គ្មានភួយដណ្តប់នៅខែរងា

មាស លឿង រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ មាស លឿង ភេទស្រី មានអាយុ ៦០ឆ្នាំ ជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅក្នុងភូមិ ប្រជាជនត្រូវធ្វើស្រែប្រវាស់ដៃ និងចែករបបស្រូវទៅតាមក្រុម និងវ័យ។ នៅពេលនោះ លឿង ត្រូវជញ្ជូនកណ្ដាប់ស្រូវ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ក្រោយមក ខ្មែរក្រហមប្រមូលកុមារក្នុងភូមិទាំងអស់ រួមទាំង លឿង ឲ្យធ្វើការក្នុងកងកុមារ ដោយត្រូវធ្វើការរួម និងហូបរបបអាហាររួម។ ខ្មែរក្រហមចែកបាយកន្លះចាន ឬ៥០ភាគរយ ដោយមានលាយជាមួយពោត, គល់ចេក និងស្លឹកដំឡូងមី សម្រាប់ឲ្យកុមារម្នាក់ៗហូប។

នៅអាយុប្រហែល១៥ឆ្នាំ លឿង ក៏ត្រូវផ្លាស់ទៅធ្វើការនៅកងចល័ត នៅអូរកាទឹង ដោយត្រូវធ្វើពលកម្មហួសកម្លាំង ដូចជាស្ទូងស្រូវនៅត្រពាំងក្រហម, ជីកទំនប់នៅត្រពាំងអង្គ្រង, និងក្នុងមួយនាក់ត្រូវលើកភ្លឺស្រែឲ្យបានប្រាំម៉ែត្រក្នុងរយៈពេលមួយព្រឹកជាដើម។

ជារៀងរាល់ថ្ងៃ លឿង ត្រូវក្រោកតាំងពីម៉ោង ៤ទៀបភ្លឺ ដើម្បីចេញទៅធ្វើពលកម្ម។ អ្នកដែលមិនទៅធ្វើពលកម្មនោះ នឹងត្រូវខ្មែរក្រហមចោទថាខ្ជិល ដែលអាច​ត្រូវកសាង ឬទិតៀន ក៏ដូចជាធ្វើបាបទៀតផង។ សម្រាប់កងចល័ត របបអាហារដែលទទួលបាន មានតែបាយមួយកញ្ចប់ ដែលវេចជាមួយស្លឹកខ្លុងសម្រាប់ហូបប៉ុណ្ណោះ។

ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងការបង្ខំឲ្យធ្វើពលកម្មហួសកម្លាំងទាំងថ្ងៃទាំងយប់ ជួនកាល លឿង បានលួចចាប់កង្កែបមកដុតហូប។ លឿង បានឲ្យដឹងថា ចំពោះអ្នកណាដែលបន្តលួចហូបបន្ទាប់ពីកសាងជាច្រើនដង នៅពេលដែលខ្មែរក្រហមចាប់កំហុសបាន អ្នកទាំងនោះនឹងត្រូវយោធាយកទៅសម្លាប់នៅចម្ការបន្លែ។

នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនត្រូវស្លៀកពាក់ខោអាវពណ៌ខ្មៅ ដែលអង្គការចែកឲ្យម្នាក់មួយសម្រាប់ និងស្បែកជើងកង់ឡានមួយគូ។ នៅខែរងា លឿង គ្មានភួយដណ្ដប់នោះទេ។

នៅរបបនោះ លឿង ក៏បានឃើញមានការរៀបការដោយបង្ខំ នៅក្នុងសហករណ៍។ នៅក្នុង​ពិធីរៀបការម្តងៗ មានមនុស្សប្រាំគូរៀបការក្នុងពេលតែមួយ និងមានមាន់មួយក្បាលសម្រាប់ហូបជាដើម។ បន្ទាប់ពីរៀបការរួច  អ្នកទាំងប្រាំគូទទួលបាន​ស្បូវពីខ្មែរក្រហម ទុកសម្រាប់ដណ្ដប់។

នៅឆ្នាំ១៩៧៩ លឿង បានរត់ចេញពីស្រុកកំណើតទៅជាមួយខ្មែរក្រហម និងរស់នៅតាមព្រៃ ដោយសារខ្លាចកងទ័ពវៀតណាម។ ក្រោយមក លឿង បានត្រលប់មករស់នៅស្រុកកំណើតវិញរហូតមកដល់ពេលបច្ចុប្បន្ន៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin