ខ្មែរក្រហមវាយមនុស្សទម្លាក់ទឹក
(រតនគិរី)៖ ម៉ា និម៉ល់ មានអាយុ ៥០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ គាត់កើតនៅឆ្នាំ១៩៧៤ មួយឆ្នាំមុនការចាប់ផ្តើមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។
នៅក្រោមរបបនោះ គាត់ត្រូវរស់នៅព្រាត់ប្រាសពីឪពុកម្តាយតាំងពីតូច នៅពេលឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើការតាមវាលស្រែចម្ការ។ គាត់ត្រូវបានមើលថែដោយមនុស្សចាស់នៅតាមរោងកុមារ។ និម៉ល់ បានរលឹកថា គាត់មានអារម្មណ៍នឹកម្តាយជាខ្លាំង និងត្រូវរស់នៅដោយគ្មានការមើលថែពីឪពុកម្តាយនោះទេ។ គាត់បានចាំថា ម្តាយរបស់គាត់ធ្វើការនៅរោងបាយសហករណ៍ និងច្រូតស្រូវតាមវាលស្រែ។
បន្ទាប់មកគាត់ធ្វើការនៅក្នុងកងកុមារ ដោយត្រូវរស់នៅរួម ធ្វើការរួម និងហូបរួមជាមួយបាយ មួយចានចង្កឹះលាយជាមួយស្លឹកដំឡូងមី មើមប្រង់ និងគល់ចេក។ គាត់និងកុមារឯទៀតត្រូវហូបអាហារគ្មានរសជាតិ និងមិនគ្រប់គ្រាន់នោះទេ។ បន្ទាប់មក គាត់ត្រូវបានចាត់តាំងឲ្យឃ្វាលគោនៅអាយុប្រហែលជិត៥ឆ្នាំជាមួយកុមារដទៃ។ នៅពេលយប់ គាត់បានលួចបុកអង្ករលើខ្នើយដោយស្ងាត់ៗកុំឲ្យកងឈ្លបលឺដើម្បីហូប។
គាត់បានដឹងតាមចាស់ៗថា ប្រជាជនត្រូវបានបង្ខំឲ្យរៀបការជាច្រើនគូក្នុងពេលតែមួយ ភាគច្រើនគ្មានការស្រលាញ់អ្វីនោះទេ។ អ្នកដែលមានផ្ទៃពោះត្រូវធ្វើការរហូតដល់គ្រប់ខែ ចំណែកអ្នកដែលខ្ជិលច្រអូស ត្រូវបានវាយដំធ្វើបាប និងជេរស្តីជាដើម។
នៅពេលជិតរំដោះ គាត់និងក្រុមគ្រួសាររួមទាំងប្រជាជនឯទៀតបានរត់គេចខ្លួនពីការតាមសម្លាប់ដោយខ្មែរក្រហម ដោយសារខ្មែរក្រហមបានប្រមូលមនុស្សវាយសម្លាប់និងរុញទម្លាក់ចូលទឹកនៅតាមស្រះក្នុងសហករណ៍ត្រពាំងក្រហម។
គាត់បានធ្វើដំណើរតាមព្រៃជាមួយក្រុមគ្រួសារ និងជួនកាលសម្រាកនៅតាមភ្លឺស្រែទាំងយប់ រហូតបានជួបកងទ័ពវៀតណាមនៅតំបន់អូរគគីរ។ នៅពេលនោះក៏មានប្រជាជនមួយចំនួនបានព្រាត់ប្រាសសមាជិកក្រុមគ្រួសារនៅតាមផ្លូវ។
ក្រោយរំដោះរួចនៅឆ្នាំ១៩៧៩ ប្រជាជនត្រូវនៅធ្វើស្រែរួមនិងចែកស្រូវទៅតាមចំនួនសមាជិកក្រុមគ្រួសារអស់រយៈពេលប្រហែល ៣ទៅ៤ឆ្នាំ ទើបមានការបំបែកឲ្យធ្វើស្រែតាមគ្រួសារវិញ។
ជាចុងក្រោយ ម៉ា និម៉ល់ បានបញ្ជាក់ថានេះជារឿងល្អដែលអ្នកស្ម័គ្រចិត្តកម្ពុជាបានមកសម្ភាសន៍និងកត់ត្រាទុកការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមសម្រាប់អ្នកជំនាន់ក្រោយបានដឹងនិងបានរៀនសូត្រពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលរូបគាត់ផ្ទាល់បានឆ្លងកាត់ ដើម្បីកុំឲ្យកើតមានឡើងសាជាថ្មីនៃរបបខ្មែរក្រហម៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤