អ្នកដាំក្រកួននៅសម័យខ្មែរក្រហម
(ព្រៃវែង)៖ នៅ ស៊ីម មានអាយុ៦៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ គាត់មានបងប្អូនចំនួនប្រាំពីរនាក់ ស្រីបីនាក់។
ក្នុងរបបខ្មែរក្រហម ស៊ីម រស់នៅជាមួយគ្រួសារនៅសហករណ៍កំពង់សឹង ខេត្តព្រៃវែង។ គាត់ និងប្អូនត្រូវបានអង្គការប្រើឲ្យដាំត្រកួនសម្រាប់ផ្គត់ផ្គង់សហករណ៍រោងបាយ។ គាត់ត្រូវក្រោកពីព្រឹកដើម្បីធ្វើដំណើរជាមួយប្អូនពីកន្លែងស្នាក់នៅដើម្បីទៅដល់មាត់ច្រាំងទន្លេ ដើម្បីដាំត្រកួន។ គាត់ និងប្អូនក៏ត្រូវរែកទឹកពីទន្លេ ដែលមានច្រាំងចោទខ្លាំងដើម្បីស្រោចត្រកួនផងដែរ។ គាត់បន្តថា គាត់ និងប្អូនត្រូវធ្វើការងារធ្ងន់ និងគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់ គឺបានបាយតែពីរវែកសម្រាប់របបអាហារពីរពេល។
ថ្ងៃមួយដោយសារតែឃ្លានខ្លាំងពេកប្អូនរបស់គាត់បានលួចបេះសណ្តែកបាយយកទៅស្ងោរហូបត្រូវអង្គការទាន់ក៏ចាប់យកទៅធ្វើទារុណកម្មដោយចងភ្ជាប់ទៅនឹងដើមត្នោតទុកឲ្យមូសខាំមួយយប់។ អង្គការបានព្រប្រមានប្អូនគាត់ថាកុំឲ្យលួចទៀត និងប្រសិនបើមានលើកទីពីរ នោះអង្គការនឹងយកទៅសម្លាប់ចោល។
ប្អូនៗផ្សេងទៀតរបស់ ស៊ីម ត្រូវបានអង្គការប្រើឲ្យទៅរើសអាចម៍គោ។ អង្គការបានបង្អត់បាយប្អូនគាត់ នៅពេលដែលប្អូនគាត់រើសមិនបានគ្រប់តាមផែនការ។ អង្គការបានបង្អត់បាយ ក្នុងនាមជាបងគាត់តូចចិត្តណាស់ដែលមិនអាចជួយប្អូនបាន។
ក្នុងរបបខ្មែរក្រហម បងរបស់ ស៊ីម ម្នាក់ត្រូវបានស្លាប់ដោយសារតែជំងឺ និងគ្មានថ្នាំព្យាបាល។ ចំណែកសមាជិកគ្រួសារទាំងអស់របស់ពូគាត់ត្រូវបានអង្គការនាំយកទៅសម្លាប់ដោយចោទប្រកាន់ថា ជាខ្លាំង។
ក្រោយរបបខ្មែរក្រហមដួលរលំ ស៊ីម បានរស់នៅតំបន់អ្នកលឿងមួយរយៈ បន្ទាប់មកគាត់បានមករស់នៅភូមិសង្គ្រោះ និងប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន ស៊ីម មានជំងឺលើសសំពាធឈាម។
សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤