នៅក្នុងរបបខ្មែរក្រហមធ្វើការមិនមានពេលសម្រាក
(ព្រះវិហារ)៖ នៅ ហួត បច្ចុប្បន្នមានអាយុ ៦៦ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានលើកឡើងថា គាត់ធ្វើការគ្មានពេល ឈប់សម្រាកនោះទេ នៅសម័យកម្ពុជាប្រជាធិបតេយ្យ។ ប្រជាជនខ្មែររាប់លាននាក់ត្រូវបានជម្លៀសទៅធ្វើការនៅតាមទីជនបទ ដោយប្រើកម្លាំងពលកម្មឥតល្ហែ ក្នុងការធ្វើស្រែ ជីកទំនប់ប្រឡាយ ឬទំនប់សហករណ៍ ទាំងយប់ទាំងថ្ងៃ។ មនុស្សមួយចំនួនបានបាត់បង់ជីវិតដោយសារការធ្វើការហួសកម្លាំង ទាំងហូបមិនបានគ្រប់គ្រាន់ នៅពេលដែលរបបអាហារនៅសម័យនោះមានតែបបរ និងថ្នាំឫសឈឺ ឬថ្នាំមកពីប្រទេសចិនសម្រាប់ព្យាបាល។ នៅ ហួត ជាប្រជាជនមូលដ្នាន និងបានរៀបការនៅសម័យខ្មែរក្រហម។
ដំបូងឡើយនៅឆ្នាំ ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្គ្រាម មានការទម្លាក់គ្រាប់បែបនៅតំបន់ដែលគាត់រស់នៅ។ លោកយាយម្នាក់ឈ្មោះ ស៊ុន ដែលគាត់ស្គាល់បានបាត់បង់ជីវិតដោយសារគ្រាប់បែកទាំងនោះ។ ចំពោះការរៀនសូត្រវិញ ហួតបន្តថាគាត់ទទួលបានការរៀនសូត្របន្តិចបន្តួចប៉ុណ្ណោះ។
ព្រឹត្តិការណ៍ដែលគាត់នៅចង់ចាំមិនភ្លេចមានដូចជា ស្រូវសម្រាប់បរិភោគ ត្រូវបានដុតបំផ្លាញចោល នៅពេលកងទ័ពខ្មែរក្រហមចាញ់សង្គ្រាម។ សម្រាប់អ្នក ១៧ មេសា ដែលជម្លៀសពីភ្នំពេញទៅខេត្តព្រះវិហារ ភាគច្រើនបានរស់រានមានជីវិត បើប្រៀបធៀបនៅខេត្តផ្សេងវិញគឺ មានអន្លង់បណ្តាយប្រវែង ៥០ ទៅ ៦០ ម៉ែត្រ ដែលជារណ្ដៅសាកសពនៃប្រជាជន ១៧ មេសា ដូចនៅខេត្តសៀមរាបជាដើម។
គាត់បានឃើញខ្មែរក្រហមចាប់មនុស្សទៅសម្លាប់ចោលនៅបឹងវំាង និងមានការដុតបំផ្លាញមន្ទីរពេទ្យ វត្តអារាម ស្ពាន។ ចំណែកឯផ្ទះចាស់របស់គ្រួសាររបស់គាត់ក៏ត្រូវបានរុសរើ។ បងប្អូនរបស់គាត់ក៏ត្រូវបានបាត់បង់ជីវិតផងដែរ។ ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហមវិញ លោកមានការពេញចិត្ត និងចង់ឲ្យមេដឹកនាំខ្មែរក្រហមស្គាល់ទុក្ខលំបាកដូចប្រជាជនទូទៅ ដែលត្រូវរងទុក្ខវេទនាក្រោមរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតនេះ។ សព្វថ្ងៃ នៅ ហួត មានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម និងក្រពះពោះវៀន ដែលពិបាកក្នុងការព្យាបាល៕
សម្ភាសន៍ដោយ អ៊ុន រក្សា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤