អ្នកចេះអក្សរធ្វើពុតជាមិនចេះ
(កំពង់ឆ្នាំង)៖ មិញ សាយ រស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្នគាត់មានអាយុ ៦៨ ឆ្នាំ ជាកសិកររស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់ក៏ដូចជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀតបានរៀបរាប់ពីភាពជូរចត់ និងទិដ្ឋភាពផ្សេងៗដែលបានកើតឡើងនាសម័យនោះ។
នៅឆ្នាំ ១៩៧៥ ការចាប់ផ្គើមនៃសម័យខ្មែរក្រហម សាយ មានកូនតូចអាយុ ពីរឆ្នាំ ដែលតម្រូវឲ្យរស់នៅផ្សេងគ្នា។ សាយ ត្រូវបានជម្លៀសទៅស្រុកលើ (តំបន់ព្រៃភ្នំ) រហូតដល់ អូររលួស ទីដែលគាត់តម្រូវឲ្យធ្វើជាសហករណ៍តាមក្រុម។ ក្រុមរបស់គាត់ ទទួលបន្ទុក លើកភ្លឺស្រែ ដាំដំឡូង ជីកទំនប់ គាស់ដី និងតាមការបញ្ជារបស់មេកង។ គាត់មិនតម្រូវឲ្យជួបជុំគ្រួសារនោះទេ។ អ្វីដែលគាត់មានប្រសាសន៍ គឺដូចទៅនឹងរឿងរ៉ាវរបស់អ្នករស់រានមានជីវិតផ្សេងទៀតដែរ ក្នុងនោះរួមមានការស្លៀកពាក់ខោអាវខ្មៅមួយកំផ្លេ និងក្រណាត់ពណ៌សជ្រលក់ពណ៌ឲ្យទៅជាខ្មៅ ព្រមទាំងការហូបមិនគ្រប់គ្រាន់ដោយម្នាក់ទទួលបាន មួយវែក (វែកក្រចកសេះ) ប៉ុណ្ណោះសម្រាប់អាហារមួយពេល។
ពេលខ្លះក៏ហូបអ្វីបន្ថែម ដូចជាមើមត្រាវ ដើមចេក ដើមល្ហុង ដំឡូង និងស្មៅ មានអ្នកខ្លះបានពុលស្លាប់ជាដើម។ បន្ថែមពីលើនេះ ខែស្ទូងស្រូវ គាត់ត្រូវបានចាត់តាំងឲ្យទៅស្ទូងពីកន្លែងមួយទៅកន្លែងមួយ ខណៈនោះមានការបាត់ខ្លួនអ្នកស្ទូងជាមួយជាបន្តបន្ទាប់។ រយៈពេលពីរបីថ្ងៃក្រោយទើបដឹងថាត្រូវបានគេសម្លាប់។ អ្នកទាំងនោះភាគច្រើនជា គ្រូបង្រៀន ទាហាន អ្នកចេះអានអក្សរ ដែលត្រូវបានខ្មែរក្រហម តាមដាន អំពីជីវប្រវត្តិ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកចេះអក្សរធ្វើពុតជាមិនចេះ ឯអ្នកមិនចេះទុកសម្រាប់ធ្វើជាមេ ដោយមានភាពក្អេងក្អាង និងមិនអាណិតអាសូរចំពោះជាតិសាសន៍គ្នាឯង។
របបកម្ពុជាប្រជាធិបតេយ្យ មិនបានកសាង និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋម្នាក់ៗនោះទេ ផ្ទុយមកវិញរបបនេះបានបំផ្លិចបំផ្លាញ់សង្គមជាតិជាប្រព័ន្ធ។ ការសម្លាប់អ្នកចេះដឹង ការព្រាត់ប្រាសគ្រួសារ ការបរិភោគមិនគ្រប់គ្រាន់ និងការធ្វើការហួសកម្លាំងជាដើម៕
សម្ភាសន៍ដោយ បឿន ស្រីនិច ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣