មូល សារ៉ាយ៖ ពេទ្យឃុំអំពិល

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ មូល សារ៉ាយ[1] កើតនៅឆ្នាំ១៩៥៨ នៅភូមិពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ កាលពីកុមារ ខ្ញុំបានចូលរៀនថ្នាក់ទី១២ពីសង្គមចាស់ ស្មើនឹងថ្នាក់ទី១នៅពេលបច្ចុប្បន្ន នៅសាលា ក្នុងភូមិ។ ខ្ញុំរៀនពីរពេល គឺពេលព្រឹក និងពេលរសៀល។ ខ្ញុំនៅចាំថា ក្នុងថ្នាក់រៀនមានមុខវិជ្ជាកីឡាដូចជាឡើងតោងខ្សែពួរ ហើយប្រសិនបើសិស្សឡើងលឿន និងទទួលបានពិន្ទុច្រើន។ ខ្ញុំអាចតោងខ្សែពួរឡើងបានលឿនដូចសិស្សប្រុសៗដែរ ព្រោះខ្ញុំធ្លាប់ឡើងបេះផ្លែដូង និងផ្លែស្លាឱ្យយាយរបស់ខ្ញុំក្នុងមួយដើមទទួលបានលុយមួយរៀលដើម្បីទិញទឹកកកឈូសហូបពេលទៅរៀន។ គ្រូបង្រៀននៅសម័យនោះគឺកាចខ្លាំងណាស់ ដូចជាគ្រូយ៉ាន់​ និងគ្រូញ៉ែម ដែលជាចាងហ្វាងសាលា និងមន្រ្តីរាជការធ្វើការតាមមន្ទីរអង្គភាពអប់រំរបស់រដ្ឋ។ គ្រូស្លៀកពាក់ហំពេលមកបង្រៀនខ្ញុំម្តងៗ ហើយគ្រូភាគច្រើនគឺជាអ្នកមានធនធាន និងមិនសូវមានគ្រូដែលជាកូនកសិករ និងក្រីក្រឡើយ។  ក្រៅពីគ្រូបង្រៀនដែលជាមន្រ្តីមានតួនាទីធំក្នុងរាជការ ក៏មានគ្រូបង្រៀនជាព្រះសង្ឃដែរ។ មុនពេលសិស្សចូលរៀននៅក្នុងថ្នាក់នៅវេលាម៉ោង៧ព្រឹក សិស្សត្រូវតែឈរតម្រង់ជួរគោរពទង់ជាតិជាមុនសិន។ ថ្ងៃមួយខ្ញុំបានឈប់សម្រាកដោយសារខ្ញុំឈឺក្បាល និងមិនបានសុំអនុញ្ញាតច្បាប់ពីគ្រូប្រចាំថ្នាក់ឡើយ។ នៅពេលខ្ញុំទៅរៀននៅថ្ងៃបន្ទាប់ ស្រាប់តែគ្រូបង្រៀនហៅខ្ញុំមកឈរនៅមុខក្តារខៀន និងឱ្យខ្ញុំលាបាតដៃរួចហើយយករំពាត់ឆ្មារមកវាយបាតដៃខ្ញុំរហូតក្រហមជាំ។ ខ្ញុំយំនិងខឹងគ្រូយ៉ាងខ្លាំងពេលដើរត្រឡប់មកផ្ទះវិញ ហើយចាប់តាំងពីថ្ងៃនោះមកខ្ញុំឈប់ទៅរៀនរហូត ទោះបីឪពុកម្តាយខ្ញុំបង្ខំឱ្យខ្ញុំទៅរៀនយ៉ាងណាក៏ដោយ។

ខ្ញុំរស់នៅជាមួយឪពុកម្តាយរហូតដល់កងទ័ពបដិវត្តន៍ខ្មែរក្រហម រំដោះប្រទេសកម្ពុជាបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទើបខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យចូលរៀនពេទ្យ។ បន្ទាប់ពីខ្ញុំរៀនពេទ្យចប់ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើការនៅពេទ្យឃុំអំពិល និងដើរព្យាបាលប្រជាជនដែលរស់នៅតាមភូមិ។ អ្នកជំងឺភាគច្រើនបានជាសះស្បើយបន្ទាប់ពីខ្ញុំចាក់ថ្នាំ និងផ្តល់ថ្នាំឱ្យលេប ព្រោះអ្នកជំងឺក្នុងរបបខ្មែរក្រហមមិនមានអាហារហូបច្រើនមុខ ដូច្នេះធ្វើឱ្យខ្ញុំងាយស្រួលក្នុងការតាមដានជំងឺ និងផ្តល់ថ្នាំព្យាបាល។ ប្រសិន​បើ​អ្នកជំងឹក្តៅខ្លួន ខ្ញុំចាក់ថ្នាំត្រជាក់ ដូច្នេះអ្នកជំងឺឆាប់ជាសះស្បើយ។ ប្រជាជននៅក្នុងភូមិភាគច្រើនមានជំងឺឈឺក្បាល, វិលមុខ, ខ្យល់ចាប់, ឈឺពោះ និងរាក។ ចំណែកថ្នាំ គឺផលិតដោយកងតាៗដែលជាគ្រូថ្នាំបុរាណនៅក្នុងស្រុក ដែលមានទាំងថ្នាំគ្រាប់ និងថ្នាំទឹកចាក់ច្រកចូលក្នុងដប។ ប្រសិនបើមានអ្នកជំងឺធ្ងន់ធ្ងរដែលពេទ្យឃុំអំពិលមិនអាចព្យាបាលបាន គឺពេទ្យឃុំបញ្ជូនអ្នកជំងឺនោះបន្តទៅព្យាលបាលនៅមន្ទីរពេទ្យតំបន់ ឬមន្ទីរពេទ្យភូមិភាគដែលមានថ្នាំអំពូល និងថ្នាំបរទេស។ ពេទ្យឃុំអំពិលមានឈ្មោះ ម៉េត គឺជាប្រធាន, ឈ្មោះ សាម៉ែន អនុប្រធាន, នី ជាសមាជិក  និងគ្រូពេទ្យប្រមាណ១០នាក់ទៀត ដូចជាឈ្មោះ មឿន, សុង (ស្លាប់) និងមួយចំនួនទៀតដែលខ្ញុំមិនចាំឈ្មោះ។ ប្រសិនបើគ្រូពេទ្យនៅក្នុងឃុំណាម្នាក់ប្រព្រឹត្តខុសឆ្គង ប្រធានពេទ្យ អនុប្រធានពេទ្យ និងសមាជិកពេទ្យទាំងបីនាក់ខាងលើហៅមកណែនាំភ្លាម។

រាល់ថ្ងៃខ្ញុំត្រូវស្ពាយកាបូបថ្នាំ ដែលមានទាំងថ្នាំចាក់និងថ្នាំលេប ដើរព្យាបាលអ្នកជំងឺនៅតាមភូមិត្រពាំងពិការ ភូមិត្រពាំងពពេល។ នៅពេលធ្វើការងារនឿយហត់ ខ្ញុំអាចមកដេកនៅផ្ទះយាយរបស់ខ្ញុំនៅក្នុងភូមិរហូតមានកម្លាំងទើបចេញទៅព្យាបាលអ្នកជំងឺបន្តទៀត។ នៅពេលល្ងាចទើបខ្ញុំត្រឡប់មកអង្គភាពពេទ្យឃុំអំពិលវិញ។ ចំពោះរបបអាហាររបស់ខ្ញុំពេលចុះធ្វើការតាមភូមិ គឺចុងភៅនៅក្នុងភូមិផ្តល់អាហារឱ្យខ្ញុំហូបគ្រប់គ្រាន់។ ដោយឡែកប្រជាជននៅក្នុងភូមិនិងតាមកងចល័តហូបមិនគ្រប់គ្រាន់ទេ គឺមានតែសម្លត្រកួនលាយផ្លែចេក និងដើមចេក ហើយគ្មានស្ករប៊ីចេងឡើយ។ នៅតាមភូមិខ្មែរក្រហមបានបែងចែករបបអាហារទៅតាមវ័យ និងកង គឺយុវជននិងយុវនារីដែលធ្វើការនៅតាមកងចល័តបានរបបច្រើនជាង ក្មេងៗឃ្វាលគោក្របី និងកងចាស់ៗដែលនៅមើលថែទាំកុមារតូចនៅក្នុងភូមិ។ នៅអំឡុងពេលនោះឪពុកខ្ញុំដើររកជ័រត្រាចក្នុងព្រៃមកធ្វើជាចន្លុះដើម្បីដុតបំភ្លឺនៅពេលយប់ ចំណែកម្តាយរបស់ខ្ញុំបុកស្រូវនៅក្នុងភូមិ។ ខ្ញុំមិនសូវបានជួបឪពុកម្តាយទេ ព្រោះយើងធ្វើការងារផ្សេងពីគ្នា។ ថ្ងៃមួយចុងភៅបានធ្វើនំទៀនចែកឱ្យខ្ញុំនិងសមាជិកពេទ្យឃុំអំពិលហូប។ បន្ទាប់ពីហូបរួច ខ្ញុំបានយកនំទៀនដែលជាចំណែករបស់ខ្ញុំមួយចំនួនទៅឱ្យឪពុករបស់ខ្ញុំដែលមានជំងឺសម្រាកព្យាបាលនៅពេទ្យ។ ស្រាប់តែនៅថ្ងៃប្រជុំស្វ័យទិតៀនប្រចាំសប្តាហ៍ អ្នកនៅក្នុងកងជាមួយខ្ញុំបានទិតៀនខ្ញុំថាមានគំនិតគ្រួសារនិយម យកនំទៀនដែលអង្គការចែកឱ្យហូបទៅឱ្យឪពុកនៅក្នុងចំណោមសមាជិកអង្គភាពពេទ្យឃុំទាំងមូល ហើយប្រធាន​ពេទ្យក៏បានស្តីបន្ទោសនិងធ្វើការអប់រំណែនាំខ្ញុំ។  ខ្ញុំមិនពេញចិត្តនឹងការលើកឡើងនេះឡើយ ហើយចាប់ពីថ្ងៃនោះ​មក ខ្ញុំមិនដែលយកនំចំណីទៅឱ្យឪពុកម្តាយខ្ញុំទៀតទេ។

មិនយូរប៉ុន្មាន ខ្មែរក្រហមបានចាប់ប្រធានកង កម្មាភិបាលនៅក្នុងឃុំ ដាក់ឡាននិងដឹកចេញទៅបាត់ជាបន្តបន្ទាប់ដោយខ្ញុំមិនដឹងពីមូលហេតុឡើយ។ សូម្បីតែអ្នកភូមិដែលនិយាយថា ហូបមិនឆ្ងាញ់ និងហូបមិនឆ្អែត ហើយលេចឮដល់កម្មាភិបាលខ្មែរក្រហមថ្នាក់លើ ក៏ខ្មែរក្រហមចាប់ខ្លួនដែរ ជាក់ស្តែង ឱពុករបស់មិត្តនារី រ៉ន (មានប្តីឈ្មោះ ស៊ាន)  ត្រូវបានខ្មែរក្រហមចាប់ខ្លួនព្រោះនិយាយថា «ស៊ីមិនឆ្ងាញ់» នៅក្នុងចំណោមសមាជិកកងចល័តផ្សេងទៀត ព្រោះគាត់គឺជាអ្នកមានទ្រព្យធននៅក្នុងសង្គមចាស់ ហើយក្រោយមកគាត់បាត់ខ្លួនរហូត។ ក្រោយមកខ្មែរក្រហមបានចាប់ឈ្មោះ ហ៊ុង និងឈ្មោះ សោម ដែល និយាយរិះគន់របបខ្មែរក្រហម យកទៅឃុំឃាំងនៅមន្ទីរសន្តិសុខឃុំអំពិល ដែល​មាន តាផាន់ (ស្លាប់) គឺជាប្រធានមន្ទីរសន្តិសុខ។ ខ្ញុំបានឃើញឈ្មោះ ហ៊ុង និងឈ្មោះ សោម នៅជាប់ខ្នោះជើងពេលខ្ញុំយកស្រូវទៅកិន ព្រោះត្បាល់កិនស្រូវនៅជាប់សាលាឃុំ។ ឈ្លបខ្មែរក្រហមដែលយាមការពារមន្ទីរសន្តិសុខឃុំបានស្រែកគំហកដាក់ខ្ញុំ និងដេញខ្ញុំចេញឱ្យឆ្ងាយពីបន្ទប់ឃុំឃាំង។ ប៉ុន្តែក្រោយមក ខ្មែរក្រហមបានដោះលែងឈ្មោះ ហ៊ុង និងឈ្មោះ សោម វិញ។ ទន្ទឹមនោះ ខ្មែរក្រហមបានចាប់ខ្លួនអ្នកទោសជាច្រើនទៀតមកពីភូមិត្រពាំងពិការ ដោយចោទថា គឺជាខ្មែរសដែលជាចលនាប្រឆាំងនឹងខ្មែរក្រហមមានមូលដ្ឋាននៅក្នុងព្រៃ ដូចជាឈ្មោះ ពិន, អាន និងមិត្តនារី ឆាន់ ដាក់ឡានដឹកចេញទៅបាត់តែម្តង។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានកៀរខ្ញុំ និងក្រុមគ្រួសារឱ្យទៅរស់នៅភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រោះខ្មែរក្រហមមានជម្លោះជាមួយវៀតណាម និងកំពុងវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមនៅតាមព្រំដែន។ ខ្ញុំរស់នៅបាភ្នំបានរយៈពេលមួយសប្តាហ៍ ស្រាប់តែនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពេលខ្ញុំកំពុងដាំបាយ មានកម្មាភិបាលខ្មែរក្រហមស្រែកឃោសនាថាវៀតណាមចូលចាប់ ទើបខ្ញុំធ្វើដំណើរជាមួយហ្វូងមនុស្សណែនណាន់តាន់តាប់ពេញផ្លូវត្រឡប់មកស្រុកកំណើតវិញ។ នៅតាមផ្លូវខ្ញុំឃើញខោអាវ និងក្រណាត់សេសសល់នៅតាមសហករណ៍ ប៉ុន្តែខ្ញុំមិនហ៊ានចូលទៅយកឡើយ។ ពេលមកដល់ភូមិ ខ្ញុំបានដើរកាច់កួរស្រូវដែលទុំនៅតាមវាលស្រែយកមកដាក់ក្នុងថ្នក់ក្រមាដើម្បីបុក និងរែងជាមួយចានទាបយកអង្ករដាំបាយហូប ព្រោះខ្ញុំគ្មានកណ្តៀវ ចង្អេរ ត្បាល់កិនស្រូវដូចប្រជាជនដទៃទៀត។ ក្រៅពីនោះខ្ញុំបានដើរជីកដំឡូងគរនៅព្រៃអ្នកតាយកមកហាលឱ្យស្ងួតដើម្បីដាំលាយជាមួយបាយហូបបន្ថែមទៀត។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំថ្មីៗ ប្រជាជនភាគច្រើននៅខ្វះខាត និងជួបការលំបាកក្នុងការហូបចុកព្រោះមិនទាន់ធ្វើស្រែបានភ្លាមៗទេ លើកលែងតែប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលបានលាក់មាស ក្រវិលកិប ខ្សែក និងចិញ្ចៀន យកទៅលក់និងទិញសម្ភារប្រើប្រាស់ និងស្បៀងអាហារ បានហូបចុកគ្រប់គ្រាន់។ ក្រោយមករដ្ឋអំណាចថ្មីបានហៅខ្ញុំឱ្យចូលធ្វើជាពេទ្យឃុំម្តងទៀត ប៉ុន្តែខ្ញុំជាប់ប្រកបរបរលក់ដូរ និងធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៧៩ ដដែល ខ្ញុំបានរៀបការប្តី។ បន្ទាប់ពីរៀបការរួចខ្ញុំមានកូនចំនួន៤នាក់ ប៉ុន្តែសព្វថ្ងៃខ្ញុំរស់នៅតែម្នាក់ឯងប៉ុណ្ណោះ ព្រោះកូនៗរបស់ខ្ញុំចេញទៅរកស៊ី និងធ្វើការងារនៅកន្លែងផ្សេងៗ។ ជារឿយៗ ខ្ញុំបាននិយាយរៀបរាប់អំពីប្រវត្តិរបស់ខ្ញុំ និងការខ្វះខាតអាហារហូបចុកនៅក្នុងរបបខ្មែរក្រហមប្រាប់កូនរបស់ខ្ញុំ ប៉ុន្តែកូនរបស់ខ្ញុំមិនសូវជឿខ្ញុំឡើយ។ ខ្ញុំចង់ឱ្យមានការកត់ត្រា និងអប់រំអំពីប្រវត្តិសាស្រ្តខ្មែរក្រហមដល់ក្មេងៗឱ្យបានដឹង និងការពារកុំឱ្យរបបនេះកើតឡើងម្តងទៀត។ នៅវេលាយប់ខ្លះ ខ្ញុំក៏ដេកមិនលក់ដែរព្រោះខ្ញុំនឹកគិតពីការលំបាកវេទនាដែលជួបប្រទះកន្លងមក គិតពីបងប្អូនសាច់ញាតិ និងនឹកស្រណោះកូនដែលបានស្លាប់ទៅ។ នៅពេលខ្ញុំគិតរឿងរ៉ាវទាំងនេះម្តងៗខ្ញុំតែងតែដេកស្រក់ទឹកភ្នែកតែម្នាក់ឯង។ រាល់ថ្ងៃ ខ្ញុំឈឺចុកចាប់ដៃជើង ហើយពេលឈឺខ្លាំងម្តងៗ ខ្ញុំត្រូវលេបថ្នាំបំបាត់ការឈឺចាប់។

អត្ថបទដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ ពៅ លីណា ជាមួយ មូល សារ៉ាយ រស់នៅភូមិពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin