លើកទីមួយដែលខ្ញុំត្រូវបានសម្ភាសន៍អំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ម៉ុក ឈុនឡេង រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ម៉ុក ឈុនឡេង មានអាយុ៧២ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិមួយ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ ឈុនឡេង ជាសេនាជនដឹកជញ្ជូន​អំបិលនៅខេត្តក្រចេះ។ នៅឆ្នាំបន្ទាប់គាត់បានបួសជាព្រះសង្ឃ។ ក្រោយមក ខ្មែរក្រហមបានចាប់គាត់ផ្សឹក និងបញ្ជាឲ្យគាត់លើកទំនប់ ធ្វើសំណង់ដោយលាយស៊ីម៉ង់សម្រាប់ធ្វើទំនប់ និងទ្វារទឹក។

បន្ទាប់មកខ្មែរក្រហម​ចាត់តាំងឲ្យគាត់មកធ្វើការជាកងចល័តតំបន់ ដោយធ្វើពលកម្មពីព្រឹកម៉ោង៤ទៀបភ្លឺ ដូចជាការជម្រះស្មៅ ធ្វើស្រែចម្ការរហូតដល់ម៉ោង១១យប់អធ្រាត្រ ដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់នោះទេ។ អស់រយៈពេលប៉ុន្មានខែក្រោយមកទៀត ឈុនឡេង ត្រូវបានចាត់តាំងឲ្យធ្វើខាងកសិកម្មដោយត្រូវធ្វើជីលេខ២ ដោយយកលាមកលាយជាមួយផេះ និងទន្រ្ទានខេត្តដែលចិញ្ច្រាំ​រួចដោយកងកុមារ។

គាត់ទទួលបានរបបបាយត្រឹមតែ៣០ភាគរយនៃចានចង្កឹះ លាយជាមួយត្រួយដំឡូងប៉ុណ្ណោះសម្រាប់បរិភោគ។  ក្រៅពីនោះគាត់ធ្វើជាកងដឹកជញ្ជូនស្រូវ ដោយមានសមា​ជិក៦នាក់រួមជាមួយឡានដឹកទំនិញចំនួន២គ្រឿង។ គាត់ត្រូវ​​លីសែងស្រូវទាំងការុងពីឃ្លាំងទៅដាក់តាមកាណូត ហើយបន្តលើកដាក់ឡាន និងដឹកពីមន្ទីរស-៣២ (ភូមិដែលគាត់រស់នៅ) ទៅមន្ទីរស-៣១ នៅឯខាងស្រុកវើនសៃ។ ជួនកាលគាត់ត្រូវដឹកជញ្ជូនទៅភូមិភ្នំកុក និងភូមិបាក់កែជាដើម។

ថ្ងៃមួយខ្មែរក្រហមបាននាំខ្លួនគាត់ទាំងយប់ ដោយគាត់ស្មានតែគេរៀបនឹងសម្លាប់គាត់ តែការពិតខ្មែរក្រហមនាំគាត់ទៅភូមិតឺន ដើម្បីរៀបចំគ្រួសារ។ គាត់បានរៀបការក្នុងពេលតែមួយជាមួយមនុស្សចំនួនបីគូផ្សេងទៀតនៅឆ្នាំ១៩៧៥។ ក្រោយពីរៀបការ គាត់ត្រូវបានបញ្ជូនទៅធ្វើការនៅការដា្ឋនភូមិអូរកាទឹង និងបន្តទៅធ្វើការនៅសហករណ៍ត្រពាំងក្រហម។ អស់រយៈពេលប៉ុន្មានថ្ងៃ គាត់ត្រូវបញ្ជូនឲ្យទៅអាឈើនៅភ្នំទឹកចេញ។ នៅទីនោះខ្មែរក្រហមបានហៅគាត់ទៅប្រជុំដោយគំរាមថា «នឹងវាយក្បាលយួន»។

នៅយប់បន្ទាប់ គាត់បានលឺសម្លេងយន្តហោះទម្លាក់គ្រាប់បែកនៅបឹងកន្សែង។ ប្រជាជននៅសហករណ៍ត្រពាំងក្រហមមានភាពច្របូកច្របល់ ឆ្លៀតឱកាសនោះគាត់បានរត់ទៅរោងបាយ ដើម្បីយកបាយគេចម្អិនរួចនៅក្នុងឡាំងស៊ឹង និងអំបិលសម្រាប់ទុកហូបតាមផ្លូវ។

នៅឆ្នាំ១៩៧៩ គាត់បានត្រឡប់មករស់នៅភូមិកំណើត​​​វិញ និងត្រូវបានចាត់តាំងឲ្យធ្វើអនុសេនាជនឃុំដោយគ្មានប្រាក់ខែនោះទេ។ គាត់មានតែកាំភ្លើង និងគ្រាប់សាបសិមប៉ុណ្ណោះសម្រាប់ការពារកុំឲ្យមានការបរបាញ់សត្វព្រៃ។ គាត់ក៏ជាគ្រូពេទ្យនៅស្រុកលំផាត់ នៅសម័យរដ្ឋកម្ពុជាអំឡុងឆ្នាំ១៩៨០។

នៅសម័យខ្មែរក្រហម មនុស្សដែលគាត់ស្គាល់ជាង៥០នាក់ត្រូវបានបាត់បង់ជីវិត។ គោក្របីត្រូវបានប្រមូលដាក់មួយកន្លែង រួមទាំងផ្ទះឈើក្នុងភូមិត្រូវបានរុះរើស ដើ​ម្បី​​​កសាងសហករណ៍នៅភូមិត្រពាំងក្រហម និងភូមិត្រពាំងច្រេស។  កុមារត្រូវជញ្ជូនដី និងកាប់ទន្រ្ទានខេត្ត​ ចំណែកមនុស្សចាស់ត្រូវគាស់គុម្ពព្រិច ដាំដំឡូងនិងមើលថែក្មេងតូចៗ។ អ្នកដែលស្រលាញ់គ្នាដោយលួចលាក់ ឬហៅថា «ជង្គង់បួន» ត្រូវបានយុវជនក្រុមយោធាចោទប្រកាន់ថា​ ខុសសីលធម៌ និងវាយដំធ្វើបាប នៅចំពោះមុខមេទ្ទិញដែលមានមនុស្សរាប់រយនាក់ចូលរួម។

ជាចុងក្រោយ គាត់សង្ឃឹមថាអ្នកជំនាន់ក្រោយចងចាំពីប្រវត្តិសាស្ត្រនេះតាមរយៈការចងក្រងឯកសារនិងរឿង​រ៉ាវ​ផ្ទាល់ខ្លួនរបស់គាត់។ ម៉ុក ឈុនឡេង បានបញ្ជាក់ថានេះជាលើកទីមួយដែលគាត់ត្រូវបានសម្ភាសន៍ពីបទពិសោធន៍នៃការឆ្លងកាត់ជំនាន់ខ្មែរក្រហម ដោយអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈ​មណ្ឌល​​​​ឯកសារកម្ពុជា៕

សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin