ញឹម ឡូ៖ សេដ្ឋកិច្ចឃុំបន្ទាយក្រាំង

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ញឹម​ ឡូ កើតនៅឆ្នាំ១៩៤៧ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កាលពីក្មេង ខ្ញុំរៀនដល់ថ្នាក់ទី៩ ពីសង្គមចាស់។ នៅឆ្នាំ១៩៧០ ខ្ញុំក៏ឈប់រៀន ហើយទៅចូលបម្រើរណសិរ្សរួបរួមជាតិកម្ពុជានៅក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងនឹងរបប លន់ នល់ ដែលគាំទ្រដោយធីវគី[1] (វៀតណាមខាងត្បូង)។ ពេលខ្ញុំចូលរណសិរ្សរួបរួមជាតិកម្ពុជាដំបូង ខ្ញុំត្រូវទៅហ្វឹកហាត់ក្បួនយុទ្ធសាស្រ្តទ័ពជាមួយកងទ័ពវៀតកុង (វៀតណាមខាងជើង) នៅក្នុងព្រៃជាប់ព្រំដែនកម្ពុជាក្នុងទឹកដីវៀតណាមខាងត្បូង។ បន្ទាប់ពីហ្វឹកហាត់ចប់ ខ្ញុំនិងសមាជិកនៅក្នុងអង្គភាពទ័ពចំនួន៣០នាក់ បានត្រឡប់មកតស៊ូនៅទឹកដីខ្មែរក្នុងស្រុកកំពង់រោទិ៍វិញ។ នៅពេលនោះ គណៈស្រុកកំពង់រោទិ៍ឈ្មោះ ស្វាយ ថាន់ បានបែងចែកកម្លាំងតស៊ូក្នុងមួយអង្គភាពមានសមាជិក១២នាក់ចេញទៅប្រចាំការនៅគ្រប់ឃុំក្នុងស្រុកកំពង់រោទិ៍ និងត្រៀមធ្វើសង្រ្គាមឈ្លបវាយកងទ័ពធីវគីដែលចូលមកអន្តរាគមន៍ចាប់វៀតកុង និងខ្មែរក្រហមក្នុងទឹកដីខ្មែរ។ ខ្ញុំត្រូវប្រចាំការនៅឃុំសំយោង ស្រុកកំពង់រោទិ៍ ជាប់ព្រំដែនវៀតណាមខាងត្បូង។ មួយរយៈក្រោយមក ខ្មែរក្រហមផ្លាស់ខ្ញុំឱ្យមកដឹកនាំគណៈយុវជន និងសេដ្ឋកិច្ចនៅឃុំទន្ទាយក្រាំង។ ខ្ញុំគ្រប់គ្រងលុយទិញសម្ភារស្បៀងអាហារសម្រាប់បដិវត្តន៍ និងធ្វើបញ្ជីចំណូលចំណាយនៅឃុំ។  ក្រៅពីធ្វើការងារនៅឃុំបន្ទាយក្រាំង កម្មាភិបាលខ្មែរក្រហមនៅ ស្រុកកំពង់រោទិ៍ បានស្នើខ្ញុំឱ្យដឹកនាំកម្លាំងចុះទៅជួយការងារនៅឃុំត្នោតបន្ថែមទៀត។

បន្ទាប់មក ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យទៅយាមនៅមន្ទីរសន្តិសុខព្រៃធ្លក។ ខ្ញុំឃើញអ្នកទោសមួយចំនួនគឺជាសមាជិកកងចល័ត។ ខ្ញុំមិនហ៊ានទៅនិយាយស្និទ្ធស្នាលជាមួយអ្នកទោសទាំងនោះទេ ព្រោះខ្លាចអង្គការចាប់កំហុស ទោះបីអ្នកជាប់ឃុំឃាំងទាំងនោះត្រូវជាសាច់ញាតិខ្ញុំក៏ដោយ។ ខ្ញុំឃើញអ្នកទាំងនោះស្គមស្គាំង ឃើញតែក្បាលជង្គង់ធំៗ។  ថ្ងៃមួយខ្ញុំឃើញសន្តិសុខគុកបណ្តើរអ្នកទោសនៅភូមិត្របែក ហើយមានអ្នកទោសម្នាក់បានចុះទៅបេះព្រលិតដែលដុះក្នុងស្រះមកហូបដោយសារតែឃ្លានខ្លាំងពេក ស្រាប់តែសន្តិសុខគុកឃើញក៏វាយអ្នកទោសនោះរហូតចេញក្អួត។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានរំសាយខ្ញុំពីកម្មាភិបាលខ្មែរក្រហម រួចហើយចាត់តាំងខ្ញុំឱ្យដឹកនាំការងារនៅតាមសហករណ៍វិញ។ ខ្ញុំត្រូវដឹកនាំកម្លាំងទៅជីកប្រព័ន្ធប្រឡាយក្នុងឃុំស្វាយតឿ ភ្ជាប់ទៅឃុំស្វាយតាយាន។ នៅអំឡុងពេលនោះ ខ្ញុំបានស្នើសុំប្រធានសហករណ៍រៀបការប្រពន្ធរស់នៅក្នុងឃុំស្វាយតាយានជាមួយគ្នា។ ប្រពន្ធរបស់ខ្ញុំត្រូវបានប្រធានកងចាត់តាំងឱ្យទៅធ្វើការនៅកងចល័តក្នុងឃុំសំយោង ជាប់ព្រំដែនវៀតណាម។ នៅក្នុងថ្ងៃរៀបការរបស់ខ្ញុំគឺមានពិធីសែនព្រេន សំពះផ្ទឹម និងមានទទួលភ្ញៀវដែរតាមទំនៀមទម្លាប់។

បន្ទាប់ពីកងទ័ពខ្មែរក្រហមរំដោះបានប្រទេសកម្ពុជានៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ខ្លួនទាហាន លន់ នល់ ដែលជម្លៀសមកពីក្រុងស្វាយរៀងមកនៅឃុំស្វាយតាយាន យកទៅឃុំឃាំងនៅក្នុងវត្តស្វាយតាយាន។ ខ្ញុំឃើញអ្នកទោសទាំងនោះមានសភាពស្គមស្គាំង និងមិនដឹងថាអ្នកទោសទាំងនោះមានកំហុសអ្វីទេ ហើយខ្ញុំក៏មិនហ៊ានសួរនាំដែរ។

នៅឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាមបានវាយប្រយុទ្ធគ្នានៅតាមទល់ដែន ដូច្នេះខ្មែរក្រហមក៏ដកកងចល័តធ្វើការតាមព្រំដែនមកនៅខាងក្នុងខេត្តវិញ។ ខណៈនោះខ្មែរក្រហមបានជ្រើសរើសខ្ញុំឱ្យធ្វើការនៅខាងសេដ្ឋកិច្ច និងគ្រប់​គ្រងបញ្ជីអង្ករ ត្រីងៀត នៅឃុំសំយោង។ ការងាររបស់ខ្ញុំគឺដឹកអង្ករ​ និងស្បៀងអាហារឱ្យកងទ័ពដែលឈរជើងប្រយុទ្ធនៅតាមសមរភូមិនៅទល់ដែន។ ដោយឡែកប្រជាជននៅតាមកងចល័តនៅសមរភូមិមានការខ្វះខាតខ្លាំងណាស់ ព្រោះថ្នាក់លើកំណត់របបសម្រាប់មនុស្ស៨នាក់ទទួលបានអង្ករតែមួយកំប៉ុងក្នុងមួយពេល។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនអង្គភាពទ័ព ដោយក្នុងមួយអង្គភាពមានចំនួន៥០ ទៅ៦០ នាក់ចូលទៅវាយប្រយុទ្ធក្នុងទឹកដីវៀតណាម។ កងទ័ពខ្មែរក្រហមជាច្រើនបានស្លាប់នៅសមរភូមិ ដូច្នេះខ្មែរក្រហមបានសែងសាកសពយុទ្ធជនទាំងនោះមកកប់ក្នុងមួយរណ្តៅចំនួន២សព ដោយសរសេរឈ្មោះអ្នកស្លាប់នោះច្រកចូលក្នុងដបរួចកប់ជាមួយដើម្បីចំណាំ។

នៅពេលកងទ័ពវៀតណាមវាយសម្រុកចូលមកកាន់តែខ្លាំង ខ្ញុំក៏នាំប្រពន្ធ និងកូនប្រុសដែលទើបកើតបាន៧ថ្ងៃចេញពីឃុំសំរោង មកនៅខាងម្តុំកន្ទុយវៃ ស្ថិតនៅខាងលិចក្រុងស្វាយរៀងវិញ។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនខ្ញុំបន្តទៅនៅវត្តស្លាកែត ក្នុងស្រុកកៀនស្វាយ[2] ខេត្តកណ្តាល។   នៅទីនោះ ខ្មែរក្រហមបានចែកកាំបិតខ្វែវ ពូថៅ ប៉ែល ចប និងចាត់តាំងខ្ញុំឱ្យទៅកាប់ឆ្ការព្រៃរនាម និងលើកប្រព័ន្ធប្រឡាយ ទួលស្រែអំពិល។ បន្ទាប់ពីខ្ញុំធ្វើការងារលើកប្រព័ន្ធប្រឡាយចប់ ប្រធានកងចាត់ខ្ញុំឱ្យទៅកាប់ឆ្ការ និងត្រាយបន្លាឫស្សីដែលដុះនៅក្នុងបឹងនៅចុងខ្សាច់បន្តទៀត។ ចំណែកប្រពន្ធខ្ញុំនៅជីករណ្តៅដាំដើមអំពៅនៅស្រែអំពិលដដែល។ ខ្ញុំបានធ្លាក់ខ្លួនឈឺជិតនឹងស្លាប់ជាច្រើនដងដោយសារតែមុតបន្លា និងត្រាំនៅទឹកយូរនៅខែត្រជាក់។​ ដោយសាររងារខ្លាំងពេក ខ្ញុំបានយកឈើមកដាក់បណ្តែតលើគ្នានៅលើទឹកដើម្បីដុតកម្តៅខ្លួន។  នៅទីនោះ ខ្ញុំបានសុំប្រធានកង និងអនុកងរបស់ខ្ញុំមកលេងប្រពន្ធ ដោយលួចបេះផ្លែល្មុតនិងចេកយកមកផ្ញើប្រពន្ធហូប។ នៅវេលាម៉ោង៤ទៀបភ្លឺ ទើបខ្ញុំក្រោកដើរទៅធ្វើការនៅកងរបស់ខ្ញុំវិញ។ មួយរយៈក្រោយមក ប្រធានកងផ្លាស់ខ្ញុំឱ្យទៅធ្វើការនៅកន្លែងធ្វើត្រីប្រហុកនៅក្សានរយៈពេលពីរខែ។ ថ្ងៃមួយខ្ញុំសំឡឹងទៅអ្នកលឿងក៏​ខ្ញុំឃើញផ្កាភ្លើងនៅលើផ្ទៃអាកាសដោយការបាញ់ផ្លោង និងការវាយប្រយុទ្ធគ្នា។ នៅពេលព្រឹកថ្ងៃបន្ទាប់ ខ្ញុំឃើញឧទ្ធម្ភាគចក្រហោះកាត់កៀនស្វាយ ហើយខ្ញុំក៏ឡើងមកផ្លូវជាតិលេខ១ដើម្បីរង់ចាំជួបប្អូនថ្លៃនៅម្តុំឃ្លាំងអង្ករ និងស្បៀង។ ខ្ញុំនិងប្អូនៗបានចូលទៅយកអង្ករ ពោត និងអំបិល រួចដើរទៅរកប្រពន្ធខ្ញុំ និងនាំគ្នាដើរត្រឡប់មកស្រុកកំណើតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងវិញ។

អត្ថបទដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោង «ការលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរ, បទសម្ភាសន៍ រី ស្រីអូន ជាមួយ ញឹម ឡូ រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

[2] តំបន់២៥ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin