ង៉ែត អឿន៖ ជាអតីតយោធាខ្មែរក្រហម
ង៉ែត អឿន ហៅ គង់ សំអឿន អាយុ៦៩ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ អឿន មានបងប្អូន២នាក់។ នៅក្នុងសម័យ លន់ នល់ យុវជននៅក្នុងភូមិមួយចំនួនបានចូលរួមបដិវត្តន៍ ប៉ុន្តែ អឿន បានស្ម័គ្រចិត្តចូលទៅធ្វើជាទាហាន ដើម្បីទទួលបានប្រាក់មួយចំនួន។ អឿន ធ្វើជាទាហានដំបូង ប្រចាំការនៅស្រុកបាទី។ អឿន ធ្វើការនៅបាទីបានរយៈពេល៦ខែ ទើបគាត់ជាប់ឈ្មោះទៅរៀននៅ ឡាំសើង ប្រទេសវៀតណាម។ បន្ទាប់ពីបញ្ចប់ការសិក្សា អឿន បានជិះយន្តហោះត្រលប់មកធ្វើការងារនៅភ្នំពេញវិញ ប៉ុន្តែមុនពេលចូលធ្វើការងារគាត់មានពេលសម្រាក៣ខែ។ នៅពេលសម្រាក អឿន បានត្រលប់មកសួរសុខទុក្ខឪពុកម្ដាយនៅស្រុកកំណើត និងឆ្លៀតពេលទៅលេងគូដណ្ដឹងដែលឪពុកម្ដាយភ្ជាប់ពាក្យឲ្យ។
នៅពេល អឿន ស្នាក់នៅក្នុងភូមិ កងទ័ពស្ម័គ្រចិត្តបានទទួលជ័យជម្នះទាហាន លន់ នល់ ក្នុងការគ្រប់គ្រងភូមិប្រសៀន។ ដើម្បីរួចរស់ជីវិត អឿន បានស្ម័គ្រចិត្តចូលរួមចលនាបដិវត្តន៍ និងបានចូលរួមរៀននយោបាយរួបរួមជាតិ រំដោះជាតិ របស់បដិវត្តន៍ មុនពេលចេញទៅធ្វើទ័ពត្រៀម។ នៅក្នុងសមរភូមិ អឿន មានតួនាទីជាអ្នកយកស្បៀងអាហារទៅសមរភូមិ និងសែងអ្នករបួសត្រលប់មកវិញ។ ក្រោយមក នៅពេលទទួលបានការទុកចិត្ត អឿន ត្រូវបានអង្គការបានបញ្ជូនទៅសមរភូមិប្រយុទ្ធជាមួយទាហាន លន់ នល់។
បន្ទាប់ពីទទួលបានជ័យជម្នះនៅខែមេសា ១៩៧៥ អង្គការបានដកអាវុធ និងបញ្ជូន អឿន ឲ្យទៅធ្វើការងារនៅក្នុងសហករណ៍វិញ។ នៅក្នុងសហករណ៍ អង្គការបែងចែកប្រជាជនជា៣ប្រភេទ គឺប្រជាជនដែលនៅក្នុងភូមិស្រាប់ហៅថាអ្នកមូលដ្ឋាន, ប្រជាជនដែលចេញចូលជំនាន់ លន់ នល់ ហៅថាប្រជាជនត្រៀម និងអ្នកដែលជម្លៀសនៅថ្ងៃទី១៧ មេសា គឺហៅថាប្រជាជនថ្មី។ អឿន ធ្វើការងារនៅមូលដ្ឋានបានចំនួន ៦ខែ ទើបអង្គការហៅគាត់ឲ្យទៅធ្វើជាយោធាតំបន់វិញ។ អឿន បានត្រលប់ទៅមូលដ្ឋានទ័ពចាស់ ដើម្បីយាមតាមព្រំដែនវៀតណាម ជាមួយសមាជិកយោធាពីមុន រហូតដល់ឆ្នាំ១៩៧៨។ ពេលធ្វើជាទាហាន អឿន បានហូបគ្រប់គ្រាន់ និងមានអនាម័យ។ ពេលហូបអាហារជាក្រុម អង្គការបានរៀបចំស្លាបព្រាដួសម្ហូបរួមត្រឹមត្រូវ និងមានតុអង្គុយត្រឹមត្រូវ។
នៅពេលខ្មែរក្រហមចាញ់សង្គ្រាម អឿន បានត្រលប់មករស់នៅក្នុងភូមិវិញ។ មុនដំបូង មេភូមិមានបំណងបញ្ជូន អឿន ឲ្យទៅសមរភូមិនៅខេត្តប៉ៃលិន ប៉ុន្តែគាត់បដិសេធ។ បន្ទាប់មកទៀត អឿន បានចូលទៅធ្វើជាទ័ពស្រុកមួយរយៈ រួចប្ដូរតួនាទីមកជាប្រធានឡូមួយ ស្នាក់នៅក្នុងភូមិវិញ។ ក្រោយមកដោយសារតែមានរឿងរ៉ាវមួយចំនួន អឿន បានប្ដូរតួនាទីមកធ្វើការងារនៅក្នុងឃុំ។ អឿន ធ្វើការងារនៅក្នុងឃុំរយៈពេលប្រមាណ៦ខែ ទើបគាត់ចូលទៅធ្វើជាគ្រូបង្រៀនយោធាវិញ ព្រោះគាត់មានសញ្ញាប័ត្រពីវៀតណាម។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៩ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០១ ខែឧសភា ២០២៥