កូនពីរនាក់ស្លាប់នៅបាត់ដំបង

(ស្វាយរៀង) ៖ ម៉ី សុគន្ធ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ សុគន្ធ រស់នៅជាមួយ​ប្តី​របស់គាត់​នៅស្រុកកំណើត និង មានកូនពីរនាក់។ នៅក្នុងរបបខ្មែរក្រហម សុគន្ធ រស់នៅក្នុងកងយុវនារីសហករណ៍ជាមួយនឹងនារីផ្សេងៗក្នុងភូមិ។ កូនពីរនាក់របស់គាត់​ត្រូវរស់នៅកងកុមារជាមួយចាស់​ៗ ជាអ្នកមើលថែ។ ចំណែកប្តី ត្រូវ​ទៅ​​​ធ្វើការជាឈ្លបយាមព្រំដែនឆ្ងាយ​ៗ​ពីភូមិ ព្រោះគាត់ធ្លាប់ធ្វើការងារនេះក្នុងសម័យ លន់ នល់ គឺចាំអង្កេត​មើលកងទ័ពវៀតណាមកុំឲ្យ​ឈ្លាន​ពាន​តាមតំបន់ព្រំដែន។

សុគន្ធ ស្ថិតនៅក្នុងកងចល័ត ប៉ុន្តែគាត់មិនសូវបានធ្វើការពេញលេញដូចយុវនារីដទៃទៀតទេ ដោយសារគាត់មានជំងឺប្រចាំកាយ គឺជំងឺដុះដុំសាច់កធ្វើឲ្យគាត់គ្មានកម្លាំង​កំហែងក្នុងខ្លួន។ សុគន្ធបន្តថា ដោយសារតែប្រធានសហករណ៍ជាអ្នកនៅក្នុងភូមិ និងមានចិត្តល្អគាត់មិនសូវធ្វើបាប និងបង្ខំឲ្យសុគន្ធធ្វើការងារធ្ងន់ៗទេ។

ក្រោយមកដោយសារខ្លាច​អង្គការយកទៅសម្លាប់ សុគន្ធ បានប្រាប់ប្រធានសហករណ៍ថា ជំងឺគាត់បានធូរស្បើយហើយ អង្គការក៏ឲ្យគាត់ទៅដក និងស្ទូងស្រូវ នៅភូមិរមាសហែក ឃុំអំពិល។ គាត់ត្រូវងើបទៅធ្វើស្រែពីម៉ោងប្រាំព្រឹក និងត្រឡប់មកកន្លែងស្នាក់នៅវិញនៅពេលល្ងាច។ ចំណែករបបអាហារគាត់ទទួលបានបាយ និងសម្លមិនគ្រប់គ្រាន់ទេចំណែកការងារធ្វើគ្មានពេលសម្រាក​។

ឆ្នាំ១៩៧៨ ប្តីរបស់គាត់​ត្រូវបានអង្គការចោទប្រកាន់ថាជាខ្មាំង ព្រោះធ្លាប់មានតួនាទីពីរបបមុន ដូច្នោះ គាត់ កូន និងប្តី ត្រូវបាន​អង្គការជម្លៀសទៅខេត្តបាត់ដំបង។ ពេលទៅដល់ខេត្តបាត់ដំបងភ្លាមអង្គការបានប្រើ សុគន្ធ និង ប្រជាជនទាំងអស់លើកលែងតែកូនក្មេង និងចាស់ជរា ឲ្យជីកដីដើម្បីធ្វើប្រឡាយ និងសង់ទំនប់ខ្ពស់ៗដោ​យ​កំណត់​​ម៉ែត្រ និងកាន់តែច្រើនម៉ែត្រ រហូតស្ទើរតែមិនអាចទ្រាំទ្របាន។ អង្គការផ្តល់របបអាហារបាយមួយវែក និងសម្លលាយស្លឹកដំឡូង សម្រាប់តែអ្នកធ្វើការប៉ុណ្ណោះ សូម្បីតែអ្នកជំងឺក៏មិនត្រូវ​បាន​ផ្តល់ឲ្យដែរ។ សុគន្ធ បានសម្រាលកូនទីបីនៅក្នុង​របបខ្មែរក្រហម។

សុគន្ធ៖ «និយាយថាការជម្លៀសគាត់ និងប្រជាជនទៅខេត្តបាត់ដំបងនេះគឺបំណងសម្លាប់ ដោយសារលក្ខ​ខណ្ឌ​ការងារ ការរស់នៅ និងរបបអាហារគឺស្ទើរតែមិន​អាចតស៊ូបាន។ កូនខ្ញុំម្នាក់ស្លាប់ដោយសារតែអត់អាហារ។ ប្រជាជនដទៃទៀតស្លាប់រាល់ថ្ងៃ អ្នកដែលមានជីវិតរស់​គឺដោយសារតែរបបខ្មែរក្រហមបានដួលរលំមុនប៉ុណ្ណោះ»។

សំណាងល្អ សុគន្ធ និងគ្រួសាររស់នៅខេត្តបាត់ដំបងបានតែប្រហែលប្រាំមួយខែ របបខ្មែរក្រហមក៏បានដួលដោយកងទ័ពរំដោះទើបគាត់ និងគ្រួសារ ព្រមទាំងប្រជាជន ជម្លៀស​ដទៃទៀតអាចត្រឡប់​មកស្រុកកំណើតវិញ។

ពេលធ្វើដំណើរដោយថ្មើរជើងពីបាត់ដំបងមករស់នៅស្រុកកំណើតវិញត្រូវចំណាយរយៈពេលប្រមាណជាបី ខែ។ តាមផ្លូវធ្វើដំណើរកូនរបស់ សុគន្ធ ដែលទើបសម្រាលបាន១ខែ បានស្លាប់ម្នាក់ទៀតដោយសារតែជំងឺ និងគ្មានអាហារហូប។

ពេលមកដល់ខេត្តស្វាយរៀង គាត់បានប្រកបរបបធ្វើស្រែ។ បច្ចុប្បន្ន សុគន្ធ មានជំងឺដុំពកក ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។ គាត់ឧស្សាហ៍ឈឺក្បាល និងវិលមុខ​។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin