មិត្តឯងមិនមែនជាពេទ្យ

នៅពេលដឹងថាម្ដាយមានជំងឺ ក្នុងនាមជាកូន លាង បានស្នើសុំខ្មែរក្រហមទៅមើលថែម្ដាយ ប៉ុន្តែត្រូវបានខ្មែរក្រហមបដិសេធ និងសួរគាត់ថា «មិត្តឯងពេទ្យ?»។ មៀច លាង[1] ភេទប្រុស មានអាយុ ៥៦ឆ្នាំ (គិតក្នុងឆ្នាំ២០០៦)។ លាង រស់នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានទីកន្លែងកំណើតនៅភូមិថ្មី ឃុំគោកឃ្មុំ ស្រុកបាត់ដំបង (បច្ចុប្បន្នស្រុកថ្មគោល) ខេត្តបាត់ដំបង។ លាង មានឪពុកឈ្មោះ វ័ល្ល មៀច (ស្លាប់ក្នុងឆ្នាំ១៩៨២) និងម្ដាយឈ្មោះ ជា ឡាំង (ស្លាប់ក្នុងឆ្នាំ១៩៧៧ ដោយសារជំងឺ)។ លាង មានបងប្អូនបួននាក់ ក្នុងនោះស្រីម្នាក់ ដោយទី១ មានឈ្មោះ មៀច លាង, ទី២ មៀច ឡាយ, ទី៣ មៀច ឡុង និងទី៤ មៀច អិត។ នៅមុនឆ្នាំ១៩៧០ លាង បានរៀបការប្រពន្ធឈ្មោះ ឃុត អុក មានអាយុ ៥៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) និងមានកូនប្រាំពីរនាក់ ក្នុងនោះស្រីបីនាក់។ លាង នៅតែចងចាំសំណួរដែលខ្មែរក្រហមបានសួរគាត់ ដែលធ្វើឲ្យគាត់ខកខានមិនបានជួបម្ដាយជាលើកចុងក្រោយ។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គឺមានការបង្កើតរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់។ នៅចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ យោធាខ្មែរក្រហមបានប្រយុទ្ធជាមួយទាហាន លន់ នល់ នៅឃុំគោកឃ្មុំ ដែលបណ្ដាលឲ្យប្រជាជនមួយចំនួន រួមទាំងគ្រួសារលាងភៀសខ្លួនទៅក្រុងបាត់ដំបង។ ចំណែក ប្រជាជនមួយចំនួនទៀត ចូលរួមចលនាបដិវត្តន៍ខ្មែរក្រហមនៅក្នុងព្រៃ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងបាត់ដំបង និងជម្លៀសប្រជាជន រួមទាំងគ្រួសារលាង ដោយប្រកាសថា ជម្លៀសចេញតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ គ្រួសារលាង ត្រូវត្រលប់មកភូមិកំណើតវិញ និងត្រូវចាត់ទុកជាប្រជាជនថ្មី។ ប្រជាជនថ្មីទាំងអស់ និងគ្រួសារលាង ត្រូវធ្វើការរួម និងហូបរួម នៅក្នុងសហករណ៍ ឃុំគោកឃ្មុំ ស្រុក៧០ តំបន់៣ ភូមិភាគពាយ័ព្យ ដោយមានគណៈឃុំឈ្មោះ តាសេន។ នៅឃុំគោកឃ្មុំ ព្រះសង្ឃត្រូវបានចាប់ផ្សឹក និងវត្តអារាមត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហម។
នៅចុងឆ្នាំ១៩៧៥ ម្ដាយក្មេកលាង ដែលជាប្រធានភូមិតាហែន ឃុំតាហែន ស្រុកបវេល ខេត្តបាត់ដំបង តំបន់៤ ភូមិភាគពាយ័ព្យ បានមកសុំផ្លាស់លាងឲ្យទៅរស់នៅតំបន់៤ ដែលជាតំបន់ប្រជាជនចាស់។ ម្ដាយក្មេកលាង មានតួនាទីដឹកនាំប្រជាជនជាងមួយរយគ្រួសារនៅភូមិតាហែន។ នៅភូមិតាហែន លាង និយាយគាត់ទទួលបានការហូបចុកប្រសើរជាងនៅតំបន់៣ ដែលជាតំបន់រស់នៅរបស់ប្រជាជនថ្មី និងពេលខ្លះ គាត់អាចលួចហូបបានបន្តិចបន្តួច។
លាង ចងចាំថានៅឃុំតាហែន មានគណៈឃុំឈ្មោះ តាយ៉ុម និង តាយន ជាប្រធានពាណិជ្ជកម្ម។ នៅភូមិតាហែន លាង ត្រូវធ្វើស្រែចម្ការ, ភ្ជួររាស់ និងច្រូតស្រូវទៅតាមរដូវ។ លាង និយាយថា បុរសនិងស្រ្តីត្រូវធ្វើការតាមកងរៀងៗខ្លួន។ លាង ធ្វើការក្នុងក្រុមកងចល័តដែលមានសមាជិក១៥នាក់ ដឹកនាំដោយមេក្រុម ឈ្មោះ តារ៉ន។ លាង ត្រូវចេញទៅភ្ជួររាស់ ដែលមានចម្ងាយប្រហែលជា១០គីឡូម៉ែត្រពីសហករណ៍ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១ព្រឹក ទើបមានមិត្តនារី២នាក់ មកដាំបបរឲ្យក្រុមគាត់ហូប។ លាង ត្រូវធ្វើការបន្តពីម៉ោង១ថ្ងៃរហូតដល់ម៉ោង៤ថ្ងៃ ទើបបានសម្រាក។ លាង ថានៅរយៈពេលពីរខែដំបូង ការហូបចុក គឺគ្រប់គ្រាន់ ប៉ុន្តែក្រោយមក ការហូបចុកមានការធ្លាក់ចុះ ដោយពីក្នុងមួយនាក់ទទួលបានអង្ករមួយកំប៉ុង រហូតសល់តែកន្លះកំប៉ុង និងចុងក្រោយមានតែកន្ទក់ប៉ុណ្ណោះ។
ខ្មែរក្រហមតែងតែនិយាយថា អង្គការដាក់ផែនការឲ្យប្រជាជនលើកទំនប់, លើកភ្លឺស្រែ និងជីកប្រឡាយ ដោយសន្សំសំចៃ (គ្មានការហូបចុកគ្រប់គ្រាន់)។ លាង និយាយថា គាត់មិនដឹងថាអង្គការជានរណាគេនោះទេ ដឹងតែថ្នាក់លើជាអ្នកបញ្ជាមក។ លាង បន្តថា អង្គការ បញ្ជាឲ្យមានការសន្សំសំចៃ នៅពេលស្រូវមានពេញជង្រុក។ ខ្មែរក្រហម ក៏បានសួរប្រជាជនថា «សុខចិត្តស្តួច ឬសុខចិត្តដាច់?» ដែឡមានន័យថា តើប្រជាជនជ្រើសរើសយកហូបចុកតាមការសម្រេចរបស់អង្គការ ឬស្លាប់។ លាង ថាគ្មានប្រជាជនប្រកែកនោះទេ គឺសុខចិត្តស្តួចទាំងអស់គ្នា។
នៅឆ្នាំ១៩៧៧ ម្ដាយរបស់លាង បានធ្លាក់ខ្លួនឈឺ។ នៅពេលនោះ លាង ស្នើសុំអង្គការទៅមើលម្ដាយ នៅមន្ទីរពេទ្យឃុំ ខ្មែរក្រហមតបថា «ពេទ្យគេមានហើយ មិនបាច់ទៅមើលទេ មិត្តឯងពេទ្យ?»។ លាង ថានៅមន្ទីរពេទ្យ គឺគ្មានអ្វីក្រៅពីថ្នាំរាងដូចអាចម៍ទន្សាយ។ ប្រជាជនភាគច្រើនស្លាប់ដោយសារជំងឺគ្រុនចាញ់ រួមទាំងម្ដាយលាង។ លាង ស្នើសុំក្ដារសម្រាប់កប់សាកសពម្ដាយឲ្យបានសមរម្យ តែត្រូវខ្មែរក្រហមបដិសេធ។ គាត់ក៏បានគាស់ក្ដារឈើពីផ្ទះរបស់ខ្លួនពីរទៅបីសន្លឹក ដើម្បីធ្វើជាក្តារមឈូសសម្រាប់ដាក់សាកសពម្ដាយ ព្រមទាំងលួចធ្វើបុណ្យ និងសែនបន្តិចបន្តួច។ នៅរបបខ្មែរក្រហម គឺមិនអនុញ្ញាតឲ្យធ្វើបុណ្យ ឬសែនអ្វីនោះទេ។
នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនកម្មាភិបាលភូមិភាគនិរតី ចូលមកគ្រប់គ្រងក្នុងកងចល័ត ដោយក្នុងមួយក្រុម មានកម្មាភិបាលពីរនាក់ ជំនួសកម្មាភិបាលភូមិភាគពាយ័ព្យ ដែលត្រូវបានផ្លាស់ប្តូរ។ នៅចន្លោះឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ លាង បានឃើញខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ ដោយសាររឿងខុសសីលធម៌។ លាង និយាយថា បងថ្លៃស្រីឈ្មោះ ហ៊ាន និងកម្មាភិបាលខ្មែរក្រហមឈ្មោះ តាប់ ត្រូវបានឈ្លបបណ្តើរកាត់មុខផ្ទះលាងនាពេលថ្ងៃ។ កម្មាភិបាលឈ្មោះ តាប់ គឺជាប្រធានកងធំ ដែលដឹកនាំប្រជាជនចំនួន១០០គ្រួសារ ចំណែក ហ៊ាន គឺជាបងស្រីរបស់គណៈឃុំ។ លាង ថាដោយសារតែមានតួនាទី និងសាច់ញាតិ ទើបអ្នកទាំងពីរលាក់ការណ៍រហូតដល់មានកូនក្នុងផ្ទៃ។
នៅពេលគណៈស្រុកដឹងអំពីអំពើខុសសីលធម៌របស់អ្នកទាំងពីរ គណៈស្រុកបានបញ្ជាឲ្យមេឃុំចាប់ចងអ្នកទាំងពីរ។ នៅពេលចាប់ខ្លួន គឺមានការប្រជុំ ហើយខ្មែរក្រហមបានសួរប្រជាជនក្នុងភូមិតាហែនថា «ទុកឬកម្ទេចចោល» ឮដូច្នេះ ប្រជាជននាំគ្នាស្រែកថាកម្ទេច។ លាង និយាយថា គ្មាននរណាម្នាក់ ហ៊ាននិយាយថា «ទុក» នៅចំពោះមុខខ្មែរក្រហមនោះទេ។ បន្ទាប់មក ឈ្លបក្នុងភូមិតាហែនបានបណ្តើរអ្នកទាំងពីរនោះចេញពីភូមិចម្ងាយប្រហែល៧០០ម៉ែត្រ។ នៅចំពោះមុខប្រជាជនក្នុងភូមិ ឈ្លបបានវាយពោះបងស្រីថ្លៃរបស់លាង ទាំងមានផ្ទៃពោះ និងវះពោះ មុនវាយទម្លាក់អ្នកទាំងពីរចូលទៅក្នុងរណ្ដៅ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ លាង បានត្រលប់មកភូមិកំណើត និងសាកសួររកដំណឹងប្អូនប្រុសស្រី ប៉ុន្តែប្អូនម្នាក់ឈ្មោះ មៀច ឡុង[2] បានបាត់ខ្លួនរហូតមកទល់បច្ចុប្បន្ន។ លាង តែងតែរំឭក និងធ្វើបុណ្យឧទ្ទិសកុសលដល់ម្ដាយ និងប្អូនប្រុស ឡុង ដែលបានស្លាប់ និងបាត់ខ្លួននៅរបបខ្មែរក្រហម។ ជាចុងក្រោយ នៅពេល លាង រៀបអំពីរឿងរ៉ាវដែលកើតមានឡើងនៅរបបខ្មែរក្រហម ដូចជាហូបកន្ទក់ ឬដើមចេក គឺអ្នកជំនាន់ក្រោយមួយចំនួនមិនជឿនោះទេ៕
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ
[1] ឯកសារលេខ BBI០០២២. (២០០៦). សម្ភាសជាមួយ មៀច លាង ដោយ សុខ វណ្ណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.
[2] ឯកសារលេខ I០៣១៣៥. (១៩៧៧). ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត ឡុង (១០ទំព័រ). មជ្ឈមណ្ឌលឯកសារកម្ពុជា.