បរិភោគច្រើនចាប់យកទៅសម្លាប់
(សៀមរាប) ៖ ណំ ហ៊ាប មានអាយុ៨១ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ នៅក្នុងឆ្នាំ១៩៧០ ហ៊ាប បានជួបប្រទះជាមួយនឹងការបាញ់ផ្លោងរវាងទាហានខ្មែរក្រហមនិងទាហានរបស់លុន នល់។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ប្រទេសកម្ពុជា ហ៊ាប មិនត្រូវបានចាត់ទុកជាប្រជាជនថ្មីនោះទេព្រោះគាត់បានរស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត ។ អង្គការតែងតែគម្រាមកំហែងដល់ប្រជាជនស្លូតត្រង់ដោយប្រើពាក្យថា៖ ជីករណ្ដៅនៅខាងមុខផ្ទះ ហើយយកទៅសម្លាប់នៅក្នុងរណ្ដៅនោះ។ លោកសង្ឃដែលប្រកាន់ភ្ជាប់ជាមួយនឹងព្រះធម៌ត្រូវបានចាប់យកមកផ្សឹក ហើយទៅធ្វើស្រែចម្ការដូចអ្នកដទៃទៀតដែរ។
ហ៊ាប មានតួនាទីជាអ្នកដាំបាយនៅក្នុងរោងចុងភៅរបស់អង្គការ។ ក្នុងមួយថ្ងៃ ហ៊ាប ត្រូវដាំបាយក្នុងខ្ទះដែលយកមកធ្វើស្ករត្នោតយ៉ាងហោចណាស់ឲ្យបាន៣០ឆ្នាំង។ គាត់ត្រូវបានជម្លៀសទៅភូមិដំណាក់ដំរី ដែលនៅតំបន់នោះមិនសូវខ្វះអាហារបរិភោគនោះទេ។ ទោះបីជាមិនសូវខ្វះអាហារក៏ដោយ ក៏នៅតែមានទាហានមួយចំនួនសម្លុតគាត់មិនឲ្យបរិភោគច្រើននោះទេ។
បើសិនជាបរិភោគច្រើននោះ ទាហានខ្មែរក្រហមនឹងចាប់គាត់ទៅសម្លាប់។ ហ៊ាប ធ្លាប់បានឃើញប្រជាជនយកទៅសម្លាប់មិនលើកលែងសូម្បីតែក្មេងឬក៏ចាស់។ ពេលវាយប្រជាជនម្ដងៗ ហ៊ាប ឮតែសម្លេងដែលយកពូថៅទៅសម្លាប់នោះរហូត។
ក្រៅពីធ្វើជាអ្នកដាំបាយនៅក្នុងរោងចុងភៅ គាត់ក៏មានតួនាទីក្នុងការធ្វើស្រែដែរ។ ខ្មែរក្រហមបានឲ្យគាត់និងប្រាជាជនផ្សេងៗទៀតធ្វើការលើសម៉ោង ហើយនឹងលើសពីកម្លាំងមនុស្សអាចទ្រទ្រង់បាន។ ហ៊ាប បាននិយាយបន្ដទៀតថានៅពេលមេឃភ្លៀង គាត់និងប្រជាជនផ្សេងទៀតនៅតែបន្តស្ទូងស្រូវដដែល ហើយក៏មិនហ៊ានឈប់ដែរ។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ គាត់បានបន្តរស់នៅក្នុងស្រុកវ៉ារិនដដែល។ សព្វថ្ងៃ ហ៊ាប មានរបរជាអ្នកធ្វើស្រែចម្ការ។ គាត់ស្អប់របបខ្មែរក្រហមខ្លាំងណាស់។ ហ៊ាប មិនសូវដឹងអំពីការកាត់ក្ដីខ្មែរក្រហម ហើយក៏មិនដែលតាមដានរឿងកាត់ក្ដីនោះទេ។ ហ៊ាប និយាយថា ក្រៅពីប៉ុល ពត គាត់មិនស្គាល់អតីតមេដឹកនាំខ្មែរក្រហមអ្វីផ្សេងទៀតឡើយ។
សព្វថ្ងៃគាត់មានការឈឺចុកចាប់ពីចង្កេះដល់ជើង។ គាត់ទទួលការព្យបាលដោយទៅពេទ្យនិងប្រើប្រាស់ថ្នាំពេទ្យ។ ហ៊ាប គ្មានសាច់ញាតិជូនទៅពេទ្យនោះទេ គឺគាត់ទៅដោយខ្លួនឯងផ្ទាល់។
សម្ភាសន៍ដោយ ហាំ សៀងហេង
អត្ថបទដោយ ហៀង នីតា