ឈឺញឹកញាប់ខ្មែរក្រហមនឹងចោទថាឈឺទន្សាយ ត្រូវយកទៅសម្លាប់ចោល

(ស្វាយរៀង) ៖ ម៉ាង យ៉ារី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្តីរបស់យ៉ារី ឈ្មោះ ទេព ឆេន ជាទាហាន លន់ នល់ បានបាត់ខ្លួនពេលទៅប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតំបន់អ្នកលឿងនៅអំឡុងឆ្នាំ១៩៧៥។ យ៉ារី បានរៀបរាប់ថា ក្នុងរបបខែ្មរក្រហមគាត់មានអាយុត្រឹម​២១ឆ្នាំ ត្រូវក្លាយជាស្រ្តីមេម៉ាយរស់នៅជាមួយកូនអាយុ៩ខែ និងក្រោយមកត្រូវបានគេបំបែក។ យ៉ារី និងកូន ព្រមទាំងឪពុក ម្តាយ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីផ្ទះ ឲ្យទៅរស់នៅតាមសហករណ៍ផ្សេងៗក្នុងខេត្ត។ ពេលជម្លៀស យ៉ារី មិនអាចយកសម្ភារៈច្រើនទៅតាមខ្លួនបានទេ គឺមានតែអង្ករ ចាន និងឆ្នាំងប៉ុណ្ណោះ។ នៅសហករណ៍ភូមិឃ្លាំង ស្រុកស្វាយជ្រំ ជាមួយអ្នកភូមិផ្សេងទៀត យ៉ារី ត្រូវបានប្រើឲ្យដក ស្ទូង និងច្រូតកាត់ ពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ និងបន្តដល់ព្រឹកថ្ងៃបន្ទាប់។ យូរៗម្តងទើប យ៉ារី ត្រូវបានអនុញ្ញាតឲ្យទៅសួរសុខទុក្ខកូនដែលនៅឆ្ងាយពីកន្លែងរស់នៅ គាត់ត្រូវដើរដោយថ្នើរជើង។ នៅក្នុងរបបខ្មែរក្រហមក្មេងតូចៗត្រូវរស់នៅក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ។ នៅសហករណ៍ភូមិឃ្លាំង ប្រជាជនដែលមានជំងឺស្រាលធ្វើការធម្មតា បើឈឺធ្ងន់យកទៅព្យាបាលនៅតំបន់បឹងរ៉ៃ។ ប៉ុន្តែអ្នកជំងឺឈឺញឹកញាប់តែងតែបាត់ខ្លួនគឺយកទៅសម្លាប់ ដោយខ្មែរក្រហមចោទថាឈឺទន្សាយគឺធ្វើពុតជាឈឺ។ យ៉ារី និយាយថា នៅ​សហ​​ករណ៍ភូមិឃ្លាំង កាលពីដំបូងឡើយមានអាហារហូបគ្រប់គ្រាន់ ក្រោយមកអង្គការបានប្តូរពីការហូបបាយទៅជាបបរ។ របបបបរក៏បានថយចុះមានប្រជាជនមួយចំនួនហូបមិនគ្រប់គ្រាន់បានស្លាប់។

យ៉ារី មិនដែលឃើញការសម្លាប់មនុស្សផ្ទាល់ទេ ប៉ុន្តែធ្លាប់ឮអ្នកធ្វើការជាមួយនិយាយ។ យ៉ារី និយាយថាគ្មានការគោរពសាសនា។ ព្រះវិហារ និងព្រះពុទ្ធបដិមាករ ក្នុងវត្តត្រូវបានបំផ្លាញ និងរុះរើ។ នៅក្នុងវត្តក៏គ្មានលោកសង្ឃដើម្បីប្រតិបត្តិជំជឿសាសនាដែរ។ រឿងរ៉ាវដែល យ៉ារី ចងចាំមិនភ្លេចគឺគាត់ត្រូវធ្វើការងារ ស្រែ ចម្ការ ដកស្ទូង ច្រូតកាត់ទាំងថ្ងៃ ទាំងយប់គ្មានពេល សម្រាក។ ប្រជាជនត្រូវធ្វើការហួសកម្លាំង និងគ្មានអាហារហូបត្រឹមត្រូវ។

ក្រោយរបបខ្មែរក្រហមដួលរលំ យ៉ារី បានត្រលប់មករស់នៅស្រុកកំណើតវិញ ប៉ុន្តែផ្ទះដែលគាត់ធ្លាប់រស់នៅបានខូចខាតអស់ ដូចនេះគាត់ត្រូវរៀបចំទ្បើងវិញ។

បច្ចុប្បន្ន យ៉ារី មានជំងឺប្រចាំកាយមួយចំនួនដូចជា ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺក្រពេះ ដែលបណ្តាលឲ្យគាត់ឧស្សាហ៍ថប់ដង្ហើម ត្រជាក់ដៃ ត្រជាក់ជើង ឈឺក្បាល និងវិលមុខ។

យ៉ារី ចង់ឲ្យមានគ្រូពេទ្យចុះពិនិត្យសុខភាព តាមភូមិសម្រាប់គាត់ ក៏ដូចជាអ្នករស់រានមានជីវិតដទៃទៀត។ យ៉ារី តែងតែសុបិនឃើញទុក្ខលំបាក និងការរស់នៅបែកគ្រួសារក្នុងរបបខ្មែរក្រហម។ គាត់ធ្លាប់និយាយរឿងរ៉ាវពីអតីតកាលប្រាប់ដល់កូន និងក្មេងជំនាន់ក្រោយឲ្យបានដឹងដើម្បីចូលរួមទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមត្រឡប់មកវិញម្តងទៀត។ យ៉ារី ក៏បានគាំទ្រតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលបានផ្តន្ទាទោសដាក់ពន្ធធនាគារអស់១ជីវិតដល់មេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបខ្មែរក្រហមផង​ដែរ។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin