អង្គការបង្ខំឲ្យខ្ញុំសម្លាប់កូន

(ក្រចេះ)៖ មល់ សម្បត្តិ ភេទស្រី អាយុ ៦៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានទីលំនៅក្នុងភូមិឃុំដដែល។

គាត់មានកូនចំនួន១២នាក់ ស្លាប់អស់ប្រាំមួយនាក់។ សម្បត្តិ បាននិយាយប្រាប់ថា រឿងរ៉ាវដែលគាត់ចាំមិនភ្លេចនោះគឺ នៅក្នុងរបបខ្មែរក្រហមមិនមានអាហារហូបគ្រប់គ្រាន់នោះទេ គាត់ត្រូវហូបស្លឹកឈើជំនួសឲ្យបាយ។ ក្រៅពីស្លឹកឈើគឺមានគល់ចេក គល់ល្ហុង ផ្លែបេង ផ្លែសម្រង និងមើមក្ដួចជាដើម។ សម្បត្តិ ត្រូវបានអង្គការជម្លៀសគាត់ចេញពីស្រុកកំណើតឲ្យចេញទៅធ្វើការនៅតំបន់ត្រើយខាងលិចនៃទន្លេមេគង្គ។

បន្ទាប់មកគាត់ត្រូវបានជម្លៀសទៅកាន់តំបន់កំពង់ថ្ម ដែលស្ថិតនៅខេត្តកំពង់ធំ និងបន្ទាប់មកទៀតបានបញ្ជូនបន្តទៅនៅជើងភ្នំសន្ទុក ហើយបានបង្ខំដោយយកកាំភ្លើងភ្ជង់នឹងក្បាលឲ្យចេញទៅរស់នៅជើងភ្នំជី។ អង្គការខ្មែរក្រហម បានជម្លៀសប្រជាជនពីតំបន់មួយទៅតំបន់មួយទៀត ដោយបង្ខិតបង្ខំទាំងដែលប្រជាជនខ្លះមិនចង់ទៅ។ គាត់បានបោះបង់កូនប្រុសរបស់គាត់ម្នាក់ចោល ដែលទើបតែកើតមិនទាន់បានមួយខែ។

អង្គការតម្រូវឲ្យគាត់សម្លាប់កូនរបស់គាត់ចោលនៅជុំរុំ ព្រោះពេលនោះស្រុកទេសកំពុងមានសង្រ្គាម ដែលត្រូវជម្លៀសប្រជាជនចេញ។ អង្គការបានកុហកគាត់ថា ប្រសិនជាគាត់មិនសម្លាប់កូននោះចោលទេ នៅពេលដែលកងទ័ពវៀតណាមវាយចូលដល់ជុំរុំ ក៏ត្រូវកងទ័ពវៀតណាមសម្លាប់ចោលដដែល។ ការជ្រើសរើសគូរស្រករនៅក្នុងរបបខ្មែរក្រហមគឺអង្គការជាអ្នករៀបចំឲ្យ ដោយមិនមានការប្រកែកឡើយ។

ប្រសិនជាមានគូរណាហ៊ានប្រកែកមិនព្រមទទួល អង្គការនឹងព្រមានយកទៅសម្លាប់ចោលជាមិនខានឡើយ។ សម្បត្តិ ត្រូវបានអង្គការបង្ខំឲ្យរៀបការក្នុងចំណោម ការរៀបចំចំនួនប្រាំពីរគូ។ គាត់បាននិយាយថា មានគូខ្លះបានរស់នៅជាមួយគ្នារហូតល់បច្ចុប្បន្ន។ ដោយសារតែការខ្វះខាតអាហារហូប ប្អូនស្រីភ្លោះរបស់គាត់ម្នាក់បានធ្លាក់ខ្លួនឈឺស្លាប់បាត់បង់ជីវិតនៅក្នុងជុំរុំ។

អង្គការបានយកសាកសពប្អូនរបស់គាត់ រុំជាមួយនឹងអង្រឹងហើយបានបោះចោលនៅតំបន់ជិតនោះ ដោយមិន ឲ្យបងប្អូន សាច់ញាតិណាម្នាក់មើល និងអាឡោះអាល័យឡើយ។ នៅពេលមានជំងឺ អង្គការមិនដែលយកចិត្តទុកដាក់លើអ្នកជំងឺឡើយ សូម្បីតែថ្នាំសម្រាប់ព្យាបាលក៏មិនមានគ្រប់គ្រាន់។ អ្នកជំងឺមួយចំនួនដែលជាប្រជាជនផ្ញើ ឬប្រជាជនមិនពេញសិទ្ធិ អង្គការមិនអនុញ្ញាតឲ្យគ្រូពេទ្យព្យាបាលនោះទេ គឺទុករហូតដល់អ្នកជំងឺនោះឈឺបាត់បង់ជីវិត។

អង្គការបានកំណត់រយៈពេលក្នុងមួយថ្ងៃឲ្យសម្បត្តិ និងសមាជិកក្រុមបីនាក់ទៀត ត្រូវតែស្ទូងស្រូវឲ្យពេញដីចំនួនមួយហិចតា។ ក្នុងរបបខ្មែរក្រហម ប្រជាជនធ្វើការច្រើនលើសពីកម្លាំង ហើយពេលសម្រាកក៏មិនមានគ្រប់គ្រាន់ដែរ។ ពេលព្រឹកចេញទៅធ្វើការម៉ោងប្រាំមួយ ពេលថ្ងៃហូបបាយថ្ងៃត្រង់ហើយត្រូវធ្វើការបន្តទៀត រហូតដល់ពេលល្ងាចទើបឈប់ ចំណែកសហករណ៍ខ្លះត្រូវធ្វើការនៅពេលយប់បន្ថែមទៀត។ មកដល់ពេលបច្ចុប្បន្ននេះ សម្បត្តិ មានសុខភាពធម្មតា មិនមានជំងឺប្រចាំកាយឡើយ៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin