ខ្មែរក្រហមចាប់មនុស្សយកឡើងទូក

ណាត សាយ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ណាត សាយ ភេទប្រុស មានអាយុ ៦១ឆ្នាំ រស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សាយ មានបងប្អូន៦នាក់ ក្នុងនោះស្រី៣នាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ សាយ បានមកតាំងទីលំនៅក្នុងភូមិអូរស្វាយ។ សាយ ចងចាំថា កាលនោះ ភូមិអូរស្វាយ អភិវឌ្ឍឡើងក្នុងគោលបំណង ការពារព្រំដែន។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលមានការទម្លាក់គ្រាប់បែកក្នុងភូមិ គ្រួសាររបស់សាយ និងប្រជាជនក្នុងភូមិ បានគេចខ្លួនទៅរស់នៅតាមព្រៃ។

នៅឆ្នាំ១៩៧៥ គ្រួសាររបស់សាយ និងប្រជាជនក្នុងភូមិ ​ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅសហករណ៍ភូមិអូររនោង ស្រុកសៀមប៉ាង ដោយត្រូវរស់នៅរួម, ធ្វើការរួម និងហូបរួម។ នៅទីនោះ សាយ ត្រូវឃ្វាលគោក្របី និងរៀនក្រោមមែកឈើ។ នៅពេលសាយ ឈានដល់វ័យត្រូវចូលធ្វើការក្នុងកងចល័ត ឪពុករបស់សាយ បានស្នើសុំការអនុគ្រោះពីប្រធានពេទ្យខ្មែរក្រហមឈ្មោះណាន ដែលរាប់អានគ្នាពីមុនមក ទើបសាយបានចូលធ្វើពេទ្យ ជាជាងធ្វើការក្នុងកងចល័ត ដែលត្រូវធ្វើពលកម្មហួសកម្លាំង។ នៅពេលធ្វើជាពេទ្យ ប្រធានពេទ្យបានបង្រៀន សាយ ពីការពិនិត្យជំងឺទូទៅ, លាងរបួស, ចាក់ថ្នាំ និងបើកថ្នាំ។​ សាយ និយាយថា ថ្នាំនៅពេលនោះ មានតែថ្នាំនាំចូលពីប្រទេសចិន និងថ្នាំដែលផលិតក្នុងស្រុករាងដូចអាចម៍ទន្សាយ។ សាយ បន្តថា ប្រជាជន១៧មេសា ឬប្រជាជនថ្មី ជាច្រើននាក់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ ឬហូបចុកមិនគ្រប់គ្រាន់។ របបអាហារ មានតែបាយលាយជាមួយគល់ចេក និងគល់ល្ហុងប៉ុណ្ណោះ។ ក្រៅពីធ្វើជាពេទ្យក្នុងសហករណ៍ នៅអាយុប្រហែល ១០ឆ្នាំ សាយ ក៏ត្រូវដើរតាមយោធាខ្មែរក្រហម ដើម្បីព្យាបាលអ្នករបួសរហូតដល់ខេត្តព្រះវិហារ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ សាយ បានត្រលប់មករស់នៅភូមិកោះព្នៅ និងធ្វើជាសេនាជន។ សាយ​ រំឭកថា ក្រៅពីឪពុកម្ដាយដែលស្លាប់ដោយសារជំងឺក្នុងរបបខ្មែរក្រហម បងថ្លៃរបស់សាយ ក៏ត្រូវបាត់បង់ជីវិត នៅពេលខ្មែរក្រហមចាប់គាត់យកឡើងទូកទៅសម្លាប់។

បច្ចុប្បន្ន សាយ មានការព្រួយបារម្ភអំពីទិន្នផលត្រីធ្លាក់ចុះ ដោយសារបញ្ហាបរិស្ថានរយៈពេល១០ឆ្នាំចុងក្រោយ ដែលធ្វើឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់អ្នកនេសាទ ដូចរូបគាត់ និងអ្នកនេសាទនៅក្នុងភូមិដទៃទៀត៕

សម្ភាសដោយ យ៉ោន ចំរើន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin