ការឈឺចាប់គ្រប់ស្រទាប់វណ្ណៈ

មិត្ត កុសល អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(បាត់ដំបង)៖ មិត្ត កុសល អាយុ៥៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅសម័យខ្មែរក្រហម គាត់ជាកងចល័តម្នាក់ ធ្វើការរែកដី នៅអាងម៉ាឈិត។ នៅឆ្នាំដំបូងនៃរបបខ្មែរក្រហម កុសល បានទទួលការហូបចុកគ្រប់គ្រាន់ តែនៅពាក់កណ្តាលឆ្នាំ១៩៧៧ ការហូបចុកចាប់ផ្តើមខ្វះខាត ដែលធ្វើឲ្យគាត់ធ្វើការហួសកម្លាំង និងបរិភោគតែបបរ រហូត​ដល់​គាត់សម្រាកនៅមន្ទីរពេទ្យដើម្បីព្យាបាល។ កាលនោះគាត់មានអាយុប្រហែល១៤ឆ្នាំ បន្ទាប់មក គាត់ត្រូវបានដេញចេញពីមន្ទីរពេទ្យ ឲ្យបន្តទៅធ្វើកងចល័តនៅអូរអន្លក់ និង លើកទំនប់ប្រឡាយកំពីងពួយ ភាគខាងត្បូងអូរអន្លក់។

នៅដើមខែប្រាំង គាត់ធ្វើការ​ដោយ​គ្មានបាយហូប​គ្រប់គ្រាន់​ នៅពេលដែលគាត់ធ្វើកងចល័តនៅភូមិពពាលខែ។ ថ្ងៃនោះ គាត់ត្រូវបានគេយកទៅនៅវត្តពពាលខែ ដែលអ្នកស្រុកបានដាំបាយឲ្យហូបទាំងយប់។ ត្រឡប់មកនៅភូមិវិញ គាត់បានបន្តលើកភ្លឺស្រែ និងជាន់រហាត់ទឹកនៅភូមិអាចម៍ក្រពើ។ កុសល បានព្រាត់ប្រាសឪពុកម្តាយតាំងពីឆ្នាំ១៩៧៧ និងបានជួបជុំគ្នាវិញនៅឆ្នាំ១៩៧៩។ គាត់បាននិយាយថា «សូមកុំឲ្យប្រទេសជាតិធ្លាក់ដល់ចំនុចហ្នឹងទៀត មនុស្សជាតិយើងមិនចង់ធ្លាក់ដល់ចំនុចហ្នឹងទៀតទេ»។

នៅឆ្នាំ​១៩៧៥ គាត់មានការសប្បាយចិត្តចំពោះការរំដោះ ក៏ប៉ុន្តែអស់ពីសប្បាយ ក៏ក្លាយជាទុក្ខ។ គាត់ត្រូវជម្លៀសពីកន្លែងគាត់រស់សព្វថ្ងៃ នៅម៉ោង១២ថ្ងៃត្រង់ ត្រឹមតែរយៈពេលពីរម៉ោងប៉ុណ្ណោះ ឲ្យចេញឲ្យអស់ពីភូមិ។ គាត់យល់ថា អ្នកដឹកនាំសម័យនោះមិនល្អនោះទេ ដែលបានធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈឈឺចាប់ ព្រាត់ប្រាសគ្រួសារ ធ្វើឲ្យប្រជាជនបាក់កម្លាំង មិនឲ្យមានការតស៊ូនោះទេ។ នេះជាសោកដនាកម្មមិនអាចបំភ្លេចបានចំពោះកុសល។មិត្ត កុសល មានការដឹងគុណចំពោះការដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដោយសម្តេចតេជោ ក្រោមនយោបាយឈ្នះៗ នឹងជួយជីវិតគាត់ឲ្យបានរស់មកដល់សព្វថ្ងៃ។

មិត្ត កុសល បានរៀបរាប់ពីមេដឹកនាំនៅក្នុងតំបន់ ដូចជា តាភៀង ដែលជាមេភូមិ និងតាឆាំ ជាចៅហ្វាយស្រុកនៅសម័យខ្មែរក្រហម ដែលគាត់បានស្គាល់។ តាមរយៈវិទ្យុរណសិរ្សសង្គ្រោះជាតិ គាត់បានដឹងពីការកាត់ទោសខៀវ សំផន នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងការកាត់ទោសម្តងទៀត។ ខ្មែរក្រហមបានប្រល័យពូជសាសន៍ជនជាតិខ្លួនឯង ដោយអំពើព្រៃផ្សៃ ដូច្នេះគាត់គាំទ្រដល់ដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមរបស់តុលាការខ្មែរក្រហម ដើម្បីឲ្យប្រជាជនអស់ចិត្ត និងជាការការពារមិនឲ្យមានរបបនោះម្តងទៀត។

ជាចុងក្រោយគាត់បានស្នើសុំឲ្យខាងក្រសួងឬកាសែតព័ត៌មាន ផ្សព្វផ្សាយពីរបបខ្មែរក្រហម និងចង់ឲ្យក្រសួងអប់រំដាក់ចូលក្នុងកម្មវិធីសិក្សា អំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះដើម្បីការពារកុំឲ្យកើតមានឡើងម្តងទៀត៕

សម្ភាសន៍ដោយ លឿប សុផៃលីន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin