មន្ទីរចាត់ការឃ្លាំងរដ្ឋសម័យខ្មែរក្រហម

សម័យកម្ពុជាប្រជាធិបតេយ្យមានមន្ទីរមួយកន្លែង ហៅថាមន្ទីរចាត់ការឃ្លាំងរដ្ឋ សិ្ថតនៅខាងជើងវត្តឧណ្ណាលោម ទីក្រុងភ្នំពេញ។ មន្ទីរចាត់ការឃ្លាំងរដ្ឋនេះ គឺជាទីកន្លែងរៀបចំ និងគ្រប់គ្រងសម្ភារសម្រាប់ការនាំចេញ និងការនាំចូលពីក្រៅប្រទេស ព្រមទាំងការចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ នេះបើតាមការសម្ភាសន៍ជាមួយបុរសម្នាក់ឈ្មោះ ម៉ាក់ សារិន ដែលជាអតីតអ្នកធ្វើការម្នាក់ក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ។[1]  សារិន បានធ្វើការជាមួយពូបង្កើតពីរនាក់គឺឈ្មោះ រឿង ដែលមានតួនាទីជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ និងឈ្មោះ រិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស។

នៅឆ្នាំ១៩៦៨ ពូរបស់សារិនទាំងពីរនាក់ បានចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម និងធ្វើជាភ្នាក់ងារសម្ងាត់ក្នុងក្រុងភ្នំពេញ សម្រាប់ផ្ដល់ព័ត៌មានទាក់ទងនិងស្ថានការណ៍នៅក្នុងទីក្រុងភ្នំពេញឲ្យកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ អ្នកទាំងពីរត្រូវបានរកឃើញថាជាភ្នាក់ងារខ្មែរក្រហម ដោយរដ្ឋាភិបាល លន់ នល់។ ភ្លាមៗនោះ អ្នកទាំងពីរចាកចេញពីទីក្រុងភ្នំពេញទាំងប្រញាប់ប្រញាល់។ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយកាន់តែជ្រៅ ធ្វើឲ្យសង្គ្រាមស៊ីវិល និងការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ព លន់ នល់ រីករាលដាលទូទាំងប្រទេស។ សាលារៀនត្រូវបានបិទទ្វារ កុមារជាច្រើនបានបោះបង់ចោលការសិក្សា។ នៅស្រុកកំណើតឯណោះវិញ សារិន បានឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅវត្តរលាំងនាគ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបានចូលរួមចលនាបដិវត្តន៍ និងធ្វើជាកងឈ្លបក្នុងភូមិរហូតដល់ឆ្នាំ១៩៧៤។

នៅឆ្នាំ១៩៧៥ កងទ័ពបដិវត្តន៍ខ្មែរក្រហមបានឡើងកាន់អំណាចនៅទីក្រុងភ្នំពេញ។ នៅវ័យ ១៧ឆ្នាំ សារិន ត្រូវបានពូរឿងចាត់តាំងឲ្យមកធ្វើការជាមួយនៅមន្ទីរចាត់ការឃ្លាំងរដ្ឋ ទីក្រុងភ្នំពេញ។ សារិន គឺជានីរសារ និងជាអ្នកបើកបរឲ្យ ពូរឿង ដែលជាប្រធានមន្ទីរចាត់ការឃ្លាំងរដ្ឋ។ ក្រៅពីនោះ ការងាររបស់ សារិន គឺត្រូវរត់សំបុត្រ ឬបញ្ជូនឯកសារ ព្រមទាំងធ្វើការទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងទៅតាមកងពលផ្សេងៗ។ នៅឆ្នាំ១៩៧៦ ពូរិទ្ធ ដែលជាប្រធានសេដ្ឋកិច្ចភូមិភាគពិសេស និងជាពូរបស់សារិន ត្រូវបានផ្លាស់ប្តូរទៅក្រសួងពាណិជ្ជកម្ម។ នៅពេលនោះ សារិន បានទៅស្នាក់នៅជាមួយ ពូរិទ្ធ និង មីងភាព នៅឯផ្ទះមួយកន្លែងដែលនៅជិតវត្តភ្នំ ទីក្រុងភ្នំពេញ ប៉ុន្តែ សារិន នៅបន្តធ្វើការនៅក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋដដែល។

នៅក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ គឺមានការបែងចែកការងារដោយកងវរសេនាតូចលេខ៧៧ ដែលជាក្រុមស្រ្តី មានភារកិច្ច ដេរប៉ាក់ ឬដេរបាវ និងកងវរសេនាតូចលេខ៧១, ៧២, និង ៧៣ ដែលជាក្រុមបុរស មានភារកិច្ចលីសែង និងដឹកជញ្ជូន។ ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ចំនួនសម្ភារដែលស្តុកទុកក្នុងមន្ទីរចាត់ការឃ្លាំងរដ្ឋ មានការកើនឡើងជាលំដាប់ដោយសារការនាំចូលពីប្រទេសចិន, ប្រទេសកូរ៉េខាងជើង និងប្រទេសយូហ្គោស្លាវី។ សម្ភារក្នុងឃ្លាំងរួមមាន ត្រាក់ទ័រ, គ្រឿងលោហៈ, គ្រឿងសំណង់, គ្រឿងម៉ាស៊ីន, គ្រឿងចក្រ, ក្រណាត់, ក្រម៉ា, បារី, អំបោះ និង រថយន្ត សម្រាប់ចែកចាយទៅតាមក្រសួង, ភូមិភាគ និងតំបន់ផ្សេងៗ។ ក្រៅពីនោះក៏មានសម្លៀកបំពាក់ និងស្បៀងអាហារផ្សេងទៀតផងដែរ។ សម្ភារនិងកសិផលមួយចំនួនទៀតមានដូចជា ស៊ីម៉ងត៍, អំបិល, អង្ករ, និងជ័រកៅស៊ូជាដើម ត្រូវដឹកជញ្ជូនតាមរថយន្ត ឬទូររថភ្លើង សម្រាប់នាំចេញទៅក្រៅប្រទេស ដូចជាប្រទេសចិន និងប្រទេសកូរ៉េខាងជើង។ សារិន បានធ្វើការនៅមន្ទីរចាត់ការឃ្លាំងរដ្ឋពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានបើកការវាយប្រហារមកលើកងទ័ពខ្មែរក្រហមនៅទីក្រុងភ្នំពេញ។ នៅពេលនោះ មន្ទីរចាត់ការឃ្លាំងរដ្ឋមានការរៀបចំរថយន្តជាច្រើនគ្រឿងសម្រាប់ដឹកសម្ភារនិងក្រុមការងារជាង៣០០នាក់ ក្រោមការគ្រប់គ្រងរបស់ ពូរឿង ចេញពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរជាមួយកងពល៥០២ ដែលកងពលភូមិភាគពិសេស។ សារិន បានធ្វើដំណើរឆ្លងកាត់អមលាំង ខេត្តកំពង់ស្ពឺ និងឆ្ពោះទៅស្រុកបវេល ខេត្តបាត់ដំបង។

នៅស្រុកបវេល គឺមានការរៀបចំកម្លាំងដើម្បីប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមដែលដេញតាម និងបន្តប្រយុទ្ធនៅស្រុកសាលាក្រៅ និងស្រុកកំរៀង។ សម្ភារជាច្រើនដែលនាំយកមកពីទីក្រុងភ្នំពេញត្រូវបោះបង់ចោលតាមផ្លូវ ចំណែកសម្ភារដែលសេសសល់ត្រូវដឹកទៅខាងតំបន់ចក្រី និងភូមិបឹងឆ្នាំង ដែលនៅជាប់ព្រំដែនជាមួយប្រទេសថៃ។ សារិន បានបន្តរស់នៅភូមិបឹងឆ្នាំង (វត្តភ្នំព្រះពុទ្ធ)  ស្រុកកំរៀង ជាមួយពូរិទ្ធ និងពូរឿង។

ក្រោយមក សារិន បានឆ្លងចូលទឹកដីថៃ និងសាងសង់ជំរំក្នុងខេត្តត្រាង។ សារិន បានរស់នៅទីនោះអស់រយៈពេលប្រហែលជា៣ទៅ៤ខែ មុនពេលធ្វើដំណើរតាមខែ្សបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ដោយឆ្លងកាត់ភូមិបឹងត្រកួន និងម៉ាឡៃ ដើម្បីឆ្ពោះទៅភ្នំដងរែក។ សារិន បានធ្វើដំណើរជាមួយ ពូរិទ្ធ រហូតដល់ភ្នំដងរែក ដែលស្ថិតក្រោមការគ្រប់គ្រងដោយ តាម៉ុក។ នៅឆ្នាំ១៩៨០ សារិន បានផ្លាស់ប្ដូរទៅរួមរស់ជាមួយកងពល៧៨៥ ក្រោយមកកងពល៩៨០ ដែលស្ថិតក្រោមទីបញ្ជាការកណ្តាល នៅអន្លង់វែង។[2]

ពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩១ សារិន គឺជាកងទ័ពខាងវិទ្យុទាក់ទង ឬកាន់ទូរលេខក្នុងកងពល៩៨០។ នៅឆ្នាំ១៩៨៧ សារិន បានរៀបការនៅលើភ្នំដងរែក ក្រោមការរៀបចំដោយខ្មែរក្រហម។ នៅគ្រានោះ ប្តីប្រពន្ធជាច្រើនគូត្រូវរៀបការក្នុងពេលតែមួយ ដោយធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខថ្នាក់ដឹកនាំខ្មែរក្រហម។[3]  អ្នកទាំងពីរត្រូវបន្តរស់នៅក្នុងភាពក្រខ្សត់ និងលំបាក។ នៅឆ្នាំ១៩៩០ តាម៉ុក បាននាំប្រជាជននៅលើភ្នំដងរែក ទៅរស់នៅនិងបង្កើតសហគមន៍នៅជិតស្ទឹងអន្លង់វែង។[4] នៅឆ្នាំ១៩៩១ ប្រជាជនជាច្រើនគ្រួសារ និង សារិន បានចាកចេញពីអន្លង់វែងមករស់នៅខេត្តបាត់ដំបង បន្ទាប់ពីមានការចរចាជាមួយរដ្ឋាភិបាលនាសម័យនោះ។

នៅឆ្នាំ១៩៩៧ សារិន បានក្លាយជាមេឃុំ និងជាកសិករមួយរូប។ ក្រោយពីសមារណកម្មនៅឆ្នាំ១៩៩៨ និងអស់រយៈពេលជិត៣០ឆ្នាំបន្ទាប់ពីចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម សារិន បានត្រលប់ទៅលេងស្រុកកំណើតជាលើកដំបូងដើម្បីជួបជុំគ្រួសារ។ សារិន មានអាយុ ៤៨ឆ្នាំ (២០១១) រស់នៅភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង និងមានប្រពន្ធឈ្មោះ ហែម សុខុម មានអាយុ ៤៦ឆ្នាំ។ អ្នកទាំងពីរមានកូនចំនួន៥នាក់ ប្រុស៤ នាក់ និងស្រីមា្នក់។ សារិន មានឪពុកឈ្មោះ សែត (ស្លាប់ឆ្នាំ១៩៨២) និងម្តាយឈ្មោះ មៀក កង (ស្លាប់ឆ្នាំ១៩៩៩)។ សារិន ជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ប្រុស៣នាក់ និងស្រី២នាក់។

នៅឆ្នាំ២០១១ ក្រោមគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ របស់មជ្ឈមណ្ឌលឯកសារកម្ពុជាម៉ាក់ សារិន ដែលជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យបានផ្តល់បទសម្ភាសន៍ដើម្បីរួមចំណែកដល់ការចងចាំ និងការពារកុំឲ្យការកើតមានឡើងនូវអំពើប្រល័យពូជសាសន៍នាពេលអនាគត។ បច្ចុប្បន្នទីតាំងមន្ទីរចាត់ការឃ្លាំងរដ្ឋខាងលើបានក្លាយជាផ្ទះរបស់ប្រជាជន៕

សរសេរដោយ ស្រ៊ាង លីហួរ


ឯកសារយោង

[1] ឯកសារលេខ BBI០០៧៦. (២០១១). សម្ភាសន៍ជាមួយ ម៉ាក់ សារិន ដោយ ឡុង ដានី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១. មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] Khamboly. D. & Dearing. C. (2014). A History of the Anlong Veng Community: The Final Stronghold of the Khmer Rouge Movement. Documentation Center of Cambodia. Page 55.

[3] Ibid, Page 70.

[4] Ibid, Page 73.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin