ម៉ិញ ហួត៖ ខ្ញុំធ្វើការងារអាងកម្លាំង

(តាកែវ)ម៉ិញ ហួត អាយុ៨៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន គាត់ រស់នៅភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅឆ្នាំ១៩៧៤ ខាងសហករណ៍បានបញ្ជូនគ្រួសារ ហួត ពីខាងភូមិធ្មួល មករស់នៅភូមិត្រពាំងទា រហូតមកដល់បច្ចុប្បន្ន។ ម្ដាយរបស់ ហួត បានស្លាប់នៅពេលដែលកូនរបស់គាត់ ឈ្មោះមុំ កើតបាន៣ខែ។ ប៉ុន្មានថ្ងៃក្រោយមក តា របស់ ហួត បានស្លាប់ម្នាក់ទៀត។ ពេលនៅរៀន ហួត គឺជាអ្នកលេងកីឡាល្បីម្នាក់ ព្រោះគាត់អាចលេង បាល់បោះ បាល់ទះ និងបាល់ទាត់។

ហួត បានឲ្យដឹងថា នៅក្នុងសម័យខ្មែរក្រហម គាត់មិនសូវជួបការលំបាកប៉ុន្មានទេ ព្រោះកម្មាភិបាលដែលធ្វើការនៅក្នុងសហករណ៍របស់គាត់​ គឺជាអ្នករៀនជាមួយគ្នា និងចូលចិត្តគាត់។ មួយវិញទៀត ហួត មិនដែលត្រូវបានអង្គការកសាងនោះទេ ព្រោះគាត់តែងតែខិតខំធ្វើការងារ គោរពគោលការណ៍អង្គការ និងមិនដែលលេងសើចផ្ដេសផ្ដាស់នោះទេ។ បើតាមសម្ដីរបស់ ហួត ពាក្យថាកសាង គឹជាការបំភ្លឺឲ្យដើរផ្លូវល្អ នៅពេលដែលយើងដើរផ្លូវខុស ឬក៏ធ្វើខុសអ្វីមួយ នោះអង្កការហៅយើងទៅកែលម្អ។

នៅក្នុងសម័យខ្មែរក្រហម ហួត មានអាយុ៤៥ឆ្នាំ។ ហួត បានបន្តថា គាត់មិនបានជួបការលំបាកប៉ុន្មានទេ ព្រោះគាត់មានកម្លាំងធ្វើការងារ។ អង្គការបានប្រើឲ្យ ហួត ធ្វើការ ភ្ជួរ រាស់ កាប់ដី រែកដី និងកាប់ព្រៃនៅវាលរិញ។ ការងាររបស់ ហួត ចាប់តាំងពីម៉ោង៧ រហូតដល់សម្រាកបាយថ្ងៃត្រង់ ហើយពេលថ្ងៃចាប់តាំងពីម៉ោង១រហូតដល់ល្ងាច។ គ្រប់ផែនការណ៍ដែលអង្គការដាក់ឲ្យហួតធ្វើ គឺធ្វើបានល្អគ្រប់ចំនួន ហើយពេលខ្លះលើសផែនការណ៍ទៀតផង។ នៅពេលដែល ហួត ចេញទៅធ្វើការក្រៅសហករណ៍ ប្រធានក្រុមរបស់គាត់ តែងតែណែនាំគាត់កុំឲ្យលួចហូបស្រា និងលេងសើចផ្ដេសផ្ដាស ព្រោះអាចបាត់ខ្លួន។

ចំពោះក្រុមគ្រួសាររបស់ ហួត មិនបានបែកគ្នានោះទេ ប៉ុន្តែគាត់មិនអាចដើរចេញទៅក្រៅបានដោយសេរី។ ចំណែកឯការហូបអាហារ ហួត បានឲ្យដឹងថា គាត់អាចហូបបបរបានគ្រប់គ្រាន់ ព្រោះប្រធានរបស់គាត់ពេញចិត្តការធ្វើការងាររបស់គាត់។

សម្ភាសន៍ដោយ វ៉ែន ចរិយា ៖ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin