ខ្ញុំនៅតែចងចាំរបបខ្មែរក្រហម
(ព្រៃវែង)៖ ឡឹង សំអោ មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបច្ចុប្បន្នគាត់រស់នៅភូមិវាល ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
សំអោ បានរៀបប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា អំឡុងពេលខ្មែរក្រហមកាន់អំណាច គាត់ទទួលរងទុក្ខលំបាកគ្រប់បែបយ៉ាង។ ទុក្ខវេទនាទាំងនោះគាត់បានចងចាំរហូតដល់បច្ចុប្បន្ន និងមានថ្ងៃខ្លះគាត់បានយល់សុបិនឃើញទៀតផង។ សំអោ បាននិយាយបន្តថា កាលពីសម័យ លន់ នល់ ប្រជាជនត្រូវរត់គេចពីសង្គ្រាម និងការទម្លាក់គ្រាប់ បែក ប៉ុន្តែអាចរស់នៅជួបជុំគ្រួសារ និងមានអាហារហូបគ្រប់គ្រាន់។ ផ្ទុយទៅវិញក្នុងរបបខ្មែរក្រហមប្រជាជនត្រូវធ្វើការងារធ្ងន់គ្មានពេលសម្រាក និងមានការខ្វះខាតអាហារខ្លាំងសម្រាប់ហូបចុក។
សំអោ ត្រូវបានអង្គការឲ្យរស់នៅឃុំកំពង់ឫស្សី ហើយត្រូវចល័តជាញឹកញាប់ដោយសារតែគាត់ត្រូវរស់នៅ និងធ្វើការនៅក្នុងក្រុមកងចល័តនារីឃុំ។ ចំណែកសមាជិកគ្រួសាររបស់គាត់ត្រូវរស់នៅផ្សេងៗគ្នាតាមប្រភេទអាយុ។
នៅរយៈពេលដំបូងក្នុងរបបខ្មែរក្រហម សំអោ ត្រូវទៅធ្វើការជីក និងរែកដីធ្វើទំនប់ចំនួនបីគឺ ទំនប់ព្រៃស្លា ទំនប់ថី្ម និងទំនប់ព្រៃព្នៅ ស្ថិតនៅឃុំកំពង់ឫស្សី។ គាត់ត្រូវក្រោកពីម៉ោងប្រាំព្រឹកដើម្បីទៅធ្វើការ និងបានសម្រាកកន្លះម៉ោងនៅពេលរសៀលដើម្បីហូបអាហារ និងរហូតដល់ម៉ោងប្រាំល្ងាចទើបបានឈប់សម្រាកពីការងារ។ សំអោ បន្តថានៅថ្ងៃខ្លះគាត់ និងយុវជន យុវនារីផ្សេងៗទៀតត្រូវធ្វើការបន្ថែមម៉ោងនៅពេលយប់។
ក្រោយមកអង្គការបានផ្លាស់ប្តូរការងារក្រុមកងចល័ត របស់ សំអោ ឲ្យទៅធ្វើស្រែដោយកំណត់មួយថ្ងៃស្ទូងឲ្យរួចស្រែមួយហិកតា។ ទោះបីជា សំអោ និងសមាជិកក្រុមខ្លះមានជំងឺក៏មិនហ៊ានឈប់សម្រាកដែរព្រោះខ្លាចស្ទូងមិនហើយតាមផែនការរបស់អង្គការ ត្រូវទទួលពិន័យ និងមិនទទួលបានរបបអាហារ។
ថ្ងៃមួយ សំអោ គាត់មានជំងឺក្តៅខ្លួនខ្លាំងស្ទើរតែបាត់បង់ជីវិតទើបគាត់ត្រូវសម្រាកពេទ្យ។ អង្គការបានផ្តល់ថ្នាំរាងដូចអាចម៍ទន្សាយឲ្យគាត់លេបទើបគាត់ជាសះស្បើយពីជំងឺ និងបានទៅស្ទូងស្រូវបន្តឲ្យអង្គការ។
ចំពោះរបបអាហារវិញ គាត់ និងសមាជិកកងចល័តទទួលបានបបរពីរវែកក្នុងមួយថ្ងៃសម្រាប់ពីរពេល។
សំអោ ធ្លាប់ឃើញទាហានខ្មែរក្រហមនាំយុវនារីបីនាក់ក្នុងកងចល័តធ្វើការជាមួយគាត់យកទៅសម្លាប់ចោលដោយកុហកថា ទៅជីកទំនប់នៅទីតាំងថ្មី។
ចំណែករូបគាត់ផ្ទាល់ក៏ធ្លាប់ត្រូវបានអង្គការយកទៅសម្លាប់ផងដែរដោយប្រាប់ថាទៅប្រជុំ ប៉ុន្តែដោយសារពេលនោះមានប្រជាជនមកច្រើន អង្គការខ្លាចមានការបះបោរក៏រំសាយគម្រោងសម្លាប់គាត់វិញ។
សំអោ និយាយបន្ថែមទៀតថា ក្នុងរបបនោះគាត់មានសេចក្តីរន្ធត់ និងភ័យខ្លាចជាពន់ពេកគឺរស់មួយថ្ងៃសប្បាយចិត្តបានមួយថ្ងៃ។ គាត់ និងប្រជាជនផ្សេងទៀតមិនដឹងពីជោគវាសនាខ្លួនត្រូវទៅជាយ៉ាងមិចទេនៅថ្ងៃស្អែក។
បច្ចុប្បន្ន សំអោ មានជំងឺសួត គាត់ហត់ និងឧស្សាហ៍គ្មានកម្លាំងកំហែងក្នុងខ្លួន។ គាត់បានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយត្រូវសិក្សាសែ្វងយកពីទុក្ខលំបាករបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដើម្បីជៀសវាងកុំឲ្យអំពើឃោរឃៅទាំងនោះអាចកើតមានក្នុងប្រទេសកម្ពុជាសារជាថ្មីម្តងទៀត។
សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤