ចានតូចបានបបរតិច
(ក្រចេះ) ៖ ម៉ា ឆុន ភេទស្រី មានអាយុ៦៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជា ១៩ឆ្នាំ។ គាត់ចាំបានថានៅពេលនោះ អង្គការបានឲ្យគាត់ជីកប្រឡាយ និងលើកទំនប់ ព្រោះពេលនោះគាត់ជាកងយុវនារីឈានមុខ។ ឆុន បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិតជាលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវធ្វើការសឹងតែគ្មានពេលសម្រាក គាត់បានខំរែកដីរហូតដល់ជាំស្មា ដោយសារខ្លាចអង្គការបង្អត់អាហារ។
អង្គការតម្រូវឲ្យក្រោកតាំងពីម៉ោងបីភ្លឺ ហើយត្រូវទៅដល់កន្លែងតម្រង់ជួរចាំនៅម៉ោងប្រាំព្រឹក និងចាប់ផ្តើមធ្វើការនៅម៉ោងប្រាំមួយព្រឹក។ ទីតាំងដែលគាត់ធ្វើការនៅពេលនោះគឺនៅទំនប់ភ្នំស្រួច។ អង្គការបានឲ្យប្រជាជនជីកបាតទំនប់ប្រវែង១៨ម៉ែត្រ និងកម្ពស់ខ្ពស់។ ឧបករណ៍ដែលអង្គការផ្ដល់ឲ្យប្រជាជនសម្រាប់ការធ្វើការនៅពេលនោះមានចប និងបង្គីម្នាក់មួយ។
ចំពោះរបបអាហារ នៅក្នុងមួយថ្ងៃទទួលបានពីរពេល គឺថ្ងៃត្រង់ និងល្ងាច។ ម៉ោង១១ថ្ងៃត្រង់ អង្គការបានវាយជួងដើម្បីបរិភោគអាហារ។ អាហារពេលល្ងាចគឺនៅម៉ោងប្រាំមួយល្ងាច។ នៅក្នុងមួយសប្ដាហ៍ អង្គការបានធ្វើបង្អែមម្តងសម្រាប់លើកទឹកចិត្តប្រជាជន។ នៅតំបន់ភ្នំស្រួចនោះ អង្គការបានផ្ដល់បាយសម្រាប់ឲ្យប្រជាជនហូប ព្រោះនៅតំបន់នោះប្រជាជនធ្វើការងារធ្ងន់។
បន្ទាប់ពីធ្វើការនៅទីនោះជិតរួចរាល់ នៅឆ្នាំ១៩៧៧ អង្គការបានជម្លៀស ឆុន ឲ្យទៅធ្វើការនៅតំបន់មួយផ្សេងទៀត។ ទៅដល់ទីនោះរបបអាហារគឺបានត្រឹមតែបបររាវប៉ុណ្ណោះ។ ប្រជាជនមានចានធំបានបបរច្រើន ហើយអ្នកមានចានតូចបានបបរតែបន្តិច។ គាត់មានចានតូច ដូច្នេះគាត់ទទួលបានបបរហូបតែបន្តិច និងហូបមិនបានឆ្អែត ប៉ុន្តែគាត់មិនហ៊ានត្អូញត្អែរឡើយ។
ប្រជាជនរងទុក្ខការលំបាកសឹងគ្រប់យ៉ាង ទាំងការហូបចុក ការរស់នៅ សូម្បីតែទឹកសម្រាប់បរិភោគ និងសម្រាប់ងូតក៏មិនមានគ្រប់គ្រាន់ដែរ។ ពេលខ្លះប្រជាជនគ្រប់រូបត្រូវបង្ខំចិត្តបរិភោគទឹកបឹង ដែលអង្គការបានចិញ្ចឹមសត្វទានៅក្នុងនោះ។
អង្គការបានប្រើឲ្យគាត់គាស់គល់រាំង ដែលមានភាពលំបាកជាខ្លាំង ព្រោះគល់រាំងមានឫសដុះទៅក្នុងដីជ្រៅ ហើយត្រូវគាស់នៅក្នុងទឹក។ អង្គការបានកំណត់ឲ្យសមាជិក២០នាក់ ក្នុងមួយថ្ងៃត្រូវគាស់ឲ្យបានគល់១០ ហើយនៅក្នុងចំណោមគ្នា២០នាក់ មានចបត្រឹមតែមួយ។
នៅក្នុងរបបខ្មែរក្រហម ឆុន បាននិយាយថាគាត់មិនបានឃើញផ្ទាល់នឹងភ្នែកការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស គាត់ធ្លាប់តែឮគេនិយាយ។ សមាជិកក្រុមធ្វើការជាមួយគាត់បានទៅកាប់ដើមរំចេកយកមកធ្វើកន្ទេល ហើយបានឃើញអង្គការចាប់មនុស្សយកទៅ។
នៅពេលដែលសមាជិកក្រុមរបស់គាត់ទៅកាប់ដើមរំចេក បានដើរកាត់រណ្ដៅមួយដែលមានទំហំប្រហែល១០ម៉ែត្របួនជ្រុង ដែលអង្គការបានកប់អ្នកទោស។ សមាជិក្រុមរបស់គាត់បាននិយាយរឿងនោះប្រាប់ ឆុន ថាបានឮសំឡេងមនុស្សថ្ងូរនៅក្នុងរណ្ដៅ។ បន្ទាប់ពីបានឮសំឡេងនោះហើយ ប្រជាជនមានការភ័យខ្លាចជាខ្លាំង ហើយបាននាំគ្នាត្រឡប់ទៅកងវិញ។
ចុងបញ្ចប់នៃបទសម្ភាសន៍គាត់បានផ្ដាំផ្ញើទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងសិក្សាអំពីប្រវត្តិរបស់របបខ្មែរក្រហមឲ្យបានកាន់តែច្បាស់ កុំឲ្យកើតមាននូវរបបនោះឡើងជាថ្មីម្តងទៀត៕
សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ