ង៉ែត ប្រុញ៖ យកម្ចុរបូមទឹកចាក់សម្លាប់អ្នកជំងឺ
(តាកែវ) ង៉ែត ប្រុញ អាយុ៥៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិគោកព្រេច ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។ ក្រុមគ្រួសាររបស់ ប្រុញ ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការនៅស្រុកកោះអណ្ដែត។ នៅស្រុកកោះអណ្ដែត ប្រុញ ធ្វើការងារដេញចាប និងដើររើសអាចម៍គោ យកទៅដាក់ស្រែ។
នៅសម័យខ្មែរក្រហម ប្រុញ អាចស្នាក់នៅជាមួយឪពុកម្ដាយព្រោះគាត់មិនទាន់គ្រប់អាយុស្នាក់នៅក្នុងកងកុមារប្រមូលផ្ដុំ។ ប្រុញ បានឲ្យដឹងថា ក្នុងមួយថ្ងៃ គាត់ត្រូវចាំចាប ៤ម៉ោង គឺពេលព្រឹក២ម៉ោង និងថ្ងៃរសៀល២ម៉ោង។
ក្រោយមកទៀត អង្គការបានជម្លៀសក្រុមគ្រួសារ ប្រុញ ឲ្យទៅរស់នៅ និងធ្វើការងារនៅ តាសោមតាអូ។ នៅតាសោមតាអូ កុង(លោកតា)របស់ ប្រុញ ឈឺជើង និងទៅសម្រាកនៅមន្ទីរពេទ្យ។ ប្រុញ បានឲ្យដឹងថា លោកយាយរបស់គាត់តែងតែទៅមើលលោកតានៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ។ នៅថ្ងៃបន្ទាប់ ពូរបស់ប្រុញ បានមកប្រាប់គ្រួសាររបស់គាត់ថាកុងរបស់ប្រុញ បានស្លាប់ហើយ។
លោកយាយរបស់ ប្រុញ មិនជឿលើសម្តីរបស់ពូប្រុញទេ ព្រោះគាត់បានទៅមើលថែប្ដីរបស់គាត់រាល់ថ្ងៃ ហើយមើលឃើញថាសុខភាពរបស់ប្តីមានសភាពធម្មតា។ នៅពេលដែលលោកយាយទៅដល់មន្ទីរពេទ្យ កុងរបស់ប្រុញ ពិតជាបានស្លាប់មែន ហើយពូរបស់ប្រុញ បានយកស្បោងអំបិលដាក់សាកសពនិងកប់នៅជិតមន្ទីរពេទ្យ។ បើតាមសម្ដីរបស់ប្រុញ កុងរបស់គាត់ស្លាប់ដោយសារតែពេទ្យរបស់អង្គការខ្មែរក្រហមយកទឹកចាក់ចូលក្នុងខ្លួនរបស់គាត់ដើម្បីសម្លាប់។
នៅពេលវៀតណាមចូលមកដល់ គ្រួសាររបស់ប្រុញ បានជម្លៀសទៅខាងគីរីវង់ ទូកមាស។ បន្ទាប់មក ប្រុញ បានធ្វើដំណើរត្រលប់មកនៅភូមិគោកព្រេចជាមួយគ្រួសារ។ បច្ចុប្បន្ន ប្រុញ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ចំពោះសាសព កុង ដែលកប់នៅតាសោម លោកយាយរបស់ប្រុញ បានទៅគាស់យកមកធ្វើបុណ្យតាមប្រពៃណី ក្រោយរបបខ្មែរក្រហម។
សម្ភាសដោយ៖ទុយ ដារ៉ា ថ្ងៃទី០៩ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២០ មករា ២០២៥