ណិប ផល៖ ខ្ញុំពិការដៃ ដោយសារតែផ្ទុះគ្រាប់មីន

ណិប ផល[1]​ ភេទ​ស្រី​ អាយុ​៦៨ឆ្នាំ​ មាន​ទី​កន្លែង​កំណើត​នៅ​ភូមិ​បាខង ឃុំ​តាភេន ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ បច្ចុប្បន្ន ផល ​រស់​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រិយ៍​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ផល បាន​និយាយ​ថា​៖ «​​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​២​ ​កាល​​កុមារ​ភាព។ ដោយ​សារតែ​​សង្គ្រាម ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ឈប់​រៀន ហើយ​​​ ​​មក​​នៅ​​ផ្ទះ​​ ដើម្បី​ជួយ​ធ្វើការ​ងារ​​ឪពុក​ម្ដាយ​។​ នៅ​​ក្នុង​​​​ឆ្នាំ​​១៩៧០​ លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ នរោត្តម​ សីហនុ​ ពី​តំណែង​។ បន្ទាប់​មក​ ​បាតុកម្ម​បាន​ផ្ទុះ​ឡើង ​នៅ​ក្នុង​ស្រុក​ភូមិ​របស់​ខ្ញុំ​។ ​បងៗ​របស់​ខ្ញុំ​បាន​បបួល​គ្នា​ទៅ​ចូល​រួម ​ធ្វើ​បាតុ​កម្ម​នៅ​​អង្គតា​សោម​ ​នៅ​ក្នុង​ខេត្ត​តាកែវ​។ បាតុករ​បាន​ចូល​រួម​ទាម​ទារ​អំណាច​ជូន​សម្ដេច​ នរោត្ត​ម សីហនុ​ ​អស់​រយៈ​ពេល​១​ឆ្នាំ​។

នៅ​ចន្លោះ​ឆ្នាំ​១៩៧១-១៩៧២ ខ្ញុំ​បាន​ចូល​ក្នុង​ផ្នែក​​សង្គម​កិច្ច​ ខាង​ស្លថ្នាំ​នៅ​តា​ម​ភូមិ​ជា​មួយ​ចាស់ៗ​។ ជា​រៀង​រាល់​ថ្ងៃ​ ការ​ងារដែល​​ខ្ញុំធ្វើ​គឺ​ដើរ​រក​ជីក​ថ្នាំ​ជា​មួយ​ចាស់ៗនៅ​​ក្នុង​ព្រៃ ដើម្បី​យក​មក​ស្ល​ធ្វើ​ថ្នាំ​ទុកសម្រាប់​​ព្យាបាល​​ប្រជាជន​នៅក្នុង​ភូមិ​នៅ​ពេល​ឈឺ​ថ្កាត់​។ នៅ​ពេល​មាន​អ្នក​ជំងឺ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​ខ្ញុំ​គឺ​ជា​អ្នក​មើល​ថែ​ និង​រៀប​ចំ​ថ្នាំ​ជូន​អ្នក​ជំងឺ​។​​ ខ្ញុំ​ធ្វើ​ការចាប់​តាំង​ពី​​ព្រឹកព្រលឹម​រហូត​ដល់​ល្ងាច ​ទើប​ខ្ញុំ​ត្រឡប់​ទៅ​សម្រាក​នៅ​ផ្ទះ​ជា​មួយ​ឪពុក​ម្ដាយ​វិញ​។

នៅក្នុង​​ឆ្នាំ​១៩៧៣​ ​ភូមិ​របស់​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​ការ​ទម្លាក់​គ្រាប់​បែក ​ដែល​បង្ក​​ឲ្យមាន​ការ​​ខូច​ខាត​យ៉ាង​សន្ធឹក​សន្ធាប់ដល់ផ្ទះ​សម្បែង​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ ដូច​ជា​៖ ងាប់​​ជ្រូក​ គោ​ ក្របី​ ជា​ដើម​។ នៅពេលនោះ គ្រប់​ផ្ទះសម្បែង​​ត្រូវ​តែ​មាន​លេណដ្ឋាន​​​សម្រាប់​លាក់​ខ្លួន​​ពី​ការ​ទម្លាក់​គ្រាប់​បែក​​។ ការ​រស់​នៅ​របស់​ប្រជាជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច​ និង​ទុក្ខ​​លំបាក​ក្នុង​ការ​ចេញ​ទៅ​ធ្វើ​ការ​រក​ស៊ី​ខាង​ក្រៅផ្ទះ​ និង​ប៉ះ​ពាល់​ដល់​ការ​ប្រកប​មុខ​របរធ្វើ​ស្រែ​ ប្រមូល​ផល​។

នៅ​ក្នុង​​ឆ្នាំ​១៩៧៥ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា​ខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​។ ខ្ញុំ​ពិត​ជា​មាន​ការ​ត្រេក​អរ​ជា​ខ្លាំង​ដោយ​គិត​ថា​ប្រទេស​ជាតិ​បាន​ទទួល​សុខ​សន្តិ​ភាព​ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​ជួប​ជុំ​ជា​មួយ​គ្រួ​សារដូច​ដើម​​វិញ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​រំ​ពឹង​ទុក​គឺ​​មិន​អាច​ទៅរួចនោះ​ទេ​។ ​ខ្មែរ​ក្រហម​បា​ន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ​គ្រប់​គ្រង​ទាំង​ស្រុង​នៅ​ពេល​ខ្លួន​ទទួល​បាន​ជ័យ​ជំនះ​។

ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​​ធ្វើ​ការ​នៅ​សហករណ៍​ស្រែ​អំបិល​​ ក្នុង​​ខេត្ត​កំពត​។ ការ​ធ្វើអំ​បិល​ និង​​ប្រមូល​ផល​អំ​បិល​គឺ​មាន​ការ​លំបាក​ខ្លាំង​ណាស់សម្រាប់​ខ្ញុំ​ រួម​ទាំង​ប្រជាជន​ទាំង​អស់​ ដែល​​ធ្វើ​ការនៅ​ទី​នោះ​។ ជា​រៀង​រាល់​ថ្ងៃ ​យើង​ត្រូវ​ឈរ​​នៅ​ហាល​ក្ដៅ​ ដើម្បី​​ហាល​អំបិល តាំង​​ពី​ព្រឹក ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​។​ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃ​ត្រង់​រួច​រាល់​ យើង​​ចាប់​ផ្ដើម​ចុះ​ធ្វើ​ការ​បន្ត​ទៀតនៅម៉ោង​មួយ​​​។​ នៅ​ក្នុង​កំឡុង​ពេល​​ធ្វើ​ការ​នៅ​ស្រែ​អំ​បិល ​ខ្ញុំ​តែង​តែ​ឃើញ​កម្មាភិបាល​ជាន់ខ្ពស់​មក​​​ពិនិត្យ​មើលកម្ម​ករស្រែ​អំ​បិល​ជា​ញឹក​ញាប់​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្គាល់​អ្នក​ទាំងអស់​​នោះ​ទេ​។​ ចំណែក​ឯ​ការ​ហូប​ចុក​ ​កម្ម​ករ​ស្រែ​អំបិល​មាន​ការ​ខ្វះ​ខាត​ខ្លាំង​​។ ​ខ្ញុំ​ទទួល​បាន​អាហារ​ពីរពេល​ នៅ​ថ្ងៃ​ត្រង់ និង​ល្ងាចជារៀងរាល់​ថ្ងៃ​។ ​ជួន​កាល ខ្ញុំ​​បានហូប​​បាយ​ក្ដាំង​មួយ​ដុំ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​​។ ​បើ​ទោះ​បី​ជា​ខ្ញុំ​ឃ្លាន​ ក៏ខ្ញុំ​​គ្មាន​អ្វី​ហូប​ដែរ។​ អាហារ​ទាំង​អស់​គឺ​ជា​របស់​រួម។​ យើង​មិន​អាច​ទៅ​យក​មក​ហូប​តែ​ម្នាក់​​​ឯង​បាន​​ទេ​។ ប្រសិន​បើមាន​អ្នក​​លួច​អាហារ​​ហូប​ចុក ​អ្នកនោះនឹង​​ត្រូវ​​ចាប់ខ្លួន​ ហើយ​ចោទ​ថាជា​ជន​ក្បត់​នឹងសហករណ៍ ឬអង្គការ​។​

ខ្ញុំ​ធ្វើ​ការ​ងារ​នៅ​ស្រែ​អំបិលរហូត​ដល់​ឆ្នាំ​១៩៧៨ បន្ទាប់មក​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្ដូរ​ទៅ​​ធ្វើ​ជា​កង​ការ​ពារ​ស្រុក​«ព១» ក្នុង​ខេត្ត​បាត់​ដំបង​វិញ។​ កាល​ណោះ​ ខ្ញុំ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​។ នៅពេលនោះ ការ​ងារ​ជា​កង​ការ​ពារមិន​មាន​ព្រៃ​ទាំង​អស់​នោះ​ទេ​ មាន​ចម្ការ​ចេក និង​ចម្ការ​ក្រូច​​។

ក្នុង​ឆ្នាំ​ដដែល (១៩៧៨) អង្គការ​បាន​​រៀប​ចំ​ឲ្យ​ខ្ញុំ​មាន​គ្រួសារក្នុង​ចំណោម​ប្រជាជន​ចំនួន​១២គូផ្សេងទៀត។ ចំពោះ​កម្ម​វិធី​នៅ​ពេល​នោះ​ ទាំង​ភាគី​ប្រុស​ ស្រី​ ត្រូវ​អង្គុយ​ទល់​មុខ​គ្នា​ រួច​​ចាប់​ដៃ​គ្នាប្តេ​ជ្ញាចិត្ដ​រស់​នៅ​ជា​មួយ​គ្នា ​ថែរក្សាគ្នា​​ធ្វើ​ជា​គូ​អនាគតរហូត​ដល់​ចាស់​ និង​ត្រូវ​បម្រើ​ ហើយ​ស្មោះ​ត្រង់​ជា​មួយ​អង្គ​ការ​​។ នៅពេល​នោះ​ ខ្ញុំ​មិន​បាន​ស្គាល់​គ្នា​ជា​មួយ​ប្ដី​របស់​ខ្ញុំ​ពី​មុន​មក​នោះ​ទេ​។ ប៉ុន្តែ​អង្គ​ការ​បាន​រៀប​ចំ​ឲ្យ​ខ្ញុំ​ទាំង​ពីរ​នាក់​រៀប​ការ​ជា​មួយ​គ្នា​​។ យើង​ក៏​មិន​អាច​តវ៉ា​ឬ​ប្រកែក​បាន​ដែរ​។ បន្ទាប់​ពី​ខ្ញុំ​បាន​រៀប​ការ​ហើយ​ អង្គការ​​ក៏​បាន​បញ្ជូន​ប្ដី​ប្រពន្ធ​​ខ្ញុំ​ទៅ​​នៅ​ធ្វើ​ការ​ក្នុង​​ចម្ការ​កប្បាស ដែលស្ថិត​នៅ​​ស្រុក​រតនមណ្ឌល ​ខេត្ត​បាត់​ដំ​បង​ដដែល​។ ខ្ញុំ​ រួម​ទាំង​ប្ដី​ បាន​បន្ត​ធ្វើ​ការ​នៅ​ចម្ការ​កប្បាស​រហូត​ដល់​ឆ្នាំ​​ ​១៩៧៩​។

នៅពេលដែលកង​ទ័ព​វៀត​ណាម​ចូល​មករំដោះ​ ​យើង​ក៏​​នាំ​គ្នា​រត់​ឆ្ពោះ​ទៅ​ព្រំ​ដែន​ថៃ​។ កំឡុង​ពេល​រត់ ​​ខ្ញុំ​មាន​ផ្ទៃ​​ពោះកូន​ទី​មួយ​​។ ​ខ្ញុំ​ពិត​ជា​មាន​ការ​​លំបាក​ជា​ខ្លាំង​នៅ​ក្នុង​​ការ​ធ្វើ​ដំណើររត់​ចូល​ព្រៃ​​​។ កាល​នោះ​ ​ប្រជាជន និង​កង​ទ័ព​​រាប់​ពាន់​នាក់​បាន​​រួម​ដំណើរ​ជា​មួយ​គ្នា​ឆ្ពោះ​ទៅ​​ព្រំ​ដែន​។ យើង​ដើរ​ជួប​ការ​បាញ់​គ្នា​ជា​មួយ​កង​ទ័ព​វៀត​ណាម​ផង​ ហើយ​ពេល​ខ្លះ​ក៏ត្រូវ​​ដាច់​បាយ​ដាច់​ទឹក​ហូប។ ​ប្រជាជន​អស់​​កម្លាំង និង​​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​លឿន​​។ ឯ​អ្នក​ខ្លះ​ទៀត​ កង្វះ​ជីវជាតិ​អាហារ​ និង​ទឹក​ធ្វើ​ឲ្យ​មាន​រូប​រាង​ស្គម​ស្គាំង​ធ្វើ​ឲ្យ​ស្លាប់​តាម​ផ្លូវ​ធ្វើ​ដំណើរ​​។ ការ​​ធ្វើ​ដំណើរនេះ​បាន​ចំណាយ​ពេល​​អស់​រយៈ​ពេល​១-២​ខែ ​ទើប​ទៅ​ដល់​ព្រំ​ដែន​​ថៃ​។ ការ​រស់​នៅ​តាម​ព្រំ​ដែន​ក៏​មិន​ទាន់​បាន​ល្អ​ប្រសើរ​ដែរ។​ ប្រជាជន​នៅ​តែ​ជួប​ទុក្ខ​លំបាក គ្មាន​កន្លែង​ដេក​ស្រួល​បួល​នោះ​ទេ​។ យើង​ត្រូវ​ផ្លាស់​ប្ដូរ​កន្លែង​រស់​នៅ​ជា​បន្ត​បន្ទាប់។​ ពេល​ខ្លះ​យើងដេក​តែ​កន្លែង​ខ្មោច​ស្លាប់​។ ខ្ញុំ​រួម​ទាំង​ប្រជាជន​រស់​នៅ​ជួប​ការ​លំបាក​នៅ​តាម​ព្រំ​ដែន​ថៃ​អស់​រយៈ​ពេល​​មួយ​ឆ្នាំ​ទើប​មាន​កាកបាទ​ក្រហម​ជួយ​ផ្គត់ផ្គង់​អាហារ​ហូប​ចុក​បាន​គ្រប់​គ្រាន់​។ ចាប់​តាំង​ពីពេល​នោះមក​ ​ការ​ហូប​ចុកលែង​មាន​ការ​ខ្វះ​ខាត​ទៀត​ហើយ។ ខ្ញុំ​ និង​ប្ដី​បាន​បន្ត​រស់​នៅ​តាម​ព្រំ​ដែន​រហូត​ដល់​ឆ្នាំ​១៩៨០​ ទើប​មាន​ការ​ជ្រើស​រើស​កម្លាំង​មក​ខាង​ឧត្តរ​មាន​ជ័យ​។ ​គ្រួសារ​ខ្ញុំ​សម្រេច​ចិត្ត​មក​ភូមិ​ភាគ​ឧត្តរ។

យើង​បាន​នៅ​រស់​លើ​ភ្នំ​ដង​រែក​​រហូត​ដល់​ឆ្នាំ​១៩៩០​ ទើប​ខ្ញុំ​ចុះពី​លើ​ភ្នំ​ និងមក​រស់​​​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ដើម្បី​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ផ្ទះ​សម្បែង​ និង​បង្ក​បង្កើន​ផល​ដំណាំ​​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​។ ការ​កាប់​ឆ្ការ​ព្រៃ​នៅ​តំបន់​អន្លង់​វែង​មាន​គ្រោះ​ថ្នាក់​ណាស់ ​ដោយ​សារ​តែ​តំបន់​នេះ​ជា​តំបន់​សម្បូរ យុទ្ធភណ្ឌមិន​ទាន់ផ្ទុះដែល​សេស​សល់​​ពី​សង្គ្រាម​។ ថ្ងៃ​មួយ ​ខ្ញុំ​ទៅ​ធ្វើ​ចម្ការ ​ខ្ញុំ​ក៏​​ពិការ​ដៃ​ ដោយ​សារ​តែ​ផ្ទុះគ្រាប់​មីន​។ បច្ចុប្បន្ន​នេះ​ ខ្ញុំ​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​បាន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​មួយ​ចំនួន​ដូច​ជា​៖​ លើស​ឈាម​, ឡើង​ជាតិ​ស្ករ​, ឈឺ​ភ្នែក​ និង​សន្លាក់​ដៃ​ជើង»៕​

សរសេរដោយ សួត វិចិត្រ


ឯកសារយោង

[1] មេក វិន សម្ភាសន៍ជាមួយ ណិប ផល នៅក្នុងភូមិជើងភ្នំ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin