បាត់បង់សាច់ញាតិមួយគ្រួសារនៅខេត្តបាត់ដំបង

(ស្វាយរៀង) ៖ ម៉ៅ សុផុន មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ គាត់រស់នៅភូមិឃុំបច្ចុប្បន្ន។ គាត់ បានរៀនថ្នាក់ទី៤ នៅបឋមសិក្សាក្នុងភូមិ។ គាត់បន្តថាការសិក្សានៅពេលនោះមិនបានដិតដល់ទេព្រោះសាលារៀន​​​ត្រូវបានបិទទ្វារជាញឹកញាប់ដោយសារការទម្លាក់គ្រាប់បែក​។​

ក្នុងរបបខ្មែរក្រហមការសិក្សារបស់ សុផុន ត្រូវបាន​បញ្ចប់ទាំងស្រុង ព្រោះតំបន់គាត់រស់នៅសាលារៀនបានបិទទ្វារ និងបានប្រែក្លាយជារោងបាយរបស់សហករណ៍​។ បន្ថែមពីនេះអង្គការបានបំបែក សុផុន ពីឪពុកម្តាយ ដែលធ្លាប់រស់នៅជួបជុំគ្នាកាលពីរបបមុន។ គាត់ត្រូវរស់​នៅក្នុងកងកុមារ និងត្រូវធ្វើការងារដូចជាដើរ​រើស​អាចម៍​គោ ក្របី និងកាប់ដើមទន្ទ្រានខេត្តទុកធ្វើជីជាដើម។

អង្គការបានកំណត់មួយថ្ងៃ សុផុន ត្រូវរើសអាចម៍គោ ​ឲ្យបានពេញមួយបាវ។ ក្រៅពីការងារនេះ នៅរដូវវស្សា សុផុន ក៏ត្រូវជួយធ្វើការងារដក ស្ទូង និងជញ្ជូនស្រូវទុកក្នុងសហករណ៍​បាសាក់ផងដែរ។

រំលងបានបីខែ សុផុន និងគ្រួសារត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តបាត់ដំបង។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើង ជិះកប៉ាល់ និងរថយន្ត ដល់ភ្នំពេញ អង្គការបានឲ្យគាត់ និងប្រជាជនដទៃទៀតមើលកុនស្តីពីរបបខ្មែរក្រហម។ ព្រឹកថ្ងៃបន្ទាប់អង្គការបានចែកខោអាវ និងអង្ករដើម្បីឲ្យគាត់ និងគ្រួសារបន្តដំណើរតាមរថភ្លើងឆ្ពោះទៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ទៅដល់ទីនោះអង្គការឲ្យគាត់រស់នៅជាមួយក្មេងៗ​មូលដ្ឋានធ្វើការក្នុងកងកុមារដូចធ្លាប់ធ្វើនៅស្រុកកំណើតដែរគឺប្រមូល និងកាប់ចិញ្ច្រាំស្លឹករុក្ខជាតិទុកធ្វើជី។ ឪពុក​ត្រូវធ្វើការជាអ្នករកត្រីផ្គត់ផ្គង់សហការណ៍។ ម្តាយច្រូតស្រូវ និងដាំបាយឲ្យកងចល័តយុវជន និងក្មេងៗក្នុងកងកុមារ​។ ចំណែកបងប្រុសស្រីត្រូវធ្វើការនៅក្នុងកងចល័តជីកទំនប់ លើកប្រឡាយ។

សុផុន បន្តថា នៅខេត្តបាត់ដំបងប្រជាជនទាំងអស់ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាចទើបមេកងឲ្យ​សម្រាកហូបបាយ។ ប្រជាជនមួយថ្ងៃទទួលបានរបបអាហារពីរពេល ដោយមានបាយម្នាក់ពីរវែក ហូបជាមួយសម្លលាយជាមួយ​ស្លឹកដំឡូងគ្មានរសជាតិ។ ចំណែកទឹកសម្រាប់បរិភោគក៏ខ្វះខាតខ្លាំង ដោយក្នុងមួយសប្តាហ៍ គាត់បានសុំមេកងដើម្បីទៅងូតទឹក និងច្រកទឹកទុកបរិភោគប្រចាំថ្ងៃ។ ក្នុងរបបនោះសក់​គាត់សុទ្ធតែចៃ និង ខោអាវឡើងផ្សិតពណ៍សៗពេញទាំងអស់​។​

នៅខេត្តបាត់ដំបងគាត់បានឃើញផ្ទាល់ភ្នែកនូវហេតុការណ៍ដែលសមាជិកទាំងគ្រួសាររបស់អ៊ំត្រូវបានអង្គការនាំយកទៅសម្លាប់។ សុផុន មិនបានដឹងថាគ្រួសារគាត់មានកំហុសអ្វីនោះទេ។ ក្រោយមក សុផុន ឃើញក្រមា និងខោអាវអ៊ំធ្លាប់ស្លៀកពាក់ត្រូវទាហានខ្មែរក្រហមយក​មកប្រើប្រាស់ ឃើញដូច្នោះគាត់មានការតក់ស្លុតជាខ្លាំង និងបានខិតខំធ្វើការងារទ្វេដង។

ក្រោយរបបខ្មែរក្រហមដួលរលំ សុផុន បានធ្វើដំណើរ រយៈបីខែដើម្បីមករស់នៅតំបន់អ្នកលឿង និងបានប្រកបរបប​លក់នំនៅលើសាឡាង។ រយៈពេលមួយឆ្នាំក្រោយមកគាត់បានមក​រស់នៅស្រុកកំណើតឯខេត្តស្វាយរៀងរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន សុផុន មានជំងឺលើសឈាម និងជំងឺឫសដូងបាត។

សម្ភាសន៍ដោយ  ពេជ សាន  ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin