កម្មករឡឥដ្ឋខេត្តកំពង់ចាម

(ស្វាយរៀង) ៖ ម៉ៃ សុផាត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧៩ ឆ្នាំ រស់នៅភូមិកំពង់អំពិល ស្រុករំដួល ខេត្ត ស្វាយរៀង។

សុផាត រៀនបានថ្នាក់ទី៩ នៅសម័យសង្គមរាស្ដ្រនិយម។ នៅរបប លន់ នល់ សុផាត ឲ្យដឹងថាការរស់នៅ មានការពិបាកជាខ្លាំង ដោយសារតែមានការទម្លាក់គ្រាប់បែកជាញឹកញាប់ ដែលបានបំផ្លាញផ្ទះ សាលារៀន និងសម្លាប់មនុស្សយ៉ាងច្រើននៅខាងលិចផ្សារសំរោង។ នៅឆ្នាំ១៩៧៩ សុផាត ត្រូវបានខ្មែរក្រហមជម្លៀ​សពីស្រុករំដួល ទៅខេត្តព្រៃវែង និងក្រោយមកទៅខេត្តកំពង់ចាម។

នៅទីនោះ សុផាត ត្រូវបានប្រើឲ្យទៅជួយការងារកងទ័ពខ្មែរក្រហម ដូចជាលីសែងសម្ភារៈទ័ព។ បន្ទាប់មក សុផាត ត្រូវបានចាត់ឲ្យទៅធ្វើការងារនៅឡឥដ្ឋ ការដ្ឋានខេត្តកំពង់ចាម និងឲ្យទៅជីកប្រឡាយ រែកដីធ្វើផ្លូវថ្នល់ នៅខេត្តស្វាយរៀង។ ក្នុង១ថ្ងៃ គាត់ត្រូវតែជីកនិងរែកដីឲ្យបានទំហំ៣ម៉ែត្រគីប ប្រសិនបើមិនគ្រប់តាមផែនការទេ គឺត្រូវបន្តធ្វើរហូតដល់យប់ និងទទួលបានរបបអាហារមិនគ្រប់គ្រាន់។

សុផាត បានឃើញខ្មែរក្រហម ដើរប្រមូលយុវជន យុវនារីឲ្យទៅធ្វើជាកងទ័ព និងជញ្ជូនគ្រាប់នៅសមរភូមិឆ្ងាយៗពីស្រុកកំណើត។ នៅខេត្តស្វាយរៀង សុផាត ក៏បានឃើញខ្មែរក្រហមចាប់អតីតទាហាន លន់ នល់ រាប់រយនាក់ដែលមករស់នៅតាមភូមិឃុំ យកទៅសម្លាប់នៅមន្ទីរសន្តិសុខកំពង់អំពិល។

បងប្អូនរបស់ សុផាត ជាច្រើននាក់បានស្លាប់ដោយសារតែខ្មែរក្រហមជម្លៀសទៅខេត្តពោធិ៍សាត់ និងបាត់ដំបង។ ក្នុងរបបខ្មែរក្រហមនៅចុងឆ្នាំ១៩៧៨ បន្ទាប់ពីការស្លាប់របស់ សោ ភឹម ប្រធានភូមិភាគបូព៌ាដែលត្រូវបានចោទប្រកាន់ថាក្បត់នឹងអង្គការ ប្រជាជននៅខេត្តព្រៃវែង និងស្វាយរៀង ជាច្រើននាក់ត្រូវបានសម្លាប់ និងជម្លៀស​ទៅ​ភូមិពាគពាយ័ព្យ ដូចជា៖ ពោធិ៍សាត់ និងបាត់ដំបងជាដើម។

សុផាត រៀបរាប់ថាខ្មែរក្រហមបានលប់បំបាត់មិនឲ្យមានគ្រូខ្មែរដើម្បីព្យាបាលជំងឺ។ អ្នកជំងឺត្រូវបានផ្តល់ឲ្យតែថ្នាំផ្សំពីឫសរុក្ខជាតិ និងសំបកឈើរាងមូលៗដូចអាចម៍ទន្សាយគ្រប់ប្រភេទជំងឺទាំងអស់។

នៅមន្ទីរសន្តិសុខកំពង់អំពិល សុផាត បានឃើញខ្មែរក្រហមចងខ្សែ និងឃ្លុំមុខប្រជាជនស្លូតត្រង់ពីភូមិតាឈុំ ប្រមាណ ១០នាក់ ទៅ២០នាក់ បណ្ដើរយកទៅសម្លាប់ ដោយវាយនឹងត្បូងចបចំករួចរុញចូលរណ្ដៅកប់តែម្តង។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ នៅបរិវេណវត្តកំពង់អំពិលមានបន្សល់ទុកនូវលលាដ៍ក្បាលមនុស្សយ៉ាងច្រើន។

បច្ចុប្បន្នក្នុងវត្តមានការកសាងចេតិយមួយដើម្បីតម្កល់ទុកអដិ្ឋធាតុ និងលលាដ៍ក្បាលជនរងគ្រោះទាំងអស់នោះ។ សុផាត ធ្លាប់ឃើញខ្មែរក្រហមប្រើប្រជាជនឲ្យជីករណ្តៅធ្វើជាកន្លែងកប់សាកសព រណ្ដៅនោះមានទំហំទទឹងប្រហែល៣ម៉ែត្រ បណ្ដោយ១០ម៉ែត្រ និងជម្រៅ ១ ទៅ ២ ម៉ែត្រ។ ក្រោយជីករណ្តៅនោះរួចខ្មែរក្រហមបានបណ្តើរប្រជាជនយកមកសម្លាប់ទម្លាក់ចូល និងបានលប់រណ្តៅនោះវិញ។ នៅវត្តកំពង់អំពិល សុផាត បានឃើញខ្មែរក្រហមបំផ្លាញសាសនា ចាប់ផ្សឹកព្រះសង្ឃ និងវាយកម្ទេចព្រះពុទ្ធបដិមាករ យកទៅទម្លាក់ចូលទឹកស្រះ ។

សុផាត បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយសិក្សាស្វែងយល់ពីរបបខ្មែរក្រហម។ សុផាត ពេញចិត្ត និងសប្បាយរីករាយក្នុងការចែករម្លែករឿងរ៉ាវដែលគាត់បានឆ្លងកាត់ ប្រាប់ដល់មនុស្សជំនាន់ក្រោយដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបដ៏ខ្មៅងងឹតនេះត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin