អតីតពេទ្យយោធាខ្មែរក្រហម

ញឹម សឿន[1] កើតឆ្នាំ១៩៥៥ មានឪពុកឈ្មោះ ញឹម អៀម ម្តាយឈ្មោះ យ៉ែម រ៉ន មានបងប្អូនចំនួនពីរនាក់ រស់នៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សឿន ជាកូនទី១ ដែលបានសិក្សារៀនសូត្រនៅសាលាវិទ្យាល័យសម្តេចព្រះសីហនុ កំពង់ចាម បានត្រីថ្នាក់ទី៥(ពីសង្គមចាស់) ឈប់រៀននៅពេលកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ បន្ទាប់ពីកើតមានរដ្ឋប្រហារ ប្រទេសជាតិបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ។
នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ១៩៧០ ខ្ញុំបានស្ម័គ្រចិត្តធ្វើជាយោធាខ្មែរក្រហមហើយ អង្គការចាត់តាំងឲ្យចូលសិក្សាមុខវិជ្ជាពេទ្យនៅក្នុងតំបន់រំដោះស្រុកចំការលើ ខេត្តកំពង់ចាម តាមចំណង់ចំណូលចិត្តរបស់ខ្ញុំ និងមានម្នាក់ឈ្មោះ ផេង។ នៅក្នុងពេលនោះ មានលោកគ្រូបង្រៀនឈ្មោះ ណា និងឈ្មោះ អុង ជាគ្រូពេទ្យជំនាន់សម្តេចព្រះ នរោត្តមសីហនុ ។ នៅអំឡុងពេលនោះ ខ្ញុំបានឃើញវត្តមានកងទ័ពយៀកកុង (វៀតណាមខាងជើង) មកចូលរួមសហការជាមួយកងទ័ពព្រៃខ្មែរក្រហម។ នៅក្នុងសភាពការណ៍នោះដែរ ខ្ញុំបានចូលរួមជាមួយយោធាខ្មែរក្រហម ក្នុងភូមិភាគឧត្តរ(៣០៤)ដឹកនាំដោយឈ្មោះ កុយ ធួន(ហៅធុច) និងបានរួមសហការជាមួយកងទ័ពយៀកកុង(វៀតណាមខាងជើង) ដើម្បីវាយប្រយុទ្ធប្រឆាំងជាមួយទាហានឧត្តមសេនីយ លន់ នល់។ ប្រជាជនរស់នៅតាមទីជនបទស្រុកស្រែចម្ការ ជាពិសេសតំបន់ដាច់ស្រយាលដែលបានក្លាយជាតំបន់រំដោះភាគច្រើនជំរុញកូនចៅឲ្យចូលធ្វើជាយោធាខ្មែរក្រហម ថែមទាំងជួយគាំទ្រ និងជួយឧបត្ថម្ភស្បៀងអាហារ ពីព្រោះចង់បានរបបថ្មីមួយដែលគ្មានការជិះជាន់កេងប្រវ័ញ្ចលើញើសឈាមប្រជាជន។ ខ្ញុំបានរៀនចប់មុខវិជ្ជាពេទ្យក្នុងវគ្គខ្លីៗ បានចូលអនុវត្តន៍ផ្ទាល់នៅក្នុងសមរភូមិវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ លន់ នល់។ ខ្ញុំនៅក្នុងកងពលទី២ ដែលមានឈ្មោះ ឈិន ជាប្រធាន។ ខ្ញុំជាគ្រូពេទ្យយោធាខ្មែរក្រហម ដើរគ្រប់សមរភូមិប្រយុទ្ធ ដើម្បីព្យាបាលយោធាខ្មែរក្រហមដែលមានរបួសឬមានជំងឺផ្សេងៗ នៅសម័យសង្រ្គាមវាយជាមួយទាហានឧត្តមសេនីយ លន់ នល់ ខាងខ្មែរក្រហមមិនមានថ្នាំពេទ្យគ្រប់គ្រាន់ដើម្បីព្យាបាលទេ ថ្នាំខ្លះបានទាក់ទងទិញជាសម្ងាត់ជាមួយអ្នកលក់ដូរតាមផ្សារ និងមួយចំនួនទៀតផលិតដោយខ្លួនឯង ថ្នាំទាំងនេះប្រើសម្រាប់ព្យាបាលយោធា និងកម្មាភិបាលថ្នាក់លើតែប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៤ យោធាខ្មែរក្រហម វាយចល័តមកតាមផ្លូវជាតិលេខ៥ ដូចជាព្រែកក្តាម រហូតដល់ជ្រោយចង្វារ សំដៅដណ្តើមទីក្រុងភ្នំពេញ។ សង្រ្គាមរយៈពេលប្រាំឆ្នាំបានធ្វើឲ្យយោធាខ្មែរក្រហម និងទាហានឧត្តមសេនីយ លន់ នល់ ស្លាប់ច្រើនដូចគ្នា ថែមទាំងប្រជាជនស៊ីវិលជាច្រើននាក់ផ្សេងទៀត។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហម បានវាយដណ្តើមចូលកាន់កាប់ទីក្រុងបាននៅម៉ោងប្រហែលជា៩ព្រឹក ចំណែកអង្គភាពរបស់ខ្ញុំ បានចូលដល់ទីក្រុងភ្នំពេញនៅ៤ល្ងាចក្នុងថ្ងៃដដែលត្រឹមស្ពានជ្រោយចង្វារ។ នៅពេលនោះ ខ្ញុំបានសង្កេតឃើញប្រជាជនមិនសប្បាយចិត្តក្នុងការចាកចេញពីផ្ទះសម្បែងរបស់គាត់ឡើយ និងមានមនុស្សស្លាប់តាមផ្លូវធ្វើឲ្យប្រជាជនរឹតតែមានការភ័យខ្លាច។ ខ្ញុំបានឃើញប្រជាជនមួយចំនួនដឹកអីវ៉ាន់កូនចៅតាមកង់ ម៉ូតូ និងមានអ្នកខ្លះទូលរែកទៅតាមលទ្ធភាពរៀងៗខ្លួនចាកចេញពីក្រុងភ្នំពេញ សំដៅទៅស្រុកកំណើតឬទៅតំបន់ដែលខ្លួនចង់ទៅរស់នៅ។ សូម្បីតែប្រជាជនមានជំងឺសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលក៏ត្រូវតែរកមធ្យោបាយចេញដោយខ្លួនឯងដែរ គ្មានការលើកលែង។ នៅពេលប្រជាជនជម្លៀសចេញពីទីក្រុងភ្នំពេញអស់ ខ្ញុំត្រូវអង្គការប្រើឲ្យដើរបោសសម្អាតផ្ទះសម្បែង និងសម្រាកនៅម្តុំជ្រោយចង្វារ, ច្រាំងចំរេះ, គីឡូម៉ែត្រលេខ៦។ បន្ទាប់មកទៀត បានប្រហែលជាបីខែ អង្គការផ្លាស់មកកងពល៩២០ ក្នុងនាមជាពេទ្យយោធា ប៉ុន្តែនៅពេលសង្រ្គាមត្រូវបានបញ្ចប់យោធាខ្មែរក្រហម មួយចំនួននៅគ្រប់ភាគមានភារកិច្ចរៀងៗខ្លួនតាមអង្គការចាត់តាំង។ ខ្ញុំត្រូវបានអង្គការចាត់តាំងឲ្យធ្វើស្រែចម្ការនៅម្តុំបឹងបាយាប, អន្លង់ក្ងាន, វត្តឃ្មួញ ដែលមានមួយវរសនាធំមានគ្នាចំនួន៥០០នាក់ មានទាំងបុរស និងស្រ្តី នាំគ្នាធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ទៅដល់កងពល។ នៅឆ្នាំ១៩៧៦ មានព្រឹត្តិការណ៍កើតឡើងយោធាខ្មែរក្រហម បានទៅវាយកម្ទេចព្រះវិហារសាសនាគ្រឹះរបស់វៀតណាម(ហៅថាអង្គកូ)នៅជិតស្ពានជ្រោយចង្វារ និងបានវាយកម្ទេចម៉ុងសម្រាប់កប់សពរបស់ជនជាតិវៀតណាម។ ខ្មែរក្រហម រកឃើញថា មានម៉ុងខ្លះអត់ឃើញសាកសព បែរជាឃើញកាំភ្លើងជាច្រើនដើមទៅវិញ។
នៅឆ្នាំ១៩៧៧-១៩៧៨ នៅក្នុងរបបខ្មែរក្រហម មានរឿងរ៉ាវជាច្រើនបានកើតឡើង ចំពោះកម្មាភិបាលខ្មែរក្រហមធំៗដូចជា កុយ ធួន(ធុច) ឈ្មោះ ឈិន ប្រធានកងពល៩២០ អនុប្រធានឈ្មោះ សយ ត្រូវបានអង្គការចាប់ខ្លួនចោទថា ជាខ្មាំងក្បត់បដិវត្តន៍។ នៅសភាពការណ៍នោះយោធាភូមិភាគឧត្តរត្រូវបានអង្គការបដិវត្តន៍កំណត់ថា សមាភាពក្បត់។ បន្ទាប់មកទៀតកងពល៩២០ ការពារព្រំដែនខាងខេត្តមណ្ឌលគិរី តាសាន(០៦) ខ្សែតាម៉ុក មកពីភូមិភាគនិរតីគ្រប់គ្រងជំនួសវិញ។ មានថ្ងៃមួយ ខ្ញុំបានធ្វើឲ្យបាក់ស្លាប់ព្រាហូបបាយមួយ ត្រូវបានអង្គការចោទថា ជាខ្មាំងរួចបញ្ជូនទៅធ្វើការលត់ដុំនៅតាំងក្រសាំង វត្តឃ្មួញ បន្ទាប់មកទៀតបញ្ជូនទៅព្រៃស។ ខ្ញុំចេះតែនឹកគិតថា អាយុជីវិតយើងដែលខំតស៊ូកន្លងមកស្មោះត្រង់ និងអង្គការ បែរជាមានថ្ងៃនេះទៅវិញ មិនដឹងថា ថ្ងៃណាស្លាប់ រស់មួយថ្ងៃគិតមួយថ្ងៃ ព្រោះឃើញមនុស្សជាច្រើនរស់នៅក្នុងអង្គភាពបានបាត់ខ្លួនជាបន្តបន្ទាប់។
នៅឆ្នាំ១៩៧៨ សភាពការណ៍នៅតាមព្រំដែនវៀតណាម កើតមានសង្រ្គាមកាន់តែខ្លាំងវាយជាមួយកងទ័ពវៀតណាម នៅតាមព្រំដែន ជាពិសេសព្រំដែនខាងកើតភូមិភាគបូព៌ា។ នៅពេលនោះដែរ ដោយខ្វះកម្លាំងទប់ទល់ជាមួយកម្លាំងកងទ័ពវៀតណាម កម្មាភិបាលខ្មែរក្រហម បានជ្រើសរើសយោធាជើងចាស់មួយចំនួនហាក់បីដូចជាលែងប្រកាន់និន្នាការនយោបាយ ខ្ញុំត្រូវបានជ្រើសរើស និងយោធាខ្មែរក្រហម ដែលកំពុងលត់ដុំនៅព្រៃសមួយចំនួនឲ្យទៅសមរភូមិមុខនៅក្នុងកងពល២០៧ថ្មី ដឹកនាំដោយឈ្មោះ ញ៉ និងឈ្មោះ វិន វាយប្រយុទ្ធជាមួយកងទ័ពវៀតណាម ខាងព្រំដែនស្រុកមេមត់ ខេត្តកំពង់ចាម(ពីមុន)។ នៅពេលចូលសមរភូមិបានមួយរយៈពេលខ្លី ចៃដន្យខ្ញុំមានជំងឺគ្រុនចាញ់ ត្រូវបានដឹកតាមរថយន្តមកសម្រាកព្យាបាលនៅមន្ទីរ១៧មេសា(ហៅមន្ទីរពេទ្យសូវៀត នៅក្នុងរបបខ្មែរក្រហម) ជាសំណាងល្អ បានជួបគូដណ្តឹងតាំងពីឆ្នាំ១៩៧៤( មិនបានរៀបមង្គលការ) ធ្វើការងារនៅមន្ទីរពេទ្យសូវៀត។
កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ[2]។ នៅពេលនោះ ខ្ញុំ បានរត់ភៀសខ្លួនចេញពីមន្ទីរពេទ្យសូវៀត តាមផ្លូវជាតិលេខ៥ កាត់តាមតាំងគោក ទៅដល់ខេត្តកំពង់ឆ្នាំង ឆ្លងតាមកំពង់លែង វាងចុះឡើងរកផ្លូវមកស្រុកកំណើតវិញនៅស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការជាមួយនារីម្នាក់ឈ្មោះ គង់ ចាន់នី រស់នៅក្នុងភូមិជាមួយគ្នា។ ក្រោយពីរៀបការមិនយូរប៉ុន្មាន ប្រជាជនបាននាំគ្នាជ្រើសរើសខ្ញុំឲ្យធ្វើជាប្រធានភូមិដែលកាលនោះមានទាំងជំនាញការ និងកងទ័ពវៀតណាម។ បន្ទាប់មកទៀត ខ្ញុំបានចូលបម្រើការងារនៅមន្ទីរពេទ្យឃុំវិញ។ នៅឆ្នាំ១៩៨១ ប្រទេសយើងនៅមានសង្រ្គាមជាមួយកម្លាំងកងទ័ពខ្មែរក្រហមនៅបន្តលាក់ខ្លួនក្នុងព្រៃក្បែរៗភូមិប្រជាជនរស់នៅចាំលួចវាយស្ទាក់ប្រយុទ្ធជា មួយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលខ្មែរ។ ខ្ញុំមិនដឹងថា មានអ្នកនិន្ទាឈ្នានីសឬយ៉ាងណាទេ ឬគិតថា ខ្ញុំធ្លាប់ជាអតីតខ្មែរក្រហម បានមានអ្នករាយការណ៍ពីខ្ញុំ ប្រាប់ដល់ជំនាញការវៀតណាម ដោយបានចោទប្រកាន់ថា ខ្ញុំចូលដៃជាមួយយោធាខ្មែរក្រហមនៅក្នុងព្រៃ។ តាមពិតខ្ញុំគ្មានទំនាក់ទំនងជាមួយកងទ័ពខ្មែរក្រហម ដូចការចោទប្រកាន់ទេ។ កាលនោះមានប្រជាជនមួយចំនួនជួយតវ៉ាដែរ តែនៅមិនឈ្នះត្រូវកងទ័ពវៀតណាមចាប់យកទៅដាក់គុកនៅទីរួមខេត្តកំពង់ចាម បានរយៈពេល១០ខែ ហើយខ្ញុំលួចរត់ចេញមកវិញបានសម្រេច។ នៅពេលនោះ ខ្ញុំរត់ចូលព្រៃបានខ្សែរយៈទាក់ទងយោធាខ្មែរក្រហមបានពិតប្រាកដមែន សុទ្ធតែនាក់ស្គាល់គ្នានៅក្នុងរបបខ្មែរក្រហម។
នៅឆ្នាំ១៩៨១ ដដែល ខ្ញុំបានរៀបចំផែនការរត់ចូលព្រៃជាមួយប្រពន្ធកូនចេញពីស្រុកចំការលើជាមួយកងទ័ពខ្មែរក្រហម ជាអ្នកជូនផ្លូវដើរកាត់វាលចូលព្រៃឆ្លងកាត់ឧបសគ្គរាប់មិនអស់ទំរាំដល់ព្រំដែនត្រង់ចំណុចទន្លេល្ពៅ(១០០១) នៅក្នុងកងពល៤១៧ មានឈ្មោះ កែ ពក ជាប្រធាន និងទេព ប៉ូច ជាអនុប្រធាន។ ខ្ញុំបានមករស់នៅលើភ្នំដងរែកធ្វើជាកូនចៅ តាម៉ុក(តា១៥) ដែលជាអ្នកគ្រប់គ្រងតំបន់ជួភ្នំដងរែក ស្រុកអន្លង់វែង ត្រពាំងប្រាសាទ និងតំបន់ដទៃទៀត។ នៅឆ្នាំ១៩៨៤ កងទ័ពរដ្ឋាភិបាលរដ្ឋកម្ពុជារួមសហការជាមួយកម្លាំងកងទ័ពវៀតណាម បានវាយរុញច្រានកម្លាំងយោធាខ្មែរក្រហមចូលដល់ទឹកដីថៃ។ បានមួយរយៈក្រោយមកកម្លាំងយោធាខ្មែរក្រហម វាយចូលកាន់កាប់បានវិញ សង្រ្គាមចេះតែបន្តរហូតកងទ័ព និងប្រជាជនចេះតែបន្តរងគ្រោះ។
នៅឆ្នាំ១៩៩៨ បន្ទាប់ពីកម្មាភិបាលខ្មែរក្រហម មួយចំនួនលែងទុក្ខចិត្តគ្នា កាន់តែមានការសង្ស័យគ្នាដូចជំនាន់បីឆ្នាំប្រាំបីខែ និងម្ភៃថ្ងៃ។ បានកើតមានឡើងចំពោះក្រុមគ្រួសារ សុន សេន ដោយបានសម្លាប់មួយគ្រួសារគ្មានសល់ម្នាក់ ក្រោមបញ្ជា ប៉ុល ពត។ ចាប់ពីពេលនោះមកផ្ទៃក្នុងកម្មាភិបាលជាន់ខ្ពស់ដូចជា ប៉ុល ពត, នួន ជា, ខៀវ សំផន និងតាម៉ុក(ហៅតា១៥) មានទំនាស់រហូតដល់កងពលមួយចំនួនក៏លែងទុក្ខចិត្តគ្នា។ ជាហេតុផលបណ្តាឲ្យមេកងពលយោធាខ្មែរក្រហមមួយចំនួនលួចធ្វើការទាក់ទងជាមួយរដ្ឋាភិបាលភ្នំពេញជាសម្ងាត់ ពីព្រោះតាម៉ុក(តា១៥) នៅតែរក្សាជំហរធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលបន្តទៀត ទោះបីដឹងថា ប្រទេសចិនឈប់ផ្តល់ជំនួយយោធាក៏ដោយ។ នៅក្នុងសភាពការណ៍ពេលនោះ សម្តេចតេជោហ៊ុន សែន ឈ្លាសវៃ បានបង្កើតគោលនយោបាយឈ្នះឈ្នះ បញ្ចុះបញ្ចូលកម្លាំងខ្មែរក្រហម ភាគច្រើនឲ្យចូលរួមធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៩ ទើបសង្រ្គាមចុងក្រោយនៅតំបន់អន្លង់វែងត្រូវបានបិទបញ្ចប់។
សព្វថ្ងៃ ខ្ញុំបានរស់នៅជាមួយប្រពន្ធ និងកូនៗចំនួន៧នាក់ ក្នុងនោះ(ប្រុស៣ ស្រី៤) ខ្ញុំ ប្រកបមុខរបរធ្វើស្រែចម្ការ ខ្លួនកាន់តែមានវ័យចាស់ សុខភាពមិនសូវល្អ ចំណែកកូនៗខ្លះបានសិក្សារៀនសូត្រត្រឹមថ្នាក់ទី១២ ក៏រកការងារបានល្អខ្លះដែរ សព្វថ្ងៃមិនមានបំណងចង់ទៅរស់នៅស្រុកកំណើតវិញទេ ណាមួយទៅស្រុកកំណើតគ្មានដីស្រែចម្ការផង កើតកូនពូនជាចៅរស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អត្ថបទដោយ សុខ វណ្ណៈ
[1] នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ( វ៉ាន់ថាន់ ពៅដារ៉ា បានជួបសម្ភាសន៍ជាមួយឈ្មោះ ញឹម សឿន ភេទប្រុស កើតឆ្នាំ១៩៥៥ (អតីតជាពេទ្យយោធាខ្មែរក្រហម) មានស្រុកកំណើតនៅភូមិដូនចិន ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សព្វថ្ងៃ ញឹម សឿន រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លេខឯកសារ (OMI 0006)តម្កល់បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ព ឆ្នាំ២០២៥,ទំព័រ៤១