រកប្ដីមិនឃើញយកប្រពន្ធជំនួស

(តាកែវ) ៖ ឡុង គាំ ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គាត់បានរៀបរាប់អំពីការវាយធ្វើបាប និងសម្លាប់មនុស្សជាច្រើនដែលកើតមាននៅក្នុងរបបខ្មែរក្រហម។ គាត់បានប្រាប់ថា អង្គការបានវាយធ្វើបាបប្រជាជននៅក្នុងរបបនោះដោយការចងស្លាបសេក។ មានប្រជាជនម្នាក់ឈ្មោះ ម៉ៅ បានអង្គការចងស្លាបសេកហើយវាយសម្លាប់ចោល។ រូបគាត់ផ្ទាល់ក៏សឹងតែអង្គការយកទៅសម្លាប់ដែរ ដោយសារតែគេចោទថា ប្ដីរបស់គាត់លួចលាក់កាំភ្លើងទុក។ អង្គការបាននិយាយថាបើរកប្ដីមិនឃើញទេ យកប្រពន្ធទៅជំនួសទៅ។ គាត់រត់គេចពីការតាមចាប់របស់អង្គការដោយ បានជ្រមុជទឹកលាក់ខ្លួននៅក្នុងត្រពាំងទឹក។

ប្ដីរបស់គាត់សឹងតែត្រូវអង្គការយកទៅសម្លាប់ចោលព្រោះ អង្គការចោទថាប្ដីរបស់គាត់លាក់ទុកកាំភ្លើង។ នៅពេលមួយប្ដីរបស់គាត់បានទៅបង់សំណាញ់នៅឯបឹង ហើយគាត់បានឃើញកាំភ្លើងដែលគេទុកចោលនៅនឹងគល់ឈើ។ ពេលនោះប្ដីរបស់គាត់បានយកដំណឹងនេះទៅប្រាប់ដល់ឈ្លបភូមិថា គាត់បានឃើញកាំភ្លើងមួយដើមនៅផ្អែកនឹងដើមរាំង។ នៅពេលដែលឈ្លបភូមិបានទទួលដឹងព័ត៌មាននោះ ក៏បានឲ្យប្ដីរបស់ គាំ ជូនទៅយកកាំភ្លើងនោះ។ ប៉ុន្តែនៅពេលដែលទៅដល់កន្លែងដែលទុកកាំភ្លើងនោះបែរជាមិនឃើញកាំភ្លើងទៅវិញ។

គាំ បានបញ្ជាក់ថា អង្គការសម្លាប់អ្នកដែលប្រឆាំងតវ៉ានឹងបញ្ជារបស់អង្គការ។ ប្រជាជនដែលបានប្រឆាំងនឹងបញ្ជារបស់អង្គការ ឬតវ៉ាអំពីការធ្វើការងារលើសកម្លាំង ហូបចុកមិនគ្រប់គ្រាន់ សម្រាកមិនគ្រប់គ្រាន់ នឹងត្រូវអង្គការយកទៅសម្លាប់ចោលដោយប្រើហេតុផលថាផ្លាស់ប្ដូរកន្លែងថ្មី ឬយកទៅរៀនសូត្រជាដើម។

គាំ មានប្អូនប្រុសម្នាក់ធ្វើការនៅក្នុងកងចល័តដែលបានបាត់ខ្លួនក្នុងសម័យនោះ ហើយការបាត់ខ្លួននោះគឺមិនបានដឹងអំពីមូលហេតុឡើយ។ នៅអំឡុងរបបខ្មែរក្រហម គាំ ធ្វើការងារជាអ្នកបុកអង្ករ និងកិនស្រូវ ដោយសារតែគាត់ទើបតែសម្រាលកូន ដូច្នេះហើយទើបគេមិនសូវប្រើឲ្យគាត់ធ្វើការងារធ្ងន់ៗ។

នៅពេលគាត់សម្រាលកូនបានប្រហែលបួនខែ អង្គការបានយកកូនរបស់គាត់ទៅដាក់នៅមណ្ឌល ប៉ុន្តែជាអកុសលកូនរបស់គាត់បានបាត់បង់ជីវិតនៅក្នុងសម័យនោះ។ នៅពេលបន្ទាប់មកអង្គការបានឲ្យគាត់ធ្វើការនៅកងចល័ត ជីកព្រែក និងរែកដី។ ពេលបន្ទាប់មកទៀត អង្គការបានជ្រើសរើសយកគាត់ឲ្យទៅបង្រៀនអក្ខរកម្មដល់ក្មេងៗនៅក្នុងភូមិកោះទង់។

គាំ បានប្រាប់ថានៅសម័យនោះមិនមានការចរាចរក្រដាសប្រាក់នោះទេ។ មាស ប្រាក់ ត្រូវបានបិទចរាចរ អង្គការមិនអនុញ្ញាតឲ្យចាយវាយឡើយ សូម្បីតែទ្រព្យសម្បត្តិដែលប្រជាជនមានទាំងប៉ុន្មានគឺត្រូវក្លាយជារបស់រួមទាំងអស់។ នៅក្នុងរបបនោះមានគណៈនារីម្នាក់ បានខ្ចីសម្លៀកបំពាក់របស់គាត់យកទៅស្លៀក នៅពេលគាត់បានទារសម្លៀកបំពាក់នោះវិញ គណៈនារីនោះបានសម្លុតគាត់ ហើយបានរាយការណ៍ទៅដល់អង្គការ ចង់ឲ្យអង្គការយកគាត់ទៅសម្លាប់ចោល។ ប៉ុន្តែនៅពេលប្រជុំ គាំ បានតវ៉ាវិញ ទើបគណៈនារីម្នាក់នោះមិនហ៊ានជាមួយគាត់។

អង្គការ បានយកមនុស្សទៅវាយសម្លាប់នៅឯត្រពាំងអុស ដែលមានទីតាំងនៅខាងកើតកោះទង់។ ការសម្លាប់មនុស្សគឺច្រើនតែធ្វើនៅពេលយប់ ព្រោះនៅពេលយប់ជាពេលដែលស្ងាត់ មិនមាននរណាដឹង ឬឃើញនោះទេ។ នៅពេលដែលអង្គការចង់យកនរណាទៅសម្លាប់គេនឹងប្រាប់ថា យកទៅនៅទីកន្លែងថ្មី ឬយកទៅរៀនសូត្រ។ គាត់បានបន្ថែមថាចំពោះក្មេងតូចៗគេបានសម្លាប់ដោយការចាក់នឹងកាំបិតចំពុះទង់ និងវាយដោយត្បូងចប។

ការងារដែលកងកុមារធ្វើជាប្រចាំនៅក្នុងរបបខ្មែរក្រហមគឺ ព្រឹកឡើងអង្គការឲ្យកងកុមាររែកជី រហូតដល់ម៉ោងប្រាំបួនបានឈប់សម្រាកហូបបបរ បន្ទាប់មកត្រូវចូលរៀន និងចេញពីរៀននៅម៉ោងដប់មួយ។ នៅម៉ោងមួយរសៀលកងកុមារត្រូវរែកជីបន្តទៀត។ នៅរដូវប្រាំងកងកុមារត្រូវបានប្រើឲ្យរែកជី ចំណែករដូវវស្សាបានចូលមកដល់ ត្រូវដកសំណាបវិញម្តង៕

សម្ភាសន៍ដោយ ជា សុភក្ដិ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin