របបអត្តខាត់

(រតនគិរី)៖ ការរស់នៅក្រោមរបបខ្មែរក្រហមគឺ «អត្តខាត់ខ្លាំង» នេះបើតាមការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់នៅខេត្តរតនគិរី។ លៀង ស៊ីថន មានអាយុ ៧៨ឆ្នាំ ជាកសិករ រស់នៅភូមិពីរ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
នៅមុនឆ្នាំ១៩៧០ គាត់បួសរៀននៅស្រុកកំណើតនៅឯស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកបានសឹកនិងមកតាមឪពុកមករកស៊ីនៅខេត្តរតនគិរី។ គាត់បានបន្តរស់នៅខេត្តរតនគិរីតាំងពីពេលនោះមក។
នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានជីកត្រង់សេដើម្បីគេចពីការទម្លាក់គ្រាប់បែក។
ក្រោយមក នៅឆ្នាំ១៩៧៥ គាត់បានចូលធ្វើការក្នុងកងចល័តនៅអូរកន្ទឹង។ គាត់ត្រូវរស់នៅរួម ធ្វើការរួម និងហូបបាយរបប នៅតាមសហករណ៍។ បាយរបបមានដូចជាបាយលាយជាមួយស្លឹកដំឡូង, ដំឡូង, គល់ចេក, មើមប្រង់, សម្លម្ជូរ, សម្លទំពាំងជាដើម។ ចំណែកឯកុមារ ទទួលបានបបរ។ ប្រជាជនត្រូវធ្វើការទៅតាមភារកិច្ចរៀងខ្លួន ចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង១១យប់ ។ កងចល័តមានសមាជិកមួយក្រុមប្រហែល១០នាក់ ត្រូវភ្ជួរស្រែ ។ ជារៀងរាល់ថ្ងៃ មានការប្រជុំនៅម៉ោង៨យប់ ដើម្បីដាក់ផែនការសម្រាប់ថ្ងៃបន្ទាប់។ ក្រោយពីប្រជុំរួច ប្រជាជនត្រូវទៅដកសំណាប និងបុកស្រូវបន្ថែម។ គាត់បន្តថា គ្មាននរណាម្នាក់ដឹងថាមួយហិចតាបានផលប៉ុន្មានតោននោះទេ។
នៅឆ្នាំ១៩៧៦ ស៊ីថន ត្រូវបានចាត់តាំងឲ្យធ្វើជាយោធានៅភូមិត្រពាំងក្រហម ដោយទទួលបញ្ជាពីថ្នាក់លើ ដែលមានដូចជាប្រធានក្រុម ប្រធានភូមិ ឃុំ និងលេខាតំបន់ជាដើម។ អ្នកទាំងនោះជាខ្មែរដែលបានទៅសិក្សានៅបរទេស។ ចំណែកឯនៅភូមិភាគខាងត្បូង មានស្ថានភាពតឹងរឹងខ្លាំងជាងភូមិដែលគាត់រស់នៅ។ គាត់តែងតែធ្វើតាមបញ្ជាគណៈកង ទើបបានរស់រានមានជីវិតមកទល់សព្វថ្ងៃ។
នៅពេលកំពុងយាមល្បាតគាត់បានប្រទះឃើញសាកសពជាច្រើននៅក្នុងអន្លង់ដ៏ជ្រៅមួយ។ គាត់បានដឹងថាមនុស្សជាង៤០នាក់ រួមទាំងឪពុករបស់គាត់ ត្រូវបានកាត់ទោសនិងនាំយកទៅរៀន។ បីថ្ងៃក្រោយមក មានយោធា៥នាក់ ចាប់ផ្ដើមយកមនុស្សទៅសម្លាប់ ដោយម្ដងៗ យកទៅ៣នាក់ ហើយសម្លាប់នៅតាមគុម្ពព្រៃ ក្នុងភូមិត្រពាំងច្រេស។ ខ្មែរក្រហមបានសម្លាប់មនុស្សដោយប្រើពូថៅ, កាំបិត, ដើមសង្កែ និងត្បូងចប។ គាត់បានដឹងរឿងនេះដោយសារគាត់បានទៅរកក្របីនៅជិតទីនោះ។ ក្រោយពីឮដំណឹងនេះ គាត់មិនដឹងធ្វើយ៉ាងណានោះទេ ក្រៅតែពីស្តាប់បញ្ជានិងរាយការណ៍ប្រាប់ថ្នាក់លើប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៨ គាត់បានត្រលប់មកធ្វើការក្នុងសហករណ៍វិញ។ គាត់បានដឹងថាមានការចាប់បង្ខំឲ្យរៀបការ និងការរៀបចំគម្រោងសម្លាប់មនុស្សនៅទំនប់ត្រពាំងក្រហមគ្រោងឡើងដោយប្រធានសហករណ៍។
នៅឆ្នាំ១៩៧៩ ក្រោយពី របបខ្មែរក្រហមដួលរលំ គាត់បានធ្វើជាទាហាននៅស្រុកលំផាត់។ នេះជាលើកទីមួយ ដែលមានអ្នកសម្ភាសន៍គាត់អំពីរបបខ្មែរក្រហម ដូច្នេះគាត់មិនសូវចាំរឿងរ៉ាវបានច្រើននោះទេ។
ជាចុងក្រោយ ស៊ីថន មានអារម្មណ៍នឿយណាយនៅពេលនឹកឃើញពីបទពិសោធន៍ជីវិតដែលបានឆ្លងកាត់របបខ្មែរក្រហម។ ទោះបីជាគាត់មិនដឹងអំពីការកាត់ទោសមេដឹកនាំខ្មែរក្រហមក៏ដោយ ក៏គាត់ជឿជាក់ថា ការកាត់ទោសនេះ នឹងជួយទប់ស្កាត់របបខ្មែរក្រហមពីការវិលត្រលប់មកវិញ និងឲ្យអ្នកជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្ត្រនិងការពិតនៃរបបនោះ៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤