គ្មានសេចក្តីមេត្តា
(រតនគិរី)៖ និក យយ មានអាយុ ៥៨ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
គាត់បានរៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហមមានការលំបាក ដោយសារការហូបចុកមិនគ្រប់គ្រាន់ ដែលហូបទៅតាមការកំណត់របស់អង្គការ។ ចំពោះការងារប្រចាំថ្ងៃវិញ គឺធ្វើពលកម្មដោយហួសកម្លាំងទាំងយប់ទាំងថ្ងៃ។
សម្ភារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវដាក់ជារបស់សមូហភាព ចំពោះអ្នកដែលបដិសេធ អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ នៅភូមិឡាមើយ ភូមិត្រាក់ និងភូមិតាវែង។
នៅឆ្នាំ ១៩៧៥ និក យយ រស់នៅស្រែណង។ នៅប៉ុន្មានខែក្រោយមកគាត់ជម្លៀសទៅរស់នៅតាមសហករណ៍ ដែលក្នុងនោះមានអ្នកភូមិមកពីភូមិឡាឡៃ និងភូមិតាស្វាំង។
កាលនោះគាត់នៅក្នុងកងកុមារ អង្គការតម្រូវឲ្យគាត់ប្រមូលលាមកដើម្បីធ្វើជី អ្នកដែលមិនអនុវត្តតាមបញ្ជារបស់អង្គការនឹងត្រូវណែនាំដោយបង្អត់អាហារ ឬត្រូវធ្វើការដោយគ្មានពេលឈប់សម្រាកទាំងហាលថ្ងៃហាលភ្លៀង និងត្រូវបានកងឈ្លបឃ្លាំមើលរហូតទល់តែបញ្ចប់ការងារទាំងនោះ។
ក្រោយមក និក យយ ត្រូវបានចាត់ចូលក្នុងកងចល័ត ដោយត្រូវលើកភ្លឺស្រែ រែកដី ជីកប្រឡាយ និងលើកទំនប់អស់រយៈពេល២ខែ។ នៅរដូវប្រមូលផលបានមកដល់ យយ ត្រូវជួយធ្វើម្ហូប រែកទឹកពីអូរឡាឡៃ ដែលមានចម្ងាយប្រហែលជា ៥គីឡូម៉ែត្រពីរោងបាយដែល យយ ធ្វើការ។
ប្រជាជនទាំងចាស់ទាំងក្មេងត្រូវបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក ដោយគ្មានសេចក្តីមេត្តា ឬអាណិតអាសូរបន្តិចសោះឡើយពីរបបខ្មែរក្រហម។ កុមារត្រូវបញ្ជាឲ្យរែកដីដោយហួសកម្លាំង រហូតដល់ធ្លាក់ខ្លួនឈឺ ឬរងរបួសដែលបណ្តាលឲ្យកុមារមួយចំនួនបានបាត់បង់ជីវិត។ កត្តាផ្សេងទៀតរួមមាន ការហូបចុកមិនគ្រប់គ្រាន់ដូចជាបបរមួយកូនចាន ដែលខ្វះជីវជាតិសម្រាប់ការលូតលាស់របស់រាងកាយ។
ក្នុងនាមជាកុមារមួយរូបនៅសម័យខ្មែរក្រហម និក យយ បាននិយាយថារបបខ្មែរក្រហមជារបបដ៏ឃោរឃៅបំផុតដែលសម្លាប់ប្រជាជនខ្លួនឯង នេះជារឿងរ៉ាវដែលគាត់ចាំមិនភ្លេច និងគាំទ្រដល់ដំណើរការកាត់ទោសមេដឺកនាំខ្មែរក្រហមកន្លងមកដែលផ្តល់យុត្តិធម៌ដល់រូបគាត់។
ជាចុងក្រោយ និក យយ សំណូមពរឲ្យអ្នកជំនាន់ក្រោយបានសិក្សានិងដឹងអំពីរបបដ៏ឃោរឃៅមួយនេះ៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤