អ្នកធ្វើជីលេខមួយសម័យខ្មែរក្រហម
មាស សុវ៉ាន់ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម សុវ៉ាន់ រស់នៅភូមិកំណើត។ ការរស់នៅមិនអាចជួបជុំគ្នាដូចរបប លន់ នល់ បានទៀតទេ។ គាត់ត្រូវរស់នៅនិងធ្វើការក្នុងកងចល័ត ចំណែកកូនៗ បង ប្អូន និងឪពុកម្តាយ ត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ទ្រព្យសម្បត្តិដែលមានក្នុងសម័យ លន់ នល់ ត្រូវបានអង្គការ ប្រមូលយកទៅរក្សាទុកនៅសហករណ៍។ សត្វពាហនៈក៏ មិនអាចប្រើសម្រាប់ភ្ជួរស្រែបានបន្តទៀតដែរ។ ទីផ្សារ និងរូបិយប័ណ្ណត្រូវបានបំបាត់ព្រោះរបស់របរទាំងអស់ជារបស់អង្គការ ប្រជាជនគ្មានសិទ្ធិអាស្រ័យផលជាលក្ខណៈឯកជនទេ។
សុវ៉ាន់ ត្រូវបានអង្គការប្រើឲ្យធ្វើជីលេខមួយដែលធ្វើឡើងពីលាមកមនុស្ស និងលាមកសត្វ។ ពេលធ្វើរួចគាត់ត្រូវសែងយកទៅទុកក្នុងឃ្លាំងសម្រាប់ដាក់ស្រែ និងដំណាំផ្សេងៗ។ គាត់ធ្វើការតាំងពីម៉ោងប្រាំពីរព្រឹករហូតដល់ល្ងាចម៉ោងប្រាំល្ងាច។ កូនៗ និងប្អូនរបស់ សុវ៉ាន់ នៅតូចៗ ត្រូវដើររើសអាចម៍គោ ក្របី។ ចំណែកម្តាយ ឪពុកទទួលខុសត្រូវនៅរោងបាយរួមរបស់សហករណ៍។
នៅក្នុងភូមិ សុវ៉ាន់ បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យបំផ្លាញវត្តអារាម និងវាយកម្ទេចព្រះពុទ្ធបដិមាករ។ ព្រះសង្ឃត្រូវបានប្រើឲ្យទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀត។ អង្គការបានប្រាប់ថាការរស់នៅមានសិទ្ធិស្មើៗគ្នា គ្មានអ្នកមាន គ្មានអ្នកក្រ ប្រជាជនទាំងអស់ត្រូវធ្វើការដូចៗគ្នាដើម្បីសម្រេចផែនការដែលអង្គការកំណត់។
សុវ៉ាន់ បាននិយាយថា៖ «ស្រូវនៅសម័យនោះល្អៗណាស់ និងទទួលបានផលច្រើនព្រោះអង្គការបានបង្កបង្កើនផលដោយប្រើជីធម្មជាតិ។ ប៉ុន្តែស្រូវត្រូវបានដឹកចេញពីសហករណ៍អស់ៗ មិនដឹងជាយកទៅទីណាទេ។ ប្រជាជនត្រូវបានគេវាល់ចែករបបអង្ករឲ្យហូបដោយមិនគ្រប់គ្រាន់។ រីឯទំនាក់ទំនងក្នុងគ្រួសារត្រូវបានកាត់ផ្តាច់ដោយត្រូវរស់នៅផ្សេងៗគ្នា កូនរស់នៅឆ្ងាយពីឪពុកម្តាយ បងរស់នៅឆ្ងាយពីប្អូនទោះបីបានជួបគ្នាក៏មិនហ៊ានសួរនាំគ្នាច្រើនដែរខ្លាចគេយកទៅសម្លាប់។ ខ្ញុំបានបាត់បង់អ៊ំប្រុសម្នាក់ដោយសារតែហូបមិនឆ្អែតនេះ»។
ឆ្នាំ១៩៧៨ សុវ៉ាន់ និងគ្រួសារត្រូវបានជម្លៀសពីខេត្តស្វាយរៀងឲ្យទៅនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅទីនោះគាត់ត្រូវបានប្រើឲ្យធ្វើស្រែគ្មានពេលសម្រាក និងទទួលបានរបបអាហារតិចតួចដូចនៅខេត្តស្វាយរៀងដែរ។
គាត់រស់នៅទីនេះបានមួយរយៈរបបខ្មែរក្រហមត្រូវបានដួលរលំ សុវ៉ាន់ និងគ្រួសារក៏មានសេរីភាពអាចធ្វើដោយថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើតវិញ។
ពេលមកដល់ស្រុកដំបូង សុវ៉ាន់ នៅតែជួបការលំបាកព្រោះផ្ទះ និងសម្ភារៈរបស់គាត់ដែលធ្លាប់មាននៅសម័យ មុនត្រូវបានបំផ្លាញអស់។ គាត់ត្រូវចាប់ផ្តើមធ្វើស្រែចម្ការឡើងវិញជាមួយនឹងរបបដីដែលអាជ្ញាធរបានចែកឲ្យ។
សម្ភាសន៍ដោយៈ ព្រាប ច័ន្ទពិសី នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤
អត្ថបទដោយៈ អេង សុខម៉េង