ងីន វ៉ន៖ សកម្មភាពបំផ្លាញសម្ភារអង្គការ និងបំផុសឲ្យនារីរត់ចេញពីអង្គភាព

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣១ទំព័រ​ជារបស់ ងីន វ៉ន។ ​តាមរយៈចម្លើយសារភាព​(J០០​០៧៩) ​បង្ហាញអំពីសកម្មភាព ​​វ៉ន ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍​ទទួលបានការអប់រំពីឈ្មោះ សារឿន និងណាត ហើយឈ្មោះ ផល និងសោម ​បញ្ចូល ជា សេ អ៊ី អា។ ក្នុងការចូលបម្រើបដិវត្តន៍នេះ វ៉ន បានធ្វើសកម្មភាព​បំផុសឲ្យនារី​ខ្លាចតំបន់ខ្សែត្រៀម និងបំផ្លាញសម្ភារអង្គការបដិវត្តន៍។

ងីន វ៉ន[1] ភេទស្រី អាយុ២៩ឆ្នាំ រៀបការរួចហើយ​ ជាមួយបុរសឈ្មោះ សីម មឿន។ វ៉ន មានស្រុកកំណើតនៅភូមិទុល​ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ តាំងពីដឹងក្ដីមក វ៉ន រស់នៅជាមួយឪពុកម្ដាយ និងប្រកបមុខរបរធ្វើស្រែចម្កា​រ។

នៅឆ្នាំ១៩៧០ វ៉ន​ បានចូលបម្រើក្នុងជួរកងទ័ព បានរយៈពេល១ឆ្នាំ វ៉ន និងឪពុកម្ដាយ ក៏រត់ទៅរស់នៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ​ជាមួយឈ្មោះ សារឿន មានតួនាទីលេខាកងពល៨០១។ នៅខែកញ្ញា ឆ្នាំ១៩៧២ វ៉ន បានចូលបម្រើបដិវត្តន៍ តាមរយៈឈ្មោះ សារឿន។ ​ រយៈពេល១ឆ្នាំក្រោយមក វ៉ន ក៏ទទួលបានការអប់រំពីឈ្មោះ ណាត និង រ៉ន ដោយ​អប់រំបំផុសពីមុខមាត់ បុណ្យសក្ដិ និងបង្ហាញពីការលំបាករបស់នារីទៅថ្ងៃអនាគត។ ​តាមរយៈឈ្មោះ ណាត ក៏អប់រំបន្ថែម ​ឲ្យមានការតស៊ូ នៅពេលកើតមានសង្ត្រាម។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ ឈ្មោះ ផល និងសោម បានបញ្ចូល វ៉ន ជា សេ អ៊ី អា នៅទន្លេបាទី ស្រុក៥៦ តំបន់៣៣ ខេត្តតាកែវ។[2] នៅក្នុងកម្មវិធី​នេះ រួមមានការប្រកាសហេតុ ការគោរពទង់ ការឧទ្ទេសនាម និងការលើកឡើងពីចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន។ ​ក្នុងនោះមាន​ការទទួលស្គាល់ ​និង​ការប្រគល់ភារកិច្ច សេ អ៊ី អា។ ​ចុងបញ្ចប់នៃកម្មវិធី គឺការគោរពទង់​។ តួនាទី​​ សេ អ៊ី អា ត្រូវបង្កប់ស៊ីរូងផ្ទៃក្នុងបក្ស បំផ្លាញផលប្រយោជន៍របស់បក្ស និងកសាងកម្លាំង សេ អ៊ី អា។ ​ បន្ទាប់ពីកម្មវិធីចប់ សោម បានឧទ្ទេសនាម​ វ៉ន ​ឲ្យស្គាល់ខ្សែរយៈ​ចំនួន៧នាក់។ តាមរយៈ ឈ្មោះ សោម ក៏ចាត់តាំង វ៉ន ឲ្យទាក់ទងជាមួយឈ្មោះ សុន នៅទន្លេបាទី ​ហើយរាយការណ៍ពីកម្លាំងបក្សដែលបានត្រូវរបួស និង​បំផុសឲ្យនារី ខ្លាចតំបន់​ខ្សែត្រៀម។ ​

នៅខែមករា ឆ្នាំ១៩៧៤ ឈ្មោះ សោម បានហៅ វ៉ន និង អាន ទៅជួបនៅទន្លេបាទី ​ដើម្បីដាក់ផែនការ ឲ្យជញ្ជូនគ្រាប់​​ចំនួន៣ឡាំង យកទៅបំផ្លាញចោលក្នុងទឹក ហើយថែមទាំងបំផុសឲ្យនារី​ឈ្មោះ មឿន ​រត់ទៅនៅផ្ទះទៀត។ ​ ក្នុងពេលនោះ វ៉ន បានស្គាល់ខ្សែចំនួន៣នាក់ ដែលជាខ្សែរបស់ មុត ​និងបានបំផ្លាញគ្រាប់៦០មីលីម៉ែត្រ ​ចំនួន១០គ្រាប់។ លុះពេលបន្ទាប់ សោម ក៏ហៅ វ៉ន និងឈ្មោះ ម៉ៅ ទៅជួបនៅព្រែករុន ​និងបាន​ចាត់តាំង​កម្លាំងចំនួន៦នាក់ ឲ្យជញ្ជូនគ្រាប់មកទុកនៅនឹងកន្លែងឈ្មោះ សោម នៅរការខ្ពស់។  ពេលនោះ សោម បានបញ្ជា វ៉ន និងម៉ៅ ឲ្យយកគ្រាប់ អាអ៊ា១៥​ ចំនួន១០ធុងទៅ​បោះចោលក្នុងទឹកទន្លេ។ ក្រោយមក អង្គការក៏ចាត់តាំង វ៉ន ឲ្យមករៀនបច្ចេកទេសយោធានៅភូមិព្រែករុន វ៉ន ក៏ត្រូវរបួស ហើយបានទៅព្យាបាលនៅមន្ទីរពេទ្យម១១៣ ​ភូមិភាគពិសេស។ នៅខែមេសា ក្នុងឆ្នាំដដែល សោម បានទៅជួបជាមួយ វ៉ន នៅមន្ទីរពេទ្យ ហើយណែនាំ ​បំផុសឲ្យអ្នកជំងឺ ​វាយប្រហារនៅក្នុងមន្ទីរពេទ្យ​។ ជាងនេះទៅទៀត សោម ក៏បានណែនាំ វ៉ន ឲ្យស្គាល់ជាមួយកម្លាំងក្បត់​ចំនួន៤នាក់ ជាកម្លាំងរបស់នារី អាយ និងនារី ហំ ប្រគល់ ឲ្យ វ៉ន ជាអ្នកគ្រប់គ្រង។  បន្ទាប់មក សោម ក៏ចាត់តាំង វ៉ន ឲ្យធ្វើដំណើរទៅកាន់ផ្លូវជាតិលេខ៥ ​ដើម្បីទាក់ទងជាមួយឈ្មោះ កែវ សារឿន និង ស៊ន សំអុល។​ ​ក្នុងពេលនោះ ​​ក៏ធ្វើសកម្មភាព​បំផុសនារី​ឲ្យរត់ចោល​សមរភូមិ​ចំនួន៦០នាក់។ នៅខែមិថុនា ឆ្នាំដដែល តាមរយៈឈ្មោះ ស៊ន បានចាត់តាំង វ៉ន ​និងខ្សែចំនួន៤នាក់ ទៅប្រជុំដាក់ផែនការ បំផ្លាញអាវុធ ​និងបោកគ្រាប់បែកកម្ទេច ថែមទាំងបំផុសនារីឲ្យខ្លាចនៅតាមតំបន់ខ្សែត្រៀមទៀត។ មួយរយៈពេលក្រោយមក វ៉ន និងខ្សែចំនួន៤នាក់ បាន​បំផ្លាញអាវុធឌូសេកចំនួន១ដើម ​រួមទាំងគ្រាប់ចំនួន៤ធុង និងអប់រំកម្លាំងបានចំនួន៣នាក់​។ វ៉ន អប់រំខ្លឹមសារ បំផុសពីមុខមាត់បុណ្យសក្ដិ និងប្រឆាំង​របបសមូហភាព។ អ្នកទាំងបី ក៏យល់ស្របតាម។ នៅខែកញ្ញា ឆ្នាំ១៩៧៤ វ៉ន បានត្រឡប់មកពីផ្លូវជាតិលេខ៥វិញ សោម ក៏ដាក់ផែនការ ឲ្យកសាងកម្លាំងបន្ថែម និងបន្តសកម្មភាពតាមផែនការចាស់ដដែល។ ​បន្ទាប់មក​ វ៉ន និង​កម្លាំងចំនួន២នាក់ ​បានដឹកនាំទ័ពទៅ​ជាន់បំផ្លាញស្រូវ​អង្គភាព​។​ ក្នុងពេលជាមួយគ្នា ថែមទាំងកសាងកម្លាំងបានចំនួន៥នាក់ អប់រំបំផុសពីអនាគតរបស់នារីគ្មានសិទ្ធិសេរីភាព។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៤ សោម និង ម៉ៅ បានហៅ វ៉ន ​ទៅជួបនៅបន្ទាយត្រាវ ​។ ក្នុងពេលនោះ ក៏បញ្ចូលមនុស្សចំនួន៤នាក់ជាសមាជិក សេ អ៊ី អា ដោយឈ្មោះ ម៉ៅ ជាអ្នកឧទ្ទេសនាម ​ឈ្មោះ សោម ជាអ្នកទទួលស្គាល់។ អ្នកទាំង៤នាក់ មានតួនាទី ដឹកជញ្ជូនគ្រាប់យកទៅបំផ្លាញ និងសែងអ្នករបួស ធ្វើឲ្យដួល រហូតឈានដល់​ស្លាប់។ ក្រោយមក វ៉ន និងខ្សែទាំង៤នោះ​ បាន​យកមីនរថក្រោះចំនួន៥គ្រាប់ ​រួមទាំងគ្រាប់បែក​ចំនួន២០គ្រាប់ទៅបោះចោលក្នុងទឹកស្ពាននៅកំពង់ដង្កោរ ហើយយកអង្រឹងចំនួន១០ទៅដុតចោលនៅព្រែកស្លែង។

នៅខែមករា ឆ្នាំ១៩៧៥ អង្គភាពបានផ្លាស់ វ៉ន មកនៅផ្លូវលេខ២១ នៅភូមិព្រែករុន។ ​ វ៉ន ក៏បាន​ជំរុញឲ្យនារីចំនួន២នាក់ និងយុវជនចំនួន១នាក់ សែងអ្នករបួស ធ្វើឲ្យ​​នារី​១នាក់ ឈ្មោះ ទៀង វ៉ាត បានធ្លាក់ស្លាប់ និងយុវជន១នាក់ ឈ្មោះ ចាន់ ​ របួសធ្ងន់ធ្ងរនៅស្ពានព្រែកថី។ លើសពីនេះទៅទៀត ថែមទាំងបោះចោលគ្រាប់១០៥ មីលីម៉ែត្រ ចំនួន២គ្រាប់ចូលក្នុងបឹង។ ​ស្របពេលជាមួយគ្នា វ៉ន បានយកមីនរថក្រោះចំនួន៥គ្រាប់ ទៅបោះចោលក្នុងទឹកទន្លេ។ នៅខែមីនា ក្នុងឆ្នាំដដែល វ៉ន បានដឹកនាំទ័ពទៅ​ប្រមូលគ្រាប់នៅតាមសមរភូមិ ទូរលេខ១២ ធ្វើឲ្យនារី​ចំនួន១នាក់ត្រូវរបួសជាទម្ងន់ និង១នាក់​ទៀតបានស្លាប់នៅនឹងកន្លែង។ នៅខែ មេសា ក្នុងឆ្នាំដដែល វ៉ន ត្រូវបានអង្គការចាត់តាំងឲ្យមករៀននៅភ្នំពេញ។

ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អង្គភាពបានបញ្ជូន វ៉ន ឲ្យមកនៅជិតពេទ្យ១៧ មេសា។ ឈ្មោះ សោម ក៏បានណែនាំ វ៉ន និងមនុស្ស៣នាក់ទៀត ឲ្យ​ចាំស្ទាក់បាញ់អង្គការ​ឈ្មោះ ប៉ុល ពត និង នួន ជា។ ​​​ជាពិសេសត្រូវបំផ្លាញផ្ទះនៅតាមមុខសញ្ញានៅម្ដុំទួលទំពូង។ ​មួយវិញទៀត ​ត្រូវបំផុសឲ្យនារី ​រត់ទៅផ្ទះ និងបំផ្លាញសម្ភារពេទ្យ១៧។ តាមផែនការខាងលើ វ៉ន បានប្រមូលគ្រាប់ចំនួន៨០ឡាំង និងវាយបំបាក់ម៉ាស៊ីនថតជំងឺចំនួនមួយគ្រឿងទៀត។ នៅខែមិថុនា ក្នុងឆ្នាំដដែលនេះ ​ឈ្មោះ សោម បានហៅ វ៉ន និងមនុស្ស៣នាក់​ ទៅណែនាំដាក់ផែនការនៅចំការដូង។ ការដាក់ផែនការនេះ ​ត្រូវយកអាវុធ១០៥ មីលីម៉ែត្រ បញ្ជូលមកទុកនៅកន្លែងស៊ុន ហេង។  ក្រោយមក វ៉ន ​និងមនុស្សចំនួន៤នាក់ ​បានប្រមូលស្រូវចំនួន១០០បាវ និងម៉ាស៊ីនដេរចំនួន៣គ្រឿងមកប្រគល់ឲ្យឈ្មោះ សោម។ ជាងនេះទៅទៀត ​ក៏បានវាយបំផ្លាញមាស៊ីន ក្រឡឹងក្បាច់ចានចំនួនមួយកន្លែង និងបំផ្លាញចានចំនួនមួយឃ្លាំង ឆ្នាំងចំនួនមួយឃ្លាំង​ និងលាក់ម៉ាស៊ីនដេរចំនួន២០០គ្រឿង ​ ប្រគល់ទៅឲ្យឈ្មោះ សោម។ សកម្មភាពបន្ទាប់​ វ៉ន អប់រំកម្លាំងបានចំនួន៣នាក់ ​ ក៏ចាត់តាំងឲ្យធ្វើសកម្មភាព​លួចយកខោអាវ នឹងប្រឆាំងនឹងអង្គការបដិវត្តន៍។ នៅខែកញ្ញា ឆ្នាំ១៩៧៥ តាមការចាត់តាំងពី ម៉ៅ ​ឲ្យ វ៉ន ទាក់ទងជាមួយឈ្មោះ តូនីម ហើយ​រួមគ្នា បំផ្លាញផលស្រូវ តាមរយៈ​បង្ហូរទឹកចេញពីស្រែ និងស្ទូងឲ្យបត់គល់ស្រូវ។ ចូលមកដល់ខែធ្នូ ឆ្នាំដដែល អង្គការ ក៏ចាត់តាំង វ៉ន ឲ្យទៅនៅកងពល៨០១ ឲ្យទាក់ទងជាមួយឈ្មោះ កែវ សារឿន និង ស៊ន ក៏ប្រជុំដាក់ផែនការកសាងកម្លាំង និងបំផ្លាញគ្រាប់នៅកងពល៨០១។

នៅខែមេសា ឆ្នាំ១៩៧៦ វ៉ន បានទាក់ទងជាមួយ ឈ្មោះ សារីម នៅមន្ទីរពេទ្យ ​ក្នុងគោលបំណងបំផ្លាញថ្នាំពេទ្យ និងបំផុសអ្នកជំងឺឲ្យកើតមានទំនាស់នៅក្នុងមន្ទីរពេទ្យ។ ​ក្នុងពេលនោះ​ឈ្មោះ សារឿន ក៏ណែនាំ វ៉ន ឲ្យពង្រឹងផែនការចាស់ឡើងវិញ។ ​ ​តាមផែនការនេះ វ៉ន បានដុតផ្ទះ​ចំនួន១ខ្នង និងអប់រំនារីបានចំនួន១នាក់។  ​នៅខែមិថុនា ក្នុងឆ្នាំដដែល វ៉ន បានទាក់ទង​​កម្លាំងចំនួន៥នាក់ រួមគ្នាធ្វើសកម្មភាពលើកភ្លឺស្រែ រហូតចូលដល់ដីប្រជាជនចំនួន១ហិកតា ​នាំឲ្យប្រជាជន និងកងទ័ពមានទំនាស់ជាមួយគ្នា។ ស្របពេលជាមួយគ្នា ក៏យកស្មៅដាក់​បញ្ចូលក្នុងស្រែ ធ្វើឲ្យស្រូវស្អកខូចខាតចំនួន២៥ហិចតា ថែមទាំងបោះចោលចប របស់អង្គភាពចំនួន១០ចបទៀត។​ នៅខែកញ្ញា ក្នុងឆ្នាំដដែល វ៉ន ​ក៏ជួបជាមួយប្ដី។ ​​ សកម្មភាពបន្ទាប់ វ៉ន អប់រំកម្លាំងបានចំនួន១នាក់ ឈ្មោះ ទុយ ហឿន មានតួនាទីអនុកងហា​ អនុសេនាធំ៤៣ វរសេនាតូច៨០៤ កងពល៨០១។ ​បន្ទាប់ពី ទទួលបានការអប់រំរួច ឈ្មោះ ទុយ ហឿន បានបំផ្លាញអង្ករ ប្រហុក អំបិល ចប កាំបិត និងបង្ក ទំនាស់ក្នុងអង្គភាព។ ក្រោយមក វ៉ន បានចោទ​ទៅលើ​ ឈ្មោះ ណាត ​ថាឈឺសតិអារម្មណ៍ ទុកចោល​ពុំបានបញ្ជូនទៅព្យាបាលរហូតដល់ស្លាប់។

នៅខែកុម្ភៈ ឆ្នាំ១៩៧៧ បក្សបានចាត់តាំង វ៉ន ឲ្យចុះត្រួតពិនិត្យមើលប្រវត្តិរូបនារីនៅក្នុងតំបន់១៣ ភូមិភាគនិរតី ខេត្តកំពត។ [3] បន្ទាប់មក វ៉ន ​ក៏ទទួលផែនការពីឈ្មោះ សោម​ ​ឲ្យធ្វើសកម្មភាពវាយប្រហារនៅតាមបណ្ដាស្រុកមួយចំនួនរួមមាន ស្រុកកោះអណ្ដែត ស្រុកទ្រាំង ស្រុកអង្គជ័យ និងស្រុកត្រាំកក់។ ថែមទាំងបង្ហាញពី​ចំនួនកងទ័ព ដែលបានស្លាប់ដោយសារជំងឺគ្រុនចាញ់ស្លាប់អស់យ៉ាងច្រើននាក់។ ​ ចំណែកការឧត្ថម្ភរបស់បក្សមិនបានដិតដល់ ថែមទាំងមានសង្រ្គាមនៅតាមព្រំដែនវៀតណាម​ ធ្វើឲ្យរបួស និងស្លាប់សឹងតែរាល់ថ្ងៃ។ ​​រហូតដល់​ថ្ងៃទី១២ ខែមិថុនាឆ្នាំ១៩៧៧ វ៉ន ត្រូវបានអង្គការចាប់ខ្លួន ហើយសួរចម្លើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៧។

អត្ថបទដោយ ជីម សុខគា


[1] ឯកសារ (J០០0៧៩​)  តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង៖ «​ងីន វ៉ន៖ សកម្មភាពបំផ្លាញសម្ភារអង្គការ និងបំផុសឲ្យនារីរត់ចេញពីអង្គភាព»។ ​បង្ហាញអំពីសកម្មភាព វ៉ន ​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាម​រយៈ​ឈ្មោះ សារឿន និងទទួលបានការអប់រំពីឈ្មោះ ណាត ដោយឈ្មោះ ផល និងសោម ​បញ្ចូល ​ ជា សេ អ៊ី។ ​ ការចូលបម្រើបដិវត្តន៍នេះ វ៉ន បានធ្វើសកម្មភាពបំផុសឲ្យ​នារីខ្លាចខ្សែត្រៀម និងបំផ្លាញ​សម្ភារអង្គការបដិវតន៍។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

[3] ឯកសារដូចគ្នា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin