កូនស្លាប់ព្រោះជីវភាពខ្វះខាត
(ក្រចេះ) ៖ ណុប សាម៉ី ភេទស្រី មានអាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
សាម៉ី មានកូនប្រាំបីនាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែប្រាំនាក់នោះទេ។ គាត់បានប្រាប់ថា កូនរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត គាត់រវល់តែចេញធ្វើការរកប្រាក់ មិនបាននៅមើលថែកូនបានដិតដល់ទើបបណ្ដាលឲ្យកូនរបស់គាត់ខ្វះជីវជាតិមានជំងឺរហូតដល់បាត់បង់ជីវិត។ ចំណែកកូនម្នាក់ទៀត ស្លាប់ដោយសារតែស្លាក់ទឹកបបរ និងម្នាក់ទៀតស្លាប់ដោយសារតែកើតពិស ហើយគាត់មិនបានមើលថែដិតដល់ ព្រមទាំងមិនមានថ្នាំសម្រាប់ព្យាបាលថែមទៀតផង។ គាត់បាននិយាយថា មិនមានរបបណាដែលប្រជាជនរងភាពវេទនា និងឃោរឃៅដូចជារបបខ្មែរក្រហមឡើយ។
ស្ថិតនៅក្នុងរបបខ្មែរក្រហម អង្គការបានចោទប្រកាន់គាត់ និងស្វាមី ថាជាខ្មែរស។ នៅអំឡុងពេលនោះដែរ កូនប្រុសរបស់គាត់ម្នាក់ទើបតែមានអាយុប្រហែលជាបីខែ អង្គការបានចាប់យកស្វាមីរបស់គាត់ ជាមួយនឹងប្រជាជនដទៃទៀត ទុកឲ្យគាត់នៅមើលថែទាំកូនម្នាក់ឯង។ បន្ទាប់មកអង្គការបានជម្លៀសគាត់ឲ្យទៅធ្វើការដើម្បីកសាងខ្លួននៅឯស្រែឃ្លោក។
អង្គការមិនបានសម្លាប់ស្វាមីរបស់គាត់នោះទេ។ សាម៉ី និងស្វាមីបានជួបគ្នាវិញនៅពេលដែលគាត់បានកសាងខ្លួនរួចហើយ។ បន្ទាប់ពីបាននៅជុំជាមួយគ្រួសារ គាត់បានតស៊ូមតិជាមួយនឹងអង្គការ ដោយសារតែនៅពេលគាត់កសាងខ្លួននោះ គាត់មានតួនាទីជាអ្នកមើលថែទាំកុមារតូចៗប្រហែលជាដប់នាក់។ ការងារនោះពិតជាមានភាពលំបាកសម្រាប់គាត់ ព្រោះគាត់ម្នាក់ឯងមើលកុមារជាច្រើននាក់ ជារៀងរាល់ថ្ងៃគាត់ធ្វើការមិនមានពេលសម្រាកគ្រប់គ្រាន់ទេ។
គាត់បាននិយាយប្រាប់បន្ថែមទាំងទឹកភ្នែកថា នៅពេលដែលគាត់តស៊ូមតិ អង្គការបាននាំគាត់ទៅមើលអ្នកទោសដែលខ្មែរក្រហមបានធ្វើទារុណកម្ម ចាប់ចង ដាក់ច្រវ៉ាក់ដៃ ជើង។ នៅពេលដែលគាត់បានឃើញហេតុការណ៍ទាំងអស់នោះផ្ទាល់នឹងភ្នែកគាត់បាននិយាយទៅកាន់អង្គការវិញថា៖ «ខ្ញុំឈប់តមតិហើយ។ ខ្ញុំសំពះមិត្តយើងទាំងអស់ ខ្ញុំឈប់តមតិហើយ ខ្ញុំឈប់ស្តីទាំងអស់។ ខ្ញុំចង់ទៅកងចល័ត ដើម្បីយើងដកដង្ហើមបានស្រួល» ។
បន្ទាប់ពីបានវិលត្រឡប់ទៅកាន់កងវិញ គាត់ខិតខំធ្វើការងារ មិនហ៊ានត្អូញត្អែរ បើទោះបីជាការងារច្រើន អាហារហូបមិនគ្រប់គ្រាន់ក៏ដោយ។
ក្នុងពេលបច្ចុប្បន្ននេះ គាត់មានជំងឺលើសសម្ពាធឈាម អស់កម្លាំងល្ហិតល្ហៃ និងពិការជើងម្ខាងដែលបន្សល់មកពីរបបខ្មែរក្រហម ដោយសារតែនៅក្នុងជំនាន់ខ្មែរក្រហម គាត់បានដួលកង់ នៅពេលគាត់ជិះកង់ទៅដឹកថ្នាំឲ្យអង្គការ។ ដោយសារតែគាត់មានជំងឺលើសសម្ពាធឈាមដូចនេះហើយពេទ្យមិនអាចយកដែកដែលនៅនឹងជើងរបស់គាត់ចេញវិញបានឡើយ។ ថ្ងៃខ្លះជើងនោះមានការឈឺចាប់ជាខ្លាំង ហើយគាត់បានត្រឹមតែលេបថ្នាំបំបាត់ការឈឺចាប់ប៉ុណ្ណោះ៕
អត្ថបទដោយ៖ នេន ស្រីមុំ
សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន