អតីតប្រធានចម្ការកៅស៊ូរដ្ឋភូមិភាគបូព៌ា ត្រូវបានបញ្ជូនមកគុកទួលស្លែង

លន់ សារ៉ែម ភេទប្រុស អាយុ២៩ឆ្នាំ ជាប្រធានចម្ការកៅស៊ូរដ្ឋ ភូមិភាគបូព៌ា មានឈ្មោះក្នុងបញ្ជីអ្នកទោសគុកទួលស្លែង នៅឆ្នាំ១៩៧៨ លេខរៀងទី៦៦ ទំព័រ១០៣[1]។ មជ្ឈមណ្ឌលឯកសារកម្ពុជា​សម្ភាសជាមួយ ឈ្មោះ លន់ ចែម[2] អាយុ៨៥ឆ្នាំ ត្រូវជាឪពុក។ សារ៉ែម មានបងប្អូនចំនួនបួននាក់ ទី-មួយ ឈ្មោះ លន់ សាមិន, ទី-ពីរ លន់ សាមឿន, ទី-បី លន់ សារ៉ែម (ផ្ទាល់), និងទី-បួន លន់ សេរី​។

កាលពីកុមារភាព សារ៉ែម រៀនបានត្រឹមថ្នាក់ទី៧ (សង្គមចាស់) អនុវិទ្យាល័យឆ្លូង ស្ថិតនៅស្រុកកំណើតភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្ដក្រចេះ។ បន្ទាប់ពីឈប់រៀន នៅឆ្នាំ១៩៦៨ សារ៉ែម បានទៅរៀនជំនាញជួសជុលរថយន្តនៅក្រុងភ្នំពេញ ហើយបន្ទាប់ពីគាត់រៀនបានពីរឆ្នាំ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចព្រះនរោត្តម សីហនុ ពីតំណែង។ នៅពេលនោះ សារ៉ែម បានត្រលប់មកស្រុកកំណើតវិញ។

នៅចុងឆ្នាំ១៩៧០ សារ៉ែម បានស្ម័គ្រចិត្ដចូលបម្រើចលនាបដិវត្តន៍ខែ្មរក្រហមនៅភូមិជ្រោយថ្មលើ។ ការចូលបដិវត្តន៍នៅពេលនោះដោយសារតែប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ហើយ​អាជ្ញាធរបានឃោសនាថាប្រទេសជាតិមានសង្គ្រាម យុវជន-យុវនារី មិនត្រូវសម្ងំសុខនោះទេ គឺត្រូវចេញតស៊ូដើម្បីឲ្យប្រទេសជាតិមានសន្តិភាព ប្រជាជនអាចរស់នៅមានសុភមង្គល។ ពេលចូលបដិវត្តន៍ដំបូង សារ៉ែម ត្រូវបានចាត់តាំងឲ្យធ្វើជាយោធាស្រុកឆ្លូង ដើម្បីសហការជាមួយទាហាន​វៀត​​កុង (វៀតណាមខាងជើង) ប្រយុទ្ធជាមួយទាហាន លន់ នល់ ក្នុងគោលបំណងរំដោះប្រទេសជាតិដើម្បីថ្វាយអំណាចដល់ សម្តេចព្រះនរោត្តម សីហនុ ក្នុងការដឹកនាំប្រទេស។

នៅឆ្នាំ១៩៧១ នៅភូមិដែលសារ៉ែម រស់នៅមានយន្ដហោះរបស់សហរដ្ឋអាមេរិក បានមកទម្លាក់គ្រាប់បែកដើម្បីសម្លាប់​ទាហានវៀតកុង​ដែល​មកលាក់ខ្លួនតាមតំបន់ព្រំដែនប្រទេសកម្ពុជា-ប្រទេសវៀតណាម។ ពេលនោះគ្រួសាររបស់សារ៉ែម និងប្រជាជនផ្សេងទៀតបានទៅលាក់ខ្លួននៅវត្តដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក។ នៅចុងឆ្នាំ១៩៧១ ឪពុករបស់សារ៉ែម និយាយថា មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកចំទីតាំងវត្តមួយកន្លែង ក្នុងភូមិដែលជាកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាជន និងបានបណ្តាលឲ្យប្រជាជនស្លាប់ និងរងរបួសប្រមាណជា ៣០នាក់ ទៅ៤០នាក់ ព្រមទាំងបានបំផ្លិចបំផ្លាញព្រះវិហារ, រូបបដិមា និងសាលាឆាន់​។

បន្ទាប់ពីហេតុការណ៍នោះឈ្មោះ ផួង ជាកម្មាភិបាលចលនាបដិវត្តន៍ខែ្មរក្រហម បានចាត់តាំងសារ៉ែម ឲ្យទៅធ្វើការជាមួយគាត់នៅ ស្រុកក្រូចឆ្មារ ខេត្ដកំពង់ចាម។ ពេលនោះ ផួង បានចាត់តាំង សារ៉ែម ឲ្យធ្វើជាប្រធានរោងពុម្ព នៅស្រុកក្រូចឆ្មារ។ ពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៥ សារ៉ែម ត្រូវបានចលនាបដិវត្តន៍​ខ្មែរក្រហមផ្លាស់ប្តូរកន្លែងធ្វើការជាបន្តបន្ទាប់ និងចូលរួមក្នុងសមរភូមិតាមទីតាំងជាច្រើន នៅភូមិភាគបូព៌ា, តំបន់ស្វាយរៀង និងតំបន់កំពង់ធំ ជាដើម។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្ពុជាបានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នានៃសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ដែលបានអូសបន្លាយពេលប្រាំឆ្នាំ[3]។ នៅពេលនោះ ឪពុករបស់សារ៉ែម ឃើញកូនមកលេងស្រុកកំណើតម្តង ហើយកូនប្រាប់គាត់ថា របបខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើជាប្រធានសេដ្ឋកិច្ចភូមិភាគបូព៌ា និងជាប្រធានចម្ការកៅស៊ូជប់ ស្ថិតក្នុងខេត្ដកំពង់ចាម។ នៅពេលមកលេងស្រុកកំណើត ឪពុករបស់សារ៉ែម បានឃើញកូនមានកាំភ្លើងខ្លី និងមានអង្គរក្សការពារ។ សារ៉ែម មកលេងគ្រួសារតែរយៈពេលខ្លីក៏បានត្រលប់ទៅអង្គភាពវិញ។

ក្រោយមកឪពុក បានទៅលេងសារ៉ែម ម្តងរយៈពេលប្រាំមួយថ្ងៃ នៅចម្ការកៅស៊ូជប់ ហើយពេលនោះ​ឪពុកសារ៉ែម បានឃើញគណៈស្រុកឈ្មោះ ចាន់ ថន ក៏បានមកលេងកូន និងឃើញគណៈស្រុក ​ស្រឡាញ់ សារ៉ែម ដូចកូនរបស់គាត់។ នៅអំឡុងឆ្នាំ១៩៧៧ ដល់ ឆ្នាំ១៩៧៨ នៅភូមិភាគបូព៌ា​មានព្រឹត្តិការណ៍បង្ក្រាបកម្មាភិបាលពីសំណាក់កងទ័ពមជ្ឈិមយ៉ាងខ្លាំងក្លា ដោយចោទប្រកាន់ថា​កម្មាភិបាលភូមិភាគបូព៌ាក្បត់បដិវត្តន៍ និងសហការជាសម្ងាត់ជាមួយប្រទេសវៀតណាមចង់ផ្តួលរំលំរបបខ្មែរក្រហម។

កម្មាភិបាលរាប់រយនាក់ត្រូវបានបញ្ជូនពីភូមិភាគបូព៌ាទៅមន្ទីរស-២១ ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានសម្លាប់នៅនឹងកន្លែង ឬបានផ្លាស់កន្លែងទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស។[4] នៅពេលនោះឪពុករបស់សារ៉ែម បានទទួលដំណឹងថា កម្មាភិបាលខ្មែរក្រហមភូមិភាគនិរតីមកគ្រប់គ្រងភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៨ ឪពុករបស់សារ៉ែម បានបាត់ដំណឹងកូនរហូតដល់បច្ចុប្បន្ន​។ បើតាមឯកសារK07233 បញ្ជាក់ថាមានឈ្មោះ លន់ សារ៉ែម ត្រូវបានឃាត់ខ្លួនពីចម្ការកៅស៊ូរដ្ឋ ភូមិភាគបូព៌ា នៅខែមិថុនា ឆ្នាំ១៩៧៨។ ឯកសារបញ្ជាក់ថាមុនឆ្នាំ១៩៧៧ សារ៉ែម ជាប្រធានសេដ្ឋកិច្ចភូមិភាគបូព៌ា ហើយចាប់ពីឆ្នាំ១៩៧៧ រហូតដល់ថ្ងៃចាប់ខ្លួនសារ៉ែម គឺជាប្រធានចម្ការកៅស៊ូរដ្ឋ។ សារ៉ែម មានកម្ពស់១,៦៧ ម៉ែត្រ ប្រវែង​ដងខ្លួន០,៨៦ ម៉ែត្រ, មានប្រពន្ធ ឈ្មោះ សូ ភី ហៅ សុក ជាកម្មក​​រ​នៅចម្ការកៅស៊ូ និងមានឪពុកឈ្មោះ លន់ ចែម, ម្តាយឈ្មោះ សូ សាមួន អ្នកទាំងពីរជាកសិករ។

លេខរៀងទី៦៦ ក្នុងទំព័រ១០៣ នៃបញ្ជីអ្នកទោសមន្ទីរស-២១ គឺឈ្មោះ លន់ សារ៉ែម អាយុ២៩ឆ្នាំ ប្រធានមន្ទីរចម្ការកៅស៊ូ ភូមិភាគបូព៌ា ត្រូវបាននាំចូលមកគុកទួលស្លែង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៧៨៕

អត្ថបទដោយ អេង សុខម៉េង


[1] https://d.dccam.org/Archives/Documents/Microfilm/TSL_prisoners.pdf

[2] ឯកសារ KRI0074 ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៦, សម្ភាសដោយ សុខ វណ្ណៈ និងឡុង ដានី សម្ភាសជាមួយ លន់ ចែម អាយុ៨៥ ឆ្នាំ ត្រូវជាឪពុក រស់នៅ ភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ចំនួន ៥២ទំព័រ។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) (ភ្នំពេញ)៖ មជ្ឈមណ្ឌ​ល​​ឯកសារកម្ពុជា), ទំព័រ១៤។

[4] ឯកសារD427, ដីកាដំណោះស្រាយការិយាល័យសហចៅក្រមស៊ើបអង្កេត, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ការបោសសម្អាតនៅភូមិភាគបូព៌ា, ចំណុះ២០១, ទំព័រ៦៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin