កូនចំនួនពីរនាក់បានស្លាប់

(ត្បូងឃ្មុំ)៖ កូនរបស់ សាយ៉ូន ចំនួនពីរនាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ កូនម្នាក់ស្លាប់ដោយសារក្រឡាប់រទេះ និងម្នាក់ទៀតស្លាប់ដោយសារតែផ្ទុះគ្រាប់។ ម៉ៅ សាយ៉ូន មានអាយុ៧៩ឆ្នាំ កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៤២ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ន គាត់រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅឆ្នាំ១៩៦៩ ប្ដីរបស់ សាយ៉ូន បានលាលែងពីតំណែងជាទាហានរបស់ លន់ នល់ និងចាកចេញពីខេត្តស្ទឹងត្រែងត្រលប់ទៅខេត្តត្បូងឃ្មុំ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីអំណាច ហើយភូមិ-ស្រុកក៏ចាប់ផ្ដើមមានបាតុកម្មជាបន្តបន្ទាប់។ គ្រួសាររបស់ សាយ៉ូន បានរត់ភៀសខ្លួនទៅដល់ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយពីគាត់រស់នៅទីនោះមិនបានប៉ុន្មាន ក៏មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ ទៅលើតំបន់ដែលកងទ័ពធីវគី (វៀតណាមខាងជើង) រស់នៅ។ ប្រជាជនមានភាពភ័យខ្លាចរត់ចេញពីផ្ទះសំបែង បើទោះបីជាគ្រាប់បែកមិនទម្លាក់ចំផ្ទះក៏ដោយ។
នៅឆ្នាំ១៩៧៥ គ្រួសាររបស់ សាយ៉ូន បានវិលត្រលប់មកភូមិវាល នៅខេត្តត្បូងឃ្មុំវិញ។ ខ្មែរក្រហម បានចាត់តាំងឲ្យគាត់ រែងអង្ករ និងកិនស្រូវ ព្រោះតែពេលនោះគាត់ទើបតែសម្រាលកូនរួច។ រហូតដល់កូនរបស់ សាយ៉ូន ធំបន្តិច អង្គការចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងកងចល័ត ជីកព្រែក និងជីកប្រឡាយ។ ចំពោះរបបអាហាររបស់ប្រជាជនជាប្រចាំថ្ងៃគឺទទួលបានបបរលាយជាមួយពោត និងដំឡូង ទាល់តែមានការប្រជុំធំទើបប្រជាជនទទួលបានបាយ និងហូបម្ហូបឆ្ងាញ់។
ការព្យាបាលជំងឺនៅក្នុងរបបខ្មែរក្រហម គឺមិនមានថ្នាំ និងគ្រឿងបរិក្ខារត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្តឡើយ។ ថ្នាំដែលប្រើប្រាប់សម្រាប់ការព្យាបាលប្រជាជន គឺជាថ្នាំបុរាណដែលផលិតនៅក្នុងស្រុក។ សាយ៉ូន បាននិយាយថា ប្រជាជនដែលអាចមានជីវិតរួចផុតពីរបបខ្មែរក្រហម គឺសុទ្ធតែជាអ្នកដែលមានសំណាង ព្រោះតែរបបនោះបានបង្ការជាការលំបាកសព្វគ្រប់បែបយ៉ាង ដោយខ្វះខាតគ្រប់សព្វ ទាំងអាហារហូបចុក សម្ភារប្រើប្រាស់ សូម្បីតែកន្លែងស្នាក់នៅ។ សមាជិកគ្រួសារត្រូវបំបែកឲ្យរស់នៅសហករណ៍ផ្សេងគ្នា។
សាយ៉ូន ធ្លាប់បានឮប្រជាជនដែលរស់នៅសហករណ៍ជាមួយគ្នានិយាយប្រាប់ថា នៅក្នុងរបបខ្មែរក្រហម កងឈ្លបតែងចោទប្រកាន់ និងចាប់ប្រជាជននៅឃុំក្រែក យកទៅសម្លាប់ចោល ហើយទម្លាក់សាកសពចូលទៅក្នុងអណ្ដូងទឹក។ ជំនឿសាសនាត្រូវលុបបំបាត់ ទីធ្លាវត្តអារាម, ព្រះវិហារ និងកុដិរបស់ព្រះសង្ឃ ត្រូវយកទៅធ្វើជាកន្លែងចិញ្ចឹមសត្វ, ឃ្លាំងសម្រាប់ផ្ទុកសម្ភារ ហើយវត្តខ្លះទៀតត្រូវយកទៅធ្វើជារោងសម្រាប់ចម្អិនអាហារឲ្យប្រជាជន។
មកទល់ពេលបច្ចុប្បន្ន សាយ៉ូន មានវ័យជរាពីមួយថ្ងៃទៅមួយថ្ងៃ កម្លាំងកាន់តែចុះខ្សោយ និងសម្រាន្តមិនសូវលក់៕