ឡុង អ៊ី៖ បណ្តោយតាមកម្មនិងព្រេងវាសនា

ឡុង អ៊ី[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់ ឃុំត្រៀល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ បច្ចុប្បន្ន ឡុង អី រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឡុង អ៊ី បាននិយាយថា៖ «ខ្ញុំមានបងប្អូនខ្ញុំ៧នាក់(ប្រុស៤នាក់និងស្រី៣នាក់)។ ខ្ញុំគឺជាកូនទី២។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រនោះទេ ដោយសារតែសង្គ្រាម។ ខ្ញុំបានចូលរៀនបន្ដិចបន្ដួចនៅតាមវត្ដអារាម។ ខ្ញុំអាន និងសរសេរបានបន្ដិចបន្ដួច។ គ្រួសាររបស់ខ្ញុំមានជីវភាពក្រីក្រ ដោយប្រកបរបរធ្វើស្រែ។ ខ្ញុំបានចូលបដិវត្ដន៍ខ្មែរក្រហមនៅអាយុ១២ឆ្នាំ នៅឆ្នាំ១៩៧៧។ ខ្ញុំត្រូវចាត់បញ្ជូនទៅការពារតាមព្រំដែនជាប់ជាមួយប្រទេសវៀតណាម។
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩ ខ្ញុំបានផ្លាស់ទៅឈរជើងនៅសមរភូមិព្រៃឡង់ ដើម្បីប្រយុទ្ធជាមួយកងទ័ពវៀតណាម។ នៅទីនោះយើងនាំគ្នាជីកដំឡូង និងក្ដួច ដើម្បីចិញ្ចឹមជីវិត។ ការហូបចុករបស់យើងនៅពេលនោះ គឺមិនគ្រប់គ្រាន់នោះទេ។ យើងទទួលបានរបបអាហារតែមួយចានប៉ុណ្ណោះក្នុងមួយពេល បើទោះបីយើងហូបឆ្អែត ឬមិនឆ្អែតក៏ដោយ។
ខ្ញុំទទួលរងរបួសពិការជើង នៅលើសមរភូមិ នៅក្នុងឆ្នាំ១៩៨៣។ ក្រុមខ្ញុំមានគ្នាចំនួន៤នាក់ ហើយបានដើរថ្មើជើងនៅលើផ្លូវចាស់។ ខ្ញុំបានដើរមុខគេ ហើយក៏ជាន់មីន។ កម្លាំងចំនួន៣នាក់ទៀត ក៏បានសែងខ្ញុំ ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលនៅឯសមរភូមិក្រោយ។ ខ្ញុំត្រូវចំណាយពេលមួយខែកន្លះ ដើម្បីសម្រាកព្យាបាលហើយក៏បានធូរស្បើយឡើងវិញ។ ក្រោយមក ខ្មែរក្រហមបានឲ្យខ្ញុំរស់នៅក្នុងជំរំជនពិការ ដោយមិនតម្រូវឲ្យធ្វើការងារអ្វីទាំងអស់។ ខ្ញុំបានបន្ដរស់នៅក្នុងជំរំជនពិការ រហូតដល់យើងចុះមកតាំងទីលំនៅក្នុងតំបន់អន្លង់វែង នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ យើងបានរស់នៅជំរំជាមួយប្រជាជនដែលរត់ភៀសខ្លួនទៅទីនោះដែរ។
បើទោះបីជាខ្ញុំបានធ្លាក់ខ្លួនពិការភាពក៏ដោយ ក៏ខ្ញុំមិនមានគំនិតគិតខ្លីថាចង់សម្លាប់នោះដែរ។ ខ្ញុំពិតជាមានភាពច្របូកច្របល់ច្រើននៅក្នុងចិត្ដ។ ប៉ុន្តែ ម្យ៉ាងទៀត ខ្ញុំគិតថា ខ្ញុំត្រូវធ្វើយ៉ាងណាឲ្យតែបានរស់សិន។ ការសោកស្ដាយរបស់ខ្ញុំចំពោះការតស៊ូ គឺនៅតែដក់ជាប់ក្នុងអារម្មណ៍ជានិច្ច។ ខ្ញុំមិនទទួលបានអ្វីទាំងអស់ ស្ទើរតែពេញមួយជីវិតកន្លងមកនេះ។ ខ្ញុំបានត្រឹមតែបណ្ដោយតាមកម្ម និងព្រេងវាសនារបស់ខ្ញុំប៉ុណ្ណោះ។
ក្រោយមក ខ្ញុំបានស្រឡាញ់ និងរៀបការជាមួយនារីម្នាក់ នៅក្នុងជំរំអូរត្រាវ។ ពិធីការរបស់យើង មិនមានភ្លេងការអ្វីនោះទេ។ ប៉ុន្តែ ចាស់ទុំនិងញាតិមិត្ដមួយចំនួនតូច បានមកជួបជុំគ្នា ដើម្បីជាការអបអរដល់ពិធីការរបស់ខ្ញុំតែប៉ុណ្ណោះ។
ខ្ញុំធ្លាប់ឮពាក្យប្រមាថមើលងាយលើរូបខ្ញុំ ដែលជាជនមានពិការភាព។ ជនមានពិការភាពត្រូវបានសំគាល់ជាទូទៅថាជាជនក្រីក្រ។ ខ្ញុំមិនតបតឡើយ ឬខ្វាយខ្វល់ច្រើនទេចំពោះការប្រមាថមើលងាយទាំងអស់នេះ។ ខ្ញុំពិតជាពិការមែន។ នៅពេលខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំប្រឈមមុខនឹងការលំបាកខាងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា មិនអាចប្រកបមុខរបរឲ្យបានងាយស្រួលដូចអ្នកមានកាយសម្បទាល្អ និងបញ្ហាសុខភាពជាប្រចាំដូចជាវិលមុខ និងឈឺសន្លាក់ដៃជើងជាដើម។ ស្ថានភាពបែបនេះ បានលេចចេញជារោគសញ្ញា នៅពេលខ្ញុំចាប់ផ្ដើមមានអាយុកាន់តែច្រើន។ ខ្ញុំមិនមានថវិកាពិនិត្យសុខភាពឲ្យបានដិតដល់ឡើយ។ នៅពេលដែលខ្ញុំនឹកឃើញដល់ជំនាន់ខ្មែរក្រហម ខ្ញុំមានអារម្មណ៍ខឹង និងសោកសៅ។
នៅក្រោយសមាហរណកម្មឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលចាប់ផ្ដើមគិតគូរដល់ជនមានពិការភាព និងបញ្ចូលឈ្មោះខ្ញុំទៅក្នុងបញ្ជីអ្នកដែលអាចទទួលបានប្រាក់សោធន៍និវត្ដន៍ ព្រមទាំងផ្ដល់ជើងសប្បនិម្មិតដល់ខ្ញុំ ដើម្បីធ្វើដំណើរទៅទីជិតទីឆ្ងាយ។ ចាប់ពីពេលនោះមក ខ្ញុំបានបន្ដរស់នៅក្នុងស្រុកអន្លង់វែងមកទល់នឹងពេលបច្ចុប្បន្ន និងមានកូន ព្រមទាំងចៅៗទៀតផង។ យើងបានរស់នៅតាំងពីដីភូមិរបស់យើង គ្របដណ្តប់ដោយព្រៃឈើព័ទ្ធជុំវិញ។ ខ្ញុំបានទៅលេងស្រុកកំណើត និងជួបជុំជាមួយឪពុកម្ដាយ និងបងប្អូន»៕
អត្ថបទដោយ លី សុខឃាង
[1] ភួន សុរីន សម្ភាសន៍ជាមួយ ឡុង អ៊ី នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ក្នុងឆ្នាំ២០២៣។