ឡោ ម៉ាច អតីតទាហានចូលបដិវត្តសម័យសង្គ្រាម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឡោ ម៉ាច[1]មានអាយុ ៤៥ឆ្នាំ (គិតត្រឹមឆ្នាំ ២០០៣) មានស្រុកកំណើតនៅភូមិរកោអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ាច មានទីលំនៅ នៅក្នុងភូមិរកោអាទី៩ ឃុំរកាអា ស្រុកកងមាស​ ខេត្តកំពង់ចាម។ ម៉ាច មានឪពុកឈ្មោះ ឡោ ម៉ិ តែគាត់បានស្លាប់តាំងពី ម៉ាចនៅក្មេង។ ម៉ាចមានម្តាយឈ្មោះ អែល ស៊ុម និងមានបងប្អូនសរុប​ ៦នាក់ ក្នុងនោះមានស្រី ១នាក់។ បងប្រុសទី១ ឈ្មោះ ឡោ អ៉ីន រស់នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស, បងស្រីទី២ ឈ្មោះ ឡោ អឿង រស់នៅភូមិរកោអា ឃុំរកោអា ស្រុកកងមាស, បងប្រុសទី៣ ឈ្មោះ ឡោ មុយ ស្លាប់ដោយគ្រោះថ្នាក់ត្រូវគ្រាប់នៅព្រែកព្នៅ ក្នុងឆ្នាំ ១៩៧៥, បងប្រុសទី៤ ឈ្មោះ ឡោ ម៉ុន បានបែកគ្នានៅក្នុងសម័យខ្មែរក្រហម ក្រោយមកក៏ទទួលបានដំណឹងថាស្លាប់,​ បងប្រុសទី៥ ឈ្មោះ ឡោ មឿន រស់នៅគោកតាងួន ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង ឡោ ម៉ាច ជាកូនទី៦។ កាលពីកុមារភាព នៅក្នុងសម័យសង្គមរាស្រ្តនិយម ម៉ាច ស្នាក់នៅវត្តមួយ ដោយធ្វើជាក្មេង ឃ្វាលគោ។ រហូតដល់ ឆ្នាំ១៩៧១ ទើបម៉ាចបានចូលធ្វើជាទាហានបដិវត្ត។

នៅក្នុងឆ្នាំ ១៩៧១ ម៉ាចបានចូលបដិវត្ត ជាមួយសមមិត្តរបស់ខ្លួនម្នាក់ទៀត ឈ្មោះ សុធ។ មុនពេលចូលបដិវត្ត ម៉ាច មានគម្រោងថានឹងចូលបួសជាព្រះសង្ឈ តែក៏បានសម្រេចចិត្តចូលបដិវត្តវិញ។ ពេលដែលចូលបដិវត្ត ម៉ាច ត្រូវបានទទួលស្គាល់ដោយឈ្មោះសឹក  ដែលធ្វើជាពេទ្យ។ ក្រោយមកទៀត ម៉ាច និងជីដូនមួយរបស់គាត់ម្នាក់ទៀត ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅចិញ្ជឹមជ្រូក នៅឃុំស្តៅ។ នៅពេលដែល មា៉ច ចិញ្ចឹមជ្រូកនៅទីនោះ ម៉ាច មានតួនាទីជាអ្នកដាក់ចំណីឱ្យជ្រូកចំនួន ១០ក្បាល។ ម៉ាចបានធ្វើជាអ្នកចិញ្ជឹមជ្រូក ប្រមាណជាជាង ៣ឆ្នាំ ​​រហូតដល់ឆ្នាំ ១៩៧៣។

នៅក្នុុងពេលដែលមានសង្គ្រាមស៊ីវិល អ្នកភូមិជាមួយ ម៉ាច ម្នាក់ឈ្មោះ អុន ត្រូវបានស្លាប់ដោយសារការទម្លាក់គ្រាប់បែក ខណៈពេលដែលគាត់កំពុងបររទេះនៅតាមផ្លូវនៅក្នុងភូមិ។ ក្រៅពីហេតុការណ៍នៃការទម្លាក់គ្រាប់បែកចំមនុស្ស ព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែករបស់កងទ័ពលន់ នល់ ក៏នៅតែបន្តមានរហូត ដោយសារតែនៅក្នុងតំបន់ដែល ម៉ាច រស់នៅជាតំបន់ដែលខ្មែរក្រហមបានរំដោះហើយ។ ការទម្លាក់គ្រាប់បែកនេះ ពេលខ្លះត្រូវ ចំដីចម្ការ និងស្រែរបស់ប្រជាជន ហើយពេលខ្លះទៀត ក៏ទម្លាក់ចំភូមិរបស់ប្រជាជន ដែលធ្វើឱ្យមានការខូតខាតផ្ទះ និងពេលខ្លះទៀត ធ្វើឱ្យមានការបាត់បង់ជីវិតមនុស្សថែមទៀតផង។

នៅអំឡុងដើមឆ្នាំ ១៩៧៤ ម៉ាចត្រូវបានខ្មែរក្រហមចាត់បញ្ជូនចូលទៅកាន់ក្រុមកងទ័ព នៅស្រែវាល។ ម៉ាច ក៏បានព្យាយាមរត់គេចចេញពីស្រែវាលម្តងដែរ តែត្រូវបានខ្មែរក្រហមចាប់បានវិញនៅតំបន់ព្រៃទទឹង ហើយត្រូវបានខ្មែរក្រហមដាក់ឃុំខ្លួន នៅព្រៃទទឹង អស់ ១យប់​ ទើបបញ្ជូនត្រលប់មកកាន់ស្រែវាលវិញ។ នៅក្នុងជួរកងទ័ពខ្មែរក្រហមនៅពេលនោះ ម៉ាច ត្រូវបានមេកងរបស់ខ្លួនឈ្មោះ ស្នោ បញ្ជាឱ្យចេញទៅដើរយាមល្បាតនៅតាមមាត់ព្រែកកុយ ព្រោះនៅម្ខាងទៀតនៃព្រែកកុយនេះ ជាតំបន់ដែលទាហាន លន់ នល់ កាន់កាប់។ ពេលដែលម៉ាចធ្វើជាកងទ័ព ក្រៅពីរត់គេចនិងត្រូវខ្មែរក្រហមចាប់បាននៅព្រៃទទឹងម្ដងមក ម៉ាច ក៏បានព្យាយាមរត់គេចទៅផ្ទះ ២លើកបន្ថែមទៀត។ តែនៅក្នុងការរត់គេចលើកទី២ ម៉ាចបានសុំខ្មែរក្រហមចូលធ្វើកងកសិកម្មវិញនៅ ជ្រោយកំបៅ។ ដោយសារតែ​ ម៉ាច បានស្គាល់ប្រធានកងកសិកម្មនៅជ្រោយកំបៅឈ្មោះ ឃុន ទើបគាត់អាចចូលកងនេះបាន។

ក្រោយពីធ្វើការនៅកងកសិកម្មបានប្រមាណមួួយឆ្នាំ ម៉ាចក៏ត្រូវខ្មែរក្រហមបញ្ជូនទៅធ្វើជាកងទ័ពវិញ។ ដោយលើកនេះ ម៉ាច ត្រូវបានខ្មែរក្រហមបញ្ជូនទៅតំបន់ព្រៃទទឹង ស្រុកព្រៃឈរម្ដង ជាមួយអ្នកនៅកងកសិកម្មផ្សេងទៀតៗ។ ក្រោយពីទៅដល់ព្រៃទទឹងបានមួយរយៈ នៅក្នុងឆ្នាំ១៩៧៥ ម៉ាច ​និងកងទាហានផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់ព្រែកក្តាម។ នៅទីនោះបាន ប្រហែលបីថ្ងៃ ម៉ាចត្រូវបានបញ្ជូនទៅកាន់កងពលទី១ នៃវរៈសេនាតូចលេខ ១៦ ដែលមានប្រធានវរៈសេនាឈ្មោះ ហាន និងប្រធានកងពលឈ្មោះ អឿន។ ក្រោយមក ម៉ាចត្រូវបានបញ្ជូលទៅក្នុងកងទី៣ ជាចាំអ្នកដាំបាយសម្រាប់ឱ្យកងទ័ព ដែលចេញទៅសមរភូមិ។ នៅក្នុងមួយក្រុមមានសមាជិក ១២នាក់។ ម៉ាច ធ្វើការងារនេះបានប្រមាណ ៤-៥ខែដែរ រហូតកងទ័ពខ្មែរក្រហមវាយដាច់ចូលទីក្រុងភ្នំពេញ។

ក្រោយពីពេលដែលខ្មែរក្រហមបានចូលកាន់កាប់អំណាចនៅក្នុងខែមេសា ឆ្នាំ១៩៧៥​ ម៉ាចត្រូវបានចាត់ចូលជាកងក៥ ដែលជាកងជនពិការ ព្រោះម៉ាចត្រូវពិការ ដោយសារការកាប់ដីដាំដំណាំនិងកាប់ត្រូវគ្រាប់។ នៅក្នុងឆ្នាំ១៩៧៥ដដែល ម៉ាច ត្រូវបានបញ្ជូលទៅនៅកំពង់អុស ដែលជាទីកន្លែងដែលជាកងជនពិការនោះ។ នៅពេលដែលមានរបួស ម៉ាចក៏ត្រូវបានខ្មែរក្រហមបញ្ជូនទៅមន្ទីរពេទ្យ និងសម្រាកនៅទីនោះប្រមាណជាងមួយឆ្នាំ។ នៅក្នុងមន្ទីរពេទ្យ ម៉ាច មិនសូវទទួលបានការមើលថែគ្រប់គ្រាន់នោះទេ ដោយសារមានតែពេទ្យស្រី មកមើលបានតែពេលថ្ងៃប៉ុណ្ណោះ ហើយនៅពេលយប់ ពេទ្យទាំងអស់នាំគ្នាសម្រាកអស់ សូម្បីថ្នាំក៏មិនមានគ្រប់គ្រាន់ដែរ។

ក្រោយពីចេញពីមន្ទីរពេទ្យ ម៉ាច ត្រូវបានបញ្ជូនបន្តទៅដាំដុះបន្លែនៅឃ្លួញវិញម្ដង។ នៅទីនេះសមាជិករួមកងជាមួយគាត់ ភាគច្រើនក៏ជាជនពិការដែរ ដែលមានសមាជិកប្រមាណ ១០០នាក់។ កងនេះ មានប្រធានកងឈ្មោះជឿន ដែលជាអ្នកមកពីភូមិភាគនិរតី ជាអ្នកគ្រប់គ្រង។ ទោះបីនៅក្នុងកងដាំដុះដំណាំក៏ពិតមែន តែការហូបចុករបស់ម៉ាចនៅពេលនោះ មិនមានសភាពគ្រប់គ្រាន់នោះទេ។ នៅអំឡុងឆ្នាំ១៩៧៨ ម៉ាច ត្រូវបានខ្មែរក្រហមបញ្ជូនតាមកាណូត ពីភ្នំពេញ មកកាន់ទន្លេបិទ រួចបានបន្ដដំណើរដោយថ្មើរជើងរហូតដល់តំបន់សួង។ ពេលដែលបានធ្វើដំណើរទៅដល់សួង ម៉ាច បានចូលធ្វើការផ្នែកសេដ្ឋកិច្ចវិញ ដោយមានប្រធានកង ឈ្មោះ ចេង។ ម៉ាច បន្តធ្វើការនៅទីនេះរហូតដល់របបខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ ១៩៧៩។

អត្ថបទដោយ សាំង ចាន់ធូ


[1] ឯកសារKCI0191, បទសម្ភាសន៍ ឡោ ម៉ាច នៅឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៣ សម្ភាសន៍ដោយ ឡុង ដានី,​ បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin