេះសូមឱ្យប្រទេសដែលជាមិត្ត ស្នេហាសន្តិភាព និង យុត្តិធម៍ មកជួយអង្គការបដិវត្តន៍កម្ពុជាផង។ ចំណែកឯ ឈ្មោះ ឈូក និង ឈ្មោះ សំរិត ទៅទាក់ទង វៀតណាម ឈ្មោះ បៃ ម៉ាប់ បើកផ្លូវឱ្យកងទ័ពវៀតណាម មកជួយបដិវត្តន៍កម្ពុជាភ្លាម។ ពេលនោះវៀតណាមមកក្តាប់ទីក្រុងភ្នំពេញ រួចវាយយកភូមិភាគពាយ័ព្យ យកខេត្តបាត់ដំបងជាដំបូងគេ។ ទន្ទឹមនឹងនេះ កងពល១៧០, កងពល៣១០, កងពល២៩០ បញ្ជាសមរភូមិ ឈ្មោះ ចក្រី និង កងពលលេខ៣របស់ ភូមិភាគបូព៌ា ដកមកការពារនៅក្រុងភ្នំពេញ។ រីឯកម្លាំងកងទ័ពវៀតណាម ចំនួន២កងពល ក្រោមបញ្ជាការឈ្មោះ ថាន់ និងតុង ទៅវាយយកភូមិភាគពាយ័ព្យ រួចបន្តវាយយកភូមិភាគបស្ចិម និងឦសាន។ បើសិនជា ផែនការនេះ មិនបានសម្រេចនៅខែកញ្ញា ឆ្នាំ១៩៧៥នេះទេ នឹងបន្តវាយដល់ខែធ្នូ ឆ្នាំ១៩៧៥ ។ បើវាយនៅខែធ្នូមិនបានសម្រេចទៀត នឹងបន្ត វាយដល់ឆ្នាំ១៩៧៦, ១៩៧៧ និង បន្តវាយរហូតដល់ឆ្នាំ១៩៨០។ម្យ៉ាងវិញទៀត បើផែនការមិនសម្រេច មិនបានទទួលជ័យជម្នះ ហើយត្រូវចាញ់បដិវត្តន៍ ត្រូវដកកម្លាំងទាំងអស់ទៅពង្រឹង និង កសាងឡើងវិញនៅតំបន់ព្រៃភ្នំ ព្រំប្រទល់ ខេត្តស្វាយរៀង និង ខេត្តកំពង់ចាម។ បន្ទាប់មក ដើរប្រមូលប្រជាជនខ្មែរដែលក្បត់បដិវត្តន៍ទាំងអស់ នៅប្រទេសវៀតណាម មកកសាងកម្លាំងធ្វើសកម្មភាពវាយបដិវត្តន៍ ពីខាងក្រៅប្រទេសបន្តទៀត តាមគ្រប់រូបភាព ហើយបំផុសឱ្យកងទ័ពវៀតណាម ធ្វើសកម្មភាពតាមព្រំដែនឱ្យជាប់ ដើម្បីពង្រេចពង្រឹលបដិវត្តន៍កម្ពុជា។
ជាចុងក្រោយ ឃន ត្រូវអង្គការចាប់យកមកមន្ទីរស២១ នៅខែកុម្ភៈ ឆ្នាំ១៩៧៧។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ J០០៤៤២ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង៖ ចម្លើយសារភាព ឡាច ឃន ហៅ ធន់ ។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកឯទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)», បោះពុម្ពលើកទី២, ២០២០, ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា។ ជំពូកទី២,ទំព័រ ៨។