កូន និងឪពុកស្លាប់ក្នុងសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ម៉ី យ៉ុន មានអាយុ៦៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុន មានបងប្អូនប្រាំនាក់ស្រីបីនាក់។ គាត់បានរៀបការតាំងពីរបប លន់ នល់ និងមានកូនបីនាក់។
នៅពេលរបបខ្មែរក្រហមចូលកាន់អំណាច យ៉ុន រស់នៅស្រុកកំណើតជាមួយប្តី និងកូនបីនាក់។ កូនម្នាក់បានស្លាប់ពេលធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។
យ៉ុន និងគ្រួសារត្រូវបានខ្មែរក្រហមឲ្យទៅរស់នៅក្នុងសហករណ៍រួមក្នុងភូមិ។ យ៉ុន និងប្តីរស់នៅកងចល័តជាមួយយុវជន និងយុវនារីក្នុងភូមិត្រូវធ្វើស្រែ ចម្ការ និងជីក និងរែកដី។ ចំណែកកូនៗគាត់ត្រូវរស់នៅក្នុងកងកុមារត្រូវដើររើសអាចម៍គោ និងរើសគួរស្រូវ។ គាត់ត្រូវហូបអាហារ រួមគ្នាជាមួយប្រជាជនដទៃទៀតក្នុងសហករណ៍ របបអាហារនៅពេលនោះមិនទាន់ខ្វះខាតខ្លាំងទេ។
នៅឆ្នាំ១៩៧៨ យ៉ុន ឪពុកម្តាយ ប្តី និងកូនៗ ត្រូវបានជម្លៀសពីស្រុកកំណើតទៅខេត្តពោធិ៍សាត់។ យ៉ុន ត្រូវធ្វើដំណើរដោយថ្មើរជើង ជិះកប៉ាល និងរថភ្លើងទើបដល់ខេត្តពោធិ៍សាត់។ យ៉ុន បាននិយាយបន្តថា នៅពោធិ៍សាត់ស្ថានភាពរស់នៅចាប់ផ្តើមលំបាកទាំងការរស់នៅ និងរបបអាហារ។ ពេលទៅដល់សមាជិកគ្រួសារបានរស់នៅបែកគ្នា។ ឪពុកត្រូវបាននាំទៅធ្វើការឆ្ងាយមិនដឹងទៅកន្លែងណារហូតដល់សព្វថ្ងៃ។ ចំណែកកូនៗត្រូវរស់នៅកន្លែងផ្សេងដែលមានចាស់ៗនៅមើលថែ ថ្ងៃខ្លះ យ៉ុន បានជួបកូនប៉ុន្តែមិនហ៊ាននៅយូរឡើងព្រោះត្រូវទៅធ្វើការកន្លែងផ្សេង គាត់ឃើញកូនមានសុខភាពមិនល្អ ព្រោះគ្មានអាហារគ្រប់គ្រាន់កូនៗគាត់ស្គមនៅសល់តែស្បែក និងឆ្អឹង គាត់ឃើញហើយតក់ស្លុតចិត្តជាខ្លាំង។ យ៉ុនបន្តថា កូនៗគាត់ត្រូវដើរមើលគោ ក្របី និងមិនបានទៅសាលារៀនទេ។ យ៉ុន ត្រូវកាប់ព្រៃ និងគាស់គល់ឈើ តាមផែនការឲ្យបានទំហំដីទទឹង ១០ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ។
យ៉ុន៖ «ចម្ងាយប្រហែលជា២00ម៉ែត្រ ពីកន្លែងខ្ញុំធ្វើការជារណ្តៅសម្រាប់សម្លាប់មនុស្សរបស់ខ្មែរក្រហម ខ្ញុំឮតែសម្លេងមនុស្សស្រែកយំមុនស្លាប់ ឮតែសម្លេងកាំភ្លើងបាញ់ផាំងៗ ខ្ញុំមិនហ៊ានមើលទេ ព្រោះមិនដឹងថាពេលណាដល់វេនយើងទេ រស់មួយថ្ងៃគិតមួយថ្ងៃ។ មានអ្នកនៅសហករណ៍ជាមួយបានបាត់ខ្លួនជាញឹកញាប់ ខ្ញុំមិនដឹងថាគេត្រូវទៅទីណាខ្លះទេ។
នៅទីនេះ យ៉ុន បានឃើញមនុស្សស្លាប់ច្រើនដោយសារតែជំងឺ និងហូបអាហារមិនគ្រប់គ្រាន់។
បន្ទាប់ពីកាប់ព្រៃ គាស់គល់ឈើ ដល់ខែស្រូវទុំខ្មែរក្រហមបានបញ្ជាឲ្យគាត់ទៅច្រូតច្រូវ ធ្វើការជាក្រុមៗ និងនៅតាមវាលស្រែ។ ពេលកំពុងច្រូតស្រូវមានយន្តហោះ ហោះពីលើមនុស្សកំពុងតែច្រូតស្រូវ។ ក្នុងសំបុត្របានប្រាប់ថាអ្នករស់នៅភូមិស្រុកណាកន្លែងណាអាចត្រឡប់ទៅកន្លែងខ្លួនវិញបាន ឃើញដូចនេះគាត់សប្បាយចិត្តណាស់។ រំលងបានបីថ្ងៃបន្ទាប់ពីអានសំបុត្រនោះរបបខ្មែរក្រហមក៏បានដួលរលំ។ គាត់បានដើររកកូន ប្តី និងសមាជិកគ្រួសារដទៃទៀតដែលរស់នៅផ្សេងៗគ្នា និងធ្វើដំណើរត្រឡប់មករស់នៅឯខេត្តស្វាយរៀងវិញ កូនម្នាក់បានស្លាប់ដោយសារតែជំងឺពេលធ្វើដំណើរតាមផ្លូវ និងឪពុកជាទីស្រឡាញ់បានបាត់ខ្លួន។
បច្ចុប្បន្ន យ៉ុន មានជំងឺក្រពះ និងជំងឺពកក គាត់ឧស្សាហ៍ទៅពិគ្រោះជាមួយពេទ្យនៅក្នុងភូមិ។
អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤
សម្ភាសន៍ដោយៈ សៅ ចាន់ណា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១