កូនស្លាប់ដោយសារគ្មានទឹកដោះ

(ស្វាយរៀង) ៖ ម៉ី សារិន មានអាយុ៨៣ឆ្នាំ ជាកសិកររស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។

សារិន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បាន​រៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់​បានឆ្លងកាត់ការលំបាកជាច្រើនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបប​នោះ គាត់ទើប​សម្រាលកូនបានបីខែត្រូវបានអង្គការ​ប្រើឲ្យជីក និងរែកដីបាតត្រពាំងយកមកធ្វើជី។ សារិន បន្តថា គាត់ត្រូវធ្វើការតាំងពីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាច។ ចំណែករបបអាហារវិញទទួលបានតែបបររ៉ាវៗ ធ្វើឲ្យគាត់គ្មានកម្លាំង និងមានជំងឺទាស់ [ឈ្មោះ​ជំងឺ​​ដោយ​សារ​ចំណីអាហារ ឬ​ធ្វើ​ការងារ​ធ្ងន់ ក្នុងពេលដែលទើបតែសម្រាល​កូនរួច] គ្មានទឹកដោះឲ្យកូនបៅរហូតដល់កូនស្រីអាយុបីខែបានស្លាប់ដោយសារតែបាក់ទឹកដោះ។

គាត់បាន​និយាយបន្តថា ម្តាយគាត់ដែលមានវ័យចំណាស់ក៏អង្គការបង្ខំឲ្យធ្វើការងារធ្ងន់ៗ និងមិនឲ្យហូបគ្រប់គ្រាន់ផងដែរ រហូតដល់ម្តាយបានធ្លាក់ខ្លួនឈឺជំងឺរាគរុសរហូត​ដល់​ស្លាប់​ដោយសារគ្មាន​ការ​ព្យាបាលត្រឹមត្រូវ។ សារិន បន្ថែមថា ពេលម្តាយ​ស្លាប់គាត់បានទៅសុំអង្ករនៅសហករណ៍មួយកំប៉ុងដើម្បីធ្វើ​បុណ្យ និងឧទ្ទិស​​ផល កុសល​​បុណ្យ​ទានជូនម្តាយ ប៉ុន្តែគេមិនអនុ​ញ្ញាត។ ពេលនោះគាត់តូចចិត្តខ្លាំង​ណាស់ក្នុងនាមជាកូនដែលមិនអាចតបស្នងសងគុណម្តាយ​ជាលើកចុងក្រោយ។

ក្រោយមក សារិន និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតទៅតំបន់អ្នកលឿង ខេត្តព្រៃវែង។ នៅទីនោះ​គាត់​បានឃើញឃ្លាំង ដែលពោរពេញទៅដោយអង្ករប៉ុន្តែអង្គការមិនឲ្យហូបឆ្អែត។ គាត់ និងប្រជាជនដទៃទៀតត្រូវបានខ្មែរក្រហមផ្តល់ឲ្យតែអង្ករមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់​មួយគ្រួសារ។ ចំណែកការងារ សារិន ត្រូវទៅជីក រែកដី ធ្វើស្រែនិងរុករានដីព្រៃឆ្ងាយៗពីកូន ដែលត្រូវដើររើសប្រមូលអាចម៍គោសម្រាប់ទុកធ្វើជី​ដាក់ស្រែ។

នៅតំបន់អ្នកលឿង សារិន បានឃើញកប៉ាល់ដែលដឹកប្រជាជនពីត្រើយម្ខាង ទៅត្រើយម្ខាងបានលិចជាញឹកញាប់នៅពេលដែលខ្មែរក្រហមបង្ខំឲ្យប្រជាជនឆ្លងទន្លេដើម្បីជម្លៀសទៅ​រស់នៅ​ខេត្តផ្សេងៗ។

នៅកន្លែង សារិន រស់នៅគាត់ក៏ឃើញអ្នកជំងឺស្លាប់ច្រើនដោយសារគ្មានការព្យាបាលត្រឹមត្រូវ និងគ្មានអាហារហូបគ្រប់គ្រាន់​។

សារិន រស់​នៅអ្នកលឿងបានមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំ។ មុនពេលដែលទាហានខ្មែរក្រហមរត់​ចាកចេញពីតំបន់អ្នកលឿង ដើម្បីធ្វើដំណើរឆ្ពោះទៅភាគខាងលិច ខ្មែរក្រហមបានដុតបំផ្លាញឃ្លាំងស្រូវអង្ករ និងសម្ភារៈប្រើប្រាស់ដទៃទៀត។

នៅតាមផ្លូវធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើត​វិញ សារិន បានឃើញសាកសពទាហាន និងប្រជាជនស្លាប់យ៉ាងច្រើន។ គាត់ និងគ្រួសារបានធ្វើដំណើរជាងមួយសប្តាហ៍ទើបមកដល់ស្រុកកំណើត។ ពេលមកដល់​ផ្ទះសម្បែងត្រូវបានបំផ្លាញអស់ គាត់ និងគ្រួសារបានចាប់ផ្តើមកសាងឡើងវិញ។

បច្ចុប្បន្ន សារិន មានជំងឺលើសឈាម និងជំងឺឈឺចង្កេះ​។ គាត់ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ។

សម្ភាសន៍ដោយ  ជុំ ចាន់រាត្រី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin