របបខ្មែរក្រហមធ្វើបាបចិត្ត

នៅ រិន រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងស្រុកកំណើតនៅក្រុងស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ នៅ រិន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងស្រុកកំណើតនៅក្រុងស្ទឹងត្រែង។ រិន មានឪពុកឈ្មោះ នាង នៅ (អ្នកខេត្តតាកែវ), ម្ដាយឈ្មោះ ឌៀវ អេង (អ្នកខេត្តកំពត) និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។

ឪពុករិន ជាទាហានចូលនិវត្តន៍នៅរបបសង្គមរាស្ត្រនិយម។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ រិន ដែលមានអាយុ ៥ឆ្នាំ បានមករស់នៅភូមិអូរស្វាយជាមួយឪពុក ក្រោមគោលនយោបាយរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារព្រំដែនកម្ពុជា-ឡាវ។ ប្រជាជនមួយចំនួនដែលមករស់នៅភូមិអូរស្វាយដំបូង បានបាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់។ នៅភូមិអូរស្វាយ ឪពុករិន ទទួលបានផ្ទះ, ដីស្រែ និងប្រាក់បៀវត្សរ៍ប្រចាំខែ។ នៅឆ្នាំ១៩៦៨ សមិទ្ធផលនៅភូមិអូរស្វាយ រួមមានសាលារៀន, មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសម្ពោធដោយសម្ដេចព្រះ នរោត្តម សីហនុ។ នៅអាយុ ៧ឆ្នាំ រិន បានចូលរៀននៅសាលាបឋមអូរស្វាយ។

នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារនៅទីក្រុងភ្នំពេញ រិន បានឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់)។ ចំណែក ឪពុករិន ត្រូវចូលធ្វើជាទាហាន លន់ នល់ និងប្រយុទ្ធជាមួយកងទ័ពវៀតកុង អស់មួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិ ដោយឲ្យប្រជាជនធ្វើចម្រូង ធ្វើស្រែប្រវាស់ដៃ និងចែកផលស្រូវ។

បន្ទាប់ពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស រិន និងប្រជាជនទាំងអស់ចេញពីភូមិ ទៅរស់នៅតាមសហករណ៍ញើន ដោយធ្វើការរួម និងហូបរួមតាមរោងបាយ។ រិន ចូលធ្វើការក្នុងកងចល័ត ដោយឲ្យធ្វើពលកម្មហួសកម្លាំង ដូចជាធ្វើស្រែ, លើកភ្លឺស្រែ, ជីកប្រឡាយ និងលើកទំនប់នៅវើនសៀន អស់រយៈពេលជាច្រើនខែ។

រិន ត្រូវធ្វើការតាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១ព្រឹក ទើបបានហូបបាយលាយជាមួយចេក និងពោតក្រហម ដោយក្នុងម្នាក់ទទួលបានត្រឹមតែមួយចានចង្កឹះប៉ុណ្ណោះ។ របបអាហារ ត្រូវបានកំណត់ដោយខ្មែរក្រហម និងមិនអនុញ្ញាតឲ្យប្រជាជនហូបអ្វីក្រៅពីរបបអាហារដែលចែកឲ្យនោះទេ។

នៅពេលល្ងាច រិន ត្រូវចូលរួមប្រជុំជីវភាព និងទិតៀនសមាជិកក្នុងកងចល័ត។ បន្ទាប់ពីប្រជុំជីវភាព រិន ត្រូវធ្វើពលកម្មបន្តទៀត រហូតដល់ម៉ោង១០យប់ ទើបបានសម្រាក។ នៅកងចល័ត រិន ត្រូវសម្រាកក្រោមម្លប់ដើមឈើ និងមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាលជំងឺ។

រិន និយាយថា ខ្មែរក្រហមបានគាបសង្កត់ប្រជាជន ដូចជា អ្នកដែលមានផ្ទៃពោះ ត្រូវពលកម្មរហូតដល់សម្រាលនៅការដ្ឋានស្រែតែម្តង។ ចំណែក កូនត្រូវយកទៅផ្ញើតាមរោងកុមារ។ អ្នកដែលមានប្រវត្តិធ្វើជាទាហានរបបសង្គមរាស្ត្រ ឬរបប លន់ នល់ ត្រូវខ្មែរក្រហមយកទៅសម្លាប់ចោល និងមានមនុស្សមួយចំនួនទៀត ដែលរិន ស្គាល់ បានបាត់ខ្លួន។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រិន បន្តរស់នៅញើនរហូតដល់រដូវប្រមូលស្រូវ។ នៅឆ្នាំ១៩៨០ ទើប រិន ត្រលប់ទៅរស់នៅភូមិអូរស្វាយវិញ ដោយប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ នៅឆ្នាំ១៩៨១ រិន បានរៀបការជាមួយប្រពន្ធឈ្មោះ មិច សាមន និងមានកូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំនាក់។ បញ្ហាប្រឈមរបស់រិន នាពេលបច្ចុប្បន្ន គឺការធ្លាក់ចុះទិន្នផលត្រី ដោយសារការនេសាទខុសច្បាប់, ការបំពុលបរិស្ថាន និងការសង់សាងទំនប់វារីអគ្គិសនី៕

សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin