ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ
ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម អង្គការបានបញ្ជូនកូនរបស់ហ៊ន ឈ្មោះនាង ឲ្យទៅរស់នៅក្នុងភូមិ, កូនរបស់គាត់ឈ្មោះ នី ត្រូវអង្គការយកទៅនៅផ្សារជ្រែ និងកូនឈ្មោះ ណែម រស់នៅក្នុងមណ្ឌលផ្ទះតាពិន ហើយប្ដីរបស់គាត់ត្រូវទៅធ្វើការងារ និងស្នាក់នៅក្នុងកងផ្សេងគ្នា។ ពេលកូន និងប្ដី ចាកចេញអស់ ហ៊ន យំរាល់ថ្ងៃ ព្រោះគាត់ត្រូវរស់នៅម្នាក់ឯង។
នៅក្នុងសម័យខ្មែរក្រហម ហ៊ន បានបង្កើតកូនម្នាក់ទៀត។ ពេលសម្រាលកូនរួច អង្គការចាត់តាំងឲ្យ ហ៊ន ធ្វើជាមេដោះនៅក្នុងភូមិរយៈពេល៣ខែ ហើយបន្ទាប់មកចេញទៅធ្វើការងារជីកព្រែកនៅខាងលិចស្វាយពារ។ ពេលចេញទៅធ្វើការងារ ហ៊ន បានឈឺទាស់និងធ្លាក់ស្គមរីងរៃ ដោយសារតែគាត់ធ្វើការងារធ្ងន់ៗ និងហូបមិនគ្រប់គ្រាន់។ ចំពោះរបបអាហារ អង្គការឲ្យប្រជាជន ហូបវល្លិមួយប្រភេទ ប៉ុន្តែ ហ៊ន មិនចេះហូប។ នៅពេលគាត់ហូបបបររួច គ្រាន់តែចេញពីរោងបាយភ្លាម គាត់ចូលបន្ទប់ទឹកម្ដងគឺអស់រលីង។
ហ៊ន បានឲ្យដឹងថា គាត់ធ្លាក់ខ្លួនស្គមខ្លាំង ហើយសូម្បីតែប្អូនរបស់គាត់មកពីចម្បារ ក៏មកយំអាណិតដែរ ព្រោះគាត់ឃើញខោអាវលើខ្លួន ហ៊ន រលុងស្ទើរតែរបូតជ្រុះចេញពីខ្លួន។ ចំពោះសម្លៀកបំពាក់វិញ ឈ្មោះ ហូរ (អ្នករួមក្រុម) មិនបានឲ្យទៅ ហ៊ន ទាល់តែសោះ សូម្បីតែក្រណាត់២ម៉ែត្រ, សំពត់មួយ ឬមុងមួយក៏ដោយ។ ហូរ បានលើកហេតុផលថា ហ៊ន ធ្វើជាអ្នកដឹកនាំប្រជាជន ហេតុនេះហើយត្រូវធ្វើជាគំរូ។
ក្រោយមក អង្គការបានចោទប្រកាន់ នៅ ដែលជាប្ដីរបស់ហ៊ន ថាបានយកលួចស្ករទៅដូរថ្នាំជក់ពីប្ដីរបស់យាយតេង។ នៅពេលសួរចម្លើយ អង្គការបានបញ្ចុះបញ្ចូលឲ្យ តេង ដោយនិយាយថា នៅ បានយកស្ករទៅដូរជាមួយថ្នាំជក់ពិតមែន ដើម្បីបានយកទៅសម្លាប់ ព្រោះអ្វីផ្សេងៗអង្គការរៀបចំរួចអស់ហើយ។ ប៉ុន្តែនៅពេលផ្ដល់ចម្លើយ តេង បានប្រាប់ទៅអង្គការវិញថា នៅ ពិតជាបានឲ្យស្ករគាត់ហូបមែន ប៉ុន្តែមិនបានប្ដូរជាមួយថ្នាំជក់ទេ ហើយបើឲ្យគាត់ឆ្លើយដើម្បីសម្លាប់មនុស្សគាត់មិនចេះទេ។ បន្ទាប់មក មានសំឡេងគ្រាប់ផ្លោងវាយមក និងមានឈ្មោះ រុន មកជួយទាន់។ រុន បានប្រាប់ទៅប្រធានសហករណ៍ថា នៅ ខំធ្វើការងារខ្លាំងណាស់ អាចដាំស្ពៃបានផលល្អធំៗនៅលើភ្លឺស្រែ ខុសពីកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ដែលធ្វើមិនបានដូចគាត់ផង ម៉េចបានចង់យកគាត់សម្លាប់ចោល។ រុន ឲ្យប្រធានសហករណ៍ដោះលែង នៅ ត្រលប់មកផ្ទះវិញ។
បន្ទាប់មកទៀត កូនរបស់ហ៊ន ឈ្មោះនាង បានរត់ត្រលប់មកផ្ទះវិញទាំងយប់ខែភ្លឺ ព្រមទាំងឱបកន្ទេលស្លឹកត្នោតតូចមួយដែល ហ៊ន ធ្វើឲ្យគាត់កាលពីមុន មកជាមួយដែរ។ នៅពេលឃើញកូន ហ៊ន បានដេញកូនឲ្យត្រលប់ទៅវិញព្រោះខ្លាចអង្គការធ្វើបាប ប៉ុន្តែនាង បានប្រាប់ទៅ ហ៊ន វិញថាប្រជាជនផ្សេងទៀតរត់ទៅអស់ហើយ។ រួចនាងក៏បបួលម្ដាយទៅយកប្អូនឈ្មោះ ណែម នៅក្នុងមណ្ឌល។ ពេលឮដូច្នេះ ហ៊ន បានចេញទៅយកកូននៅក្នុងមណ្ឌល។ ហ៊ន បានជួបកូន នៅដេកក្រោមគ្រែផ្ទះតាគ្រឿន ហើយមានក្លិនឆ្អេះខ្លាំង។ ណែម បានប្រាប់ហ៊នថា គាត់ដេកនៅក្រោមគ្រែ ព្រោះត្រជាក់ស្រួល។
ស្អែកឡើង ម្ដាយារបស់ហ៊ន បានឲ្យ ហ៊ន ចូលទៅរោងបាយ ដើម្បីយកចានឆ្នាំង និងអង្ករ ទុកដាំហូបតាមផ្លូវ ប៉ុន្តែ ហ៊ន បដិសេធ រួចឆ្លើយថាអង្គការដាំចាំនៅខាងមុខហើយ។ ពេលឮដូច្នេះ ម្ដាយរបស់ហ៊ន បានយកឆ្នាំងពីរដាក់លើរទេះ រួចចេញដំណើរទៅទិសខាងលិច។ គ្រួសាររបស់ហ៊ន បានធ្វើដំណើរទៅដល់ភ្នំចំបាប់ រួចសម្រាកនៅមុខផ្ទះប្រជាជនមួយយប់។
ពេលព្រឹកឡើង មានឡានមកពីទិសខាងជើង ប្រកាសឲ្យប្រជាជនត្រលប់ទៅផ្ទះវិញ ព្រោះមានអ្នកចូលទៅយកស្រូវអស់ហើយ។ ពេលឮដូច្នេះ ហ៊ន បានបបួលប្ដីរបស់គាត់ត្រលប់មកផ្ទះវិញ ហើយនៅតាមផ្លូវ គាត់បានឃើញមានអ្នកចាប់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់នៅសាលាអង្គអណ្ដែត។ ពេលឃើញដូច្នេះ នៅ កាន់តែមិនចង់ត្រលប់មកផ្ទះបន្តទៀត ព្រោះខ្លាចត្រូវបានចាប់ខ្លួនដែរ។ គ្រួសាររបស់ហ៊ន បានធ្វើដំណើរបន្តទៀត រហូតដល់ផ្ទះមីង សង្គមនិយមចម្បារ។
ពេលមកដល់ផ្ទះមីង នៅ ចង់រត់ទៅភ្នំលិចបន្តទៀត ប៉ុន្តែបានកូនឱបជើងសងខាង និងមានម្ដាយអង្វរ ទើបគាត់មិនរត់ទៅ។ ក្រោយមក ម្ដាយរបស់នៅឈ្មោះ សាយ បានទៅសុំអ្នកស្គាល់គ្នាម្នាក់ ដើម្បីបានរស់នៅក្នុងភូមិដែរ ប៉ុន្តែអ្នកស្គាល់គ្នាបានបដិសេធ រួចនិយាយថា “កូនបងឯងសម្លាប់គេមិនដឹងទេ បានមិនហ៊ានទៅស្រុក។” ពេលឮដូច្នេះ ហ៊ន មានការអន់ចិត្ត រួចបបួលម្ដាយត្រលប់មកស្រុកកំណើតវិញ ព្រមទាំងនិយាយថា “ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំនៅនឹងមុខចុះ ព្រោះប្ដីខ្ញុំមិនដែលធ្វើបាបអ្នកណាផង។”
ពេលមកដល់ផ្ទះ មានអ្នកមកហៅ នៅ ឲ្យទៅនៅមន្ទីរឃុំ ព្រោះថាបើទុកនៅផ្ទះខ្លាចប្រជាជនធ្វើបាប។ នៅក្នុងមន្ទីរឃុំ នៅ មានការភិតភ័យខ្លាំង ហើយបានហៅ ហ៊ន ឲ្យទៅជួយដោះស្រាយគាត់ចេញមកវិញផង។ ប៉ុន្តែ ហ៊ន មិនសូវបារម្ភទេ ដោយសារតែមានអ្នកធ្វើការងារក្នុងឃុំប្រាប់ថា ប្ដីរបស់គាត់មិនមានអ្នកធ្វើបាបនោះទេ គឺគ្រាន់តែឲ្យ នៅ ទៅរកត្រីនៅក្នុងបឹងឲ្យអ្នកធ្វើការងារក្នុងឃុំហូបប៉ុណ្ណោះ។
សម្ភាសដោយ៖ គ្រី ភាព ថ្ងៃទី២៨ ខែសីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៥ ខែកក្កដា ២០២៥