បដិវត្តន៍វៀតណាមមានគ្រប់យ៉ាង

ចម្លើយសារភាពរបស់ លាង តុង

បដិវត្តន៍វៀតណាមមានគ្រប់យ៉ាង គឺជាពាក្យសម្ដីរបស់ ឡាវ ម៉ក់ អ្នកដើរឃោសនាអូសទាញឲ្យប្រជាជនចូលរួមចលនាតស៊ូជាមួយនឹងបដិវត្តន៍វៀតណាម ប្រឆាំងនឹងបដិវត្តន៍កម្ពុជា។ តាមរយៈការឃោសនា បដិវត្តន៍វៀតណាម គឺបានបង្ហាញអំពីសិទ្ធិសេរីភាពរបស់អ្នកចូលរួម មានប្រាក់ខែ មានឋានៈ និងបុណ្យសក្ដិជាដើម ហើយនៅក្នុងនោះក៏បានបញ្ជាក់អំពីផលវិបាកនៃបដិវត្តន៍កម្ពុជាមានរបៀបរបបរស់នៅ មិនមានសិទ្ធិក្នុងការនិយាយស្ដី និងដើរបានសេរីនោះទេ។  យោងតាមវចនានុក្រមសម្ដេច ជួន ណាត ពាក្យថា បដិវត្តន៍ គឺជាការ​វិល​ត្រឡប់, ការ​ប្រែប្រួល, ការ​កែ​ប្រែ ឬ​ផ្លាស់​ប្ដូរ ។ ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​កាល​សម័យ​ជាដើម, ការ​ប្រព្រឹត្ត​ប្រឆាំង​ដោយ​កម្លាំង​អាវុធ​ចំពោះ​អំពើ​រំលោភ, ចាប់​ផ្ដើម​ធ្វើ​បដិវត្តន៍, អំពើ​រំលោភ​ត្រូវ​បាន​វិនាស​សាប​សូន្យ​ដោយ​កម្លាំង​នៃ​បដិវត្តន៍។[1] ខាងក្រោមនេះគឺជាចម្លើយសារភាពអំពីសកម្មភាពក្បត់របស់ តុង ដែលគាត់បានចូលរួមចលនាប្រឆាំងជាមួយនឹងបដិវត្តន៍កម្ពុជា។

លាង តុង[2] មានអាយុ២៥ឆ្នាំ(១៩៧៦) មានទីកន្លែងកំណើតនៅទីក្រុងភ្នំពេញ។ នៅក្នុងរបប លន់ នល់ គាត់មានមុខរបបជាកម្មកររោងចក្រមួយកន្លែង នៅទីក្រុងភ្នំពេញ។ តុង មានប្រពន្ធឈ្មោះ ខាត់ លន អាយុ២០ឆ្នាំ។ ឪពុកឈ្មោះ លាង កាច់ (ស្លាប់) ជាជនជាតិចិន មានទីកន្លែងកំណើតនៅទីក្រុងភ្នំពេញ និងម្ដាយឈ្មោះ ហ្វុង ឡាន ជាជនជាតិវៀតណាម មានបងប្អូនសរុបទាំងអស់ប្រាំនាក់ ក្នុងនោះមានប្រុសបីនាក់ និងស្រីពីរនាក់ គាត់ជាកូនទីបីនៅក្នុងគ្រួសារ។ នៅឆ្នាំ១៩៧២ ម្ដាយ និងប្អូនប្រុស-ស្រីរបស់គាត់ចំនួនពីរនាក់ បានវិលត្រលប់ទៅរស់នៅប្រទេសវៀតណាម។

នៅឆ្នាំ១៩៦១ តុង បានចូលរៀនភាសាចិន និងភាសាខ្មែរ នៅសាលាទួនហ័រ សាលាហ័រខៀវ និងសាលាលានយ៉ូ ក្នុងទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៦៦ គាត់បានឈប់រៀន បន្ទាប់ពីឈប់រៀនគាត់បានទៅធ្វើជាកម្មករជុសជុលជើងអំពូលម៉ែត្រនៅផ្ទះហុងកុងមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ ធ្វើការងារនៅទីនោះបានរយៈពេលមួយឆ្នាំ គាត់ប្ដូរកន្លែងធ្វើការទៅធ្វើជាកម្មករក្រឡឹង នៅរោងចក្រក្រឡឹងដែកវល្លិ៍អាន ហើយនិងមានការងារបន្តបន្ទាប់ជាច្រើនទៀត។

ប្រវត្តិនៃសកម្មភាពក្បត់របស់ លាង តុង

នៅពាក់កណ្ដាលឆ្នាំ១៩៧៣ តុង បានទទួលការអប់រំពីឈ្មោះ ឡាវ ម៉ក់ ឲ្យធ្វើការបម្រើវៀតណាម ប្រឆាំងនឹងបដិវត្តន៍កម្ពុជា។ ដំបូងឡើយ ម៉ក់ បាននិយាយឃោសនាអប់រំអំពីការដែលកងទ័ពបដិវត្តន៍ដណ្ដើមបានជ័យជម្នះ ពីសមរភូមិមួយទៅសមរភូមិបន្តបន្ទាប់ទៀត ហើយតំបន់រំដោះគឺកាន់តែរីកធំឡើង ដូច្នេះហើយបដិវត្តន៍កម្ពុជាថ្ងៃខាងមុខពិតជាឈ្នះលើចក្រពត្តិ និងបរិវារក្បត់ជាមិនខាន។ ម៉ក់ បានព្យាយាមឃោសនាដដែលៗ ហើយបានបំផុសថា មូលហេតុនៃជ័យជម្នះទាំងអស់នោះគឺបានមកដោយសារកងទ័ពវៀតណាមជួយវាយរំដោះ ព្រោះកងទ័ពវៀតណាមមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាម មិនមែនបានមកដោយសារកម្លាំងកងទ័ពបដិវត្តន៍កម្ពុជាទេ[3] ព្រោះតែកងទ័ពរបស់បដិវត្តន៍កម្ពុជាមានកម្លាំងតិច និងមិនធ្លាប់មានបទពិសោធន៍។

ឡាវ ម៉ក់ តែងតែព្យាយាមឃោសនា និងបំផុសឲ្យ លាង តុង ចូលរួមចលនាតស៊ូធ្វើបដិវត្តន៍ប្រឆាំងចក្រពត្តិ និងបរិវារក្បត់ ដើម្បីរំដោះប្រទេស។ ការចូលរួមចលនាតស៊ូនោះគឺត្រូវតែធ្វើបដិវត្តន៍តាមវៀតណាម ទើបអាចរំដោះប្រទេសបាន មិនអាចធ្វើតាមបដិវត្តន៍កម្ពុជានោះទេ ព្រោះតែបដិវត្តន៍កម្ពុជានៅថ្ងៃអនាគតមានរបៀបរបបផ្សេង គ្មានបុណ្យសក្ដិ គ្មានប្រាក់ខែ គ្មានសិទ្ធិសេរីភាព ប៉ុន្តែបដិវត្តន៍វៀតណាមគឺមានគ្រប់ទាំងអស់តាមអ្វីដែលចង់បាន។ ហេតុផលម៉្យាងទៀត នៅថ្ងៃអនាគតប្រទេសទាំងបីក្នុងឥណ្ឌូចិន[4] នឹងរួមទៅជាប្រទេសតែមួយក្រោមការគ្រប់គ្រងរបស់បក្សពលករវៀតណាម ហេតុនេះហើយត្រូវគាំទ្រ និងធ្វើបដិវត្តន៍ជាមួយវៀតណាមទើបមានអនាគតរុងរឿង។

នៅខែមេសា ឆ្នាំ១៩៧៤ ម៉ក់ បានចាត់តាំងឲ្យ តុង ចេញធ្វើការប្រឆាំងជាមួយនឹងបដិវត្តន៍កម្ពុជា ដោយចូលទៅបង្កប់ស៊ីរូងផ្ទៃក្នុងបដិវត្តន៍កម្ពុជា បំផុសអប់រំប្រមូលកម្លាំងប្រឆាំងនឹងបដិវត្តន៍។ ម៉ក់ គឺនៅតែបន្តអប់រំឲ្យ តុង ព្យាយាមបំផុស និងកសាងកម្លាំងន្ថែមឲ្យបានច្រើន ដើម្បីប្រឆាំងនឹងបដិវត្តន៍កម្ពុជា រហូតដល់ពេលមួយមកដល់នឹងវាយដណ្ដើមយករដ្ឋអំណាចពីបដិវត្តន៍កម្ពុជា។ បន្ថែមពីនោះត្រូវតែមានការសាមគ្គីជាមួយនឹងសមាជិក និងត្រូវធ្វើការឲ្យសកម្ម ហើយមិនត្រូវឲ្យបដិវត្តន៍កម្ពុជាមានការចាប់អារម្មណ៍ពីសកម្មភាពក្បត់នោះឡើយ។ សកម្មភាពត្រូវលាក់ការណ៍ជាសម្ងាត់ ប្រសិនជាបែកការណ៍មុខជាត្រូវបាត់បង់ជីវិតជាមិនខាន ក្នុងករណីមាននរណាម្នាក់ត្រូវចាប់ខ្លួន គឺមិនត្រូវឆ្លើយប្រាប់ពីបណ្ដាញរបស់សមាជិកឡើយ។

ទន្ទឹមនឹងនោះ ម៉ក់ បានចាត់តាំងឲ្យ តុង យកសំបុត្រមួយច្បាប់ទៅឲ្យខ្សែរបស់គាត់ឈ្មោះ ហួ[5] ហៅ ខ្មៅ។ ព្រមជាមួយគ្នានោះ ម៉ក់ បានណែនាំឲ្យ តុង ស្គាល់ជានឹងបណ្ដាញជាច្រើននាក់ថែមទៀតដែលមានឈ្មោះដូចជា៖ លូ ជាកម្មកររោងចក្រ, លី វិន(នារី), ឆុង, ម៉េង និង កង។ ចុងក្រោយ ឡាវ ម៉ក់ បានផ្ដែផ្ដាំសមាជិកទាំងអស់ ពេលដែលចេញធ្វើសកម្មភាពត្រូវតែទាក់ទងជាមួយនឹង ហួ កុំឲ្យដាច់ខ្សែរយៈ។ ក្រោយពីទទួលបានការអប់រំណែនាំ និងការផ្ដែផ្ដាំរបស់ ម៉ក់ រួចហើយ សមាជិកទាំងអស់បានចេញទៅអង្គភាពរៀងៗខ្លួន។ តុង ទទួលបានការនាំផ្លូវពីសំណាក់ ហួ ព្រមទាំងយុវជនម្នាក់ និងមានកុមារម្នាក់ទៀតឈ្មោះ វៃ បានបន្តគ្នាដើម្បីជូនដំណើរគាត់រហូតដល់តំបន់រំដោះ។ បន្ទាប់ពីគាត់ទៅដល់តំបន់រំដោះ មានយុវជនម្នាក់បាននាំគាត់ឲ្យទៅស្នាក់នៅកន្លែងមួយ ដោយគាត់មិនបានស្គាល់ថាទីតាំងនោះនៅទីណា ហើយក៏មិនដឹងពីគោលបំណងដែលយុវជនម្នាក់នោះនាំគាត់ទៅស្នាក់នៅទីនោះដែរ។

បន្ទាប់ពីការស្នាក់នៅទីតាំងនោះបានរយៈពេល១០ថ្ងៃ ក៏មានវត្តមានរបស់ ហួ ទៅដល់ទីនោះ ហើយនាំ តុង ទៅរស់នៅជាមួយនៅមន្ទីរបច្ចេកទេសភូមិភាគពិសេស។ ហួ បានណែនាំ តុង ពីរបៀបរបបរស់នៅក្នុងមន្ទីរបច្ចេកទេសភូមិភាគពិសេស ចំនួនពីរចំណុចធំៗគឺ ទីមួយ៖ អង្គការមានវិន័យ នៅត្រឹមត្រូវមិនមែនសេរី ចង់ដើរទៅណាក៏បានតាមចិត្តដូចនៅភ្នំពេញនោះទេ ជារួមការរស់នៅគឺត្រូវរៀនសូត្រពីបងប្អូនដែលនៅជាមួយ។ ទីពីរ៖ ត្រូវចេះសាមគ្គីបងប្អូនកុំឲ្យបែកបាក់ និងត្រូវខិតខំធ្វើការងារ។ ហួ បានបញ្ជាក់បន្ថែម ទោះបីជាយ៉ាងណាក៏ដោយមិនត្រូវភ្លេចពីការងារដែលត្រូវប្រឆាំងជាមួយនឹងបដិវត្តន៍កម្ពុជានោះទេ។ ការអនុវត្តត្រូវតែប្រុងប្រយ័ត្ន លាក់ការណ៍កុំឲ្យបែកការណ៍ អ្វីដែល ហួ សង្កត់ធ្ងន់នោះគឺ មករស់នៅដំបូងៗមិនទាន់ស្គាល់ជាមួយនឹងនរណា មិនចាំបាច់ទាន់ធ្វើសកម្មភាពអ្វីទាំងអស់ ចាំមានការណែនាំសឹមធ្វើសកម្មភាព។ ហួ បានប្រគល់ម៉ាស៊ីនក្រឡឹងមួយគ្រឿងឲ្យ តុង ហើយគាត់ក៏ចាប់ផ្ដើមបំពេញការងារនៅទីនោះ។ ធ្វើការងារនៅមន្ទីរបច្ចេកទេសបានរយៈពេលមួយសប្ដាហ៍ គាត់បានស្គាល់ជាមួយខ្សែចំនួនពីរនាក់ជាអ្នកដែលទទួលបានការចាត់តាំងរបស់ ម៉ក់ ដូចជាគាត់ដែរ។ អ្នកទាំងពីរមានឈ្មោះថា សឹង និង ទើ គឺជាយុវជនអាណិកជនចិន ធ្វើការងារនៅមន្ទីរបច្ចេកទេសភូមិភាគពិសេស។

តុង បានសុំការអនុញ្ញាតពី ហួ ទៅសួរសុខទុក្ខបងប្រុសរបស់គាត់ឈ្មោះ លាង អ៊ាវម៉េង ហៅ ឡាវ លាង ដែលធ្វើការងារនៅមន្ទីរបច្ចេកទេស ម-២១១។ ហួ បានអនុញ្ញាតឲ្យគាត់ទៅមន្ទីរ ម-២១១ រយៈកន្លះខែ។ នៅពេលនោះដែរ តុង បានដឹងថាបងប្រុសរបស់គាត់ក៏ជាខ្សែចាត់តាំងរបស់ ឡាវ ម៉ក់ ដែរ ហើយបងប្រុសរបស់គាត់បានអប់រំណែនាំជាបន្តបន្ទាប់អំពីផែនការប្រឆាំងបដិវត្តន៍កម្ពុជា។ នៅទីនោះ តុង បានកសាង និងអប់រំចាត់តាំងសមាជិកថ្មីចំនួនបីនាក់ មានឈ្មោះ ឈិន, ផែ និង ឈាន ជាយុវជន និងជាអាណិកជននៅមន្ទីរ ម-២១១។

រយៈកាលពេលដែលរបបខ្មែរក្រហមកាន់អំណាចទូទាំងប្រទេស

ក្នុងរយៈកាលនោះ តុង ត្រូវផ្លាស់ប្ដូរទៅមន្ទីរនៅចោមចៅ គាត់មិនបានធ្វើសកម្មភាពអ្វីទេ គ្រាន់តែទទួលការអប់រំបន្ថែមពីសំណាក់បងប្រុសរបស់គាត់ប៉ុណ្ណោះ។ មួយរយៈក្រោយគាត់បានផ្លាស់ប្ដូរបន្តទៅមន្ទីរនៅក្រុងតាកែវ ទៅដល់ទីនោះគាត់ក៏មិនមានសកម្មភាពអ្វីដែរ ដោយសារតែនៅទីនោះមិនមានអាណិកជនចិន និងម្យ៉ាងទៀតគឺគាត់នៅដាច់ដោយឡែកតែឯងមិនស្គាល់ខ្សែបណ្ដាញនៅទីនោះ ទើបសម្ងំស្ងៀមមិនបញ្ចេញសកម្មភាព។ នៅឆ្នាំ១៩៧៦ លាង តុង ត្រូវបានអង្គការខ្មែរក្រហមចាប់ខ្លួននៅមន្ទីរក្រុងតាកែវ៕

ដោយ នេន ស្រីមុំ


[1] វចនានុក្រមខ្មែរ សម្ដេច ជួន ណាត. (២០០៨). រក្សាសិទ្ធិដោយវិទ្យាស្ថានពុទ្ធសាស្រ្តបណ្ឌិត។

[2] ឯកសារ J00256. ស្ដីពីចម្លើយសារភាពរបស់ លាង តុង ជាភ្នាក់ងារបម្រើវៀតណាម ហើយមានតួនាទីនៅក្នុងរបបខ្មែរក្រហមជាកម្មកររោងចក្រក្រឡឹងដែកនៅភូមិភាគនិរតី។ នៅឆ្នាំ ១៩៧៣ តុង បានចូលរួមជាមួយបក្សពលករវៀតណាមប្រឆាំងនឹងបដិវត្តន៍កម្ពុជា។ គាត់បានបំផុសគំនិតកម្មកររោងចក្រឲ្យចូលរួមជាមួយជនជាតិវៀតណាម និងបានទំនាក់ទំនងជាមួយបណ្តាញជនក្បត់ និងបានទទួលផែនការប្រឆាំងបដិវត្តន៍។ នៅឆ្នាំ1976  គាត់បានធ្វើសកម្មភាពក្បត់នៅក្នុងខេត្តតាកែវរហូតដល់អង្គការចាប់ខ្លួន។ កំណត់ចំណាំ៖ “រាល់ចម្លើយសារភាពរបស់អ្នកទោសទាំងអស់នៅមន្ទីរសន្តិសុខស-២១ សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះមិនអាចសន្និដ្ឋានបានថាចម្លើយរបស់ លាង តុង ពិត ឬយ៉ាងណានោះទេ”។

[3] ឯកសារ D427. (២០១០). ការិយាល័យសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា. ដីកាដំណោះស្រាយសំណុំរឿង០០២ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០. កថាខណ្ឌទី១១៣ ទំព័រ៣៥-៣៦. សរសេរថា “កងទ័ពបដិវត្តន៍កម្ពុជា (ក.ប.ក) គឺជាស្ថាប័នសំខាន់របស់កម្ពុជាប្រជាធិបតេយ្យ។ គោលនយោបាយបក្សកុម្មុយនីស្តកម្ពុជាពឹងផ្អែកជាសំខាន់ទៅលើកងកម្លាំងដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួន ដោយធ្វើឲ្យកងទ័ពជាផ្នែកមួយសំខាន់នៃឧបករណ៍រដ្ឋបាលរបស់ខ្លួន។ តាំងពីដើមដំបូងមក ប.ក.ក បានគិតថា “ដើម្បីការពារខ្លួន និងដើម្បីរំដោះខ្លួន គឺត្រូវប្រហិង្សាដាច់ខាតទោះជាហិង្សានយោបាយ ឬជាហិង្សាប្រដាប់អាវុធក្ដី។ វាចាំបាច់ដាច់ខាតដែលប្រជាជនត្រូវបំពាក់អាវុធ គឺមានន័យថា ត្រូវតែមានកងទ័ព… ដើម្បីការពារប្រជាជន ដើម្បីការពារបដិវត្តន៍ និងដើម្បីបន្តវាយសម្រុកតបតខ្មាំងវិញ”។ ”

[4] ឧបទ្វីបឥណ្ឌូចិន គឺជាឈ្មោះដែលអាណានិគមបារាំងដាក់ឲ្យប្រទេសបីដែលខ្លួនត្រួតត្រា រួមមានប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។

[5] ហួ មានតួនាទីជាប្រធានមន្ទីរបច្ចេកទេសនៅភូមិភាគពិសេស។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin