ណង ឈឿង៖ បដិវត្តន៍ខ្មែរក្រហមធ្វើឲ្យខ្ញុំឃ្លាតពីឪពុកម្តាយជារៀងរហូត

ណង ឈឿង[1] ភេទប្រុស អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ឈឿង បច្ចុប្បន្នរស់នៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឈឿង បាននិយាយថា៖ «មុនឆ្នាំ១៩៧០ ប្រជាជនបានរស់នៅដ៏ល្អប្រសើរ និងមានភាពសម្បូរសប្បាយ នៅក្នុងស្រុកភូមិកំណើតរបស់ខ្ញុំ។ លុះដល់ឆ្នាំ១៩៧០ ប្រទេសកម្ពុជាទាំងមូលត្រូវធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ អំឡុងពេលនោះ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី៩ ពីសង្គមចាស់។ កាលណោះ ខ្ញុំសិក្សាភាសាបារាំងបានចំនួនពីរឆ្នាំប៉ុណ្ណោះ។ មូលហេតុដែលខ្ញុំឈប់រៀន គឺដោយសារម្ដាយឪពុកមានជីវភាពខ្វះខាត គួបផ្សំនឹងភាពចលាចលដោយសារសង្គ្រាមផងដែរ។ ខ្ញុំឈប់រៀនមិនបានយូរប៉ុន្មាន ខាងឃុំក៏ចាត់តាំងឲ្យធ្វើជាឈ្លប ក្នុងឃុំស្វាយរំពារ។ ខ្ញុំធ្វើឈ្លបឃុំ រយៈពេលពីរខែ។ ខ្មែរក្រហមជ្រើសរើសប្រជាជនវ័យជំទងៗនៅក្នុងភូមិដើម្បីចូលជាកងចល័ត។ ចាប់តាំងពីពេលនោះ ខ្ញុំត្រូវបានឃ្លាតឆ្ងាយពីឪពុកម្ដាយ រហូតមក។
នៅចន្លោះឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានជ្រើសរើសចេញពីកងចល័ត ដើម្បីចូលទៅកងទ័ព ដោយសារនៅសមរភូមិខាងក្នុងកំពុងតែចលាចលខ្លាំង ហើយខ្វះខាតកម្លាំងទ័ព។ ដូច្នេះ ខ្មែរក្រហមត្រូវការប្រមូលកម្លាំងចេញពីតំបន់ផ្សេងៗចូលជាកងទ័ព ដើម្បីវាយជាមួយកងទ័ព លន់ នល់។ បន្ទាប់ពីខ្ញុំចូលជាកងទ័ព ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅវាយនៅភូមិភាគបូព៌ា។ អំឡុងពេលចូលទៅវាយនៅសមរភូមិ ខ្ញុំមិនដែលគិតថាចង់រត់ចេញពីជួរកងទ័ពឡើយ។ ខ្ញុំស្ម័គ្រចិត្តចូលរួមដោយសេចក្ដីស្មោះត្រង់ក្នុងការទាមទារឯករាជ្យជូនសម្ដេច នរោត្តម សីហនុ។ ប៉ុន្តែ ភាពភ័យខ្លាច រួមទាំងទុក្ខព្រួយរបស់ខ្ញុំនៅតែមាន ដោយសារខ្ញុំត្រូវប្រឈមជាមួយការបាត់បង់អាយុជីវិតនាពេលនោះជាខ្លាំង។ ខ្ញុំមិនអាចដឹងបានទេថា តើខ្ញុំឆ្លងកាត់ទុក្ខលំបាកមួយនេះបានដែរទេ។ ទោះជាយ៉ាងណា សមរភូមិក្ដៅគគុកមួយនេះខ្ញុំត្រូវតែធ្វើដំណើរទៅមុខមិនរាថយ។ មុនពេលដែលខ្ញុំចេញទៅសមរភូមិ ខ្ញុំត្រូវហ្វឹកហាត់ពីយុទ្ធសាស្រ្តធ្វើសង្គ្រាមបណ្ដើរ។ ខ្ញុំមិនដែលមានពេលវេលាសម្រាប់ឈប់សម្រាកនោះទេ។ កាលណោះ ខ្ញុំស្ថិតនៅកងទ័ពថ្មើរជើង ដែលមានតួនាទីវាយនៅខាងមុខ ដោយមានក្រុមរថក្រោះជំនួយ។ កងកម្លាំង ខ្ញុំកាលណោះមានគ្នាសរុបចំនួន៣០០នាក់។ ការធ្វើសង្គ្រាមនេះ បានធ្វើឲ្យកងទ័ពទាំងពីរភាគីត្រូវរបួស និងស្លាប់អស់ជាច្រើននាក់។ កងទ័ព ដែលបានស្លាប់នៅក្នុងសមរភូមិ ទ័ពខ្មែរក្រហមមិនដែលទុកចោលនោះទេ គឺវាយដណ្ដើមសពយកមករក្សាទុកទាំងអស់។ នៅពេលយប់ យើងបានប្រមូលយកសពទាំងអស់មកគតទុកមួយកន្លែងហើយកងទ័ពត្រូវដេកនៅជុំវិញសពដើម្បីការពារខ្លាចមានសត្រូវមកវាយដណ្ដើមយកទៅ។ លុះព្រឹកឡើងកម្លាំងទ័ពដែលនៅសេសសល់បាននាំគ្នាដឹកសពទៅខេត្តកំពង់ចាម ដើម្បីយកទៅបូជា។ នៅជំនាន់នោះ អ្នកស្លាប់គ្មានសាច់ញាតិ ឬបងប្អូនដឹងដំណឹងនោះទេ។ ខ្ញុំចាំបានថាខ្ញុំនៅកងពលពិសេសលេខ៦០៣ ដោយមានមេកងពលឈ្មោះ តាពីន និងតាវិន។
ការហូបចុករបស់កងទ័ព ភាគច្រើនមានត្រីងៀត និងមានបារីខ្លះៗដែរសម្រាប់អ្នកចេះជក់។ ប៉ុន្តែនៅជំនាន់នោះ គឺយើងខ្វះខាតកៅស៊ូការពារទឹកភ្លៀង។ កងទ័ព ដែលនៅខ្សែត្រៀមជួរមុខជួបការលំបាកខ្លាំងនៅរដូវវស្សាព្រោះកងទ័ពត្រូវសម្ងំលាក់ខ្លួននៅក្នុងលេណដ្ឋានតូច ដែលត្រូវដាក់មនុស្សចំនួនបីនាក់។ យើងគ្មានកៅស៊ូភ្លៀងសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។ ថ្ងៃខ្លះ យើងត្រូវសម្ងំលាក់ខ្លួននៅលេណដ្ឋានរយៈពេល៤ទៅ៥ថ្ងៃ ហើយត្រូវដាច់ស្បៀងអាហារ ដោយសារតែជាប់វាយជាមួយខ្មាំង។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញបានជោគជ័យ។
នៅចុងឆ្នាំ១៩៧៥ ខ្មែរក្រហមបញ្ជូនកម្លាំងទ័ពមួយចំនួនទៅធ្វើការលើកទំនប់ រែកដី ជីកប្រឡាយ ធ្វើស្រែ ប្រមូលផលបញ្ជូនទៅថ្នាក់លើ។ ភាគច្រើនខ្ញុំទៅលើកទំនប់ និងជីកប្រឡាយនៅម្ដុំទួលអំពិល ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ទំហំទំនប់នីមួយៗ គឺមានប្រវែងខ្ពស់ និងធំៗខ្លាំងណាស់។ កាលណោះ អង្គការបានបែងចែកជាក្រុមៗ ដើម្បីងាយស្រួលធ្វើការ។ តាមក្រុមនីមួយៗមានគ្នាចំនួន១២នាក់ ហើយក្នុងមួយថ្ងៃត្រូវលើកទំនប់ឲ្យបានចំនួន១០ម៉ែត្រគីប ទើបអាចសម្រាកបាន។ ប្រសិនបើមានក្រុមណាមួយមិនអាចបំពេញតាមចំនួនកំណត់របស់អង្គការនោះទេ ក្រោយចប់ការងារប្រធានសហករណ៍នឹងធ្វើការហៅទៅប្រជុំស្វ័យទិតៀន។ ក្នុងការប្រជុំស្វ័យទិតៀន គឺការលើកឡើងអំពីភាពខ្ចិលច្រអូស មិនខិតខំធ្វើការឲ្យអស់ពីកម្លាំងចិត្តកម្លាំងកាយ។ មិនត្រឹមតែប៉ុណ្ណោះ អង្គការប្រៀបធៀបក្រុមមួយជាមួយក្រុមដទៃថា ហេតុអ្វីក្រុមយើងធ្វើមិនបាន ដូចក្រុមដទៃ និងប្រាប់ឲ្យកែប្រែទម្លាប់ការខ្ចិលច្រអូសចេញ។ ចំពោះការហូបចុកខ្ញុំទទួលបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីឡើយ។
រហូតដល់ចន្លោះឆ្នាំ១៩៧៩ កងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានរួមកម្លាំងគ្នាវាយបំបែកកងទ័ពខ្មែរក្រហម។ អំឡុងពេលនោះ ក៏មានការរំសាយសហករណ៍ចោលទាំងអស់។ ខ្ញុំបានរត់ចូលព្រៃជាមួយកម្លាំងទ័ពដែលនៅសេសសល់។ កាលណោះ កម្លាំងទ័ពខ្មែរក្រហម មានគោលដៅរត់ភៀសខ្លួនទៅតំបន់ភ្នំ១០០៣ ដែលតាម៉ុកគឺជាអ្នកគ្រប់គ្រង។ នៅដំណាក់កាលដំបូង កម្លាំងទ័ព រួមទាំងប្រជាជនមិនទាន់ធ្វើដំណើរទៅបានភ្លាមៗនោះទេ យើងត្រូវចំណាយពេលរស់នៅក្នុងព្រៃជារឿយៗរហូតដល់ឆ្នាំ១៩៨៣ ទើបយើងអាចធ្វើដំណើរទៅកាន់តំបន់ភ្នំ១០០៣ បាន។ បន្ទាប់ពីកងកម្លាំងធ្វើដំណើរទៅដល់គោលដៅ តាម៉ុក បានចាត់តាំងខ្ញុំ រួមទាំងមនុស្សចំនួន១៩នាក់ផ្សេងទៀត ដើម្បីគ្រប់គ្រងខាងសេដ្ឋកិច្ចនាំចូលអីវ៉ាន់ និងសម្ភារប្រើប្រាស់ពីប្រទេសថៃ សម្រាប់ផ្គត់ផ្គង់ប្រជាជន រួមទាំងកងទ័ពនៅសមរភូមិមុខ។ កាលណោះ ប្រធានគ្រប់គ្រងក្រសួងសេដ្ឋកិច្ច មានឈ្មោះ កេង ។ ការងារនៅក្នុងក្រសួងសេដ្ឋកិច្ចគឺមានភាពនឿយហត់ខ្លាំង ព្រោះត្រូវធ្វើការទាំងយប់ទាំងថ្ងៃគ្មានពេលឈប់សម្រាកនោះឡើយ។ ការនាំចូលពីប្រទេសថៃកាលណោះមានដូចជា កាំភ្លើងតូច កាំភ្លើងធំ អង្ករ អំបិល ប្រហុក ស្ករស ទឹកដោះគោ ទឹកត្រី ទឹកស៊ីអ៊ីវ និងកំណាត់សម្រាប់កាត់សម្លៀកបំពាក់ ជាដើម។
ខ្ញុំរស់នៅតំបន់១០០៣ អស់មួយរយៈមុនពេលខ្ញុំរៀបការ។ ក្រោយពីខ្ញុំរៀបការ ខ្ញុំមិនបានរស់នៅជាប់លាប់ជាមួយប្រពន្ធនោះទេ ព្រោះខ្ញុំត្រូវដឹកជញ្ជូនស្បៀងទៅឲ្យកងទ័ពនៅខាងមុខ។ រយៈពេល៣ខែ ទៅ៦ខែ ទើបបានជួបជុំគ្រួសារម្ដង។ នៅចន្លោះឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ កងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយសម្រុកចូលមកតំបន់១០០៣ កាន់តែខ្លាំងឡើង តាម៉ុក ក៏បានចាត់តាំងឲ្យប្រជាជនជម្លៀសខ្លួនទៅនៅជំរំស្ទឹងចាន់ ដែលស្ថិតនៅក្នុងប្រទេសថៃ។ ការរស់នៅទីនោះមិនបានយូរប៉ុន្មាន តាម៉ុក បានបញ្ចូនប្រជាជនទៅរស់នៅក្នុងជំរំភូណយវិញ។ ការរស់នៅក្នុងជំរំភូណយ ហាក់បីដូចជាមានភាពងាយស្រួលជាងមុន ព្រោះប្រជាជនចាប់ផ្ដើមចាយលុយ។ ប៉ុន្តែកាលណោះ យើងចាយជាលុយបាតរបស់ថៃ។ ប្រជាជនដែលរស់នៅក្នុងជំរំភូណយ ចាប់ផ្ដើមក្រងស្បូវ ដើរបេះផ្សិតយកទៅលក់ឲ្យប្រជាជនថៃ ដើម្បីបានប្រាក់កម្រៃបន្តិចបន្តួចទុកសម្រាប់ទិញសម្ភារដែលខ្លួនត្រូវការ។ ខ្ញុំរស់នៅក្នុងជំរំភូណយអស់រយៈពេល៣ឆ្នាំ ដល់ឆ្នាំ១៩៩៨ នៅតំបន់អន្លង់វែងមានការធ្វើសមាហរណកម្ម ជាមួយកងទ័ពរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់សង្គ្រាម។ គ្រួសារខ្ញុំ ក៏បានចូលមករស់នៅក្នុងភូមិទំនប់លើ ដែលស្ថិតក្នុងស្រុកអន្លង់វែង រហូតដល់បច្ចុប្បន្ន»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ ណង ឈឿន នៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥។