កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល
ឡុង ស៊ីម មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស៊ីម មានបងប្អូនចំនួនប្រាំបួននាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ ស៊ីម រៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្រ្តនិយម។
ស៊ីម បានរៀបការក្នុងរបប លន់ នល់។ នៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច គាត់សម្រាលបានកូនមួយត្រូវបានបង្ខំឲ្យចេញពីផ្ទះ និងឲ្យទៅរស់នៅរួមក្នុងសហករណ៍។ គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យកិន និងបុកស្រូវសម្រាប់សហករណ៍រោងបាយ។ ម្តាយរបស់គាត់ត្រូវបានខ្មែរក្រហមប្រើឲ្យមើលក្មេងតូចនៅកងកុមារ ចំណែកឪពុកគាត់ត្រូវធ្វើការក្រងស្បូវ។ ប្តីត្រូវភ្ជួរស្រែ ជីកទំនប់ និងលើកភ្លឺស្រែ។ រីឯបងប្អូនត្រូវធ្វើការងារក្នុងកងចល័ត។
នៅក្នុងភូមិ ស៊ីម បានឃើញទាហានខ្មែរក្រហមប្រើឲ្យប្រជាជនបំផ្លាញវត្តអារាម វាយកម្ទេចព្រះពុទ្ធបដិមាករ និងចាប់ផ្សឹកព្រះសង្ឃ។
ក្រោយមក ស៊ីម និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលធ្វើដំណើរដល់ភ្នំពេញទាហាខ្មែរក្រហមបានចែកខោអាវ ក្រមា និងអង្ករមួយចំនួន និងបង្ខំឲ្យធ្វើដំណើរបន្តរហូតដល់ខេត្តកណ្តាល។ ស៊ីម បន្តថា នៅទីនោះស្ថានភាពរស់នៅលំបាកខ្លាំងដោយសារតែគ្មានទឹកបរិភោគ និងប្រើប្រាស់។ គាត់ត្រូវទៅដងទឹកនៅស្ទឹងឆ្ងាយពីកន្លែងស្នាក់នៅព្រោះអណ្តូងទាំងអស់បានរីង។ ស៊ីម ក្រោកពីដំណេកតាំងពីព្រលឹមត្រូវទៅធ្វើការងារឆ្ងាយៗពីកន្លែងស្នាក់នៅ កូនត្រូវទុកឲ្យចាស់ៗនៅកងកុមារមើលថែ រហូតកូនគាត់បានស្លាប់ដោយសារតែជំងឺកញ្ជ្រឹល ដោយខ្វះការថែទាំ និងការព្យាបាលត្រឹមត្រូវ។ ស៊ីម មានថ្ងៃខ្លះត្រូវធ្វើការបុកស្រូវនៅពេលយប់បន្ថែម ដោយសារធ្វើមិនគ្រប់តាមផែនការដែលខ្មែរក្រហមកំណត់ឲ្យ។
រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលកូនគាត់មានជំងឺកញ្រ្ជឹលមិនអាចនៅថែទាំកូនបាន និងការដែលខ្មែរក្រហមជម្លៀសគាត់ និងគ្រួសារនៅអំឡុងពេលកូននៅតូច ហើយត្រូវធ្វើដំណើរដោយថ្មើរជើងទៅរស់នៅស្រុកផ្សេង។
ឡុង ស៊ីម៖ «ក្នុងរបបខ្មែរក្រហមការងារត្រូវធ្វើច្រើនគ្មានពេលសម្រាក ប៉ុន្តែរបបអាហារមិនគ្រប់គ្រាន់។ ប្រជាជនត្រូវបានខ្មែរក្រហមសង្ស័យគ្រប់ពេល ហើយជីវិតរបស់ខ្ញុំ និងប្រជាជន រស់មួយថ្ងៃគិតមួយថ្ងៃ។ ក្នុងរបបនោះខ្ញុំ អាណិតជាងគេគឺមនុស្សចាស់ និងក្មេងៗដែលគេបានធ្វើបាប»។
ក្រោយរបបខ្មែរក្រហមបានដួលរលំ ស៊ីម និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅតាមផ្លូវធ្វើដំណើរ ឪពុកគាត់បានស្លាប់ដោយសារតែជំងឺ និងការធ្វើការបាក់កម្លាំងដែលបន្សល់ទុកពីរបបខ្មែរក្រហម។
គាត់បានតាមដានដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមដោយតុលាការ។ គាត់ពេញចិត្តពេលឃើញអតីតមេដឹកនាំខ្មែរក្រហមត្រូវផ្តន្ទាទោសដាក់គុកអស់មួយជីវិត។ ស៊ីម បន្តថា តាមរយៈតុលាការនេះបង្ហាញឲ្យក្មេងជំនាន់ក្រោយបានដឹងថា ពិតជាមានរបបឃោរឃៅបានធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជាមែន។ គាត់បានស្នើឲ្យយុវជនជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តជាពិសេសរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។
បច្ចុប្បន្ន ស៊ីម មានជំងឺឈឺក្រពះ និងជំងឺវិលមុខជាប្រចាំដែលនាំឲ្យគាត់ឧស្សាហ៍ខ្សោយកម្លាំង។
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤
សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១