មុំ វិបុល៖ «ប្រធានក្រុមការដ្ឋានលើកប្រព័ន្ធភ្លឺស្រែ » មើលការខុសត្រូវក្រុមចំនួន៣០នាក់ នៅឃុំមេមង ស្រុកមេមត់

នៅចុងឆ្នាំ១៩៧៧ វិបុល ត្រូវបានអង្គការតែងតាំងជាប្រធានកង ទទួលខុសត្រូវលើមនុស្សចំនួន៣០នាក់។ បន្ទាប់មក វិបុល ទទួលបញ្ជាពីថ្នាក់លើ ចំពោះផែនការលើកប្រព័ន្ធភ្លឺស្រែ។ អង្គការ[1]កំណត់ឲ្យមនុស្សម្នាក់ៗលើកប្រព័ន្ធភ្លឺស្រែឲ្យបាន១០ម៉ែត្រនៅក្នុងមួយថ្ងៃ។ ប្រសិនជាធ្វើមិនបានតាមអង្គការថ្នាក់លើកំណត់ បុគ្គលនោះគឺអត់បាយហូប។
ឈ្មោះ មុំ វិបុល[2] ភេទប្រុស អាយុ ៨៤ឆ្នាំ មានស្រុកកំណើតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន វិបុល រស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វិបុល មានឪពុកឈ្មោះ មុំ កែវ បានស្លាប់សម័យប៉ុល ពត ក្នុងឆ្នាំ១៩៧៨ ដោយសារអត់បាយនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ចំណែក ម្តាយវិបុលមានឈ្មោះ ទិត្យ ទុំ ស្លាប់ក្នុងឆ្នាំ១៩៨២ ដោយរោគា។ វិបុល មានបងប្អូនចំនួន១០នាក់ ក្នុងនោះមានស្រី៨នាក់ ហើយវិបុលជាកូនទី៤។ វិបុលមានប្រពន្ធឈ្មោះ ស្រី ឆក អាយុ ៧៩ឆ្នាំ និងមានកូនស្រីចំនូន៣នាក់ ដែលបានរៀបការរៀងៗខ្លួនអស់ហើយ។ ខាងក្រោមនេះ គឺជាការរៀបរាប់របស់វិបុល អំពីដំណើរជីវិតខ្លួន។
កាលពីកុមារភាព ខ្ញុំបានចូលរៀន ធ្វើជាកូនសិស្សលោកតាំងពីអាយុ៥ឆ្នាំ។ ខ្ញុំបានសុំម្តាយឪពុកចាកចេញពីផ្ទះ ដើម្បីមករៀននៅវត្តក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់។ ខ្ញុំបានចូលរៀនតាំងពីអាយុ៥ឆ្នាំ ហើយនៅក្នុងសម័យសង្គមរាស្រនិយម គេរាប់ចាប់ពីថ្នាក់ទី១២រហូតចុះដល់ថ្នាក់ទី១។ ព្រឹកឡើងខ្ញុំរៀនអក្សរខ្មែរ លេខ និងភាសាបារាំង ដោយភាសាបារាំងក្នុងមួយសប្តាហ៍ ខ្ញុំរៀនចំនួនពីរដងប៉ុណ្ណោះ។ នៅក្នុងមួយថ្ងៃ ខ្ញុំរៀនពីរផ្នែក គឺភាសាខ្មែរ និងភាសាបាលី។ ចាប់ពីម៉ោង៧កន្លះខ្ញុំរៀនភាសាខ្មែរ ហើយពេលល្ងាចចាប់ពីម៉ោង៦-៧ ខ្ញុំរៀនភាសាបាលី ធម៌ ជាមួយលោកគ្រូ ឆោង ប៉ឹម ដែលជាព្រះសង្ឃគង់នៅវត្តក្រវៀន ឃុំជាំក្រវៀន។ រហូតដល់មានអាយុ៨ឆ្នាំ ខ្ញុំចេះសូត្រធម៌បន្តិចបន្តួច ក៏ចូលបួសនៅក្នុងសំណាក់ព្រះពុទ្ធសាសនាវត្តក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់។ ក្រោយពីខ្ញុំបួសបានមួយសប្តាហ៍ លោកគ្រូមិនទាន់ឲ្យខ្ញុំចេញទៅបិណ្ឌបាតទេ ទាល់បានកន្លះខែ ទើបខ្ញុំចេញទៅបិណ្ឌបាតជាមួយព្រះសង្ឃមានព្រះជន្មច្រើនជាងដែលបានបួសមុនខ្ញុំ។
កាលសម័យខ្ញុំរៀន ក្នុងភូមិមានត្រឹមថ្នាក់បញ្ចប់កម្រិតបឋមសិក្សាប៉ុណ្ណោះ។ ចំពោះភាសាបារាំង ខ្ញុំរៀនចេះត្រឹមតែ A,B,C បើឲ្យអានគឺមិនចេះទេ។ ថ្នាក់មជ្ឈិមនិងឧត្តមដ្ឋាន ខ្ញុំរៀនជាមួយគ្រូនី, គ្រូយាំ, គ្រូអ៊ុន, គ្រូសួន និងគ្រួប៉ា ដោយនៅក្នុងមួយថ្ងៃរៀន៨ម៉ោង។ ចំពោះសិស្សស្រីនិងសិស្សប្រុសមានចំនួនប្រហាក់ប្រហែលគ្នា។
នៅឆ្នាំ១៩៦៧ សាលាបានបិទទ្វារ ហើយសិស្សទាំងអស់ត្រូវឈប់រៀន និងត្រលប់ទៅផ្ទះធ្វើការងារជាមួយគ្រួសារវិញ។ បន្ទាប់ពីឈប់រៀន ខ្ញុំសម្រេចចិត្តបួសរហូតព្រះជនកម១៨ព្រះវស្សា រួចក៏លាចាកសិក្ខាបទ ត្រលប់ទៅភូមិសាទុំធ្វើស្រែ ចម្ការជួយឪពុកម្តាយវិញ។
នៅឆ្នាំ១៩៦៨ ខ្ញុំបានរៀបការជាមួយប្រពន្ធខ្ញុំ។ នៅជំនាន់ខ្ញុំរៀបការ ខ្ញុំត្រូវចូលស្តីដណ្តឹងតាមប្រពៃណី ប៉ុន្តែមិនមានជាពិធីធំគគ្រឹកគគ្រេងទេ។ ខ្ញុំត្រលប់មករស់នៅភូមិក្រវៀនធំតាមប្រពន្ធ។ ប្រជាជនរស់នៅក្នុងភូមិនេះ មុនសម័យសង្គមរាស្ត្រនិយម មានប្រហែល១០០គ្រួសារ។ ចំពោះអ្នកមានផ្ទៃពោះសម្រាលកូន គឺមិនដែលទៅពេទ្យទេ ព្រោះពេទ្យស្ថិតនៅស្រុកមេមត់ដែលមានចម្ងាយឆ្ងាយពីភូមិ។ ការសម្រាលកូនទទួលបានការជ្រោមជ្រែងពីឆ្មប។
នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែង។ ប្រជាជនមិនពេញចិត្តចំពោះលោកសេនាប្រមុខ លន់ នល់ ក៏បានការធ្វើបាតុកម្មទាមទារឲ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកកាន់ព្រះតំណែងវិញ។ ប្រជាជននៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្ម័គ្រចិត្តប្រមូលកម្លាំងទៅធ្វើបាតុកម្ម។ ទាហាន លន់ នល់ បានដេញក្រុមសាកឡាយ (ជាកម្មករយួនធ្វើចម្ការកៅស៊ូបារាំង) ដោយមានការបាញ់គ្នាបង្កឲ្យមានមនុស្សស្លាប់។ ខ្ញុំជាមេកងជីវពល ដឹកនាំមនុស្សចំនួន៣០០នាក់ ដើម្បីចូលរួមធ្វើបាតុកម្មនៅភូមិខ្នងក្រពើ ស្រុកមេមត់។ ខ្ញុំនិងប្រជាជននាំគ្នាដើរឃោសនាពេញភូមិគ្រប់កន្លែង ដោយស្រែកថា៖ «ជយោសម្តេចឪ! អ្នកមិនទៅកាប់ចោល»។ ខ្ញុំបានទៅទាក់ទងជាមួយឃុំទន្លូង ប៉ុន្តែខ្ញុំមិនបានទៅដល់ឃុំទន្លូងទេ។ ខ្ញុំទៅត្រឹមភូមិស្លា ឃុំទន្លូងប៉ុណ្ណោះ។ ហេតុនេះ ការទំនាក់ទំនងរវាងខ្ញុំនិងឃុំទន្លូងត្រូវខនខាន។ បន្ទាប់មក ខ្ញុំទៅឃោសនានៅស្រុកមេមត់ ដោយចូលដល់ក្នុងភូមិដូនរ័ត្ន ឃុំរូង ដើម្បីស៊ើបការណ៍ពីកម្លាំងអ្នកស្ម័គ្រចិត្តចូលរួមធ្វើបាតុកម្ម។ បន្ទាប់ពីប្រមូលបានចំនួនអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ យើងធ្វើដំណើរទៅទីតាំងខ្នងក្រពើ ស្រុកមេមត់។ ប្រជាជនទៅធ្វើបាតុកម្មមិនមានប្រដាប់កាំភ្លើងទេ គឺមានតែដំបង និងកាំបិត ចំណែកឯទាហាន លន់ នល់ មានកាំភ្លើងគ្រប់ដៃ ហេតុនេះ មានការបាញ់ប៉ះទង្គិចគ្នា។ ប្រជាជនស្លាប់ និងរបួសជាច្រើននាក់។
នៅក្នុងឆ្នាំ១៩៧០ដដែល អាមេរិកកាំងបានចូលមកទម្លាក់គ្រាប់បែកនៅស្រុកមេមត់ និងតាមព្រំដែនប្រទេសកម្ពុជា-វៀតណាម។ នៅក្នុងភូមិក្រវៀនធំ ប្រជាជនរស់នៅដោយគ្មានសុវត្ថិភាព ព្រោះគ្រាប់បានទម្លាក់ស្ទើរគ្រប់ទិសនៃឃុំជាំក្រវៀន។ អំឡុងពេលវៀតកុងចូលមកក្នុងភូមិ ស្រាប់តែយន្តហោះមកទម្លាក់គ្រាប់បែកដែរ។ មានតាអាចារ្យម្នាក់គាត់បានស្រែថា ពួកវៀតកុងបានចូលមកដល់ហើយ! ប្រជាជននាំគ្នាដេញកងទ័ពវៀតកុងឲ្យត្រលប់ចូលក្នុងព្រៃ។ ប៉ុន្តែវៀតកុងមិនព្រមចូលព្រៃ ម្នាក់ៗនាំគ្នាប្រទាញវាយ បង្កឲ្យកាំភ្លើងត្រយោងចេកវៀតកុងរេកៃផ្ទុះអាវុធភ្លាម។ ប្រជាជននាំគ្រួសាររត់ចូលលាក់ខ្លួនក្នុងរណ្តៅត្រង់សេ ប៉ុន្តែមានគ្រួសារមួយឈ្មោះ ងឹន និងសមាជិកគ្រួសារទាំងអស់ បានស្លាប់ ដោយសារគ្រាប់ធ្លាក់ចំរណ្តៅដែលគាត់កំពុងលាក់ខ្លួន។ មិនតែប៉ុណ្ណោះ ប្រជាជនពីរនាក់ផ្សេងទៀត ក៏បានស្លាប់ដោយសារពួកវៀតកុងបាញ់ចំ ដែលពីរនាក់នោះមានឈ្មោះ មុំ ហឹន និងឡាយ។ ពេលកំពុងការបាញ់គ្នាខ្លាំង ឈ្មោះ ឡាយ បានរត់ចុះពីលើផ្ទះ បម្រុងទៅលាក់ខ្លួនក្នុងព្រៃ។ អ្នកភូមិបានស្រែប្រាប់ពីចម្ងាយថា «កុំចុះពីលើផ្ទះអី!» ប្រហែលជាស្តាប់មិនឮ គាត់រត់ចុះពីផ្ទះបណ្តាលឲ្យត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង។ ដោយសារយន្តហោះទម្លាក់គ្រាប់មិនឈប់ គ្រួសារខ្ញុំបាននាំគ្នារត់ចេញពីភូមិនៅប្រហែលម៉ោង៦ល្ងាច សំដៅទៅភូមិក្បាលស្លែងទាំងយប់។ នៅពេលឈប់សម្រាកដាំបាយហូប យើងមិនទាន់បានហូបបាយផង ស្រាប់តែឮសំឡេងយន្តហោះ និងសំឡេងគ្រាប់មកពីប្រទេសវៀតណាមកាន់តែជិត។ យន្តហោះបានបាញ់ទឹកត្រុដ(ទឹកត្រុដ បើសិនជាត្រូវមនុស្សឆេះស្លាប់) បន្ទាប់មកខ្ញុំរត់ដល់ភូមិជីប្លុក ឃុំជាំក្រវៀន។ ខ្ញុំបន្តដើររហូតដល់ភូមិខ្ជាយ ក៏ឈប់សម្រាកមួយសន្ទុះ ហើយមានកម្លាំងបន្តិច ទើបបន្តដំណើរទៅមុខទៀត។ ខ្ញុំដើរតាមផ្លូវជាតិលេខ៧ រហូតដល់ភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់។ ខ្ញុំឈប់សម្រាកនៅទីនេះមួយយប់។ ព្រឹកឡើង ខ្ញុំបន្តដំណើរទៅដល់ឃុំជាំតាម៉ៅ។ ខ្ញុំនៅឃុំជាំតាម៉ៅអស់រយៈពេលជាច្រើនខែ ទើបរដ្ឋាភិបាលប្រកាសឲ្យត្រលប់ទៅភូមិកំណើតវិញ។ ចូលមកដល់ភូមិវិញ ផ្ទះសំបែងរបស់យើងត្រូវបានភ្លើងឆេះ ខូចខាតទាំងអស់ ដោយនៅសល់តែសសរមួយដើមប៉ុណ្ណោះ។
នៅឆ្នាំ១៩៧៥ ភូមិក្រវៀនធំត្រូវបានខ្មែរក្រហមចូលកាន់កាប់។ ដំបូង ប្រជាជនធ្វើស្រែ ចម្ការវេប្រវាស់ដៃ។ បន្ទាប់ពីប្រជាជនធ្វើការងារប្រវាស់ដៃបានចំនួន៥ខែ ខ្មែរក្រហមបានប្រមែប្រមូលទ្រព្យសម្បត្តិ, របស់របរ, សត្វគោ-ក្របី និងរបស់ប្រើប្រាស់ផ្សេងៗដាក់ជាសម្បត្តិរួម។
នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៦ ខ្ញុំទទួលបន្ទុកជាប្រធានកងតូចភូមិក្រវៀនធំ ដែលពេលនោះយើងទទួលបានការហូបចុកគ្រប់គ្រាន់នៅឡើយ។ នៅក្នុងភូមិ មានបែងចែកជាក្រុមកុមារ, ក្រុមយុវជន-យុវនារី និងក្រុមមនុស្សចាស់។ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិ ព្រោះខ្មែរក្រហមបានចោទប្រកាន់ថា “ជាប់និន្នាការពីសង្គមរបបសាធារណៈរដ្ឋខ្មែរ”។ ម្យ៉ាងទៀត ខ្ញុំធ្លាប់បានបួសរៀននៅក្នុងវត្ត ហេតុនេះខ្មែរក្រហមច្បាស់ជាមិនទុកឲ្យខ្ញុំនៅរស់រានមានជីវិតទេ។ ខ្ញុំបានលាក់ប្រវត្តិរូបផ្ទាល់ខ្លួន។ ក្រោយមក ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យទៅធ្វើការនៅការដ្ឋាន។ ធ្វើដំណើរដោយថ្មើរជើងរហូតដល់ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យទៅលើកប្រព័ន្ធភ្លឺស្រែ។ នៅក្នុងភូមិកំបាស់ មានប្រជាជនប្រមាណ៣០គ្រួសារ និងបានបង្កើតជាសហករណ៍។ តំបន់ខ្ញុំរស់នៅ ស្ថិតជាប់ព្រែកឆ្លូង សម្បូរត្រី សាច់។
ចុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានអង្គការតែងតាំងជាប្រធានកង មើលការខុសត្រូវមនុស្សចំនួន៣០នាក់។ មុនពេលធ្វើការងារ តែងមានការប្រជុំ “ប្រជុំជីវភាព”។ អង្គការមិនឲ្យយើងនិយាយពាក្យហត់ ហូបមិនគ្រប់គ្រាន់ទេ គឺដឹងតែធ្វើការងារតាមអង្គការបញ្ជា។ បន្ទាប់មក ខ្ញុំបានទទួលបញ្ជាពីថ្នាក់លើ ចំពោះផែនការលើកប្រព័ន្ធភ្លឺស្រែ។ អង្គការកំណត់ថា ម្នាក់ត្រូវលើកឲ្យបាន១០ម៉ែត្រនៅក្នុងមួយថ្ងៃ។ បើសិនជាធ្វើមិនបាន បុគ្គលនោះនឹងអត់បាយហូប។ ថ្ងៃមួយមានប្រធានក្រុមម្នាក់មកដល់ ហើយក្នុងក្រមាមានបង្វេចមួយធំល្មម។ បន្ទាប់ប្រធានក្រុមនោះឲ្យទាយ “មើល៍! សមមិត្តទាំងអស់គ្នាអាចទាយបានទេថា នៅក្នុងបង្វេចក្រមានេះមានអ្វី?” ខ្ញុំបានឆ្លើយថា “ធ្វើម៉េចដឹង? មិត្តឯងជាអ្នកខ្ចប់បង្វេចខ្លួនឯង។” ខ្ញុំគ្រាន់តែនិយាយបែបនេះ សមមិត្តប្រធានក្រុមខឹង តែមិនបានធ្វើអ្វីខ្ញុំទេ ព្រោះខ្ញុំក៏ជាប្រធានកងនៅក្នុងក្រុមនេះ។ ប្រធានក្រុមរូបនោះ បានស្រាយបង្វេចក្រមា មានឃើញថ្នាំជក់ក៏ចែកគ្នា។ ក្នុងម្នាក់ទទួលបានថ្នាំជក់ប៉ុនទំហំបាតដៃ។ បន្ទាប់ពីយើងទទួលបានថ្នាំជក់ ដល់ម៉ោងឈប់សម្រាកឡើងហូបបាយ។ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ក្រុមខ្ញុំចាប់ផ្តើមជក់បន្ត។ មួយសន្ទុះក្រោយមក យើងមានអារម្មណ៍មិនស្រួល, វិលមុខ, ឈឺក្បាល, ហៀរទឹកមាត់ ដែលអាការទាំងនេះដូចជាពុលថ្នាំជក់ ព្រោះតាំងពីចេញពីភូមិកំណើតមិនធ្លាប់មានថ្នាំជក់។ ពេលជក់ម្តងនេះ យើងពុលស្ទើរគ្រាប់គ្នា។ ដល់ម៉ោងលើប្រព័ន្ធភ្លឺស្រែ មានអ្នកខ្លះសល់ថ្នាំជក់នាំគ្នាជក់បន្ត។ អ្នកខ្លះកំពុងកាប់ដីដួលផ្កាប់មុខទៅភក់ស្រែ។ ចំណែកខ្ញុំអត់ពុលទេ ព្រោះខ្ញុំជក់តិចជាងគេ។ ខ្ញុំរស់នៅភូមិកំបាស់ ឃុំមេមង នៅកន្លែងការដ្ឋានធ្វើប្រព័ន្ធភ្លឺស្រែរហូតរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩។
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, “មន្ទីរ៨៧០ ៖ សេចក្តីណែនាំអំពី ការប្រើពាក្យអង្គការ និងពាក្យបក្ស” ចេញផ្សាយថ្ងៃទីទី១១ ផ្សាយថ្ងៃទីទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខ ០០១ ០០១២៦៦។ «ពាក្យអង្គការ ឬពាក្យបក្ស» ប្រើចំពោះតែអង្គការចាត់តាំងប៉ុណ្ណោះ មិនត្រូវប្រើសម្រាប់បុគ្គលឡើយ។ ចំពោះបុគ្គល ត្រូវប្រើពាក្យសមមិត្តឈ្មោះនេះ ឬសមមិត្តតំណែងនេះ ឬសមមិត្តតំណាងអង្គការថ្នាក់នេះ។ ឧទាហរណ៍ សមមិត្ត តេង សមមិត្តលេខា សមមិត្តតំណាងអង្គការ ។ល។”
[2] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងការលើកកម្ពស់សិទ្ធិនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាព សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាស វី ស៊ីថា ជាមួយ មុំ វិបុល អ្នកតស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃអង្គារ៍ ទី២ ខែមករា ឆ្នាំ២០២៤។