ឪពុកម្ដាយខ្ញុំធ្វើការហួសកម្លាំងនៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧២ ឡុង សាវឿន ភេទស្រី មានអាយុ ៥២ឆ្នាំ។ សាវឿន មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកម្ដាយសាវឿន បានផ្លាស់ប្តូរទីលំនៅពីខេត្តព្រៃវែងមករស់នៅភូមិអូរស្វាយ និងប្រកបរបរធ្វើស្រែចម្ការ។ សាវឿន មានឪពុកឈ្មោះ ឡុង ស៊ុន និងម្ដាយឈ្មោះ ឌឹម។ សាវឿន ជាកូនទី៨ ក្នុងចំណោមបងប្អូនដប់នាក់ (ស្រីប្រាំនាក់)។
នៅឆ្នាំ១៩៧៥ គ្រួសារសាវឿន ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅរួម ធ្វើការរួម និងហូបរួមនៅសហករណ៍ញើន។ នៅទីនោះ ឪពុកម្ដាយសាវឿន ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ចំណែក សាវឿន ធ្វើការក្នុងកងកុមារ ដោយត្រូវកាប់ទន្ទ្រានខេត្ត, រែកដី និងរែកទឹក។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ គ្រួសារសាវឿន បានត្រលប់មករស់នៅភូមិកោះព្នៅ ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ នៅឆ្នាំ១៩៩២ សាវឿន បានរៀបការ និងមានកូន៥នាក់ ក្នុងនោះស្រីម្នាក់។
សាវឿន និយាយថា ដោយសារគាត់មានវ័យក្មេងពេកក្នុងរបបខ្មែរក្រហម ដូច្នេះគាត់មិនសូវចាំរឿងរ៉ាវច្រើននោះទេ។ បច្ចុប្បន្ន សាវឿន មានការព្រួយបារម្ភពីការប៉ះពាល់បរិស្ថាន និងសុខភាពរបស់ប្រជាជនក្នុងភូមិនាពេលអនាគត ដោយសារការសាងសង់ទំនប់វារីអគ្គិសនី និងការបាត់បង់ធនធានធម្មជាតិក្នុងតំបន់អូរស្វាយ៕
សម្ភាសដោយ សូ នីតា ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥