ម៉ុក សែម៖ ហូបបាយជាមួយលៀសអស់រយៈពេលជិតបីឆ្នាំ

នៅចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ សែម មិនត្រូវបានប្រើឲ្យធ្វើការងារធ្ងន់ធ្ងរ ហួសកម្លាំងនោះទេ ប៉ុន្តែ សែម មិនទទួលបានរបបអាហារគ្រប់គ្រាន់ ។ ជាពិសេស សែម ត្រូវបានខ្មែរក្រហមឲ្យហូបបាយជាមួយលៀសស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិតបីឆ្នាំ។
ឈ្មោះ ម៉ុក សែម[1] ភេទស្រី អាយុ៦៤ឆ្នាំ។ សព្វថ្ងៃជាស្រ្តីម៉េម៉ាយ រស់នៅម្នាក់ឯង និងមានមុខរបរធ្វើចម្ការ ដាំដំឡូង។ សែម មានស្រុកកំណើតនៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន សែម រស់នៅក្នុងភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ម៉ុក យូរ (ស្លាប់) និងម្ដាយឈ្មោះ សៅ ភី (ស្លាប់) ក្នុងឆ្នាំ១៩៨៥។ សែម មានបងប្អូនបង្កើតចំនួន៥នាក់ (ស្រី៣នាក់) ហើយ សែម ជាកូនពៅ។ សព្វថ្ងៃបងៗរបស់ សែម នៅរស់រានមានជីវិតចំនួន២នាក់ (ស្រីម្នាក់) និងរស់នៅស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺទាំងអស់។ សែម មានស្វាមីឈ្មោះ សួស យ៉ន (ស្លាប់) ដោយសារជំងឺលើសឈាម កាលពី៥ឆ្នាំមុន។ សែម មានកូនចំនួនម្នាក់(ស្រី) និងមានគ្រួសារ ហើយ។
ក្នុងសម័យសង្គមរាស្រ្តនិយម ឪពុកម្ដាយរបស់ សែម មានមុខរបរជាកសិករ ធ្វើស្រែចម្ការក្នុងភូមិរោងម៉ាស៊ីន។ លុះដល់ សែម កើត ឪពុកបានស្លាប់ចោលដោយសារមានជំងឺប្រចាំកាយ។ បន្ទាប់ពីឪពុកស្លាប់ ម្ដាយរបស់ សែម បានបន្តធ្វើស្រែចម្ការចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងលំបាក។ នៅវ័យកុមារ សែម មិនបានចូលសិក្សារៀនសូត្រនោះទេ ព្រោះគ្រួសារមានជីវភាពក្រីក្រខ្លាំង ហើយសាលារៀននៅឆ្ងាយពីផ្ទះពិបាកក្នុងការធ្វើដំណើរ។ រីឯបងប្រុសម្នាក់របស់ សែម បានចូលបួស និងបានរៀនសូត្រក្នុងវត្តជាមួយព្រះចៅអធិការវត្ត ក្នុងភូមិរោងម៉ាស៊ីន។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទនរោត្ដមសីហនុ។ ក្រុមគ្រួសាររបស់ សែម និងប្រជាជននៅប្រកបរបរធ្វើស្រែបានធម្មតានៅក្នុងភូមិរោងម៉ាស៊ីន។ ចន្លោះឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៤ មានទាហានអាមេរិ កាំង និងទាហាន លន់ នល់ បានបើកយន្តហោះមកទម្លាក់គ្រាប់បែក នៅក្នុងភូមិមួយចំនួននៅក្បែរៗភូមិរោងម៉ាស៊ីន ប៉ុន្តែមិនបានចូលមកទម្លាក់ក្នុងភូមិរោងម៉ាស៊ីននោះទេ។ ទោះបីមិនមានការទម្លាក់គ្រាប់បែក ម្ដាយរបស់ សែម និងប្រជាជនទាំងអស់នៅតែមានភាពភ័យខ្លាចជាមួយនឹងសំឡេងយន្តហោះយ៉ាងកងរំពង ពេញក្នុងឃុំតាសាល ទើប ម្ដាយរបស់ សែម និងប្រជាជនក្នុងភូមិបាននាំកូនចៅរត់ភៀសខ្លួនចេញពីភូមិរោងម៉ាស៊ីនទៅកាន់ទីតាំងមួយកន្លែងហៅថា បឹងស្រែ ដែលជាកន្លែងវាលស្រែរបស់ប្រជាពលរដ្ឋ។ បន្ទាប់មក ប្រជាជនបានរួមគ្នាជីកត្រង់សេនៅក្បែរស្រែ ទុកសម្រាប់ការពារខ្លួនពីការទម្លាក់គ្រាប់បែក។ នៅពេលឮសំឡេងយន្តហោះម្ដងៗ ម្ដាយរបស់ សែម បាននាំកូនៗប្រមូលចានឆ្នាំង និងអង្ករ យកទៅដាំហូបនៅក្នុងត្រង់សេ និងនៅលាក់ខ្លួនរហូតស្ងាតសំឡេងយន្តហោះ។ នៅពេលមិនមានការទម្លាក់គ្រាប់បែក ម្ដាយរបស់ សែម និងអ្នកភូមិបានចេញមកធ្វើស្រែ ដក ស្ទូងស្រូវ ដើម្បីចិញ្ចឹមជីវិតជាធម្មតា។
ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សែម ក្រុមគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីបឹងស្រែមកកាន់ភូមិរោងម៉ាស៊ីនវិញ។ លុះមកដល់ភូមិរោងម៉ាស៊ីន ម្ដាយរបស់ សែម ត្រូវបានខ្មែរក្រហមចាត់ឲ្យនៅក្នុងកងយាយៗមើលថែកុមារតូចៗនៅក្នុងភូមិ។ រីឯបងៗរបស់ សែម ត្រូវបានខ្មែរក្រហមចាត់ឲ្យនៅតាមកងចល័ត ហើយត្រូវបំបែកទៅធ្វើការងារនៅតាមទីកន្លែងផ្សេងៗ ក្នុងខេត្តកំពង់ស្ពឺ។ ចំណែក សែម ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័ត ហើយជម្លៀសឲ្យទៅធ្វើការងារស្រែចម្ការនៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅចន្លោះឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ សែម ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិអណ្ដូងស្លា ដោយធ្វើដំណើរថ្មើរជើងទៅកាន់ភូមិប៉ាងលឹង (មិនចាំស្រុក) ខេត្តកំពង់ស្ពឺ។ មេកងចល័តរបស់ សែម ឈ្មោះ យាយ ហ៊ាន (ស្លាប់)។ យាយ ហ៊ាន មានចរិតស្លូតបូត និងមិនបានគាបសង្កត់ឲ្យ សែម ធ្វើការងារហួសកម្លាំងនោះទេ។ សែម ត្រូវបាន យាយ ហ៊ាន ប្រើឲ្យចិញ្ចឹមសត្វជ្រូកនៅការដ្ឋានមួយក្នុងភូមិប៉ាងលឹង ដែលមានសត្វជ្រូករាប់រយក្បាល ហើយ សែម និងនារីប្រហែលជា១០ទៅ១២នាក់ ត្រូវមានតួនាទីមើលថែ និងឲ្យចំណីសត្វជ្រូកឲ្យបានល្អ ហើយឆាប់ធំធាត់បានលឿន ដើម្បីយកសាច់ទៅផ្គត់ផ្គង់តាមរោងសហករណ៍ និងសម្រាប់ផ្គត់ផ្គង់ទៅឲ្យកងទ័ពខ្មែរក្រហម។ ជារៀងរាល់ថ្ងៃ សែម និងនារីដទៃត្រូវឲ្យបាយជ្រូកចំនួនបីដងក្នុងមួយថ្ងៃ គឺពេលព្រឹកម៉ោងប្រហែល៦កន្លះ ពេលថ្ងៃម៉ោងប្រហែល១១ទៅ១២ និងម៉ោងប្រហែល៥ល្ងាច។ សែម បានឃើញកុមារត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅរៀនរយៈពេល១ទៅ២ម៉ោង ក្នុងមួយថ្ងៃ។ បន្ទាប់មក ខ្មែរក្រហមបានប្រើឲ្យកុមារទាំងអស់ទៅធ្វើការងារដូចជា ធ្វើជី និងរែកអាចម៌គោ។ ក្នុងអំឡុងពេលជាមួយគ្នា សែម មិនបានធ្វើការងារលំបាក និងនឿយហត់នោះទេ ប៉ុន្តែមានការលំបាកខ្លាំងក្នុងការហូបចុក ព្រោះមួយថ្ងៃ សែម និងក្រុមនារីចិញ្ចឹមជ្រូកបានហូបបាយលាយជាមួយដំឡូង ឬសម្លលៀស ពីរដងក្នុងពេលមួយថ្ងៃប៉ុណ្ណោះ។ សែម បានបញ្ជាក់ថា ក្នុងរយៈពេលជិត៣ឆ្នាំមិនបានហូបបាយឲ្យបានឆ្អែតម្ដងណានោះឡើយ ហើយត្រូវហូបបាយជាមួយលៀសញឹកញាប់បំផុត។ សែម បានគិតថា ប្រសិនបើខ្លួនត្រូវធ្វើការងារធ្ងន់ធ្ងរ ជាងការចិញ្ចឹម មើលថែសត្វជ្រូក សែម ពិតជាមិនមានកម្លាំង និងមិនអាចមានជីវិតរស់នៅមកដល់បច្ចុប្បន្ននេះឡើយ។ សម្រាប់កន្លែងស្នាក់នៅ ខ្មែរក្រហមបានសាងសង់រោងមានប្រវែងវែង ដើម្បីឲ្យសម្រាកតាមកងនារីរៀងៗខ្លួន។ សែម បានបែកជាមួយម្ដាយ និងបងៗ មិនបានត្រឡប់ទៅលេងស្រុកកំណើតទៀតនោះទេ។ ដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមកដល់ភូមិប៉ាងលឹង ហើយកម្មាភិបាលខ្មែរក្រហមបានប្រកាសប្រាប់ថា «យួនចូលមកកាត់ក» ទើប សែម មានភាពភ័យខ្លាចបានរត់តាមអ្នកភូមិ និងកម្មាភិបាលខ្មែរក្រហមមួយចំនួនចូលទៅក្នុងព្រៃមួយ ក្នុងខេត្តកំពង់ស្ពឺរយៈពេលឆ្នាំ។
នៅឆ្នាំ១៩៨០ សែម អ្នកភូមិ និងកម្មាភិបាលខ្មែរក្រហមមួយចំនួន បានរត់ចេញពីព្រៃ ត្រឡប់ភូមិកំណើតក្នុងភូមិរោងម៉ាស៊ីន ហើយ សែម បានប្រទះឃើញម្ដាយកំពុងដេកឈឺ ដោយសារកើតជំងឺហើមពោះ ដែលបានបន្សល់មកតាំងពីរបបខ្មែរក្រហម ព្រោះមិនមានពេទ្យព្យាបាល។ សែម បានបន្តរស់នៅជួបជុំជាមួយម្ដាយ និងបងៗដោយប្រកបធ្វើស្រែចម្ការអស់រយៈពេលបីឆ្នាំ។ ដើមឆ្នាំ១៩៨៤ សែម បានលាម្ដាយ និងបងៗរត់ចេញភូមិរោងម៉ាស៊ីនទៅជាមួយកម្មាភិបាលខ្មែរក្រហម ដើម្បីចូលទៅរស់នៅព្រៃមួយកន្លែង ក្នុងស្រុកភ្នំស្រួច ហើយត្រូវបានបងប្រុសជីដូនមួយឈ្មោះ ម៉ុក ស៊ីម មានតួនាទីជាមេកងពលលេខ១៩ រៀបចំឲ្យរៀបការជាមួយស្វាមីឈ្មោះ សួស យ៉ន ដែលមានតួនាទីកាន់ខាងទូរលេខឲ្យ ម៉ុក ស៊ីម។ បន្ទាប់ពីរៀបការរួច សែម បានបន្តរស់នៅក្នុងព្រៃ មិនមានម្ហូបអាហារហូបចុកនោះទេ ហើយ សែម បានដើរជីកក្ដួច និងដំឡូងនៅក្នុងព្រៃជ្រៅសម្រាប់ហូប ដើម្បីទ្រទ្រង់ជីវិត។ ចំណែកប្ដី ត្រូវចេញទៅសមរភូមិប្រយុទ្ធជាមួយកងទ័ពវៀតណាម។ រហូតឆ្នាំ១៩៨៧ សែម សម្រាលបានកូនស្រីម្នាក់នៅក្នុងព្រៃ។ សែម សម្រាលកូនបានប្រហែល១សប្ដាហ៍ កងទ័ពវៀតណាមបានវាយសម្រុកកាន់តែខ្លាំងចូលមកភ្នំស្រួច ទើប សែម និងកម្មាភិបាលខ្មែរក្រហមទាំងអស់បានដើរថ្មើរជើងរយៈពេលមួយខែចេញពីភ្នំស្រួចទៅកាន់ព្រំដែនខ្មែរ-ថៃ។ សែម និងប្ដី បានចូលទៅរស់នៅក្នុងជំរំក្នុងទឹកដីថៃ អស់រយៈពេល២ឆ្នាំ ហើយ សែម រស់នៅក្នុងជំរំជាមួយកូនស្រី។ ចំណែកប្ដី ត្រឡប់មកដឹកជញ្ជូនគ្រាប់ឲ្យកងទ័ពខ្មែរក្រហមនៅលើទឹកដីខ្មែរ រយៈពេល១ទៅ២ខែ ទើបត្រឡប់ទៅជំរំម្ដង។ រហូតឆ្នាំ១៩៨៩ សែម និងប្ដី បានចេញពីទឹកដីប្រទេសថៃមករស់នៅភូមិអូររំចេក ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងវិញ ហើយ ប្ដីរបស់ សែម បានសង់រោងខ្ទមតូចមួយសម្រាប់រស់នៅ។ សែម និងប្ដី រស់នៅភូមិអូររំចេកដោយប្រកបមុខរបរធ្វើចម្ការ ហើយទទួលបានការផ្គត់ផ្គង់អង្ករ និងសម្ភារផ្សេងៗពីអង្គភាពទ័ពខ្មែរក្រហម។ រហូតឆ្នាំ១៩៩៦ សែម និងប្ដី រួមទាំងក្រុមគ្រួសារកម្មាភិបាលខ្មែរក្រហមប្រហែល៣គ្រួសារទៀត បានចូលមករស់នៅភូមិផ្ចឹកជ្រុំ ក្នុងខេត្តពោធិ៍សាត់។
អត្ថបទដោយ មឿន ស្រីណុច
[1] ម៉ុក សែម, បទសម្ភាសន៍ដោយ មឿន ស្រីណុច, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។